សម្ដេចព្រះសង្ឃនាយកចេញព្រះរាជសារណែនាំឲ្យមានការប្រុងប្រយ័ត្នចំពោះជំងឺកូវីដ១៩ក្នុងថ្ងៃឈប់សម្រាក - លោកវិទូ

ព័ត៌មានថ្មីៗ

Thursday, August 13, 2020

សម្ដេចព្រះសង្ឃនាយកចេញព្រះរាជសារណែនាំឲ្យមានការប្រុងប្រយ័ត្នចំពោះជំងឺកូវីដ១៩ក្នុងថ្ងៃឈប់សម្រាក


ព្រះបរមរាជវាំង រាជធានីភ្នំពេញ, ២៣ មករា ២០១៩ ។ រូបភាព៖ លោកវិទូ

លោកវិទូ | ថ្ងៃ ៥᧸៩ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ | ១៣ សីហា ២០២០

យោងតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានសម្រេចអនុញ្ញាតឲ្យមន្ត្រីរាជការ និយោជិក ឈប់សម្រាកសង ពីថ្ងៃទី ១៧ ដល់ ២១ ខែសីហា ឆ្នាំ២០២០ សម្ដេចព្រះសង្ឃនាយកចេញព្រះរាជសារណែនាំព្រះសង្ឃគ្រប់ព្រះអង្គ និងពុទ្ធបរិស័ទគ្រប់មជ្ឈដ្ឋានទូទាំងព្រះរាជាណាចក្រកម្ពុជា ត្រូវមានការប្រុងប្រយ័ត្នក្នុងការទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ ក្នុងកំឡុងពេលថ្ងៃឈប់សម្រាកនេះ ។

នៅក្នុងព្រះរាជសារ សម្ដេចព្រះសង្ឃនាយកណែនាំឲ្យអនុវត្តគោលការណ៍សំខាន់ ៣ ចំណុច ក្នុងការបង្កាទប់ស្កាត់ការរាតត្បាតកូវីដ១៩ នៅប្រទេសកម្ពុជា រួមមាន បង្កើនការប្រុងប្រយ័ត្នបន្ថែមទៀត និងសិក្សាស្វែងយល់អំពីមេរោគកូវីដ១៩នេះ តាមរយៈប្រភពផ្សេងៗ ១ ពាក់ម៉ាស់ឲ្យបានជាប្រចាំ និងរក្សាអនាម័យដោយលាងសម្អាតដៃជាដើម ១ និងក្នុងករណីមានរោគសញ្ញាគ្រុនក្ដៅ ហៀរសំបោរ និងឈឺបំពង់កជាដើម ត្រូវទៅចួបគ្រូពេទ្យជាបន្ទាន់ ១ ។

យោងតាមសេចក្តីជូនដំណឹងជាសាធារណៈរបស់ក្រសួងសុខាភិបាល អំពីស្ថានភាពជំងឺកូវីដ១៩នៅទូទាំងប្រទេស ត្រឹមថ្ងៃទី១២ សីហា បានឲ្យដឹងថា អ្នកមានជំងឺកូវីដ១៩សរុបមានចំនួន ២៧២ នាក់ ។ ក្នុងនោះអ្នកជាសះស្បើយពីជំងឺមានចំនួន ២២៣ នាក់ និងអ្នកជំងឺកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យរដ្ឋនិងឯកជនចំនួន ៤៩ នាក់ ៕

© រក្សាសិទ្ធិដោយលោកវិទូ

No comments:

Post a Comment