មរណភាពរបស់អតីតនាយករដ្ឋមន្ត្រីបីលើករបស់ឥណ្ឌា អតាល ប៊ីហារី វ៉ាជប៉ៃ - លោកវិទូ

ព័ត៌មានថ្មីៗ

សូមចែករំលែកអត្ថបទលោកវិទូតាមបណ្ដាញ Whatsapp, Telegram ឬ Twitter ដោយសារហ្វេសប៊ុកមានបញ្ហា ។ អរគុណ ។

Thursday, August 16, 2018

មរណភាពរបស់អតីតនាយករដ្ឋមន្ត្រីបីលើករបស់ឥណ្ឌា អតាល ប៊ីហារី វ៉ាជប៉ៃ

អតីតនាយករដ្ឋមន្ត្រី អតាល ប៊ីហារី វ៉ាជប៉ៃ
ទស្សនកិច្ចនៅប្រាសាទអង្គរវត្ត ខេត្តសៀមរាប
ខែមេសា ឆ្នាំ២០០២ (Pic courtesy: PTI)
លោកវិទូ | ថ្ងៃទី ១៦ សីហា ២០១៨

ប្រជាជនឥណ្ឌាទូទាំងប្រទេសកំពុងកាន់ទុក្ខ មរណភាពរបស់របស់អតីតនាយករដ្ឋមន្ត្រីឥណ្ឌា អតាល ប៊ីហារី វ៉ាជប៉ៃ ដែលទទួលមរណភាព ក្នុងជន្មាយុ ៩៣ ឆ្នាំ (25-12-1924 – 16-08-2018) ដោយរោគាពាធ  នៅមន្ទីរពេទ្យអេមស៍ (AIIMS: All India Institute of Medical Sciences) រដ្ឋធានីញូវដែល្លី នៅព្រហស្បតិ៍ ទី១៦ ខែសីហា ឆ្នាំ២០១៨។ រដ្ឋាភិបាលកណ្ដាលបានប្រកាសការកាន់ទុក្ខទូទាំងប្រទេស រហូតដល់ថ្ងៃទី២២ ខែសីហា។

អតីតនាយករដ្ឋមន្ត្រី វ៉ាជប៉ៃ ធ្លាប់បានធ្វើជានាយករដ្ឋមន្ត្រីដល់ទៅបីលើក មកពីគណៈបក្សភារតីយជនតា (BJP) មានន័យថា បក្សប្រជាជនឥណ្ឌា។ លើកទី១ ឧសភា ១៩៩៦៖ នៅក្នុងការបោះឆ្នោតឆ្នាំ ១៩៩៦ ដោយសារបក្ស BJP បានក្លាយជាបក្សដែលធំជាងគេបំផុតក្នុងលោកសភា (រដ្ឋសភា) ប្រធានាធីបតីឥណ្ឌាក៏បានអញ្ជើញលោកឲ្យបង្កើតរដ្ឋាភិបាល។ គាត់ក៏ស្បថចូលកាន់តំណែងជានាយករដ្ឋមន្ត្រីទី១០ របស់ឥណ្ឌា ប៉ុន្តែដោយសារមិនមានសម្លេងគាំទ្រភាគច្រើនពីបក្សផេ្សងទៀត, ១៣ ថ្ងៃក្រោយមក គាត់ក៏បានលាលែងពីតំណែង។


លើកទី២ ១៩៩៨-១៩៩៩៖ បន្ទាប់ពីការដួលរលំនៃរដ្ឋាភិបាលរួបរួមទាំងពីរ ពីឆ្នាំ១៩៩៦ ដល់ឆ្នាំ១៩៩៨ លោកសភាក៏ត្រូវបានរំលាយ និងការបោះឆ្នោតថ្មីមួយត្រូវបានធ្វើឡើយ ក្នុងឆ្នាំ១៩៩៨។ បក្ស BJP ក៏នៅតែឈានមុខបក្សដទៃ ក្នុងការបោះឆ្នោតជាតិលើកនេះ។ ដោយមានការគាំទ្រពីបក្សផ្សេងទៀត បក្ស BJP ក៏បានបង្កើតជា សម្ព័ន្ធប្រជាធិបតេយ្យជាតិ (NDA) ហើយលោក វ៉ាជប៉ៃ ក៏បានស្បថចូលកាន់តំណែងជានាយករដ្ឋមន្ត្រីម្តងទៀត។ NDA ទទួលបានសម្លេងភាគច្រើនក្នុងសភា ប៉ុន្តែដោយសារបក្សមួយ (AIADMK) បានដកការគាំទ្រពីរដ្ឋាភិបាល NDA។ រដ្ឋាភិបាលនេះត្រូវបាត់បង់ការបោះឆ្នោតទំនុកចិត្ត (Vote of Confidence Motion) ក្នុងសភា នៅខែមេសា ឆ្នាំ១៩៩៩។ រដ្ឋសភាក៏ត្រូវបានរំលាយម្តងទៀត តែលោក វ៉ាជប៉ៃ នៅបន្តធ្វើជានាយករដ្ឋមន្ត្រី រហូតដល់ដាច់អាណត្តិ។ 

នៅក្នុងអាណត្តិនេះ មានព្រឹត្តិការណ៍សំខាន់ៗដូចជា៖ ការសាកល្បងអាវុនុយក្លែអ៊ែលើកទី២ ដែលគេឲ្យឈ្មោះថា ពោខ្រាន ទី២ (Pokhran-II) មួយខែក្រោយពីរដ្ឋាភិបាលរបស់លោក អតាល ចូលកាន់អំណាច។ ការសាកល្បងនេះត្រូវបានធ្វើឡើង ២៤ឆ្នាំក្រោយពីការសាកល្បងលើកទី១ ដែលមានឈ្មោះថា ព្រះពុទ្ធញញឹម (Smilling Buddha) ក្នុងឆ្នាំ១៩៧៤។ ពីសប្ដាហ៍ក្រោយមក ប្រទេសបាគីស្ថានដែលជាសត្រូវរបស់ឥណ្ឌា ក៏បានសាកល្បងអាវុធនុយក្លែអ៊ែដែរ។ ពោខ្រាន ទីៗ បានបង្កើតភាពល្បីល្បាញទូទាំងប្រទេសឥណ្ឌា ទោះបីជាត្រូវបានអន្តរជាតិដាក់ទណ្ឌកម្មក៏ដោយ។ ព្រឹត្តិការណ៍សំខាន់មួយទៀតគឺ សង្គ្រាមការគិល (Kargil War) រវាងឥណ្ឌានឹងបាគីស្ថាន ក្នុងជម្លោះទឹកដីនៃតំបន់កាស្មៀរ ក្នុងខែមិថុនា ឆ្នាំ១៩៩៩ មានរយៈពេលបីខែ ដែលបណ្ដាលឲ្យបាត់បង់ជីវិតទាហានឥណ្ឌាចំនួន ៥០០នាក់ និងទាហានបាគីស្ថានចំនួន ៦០០-៤០០០នាក់។ ឥណ្ឌាបានវាយបណ្ដេញទ័ពបាគីស្ថានចេញពីតំបន់កាស្មៀរ និងបានគ្រប់គ្រងតំបន់នេះឡើងវិញ ៧០%។ ក្រោយពីបរាជ័យយ៉ាងធ្ងន់ធ្ងរ បាគីស្ថានក៏ប្រកាសដកទ័ពឲ្យឈរជើងនៅត្រឹមទីតាំងខ្សែបន្ទាត់គ្រប់គ្រង (LoC)។

ជ័យជំនះក្នុងសង្គ្រាមការគិលនេះ បានលើកមុខមាត់លោកវ៉ាជប៉ៃយ៉ាងខ្លាំង ហើយប្រជាជនកោតសរសើរអំពីភាពដឹកនាំដ៏រឹងប៉ឹងនិងខ្លាំងក្លារបស់គាត់។ ដើម្បីជាការរំឭកនូវជ័យជំនះជាប្រវត្តិសាស្ត្រនេះ ប្រធានបក្ស BJP លោក និតិន គ័ឌករី (Nitin Gadkari) នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១២ ដែលគេឲ្យឈ្មោះថា «ទិវាវិជ័យការគិល» (Kargil Vijay Diwas) បានបើកសម្ភោធរូបសំណាកលោក អតាល ប៊ីហារី វ៉ាជប៉ៃ នៅទីក្រុងប៊ុមប៉ៃ។

លើកទី៣ ១៩៩៩-២០០៤៖ ដោយសារជ័យជំនះក្នុងសង្គ្រាមការគិល ក្នុងការបោះឆ្នោតជាតិឆ្នាំ១៩៩៩ បក្ស BJP ឈ្នះឆ្នោតកៅអីចំនួន ៣០៣ នៃកៅអីសរុប ចំនួន ៥៤៣ នៅក្នុងលោកសភា ដែលបញ្ចាក់អំពីសម្លេងភាគច្រើន។ នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ១៩៩៩ លោក វ៉ាជប៉ៃ បានស្បថចូលកាន់តំណែងជានាយករដ្ឋមន្ត្រីជាលើកទី៣។

នៅខែធ្នូ ឆ្នាំ១៩៩៩ វិបត្តិជាតិបានកើតឡើង ដោយសារអាកាសចរឥណ្ឌា (Indian Airlines) ញូវដែល្លី-កដ្ឋមណ្ឌូ ត្រូវបានពួកភេវរករប្រាំនាក់ បង្ខំឲ្យហោះទៅកាន់តំបន់ដែលគ្រប់គ្រង ដោយពួកតាលីបាន់ ក្នុងប្រទេសអាហ្គានីស្ថាន និងបានបង្ខំឲ្យរដ្ឋាភិបាលឥណ្ឌា ដោះលែងពួកភេវរជនមួយចំនួន ពីពន្ធនាគារ។ រដ្ឋមន្ត្រីការបរទេសឥណ្ឌា លោក ជស្វន្ត សិង្ហ (Jaswant Singh) បានធ្វើដំណើរតាមយន្តហោះ ជាមួយនិងភេវរជន ដើម្បីផ្លាស់ប្តូរជាមួយនិងអ្នកដំណើរ។

ក្នុងកំឡុងរដ្ឋបាលរបស់លោកវ៉ាជប៉ៃ គេឃើញមានការធ្វើកំណែទម្រង់សេដ្ឋកិច្ច និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ជាច្រើន។ ក្នុងឆ្នាំ២០១៣ គេទទួលស្គាលថារដ្ឋាភិបាលដែលដឹកនាំដោយលោក វ៉ាជប៉ៃ បានធ្វើផ្លូវថ្នល់ពាក់កណ្ដាល នៃការធ្វើ ៣២ឆ្នាំ ក្នុងអាណត្តិ៥ឆ្នាំរបស់ខ្លួន។

ចំពោះនយោបាយការបរទេស ទស្សនកិច្ចផ្លូវការរបស់លោកប្រធានាធិបតី ប៊ិល ក្លិនតុន (Bill Clinton) នៃសហរដ្ឋអាមេរិក នៅខែមីនា ឆ្នាំ២០០០, ជាទស្សនកិច្ចលើកទី១របស់ប្រធានាធិបតីសហរដ្ឋអាមេរិក ក្នុងរយៈពេល ២២ឆ្នាំ។ នេះជាព្រឹត្តការណ៍សំខាន់មួយ នៃទំនាក់ទំនងរវាងប្រទេសទាំងពីរ និងបង្ហាញអំពីបំលាស់ប្តូរនយោបាយការបរទេសថ្មីមួយរបស់សហរដ្ឋអាមេរិក ក្នុងសម័យក្រោយសង្គ្រាមត្រជាក់។

លោក វ៉ាជប៉ៃ ក៏បុរសម្នាក់ដែលបំបែក ភាពជាប់គាំងនៃទំនាក់ទងឥណ្ឌា-បាគីស្ថាន ដោយគាត់បានអញ្ជើញ ប្រធានាធិបតីបាគីស្ថាន លោក  ពើវេស មូសារ៉ាហ្វ (Pervez Musharraf) មកទស្សនកិច្ចទីក្រុងដែល្លី និងអក្រា។ ប៉ុន្តែទស្សនកិច្ចនេះ មិនសូវជាបានផលអីជាដុំកំភួនទេ ដោយសារភាគីបាគីស្ថាន មិនព្រមបោះបង់ចោល ការទាមទារទឹកដីនៅតំបន់កាស្មៀរ តាមការចង់បានរបស់ឥណ្ឌា។

ក្នុងឆ្នាំ២០០១ លោកបានបង្កើតកម្មវិធីដ៏ល្បីមួយឈ្មោះថា សវ៌ សិក្សា អភិយាន (SSA: Sarva Shiksha Abhiyan) ក្នុងគោលបំណងផ្ដល់នូវសមភាពការសិក្សាអប់រំ នៅថ្នាក់បឋមនិងមធ្យម។

នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០០១ ការវាយប្រហារភេវរកម្ម នៅអាគាររដ្ឋសភា ដោយជនក្លែងបន្លំអត្តសញ្ញាណពីររូប បង្កជាការចងកំហឹងយ៉ាងខ្លាំង។ ក្រោយមកជនទាំងពីររូបនោះ ត្រូវបានគេវែកមុខថាជាជនជាតិបាគីស្ថាន។ ក្រោយព្រឹត្តិការណ៍នេះ លោកនាយករដ្ឋមន្ត្រី វ៉ាជប៉ៃ បានចេញបទបញ្ជាឲ្យកែនកងទ័ព ប្រមាណ ៥០ ម៉ឺននាក់ រាយតាមបណ្ដាយព្រំដែនអន្តរជាតិ មានរដ្ឋបញ្ចាប រដ្ឋរាជស្ថាន រដ្ឋគុជរដ្ឋ និងកាស្មៀរ។ បាគីស្ថានក៏បានធ្វើអ៊ីចឹងដូចគ្នា។ ការបង្ក្រាបយ៉ាងចាស់ដៃលើក្រុមភេវរជន និងយុទ្ធនាការប្រឆាំងភេវរកម្ម បានផ្អាក់សកម្មភាពប្រចាំថ្ងៃ របស់ប្រជាជនកាស្មៀរ។ ភ្ញៀវទេសចរបានសម្រុកចាក់ចេញពីឥណ្ឌានិងបាគីស្ថាន ដោយភាពភ័យខ្លាចការផ្ទុះសង្គ្រាមនុយក្លែអ៊ែរវាងប្រទេសទាំងពីរ។ អស់រយៈពេលប្រមាណជាពីរឆ្នាំ ប្រទេសទាំងពីរប្រឈរមុខនឹងការផ្ទុះសង្គ្រាម ដ៏គួរឲ្យស្រៀវស្រើប។ រដ្ឋាភិបាលរបស់លោក វ៉ាជប៉ៃ ក៏បានបង្កើតច្បាប់ការការពារភេវរកម្ម (Prevention of Terrorism Act) ផងដែរ ទោះជាមានការរិះគន់ពីអង្គការសិទ្ធិមនុស្សជាតិ និងអន្តរជាតិយ៉ាងណាក៏ដោយ។

បញ្ហាមួយចំនួនទៀតដែលរដ្ឋាភិបាលរបស់លោក វ៉ាជប៉ៃ បានប្រឈមមុខមានដូចជា ជម្លោះសាសនារវាងហិណ្ឌូនិងមូស្លីម ទាក់ទងនឹងវិហាររាម នៅអយុធ្យា ពីខែធ្នូ ២០០១ ដល់ខែមីនា ឆ្នាំ២០០២ និងកុបកម្មហិង្សាឆ្នាំ២០០២ នៅគុជរដ្ឋរវាងប្រជាជននៃសាសនាទាំងពីរ ដែលបណ្ដាលឲ្យមនុស្សបាត់បង់ជីវីតជាង ១០០០នាក់។ ខាងក្រោយមក លោក វ៉ាជប៉ៃ បានសារភាពពីកំហុសឆ្គង ក្នុងការដោះស្រាយវិបត្តិ ក្នុងកាលនោះ។ ជម្លោះដ៏ហិង្សានេះនៅតែជាប្រភពនៃការវាយប្រហារ ទៅលើបក្ស BJP របស់គាត់ទល់បច្ចុប្បន្ន។

ទំនាក់ទំនងឥណ្ឌា-កម្ពុជា

គួរឲ្យកត់សម្គាល់ លោក អតាល ប៊ីហារី វ៉ាជប៉ៃ ជានាយករដ្ឋមន្ត្រីឥណ្ឌាទី២ ដែលបានធ្វើទស្សនកិច្ចនៅកម្ពុជា នៅខែមេសា ឆ្នាំ២០០២ បន្ទាប់ពីទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រី បណ្ឌិត ចាវ៉ាហាឡាល់ នេហ៍រូ នៅខែតុលា ឆ្នាំ១៩៥៤។

ក្នុងទស្សនកិច្ចរយៈពេលបីថ្ងៃនោះ គាត់បានទៅទស្សនាប្រាសាទអង្គរវត្ត និងប្រាសាទនានា នៅខេត្តសៀមរាប។ ប្រទេសទាំងពីរក៏បានចុះកិច្ចព្រមព្រៀងមួយចំនួន មានការទទួលស្គាល់លិខិតឆ្លងដែនផ្លូវការនិងការទូតជាដើម។ ភាគីកម្ពុជាបានសុំឲ្យឥណ្ឌា ជួយជួសជុសយន្តហោះយោធារបស់ខ្លួនចំនួន២១គ្រឿង តែដោយសារខ្លះថវិកា សំណើសុំនេះមិនអាចទៅមុខរួចបាន។

នៅក្នុងជំនួបជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លោកនាយករដ្ឋមន្ត្រី អតាល ប៊ីហារី វ៉ាជប៉ៃ បានមានប្រសាសន៍ថា ក្នុងរយៈពេលជាច្រើនទសវត្សរ៍កន្លងទៅនេះ ចំណុចមួយដែលគាត់មើលឃើញថា មិនមានការផ្លាស់ប្តូរគឺ «មិត្តភាពនិងសេចក្តីស្នេហាចំពោះប្រទេសឥណ្ឌា និងប្រជាជនឥណ្ឌា ក្នុងចំណោម ប្រជាជនកម្ពុជា»។ គាត់បានបន្ថែមទៀតថា «ប្រទេសយើងទាំងពីរ មានទំនាក់ទំនងអារ្យធម៌ តាំងពីមួយសហវត្សរ៍មុនមកម្ល៉េះ»។ ពិតណាស់យើងអាចមើលឃើញ នូវឥទ្ធិពលនៃទំនាក់ទំនងអារ្យធម៌ និងវប្បធម៌នេះនៅក្នុងប្រទេសកម្ពុជា តាមរយៈសិល្បៈនិងស្ថាបត្យកម្ម ភាសា និងសំលៀកបំពាក់។

កេរ្តិ៍តំណែល

ក្នុងឆ្នាំ២០១៥ លោក អតាល ប៊ីហារី វ៉ាជប៉ៃ បានទទួលមេដាយជាតិឧត្តមបំផុត «ភារត រត្ន» (Bharat Ratna) ពីប្រធានាធិបតីឥណ្ឌាកាលនោះ ប្រណ័ព មុឃើជី (Pranab Mukherjee)។ រដ្ឋាភិបាលរបស់លោកមោឌី ក៏បានប្រកាសយកថ្ងៃកំណើតរបស់គាត់ ២៥ ធ្នូ ជា «ទិវាអភិបាលកិច្ចល្អ» (Good Governance Day) ដើម្បីជាការដឹងគុណចំពោះគាត់ ដែលបានពន្លឿនការយល់ច្បាស់របស់ប្រជាពលរដ្ឋ អំពីគណនីភាពក្នុងរដ្ឋាភិបាល។

លោក វ៉ាជប៉ៃ បានប្រកាសចូលនិវត្តន៍ពីឆាកនយោបាយ ក្នុងឆ្នាំ២០០៥។ គាត់ទទួលបានការគោរពស្រឡាញ់ ពីគ្រប់មជ្ឈដ្ឋាន ទាំងក្នុងបក្សរបស់គាត់ និងបក្សផ្សេងទៀត។ ក្នុងឆ្នាំ២០០៨ ក្នុងការថ្លែងក្នុងរាជ្យសភា (ព្រឹទ្ធសភា) អតីតនាយករដ្ឋមន្ត្រី លោក ម័នមោហ័ន សិង្ហ (Manmohan Singh) បានឧទ្ទេសនាមឲ្យគាត់ថា «ភិស្មៈ បិតមាហ» (Bhishma Pitamah) នៃនយោបាយឥណ្ឌា ដោយប្រដូចគាត់ទៅនឹងតួអង្គ ក្នុងរឿងមហាភាតរយុទ្ធរបស់ឥណ្ឌា ដែលតួអង្គត្រូវបានគូបដិបក្សទាំងសងខាងគោរព។ ទាំងអ្នករិះគន់និងគាំទ្រគាត់ យល់ស្របគ្នាថា លោក វ៉ាជប៉ៃ «ជាបុរសដែលមិនប្រលាក់ដោយរឿងអាស្រូវពុករលួយ»។

សម្ដីមាសរបស់គាត់មួយ ក្នុងចំណោមសម្តីជាច្រើនទៀត ដែលគេតែងលើកឡើងគឺ «អ្នកអាចផ្លាស់ប្តូរមិត្តបាន ប៉ុន្តែអ្នកមិនអាចផ្លាស់ប្តូរអ្នកជិតខាងអ្នកបានឡើយ» (You can change friends but not neighbours)។

គាត់ក៏បានបន្សល់ទុកស្នាដៃនិពន្ធជាច្រើនក្បាលផងដែរ។ ក្នុងនោះមានដូចជា "Twenty-one Poems" (២០០២) ដែលលើកឡើងអំពីការព្រួយបារម្ភនិងការជឿជាក់, ការយល់ដឹងនិងការប្តេជ្ញាចិត្តរបស់មេដឹកនាំនៃប្រជាជាតិមួយដែលមានប្រជាជនជាងមួយពាន់លាននាក់; និង "Decisive Days" (១៩៩៩) ដែលផ្តល់ព័ត៌មានអំពីទស្សនៈ គោលនយោបាយ និងការសម្រេចចិត្ត សំខាន់ៗដែលត្រូវបានធ្វើឡើងអំឡុងរយៈពេលនៃការទទួលខុសត្រូវរបស់គាត់ រយៈពេល ១៩ខែ ជានាយករដ្ឋមន្ត្រី។

ឈាបណកិច្ច

ឈាបណកិច្ចរបស់អតីតនាយករដ្ឋមន្ត្រីឥណ្ឌា អតាល ប៊ីហារី វ៉ាជប៉ៃ ត្រូវបានប្រព្រឹត្តទៅប្រកបដោយកិត្តិយសថ្នាក់រដ្ឋ នៅឯរាស្ត្រីយ៍ ស្ម្រឹតិ ស្ថាល (Rashtriya Smriti Sthal) ទីក្រុងញូវដែល្លី ដោយមានអ្នកចូលរួមយ៉ាងច្រើនកុះករ នៅល្ងាចថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៨។

«គឺដោយសារភាពជាអ្នកដឹកនាំដ៏ឧត្ដុង្គឧត្តមរបស់លោក អតាល ដែលធ្វើជាមូលដ្ឋានគ្រឹះ សម្រាប់ឥណ្ឌាដែលខ្លាំង មានវិបុលភាព និងដែលរាប់បញ្ចូលប្រជាជនគ្រប់ស្រទាប់វណ្ណៈ (សហិត) ក្នុងសតវត្សរ៍ទី២១» សាររបស់នាយករដ្ឋមន្ត្រីឥណ្ឌា នរេន្ទ្រៈ មោឌី ក្នុងឳកាសកាន់មរណភាពទុក្ខ របស់អតីតនាយករដ្ឋមន្ត្រីឥណ្ឌា អតាល ប៊ីហារី វ៉ាជប៉ៃ។