សៀវភៅថ្មីស្ដីពីការកែប្រែជីវិតរបស់បុរសម្នាក់ចូលកាន់ពុទ្ធសាសនាក្នុងពន្ធនាគារខណៈរង់ចាំថ្ងៃប្រហារជីវិត - លោកវិទូ

ព័ត៌មានថ្មីៗ

សូមចែករំលែកអត្ថបទលោកវិទូតាមបណ្ដាញ Whatsapp, Telegram ឬ Twitter ដោយសារហ្វេសប៊ុកមានបញ្ហា ។ អរគុណ ។

Thursday, August 13, 2020

សៀវភៅថ្មីស្ដីពីការកែប្រែជីវិតរបស់បុរសម្នាក់ចូលកាន់ពុទ្ធសាសនាក្នុងពន្ធនាគារខណៈរង់ចាំថ្ងៃប្រហារជីវិត

អ្នកនិពន្ធ ដេវីដ សែហ្វ ។ រូបភាព៖ aarp.org / Simon and Schuster

លោកវិទូ | ថ្ងៃ ៥᧸៩ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ | ១៣ សីហា ២០២០

សៀវភៅថ្មីមួយក្បាលដែលទើបនឹងបោះពុម្ពផ្សាយ និពន្ធដោយអ្នកកាសែតម្នាក់ឈ្មោះ លោក ដេវីដ សែហ្វ ដែលចងក្រងរឿងរ៉ាវរបស់ លោក ចាវីស ជ័យ ម៉ាស្ទ័រស៍ ដែលជាអ្នកកាន់ព្រះពុទ្ធសាសនានិងជាអ្នកនិពន្ធ ដែលជាប់ពន្ធនាគាររង់ចាំថ្ងៃប្រហារជីវិត នៅពន្ធនាគាររដ្ឋកាលីហ្វ័រញ៉ា អស់រយៈពេលជាង ៣០ ឆ្នាំមកហើយ ។

សៀវភៅមានចំណងជើងថា The Buddhist on Death Row: How One Man Found Light in the Darkest Place (ពុទ្ធបរិស័ទរង់ចាំថ្ងៃប្រហារជីវិត៖ តើបុរសម្នាក់បានឃើញនូវពន្លឺ ក្នុងទីងងឹតដោយរបៀបណា) ដែលបានចេញផ្សាយកាលពីសប្តាហ៍មុន ទទួលបានការសាទរយ៉ាងខ្លាំងពីសម្នាក់អ្នកត្រួតពិនិត្យទាំងឡាយ ចំពោះការនិទានប្រាប់យ៉ាងប្រុងប្រយ័ត្ន ពីរឿងរ៉ាវរបស់បុរសម្នាក់ ដែលជីវិតរបស់គាត់ត្រូវបានគេបំផ្លាញ ដោយការរើសអើងជាតិសាសន៍ជាប្រព័ន្ធនៅសហរដ្ឋអាម៉េរិក ហើយផ្ទុយទៅវិញ បានចូលកាន់ព្រះពុទ្ធសាសនា និងបានកែប្រែខ្លួនខុសពីមុនទាំងស្រុង ។

យោងតាមសារព័ត៌មានពុទ្ធិសឌ័របានឲ្យដឹងថា លោក ដេវីដ និងលោក ម៉ាស្ទ័រស៍ ត្រូវបានគេធ្វើបទសម្ភាសន៍ ពីក្នុងពន្ធនាគាររដ្ឋសាន់ឃ្វីនទីន ពីរលើកនាពេលថ្មីៗនេះ ហើយរឿងរ៉ាវដែលបានប្រាប់នៅក្នុងបទសម្ភាសន៍ទាំងពីរនិងពីប្រភពផ្សេងទៀត គឺជារឿងរ៉ាវរបស់បុរសម្នាក់ដែលបង្ហាញពីភាពស្ងប់ស្ងាត់និងចិត្តល្អគួរឲ្យកត់សម្គាល់ នៅចំពោះមុខកាលៈទេសៈប្រឈមដ៏ធ្ងន់ធ្ងរនេះ ។

តាមជីវប្រវត្តិបានឲ្យដឹងថា លោក ម៉ាស្ទ័រស៍ កើតនៅទីក្រុងឡុងប៊ិច រដ្ឋកាលីហ្វ័រញ៉ា ក្នុងឆ្នាំ១៩៦២ ហើយបានធំដឹងក្តីឡើងនៅក្នុងផ្ទះមួយដែលគ្មានឪពុក ហើយម្តាយជាមនុស្សញៀនថ្នាំ ជាស្រីពេស្យា និងអំពើហិង្សាក្នុងគ្រួសារ ។ គាត់មានបងប្អូន ៧ នាក់ ហើយពួកគេទាំងអស់ត្រូវបានគេយកទៅចិញ្ចឹម ។ កាលពីនៅក្មេង លោក ម៉ាស្ទ័រ បានប្រព្រឹត្តឧក្រិដ្ឋកម្ម ហើយត្រូវបានចាប់ខ្លួននៅឆ្នាំ១៩៨១ នៅអាយុ ១៩ ឆ្នាំ ។ គាត់ត្រូវបានជាប់ពន្ធនាគារនៅសាន់ឃ្វីនទីន ចាប់តាំងពីពេលនោះមក ។

ប៉ុន្តែមិថុនា ឆ្នាំ១៩៨៥ មានករណីឃាតកម្មសម្លាប់សន្តិសុខពន្ធនាគារម្នាក់ នៅក្នុងពន្ធនាគារឃ្វីនទីន ។ មនុស្សបីនាក់រួមទាំងលោកម៉ាស្ទ័រស៍ផង ត្រូវបានចោទប្រកាន់និងកាត់ឲ្យជាប់ទោសពីបទមនុស្សឃាត ។ ប៉ុន្តែមានតែលោកម៉ាស្ទ័រម្នាក់ទេដែលត្រូវបានកាត់ទោសប្រហារជីវិត ក្នុងឆ្នាំ១៩៩០ ។

សារព័ត៌មានពុទ្ធិសឌ័របានរៀបរាប់ ដោយផ្អែកលើអង្គការអ្នកកាសែតមួយមានឈ្មោះថា អ៊ីនចាស្ទីស (Injustice Watch) យ៉ាងនេះថា បញ្ហាធ្ងន់ធ្ងរជាច្រើនបានកើតឡើងភ្លាមៗ ជាមួយនឹងរឿងក្តីដែលបានប្តឹងប្រឆាំងនឹងលោកម៉ាស្ទ័រស៍ រួមទាំងការភាន់ច្រឡំដោយសាក្សីសំខាន់ប្រឆាំងនឹងគាត់ ។

សាក្សីនោះនិងមនុស្សពីរនាក់ទៀតបានច្រានចោលសក្ខីកម្មរបស់ខ្លួន ដោយនិយាយថា ពួកគេបានកុហកដោយសង្ឃឹមថា នឹងទទួលបានការគិតគូរក្នុងផលប្រយោជន៍ណាមួយ ។ អ្នកទោសម្នាក់ទៀតឈ្មោះ អានដ្រេ ចនសុន ដែលត្រូវបានផ្តន្ទាទោស ក្នុងការចាក់សម្លាប់សន្តិសុខពន្ធនាគារនោះ ក៏បានផ្តល់នូវ «សេចក្តីថ្លែងការណ៍ដោយស្បថថា លោកម៉ាស្ទ័រស៍មិនមានជាប់ពាក់ព័ន្ធក្នុងឃាតកម្មនេះទេ» ។

ទោះជាលោកម៉ាស្ទ័រស៍បានប្តីតវ៉ាយ៉ាងណាក៏ដោយ ក៏មន្ត្រីក្នុងរដ្ឋបានបដិសេធទម្លាក់ចោលការផ្តន្ទាទោសលើរូបគាត់ដែរ ។ យោងតាមអង្គការអ៊ីនចាស្ទីស «នៅក្នុងឆ្នាំ២០១៩ គឺ ២៩ ឆ្នាំបន្ទាប់ពីលោកម៉ាស្ទ័រស៍ត្រូវបានកាត់ទោសប្រហារជីវិត តុលាការកំពូលនៃរដ្ឋកាលីហ្វ័រញ៉ា បានបញ្ជាក់ពីការផ្តន្ទាទោស និងការកាត់ទោសរបស់គាត់ ។ សវនាការរបស់រដ្ឋដែលអូសបន្លាយយូរពេក បានធ្វើឲ្យលោកម៉ាស្ទ័រស៍មិនអាចឈានទៅតុលាការសហព័ន្ធបាន នៅចំពោះសេចក្តីសម្រេចនេះ ពីព្រោះគាត់ចាំបាច់ត្រូវប្រើអស់ដំណោះស្រាយថ្នាក់រដ្ឋរបស់គាត់ជាមុនសិន» ។
ពីស្ដាំ៖ ព្រះសង្ឃឡាម៉ា ចាគុឌ តុល្គុ រិនបោចេ (odsalling.org) លោក ម៉ាស្ទ័រស៍ និងភិក្ខុនី ប៉េម៉ា ចូដ្រូន (shambhala.com) ។

នៅក្នុងជីវប្រវត្តិសង្ខេបដែលចុះផ្សាយនៅលើគេហទំព័ររបស់គ្រឹស្ថានបោះពុម្ពសម្ភល លោក ម៉ាស្ទ័រស៍ បានចូលកាន់ព្រះពុទ្ធសាសនា ក្នុងសម្នាក់ព្រះសង្ឃឡាម៉ាទីបេត៍មួយអង្គនាម ព្រះតេជព្រះគុណ ចាគុឌ តុល្គុ រិនបោចេ (H.E. Chagdud Tulku Rinpoche) ក្នុងឆ្នាំ១៩៩១ ។ តាំងពីពេលនោះមក គាត់ក៏ធ្លាប់ត្រូវបានណែនាំផ្លូវ ដោយភិក្ខុនីវជ្រយាននាម ប៉េម៉ា ចូដ្រូន (Ven. Pema Chodron) ដែលគាត់រក្សាមិត្តភាពជាប់រហូតមក ។

លោក សែហ្វ បានរៀបរាប់នូវបទពិសោធន៍ជីវិតរបស់លោក ម៉ាស្ទ័រស៍ បន្ទាប់ពីគាត់ត្រូវបានកាត់ទោសប្រហារជីវិត នៅក្នុងសៀវភៅ «ពុទ្ធបរិស័ទនៅក្នុងបន្ទប់រង់ចាំការប្រហារជីវិត» ។

សម័យថ្ងៃមួយជំនួយការរបស់ព្រះសង្ឃឡាម៉ា ចាគុឌ តុល្គុ បានទៅចួបលោក ម៉ាស្ទ័រស៍ ដោយនាំយកសៀវភៅតូចមួយក្បាលរបស់ព្រះសង្ឃឡាម៉ា ឲ្យគាត់បានអានជាការត្រៀមខ្លួនដើម្បីស្លាប់ ។ សៀវភៅនោះមានចំណងជើងថា Life in Relation to Death (ជីវិតក្នុងទំនាក់ទំនងនឹងសេចក្តីស្លាប់) ដែលមានប្រតិចារឹក (អត្ថបទ) របស់ព្រះសង្ឃឡាម៉ា ។

នៅលើទំព័រទីមួយ ព្រះសង្ឃឡាម៉ាបានពិពណ៌នាអំពីការស្លាប់ថា ជារឿងដែលមនុស្សជារឿយៗមិនយកចិត្តទុកដាក់ ឬគិតលេងៗ ទុកដូចជារឿងមិនមែនជាបញ្ហាធំដុំទេ ។ បន្ទាប់មកអ្នកនិពន្ធបានសរសេរថា «ទ្រឹស្តីនេះល្អហើយ តែដល់ពេលមនុស្សជិតស្លាប់ (ទើបដឹង) ។ នៅពេលនោះ បទពិសោធន៍និងទ្រឹស្តីខុសគ្នា ។» លោកបានបន្ដទៀតថា៖ «នៅពេលនោះ មនុស្សលែងមានអំណាច ហើយអ្វីៗដែលធ្លាប់ស្គាល់ត្រូវភ្លេចភ្លាំងអស់ ។ មនុស្សត្រូវបានគ្របដណ្ដប់ដោយភាពច្របូកច្របល់នៃភាពភ័យខ្លាច ការវង្វេងស្មារតី និងការភាន់ច្រឡំ ។ ដោយហេតុផលនេះហើយ បានជាវាចាំបាច់ណាស់ ក្នុងការត្រៀមខ្លួនឲ្យបានល្អជាមុន សម្រាប់ពេលដែលចិត្តនិងរាងកាយបែកគ្នា ។»

ព្រះសង្ឃគ្រូឡាម៉ាបាននិយាយថា មនុស្សគ្រប់គ្នាគួរតែត្រៀមខ្លួនសម្រាប់ការស្លាប់ ហើយវិធីសាស្រ្តមួយគឺ គិតដល់ថាតើពួកគេអាចស្លាប់ដោយរបៀបណា ។ គាត់បានរៀបរាប់ ការស្លាប់ដោយការធ្លាក់យន្ដហោះ គ្រោះថ្នាក់ដោយយានយន្ត ជំងឺដែលមិនអាចព្យាបាលបាន និងត្រូវចោរចាក់សម្លាប់ ។ គាត់មិនបាននិយាយពីការស្លាប់ដោយបាញ់ខ្យល់ហ្គាស់ទេ ដែលទោសប្រហារជីវិតត្រូវប្រើ ។

វិធីសាស្រ្តមួយទៀតត្រូវបានគេហៅថា «ការចម្រើនសតិ» ។  លោកម៉ាស្ទ័រស៍បានអានត្រួសៗបន្តទៀតរហូតដល់ចំណុចមួយ ដែលបានធ្វើឲ្យគាត់ញាប់ញ័រ ។ បុគ្គលទាំងឡាយគប្បីសួរខ្លួនឯងនូវសំណួរពីរនៅរៀងរាល់យប់មុនពេលចូលគេង៖ ប្រសិនបើខ្ញុំស្លាប់នៅយប់នេះក្នុងដំណេកខ្ញុំ...តើខ្ញុំបានធ្វើអ្វីខ្លះជាមួយនឹងជីវិតរបស់ខ្ញុំ? តើខ្ញុំបានទទួលផលប្រយោជន៍ ឬខ្ញុំបានបង្កឲ្យខូចប្រយោជន៍?

លោកម៉ាស្ទ័រស៍មិនត្រូវការពេលវេលាដើម្បីសញ្ជឹងគិតពីចម្លើយរបស់គាត់ទេ ។ គាត់ដឹងថា គាត់មិនបានផ្តល់ផលប្រយោជន៍ដល់នរណាទេ ហើយគាត់នឹងធ្វើឲ្យខូចប្រយោជន៍ដែលមិនអាចវាស់បាន ។

គាត់បានអានពេញមួយយប់ ។ នាពេលព្រះអាទិត្យរៀបរះ គាត់បានអានដល់ទំព័រចុងក្រោយ ប៉ុន្តែគាត់ភ្ញាក់រឭកយ៉ាងច្បាស់ ។ គាត់មិនជឿរឿងប្រផ្នូលទេ ប៉ុន្តែគាត់បានមានអារម្មណ៍តក់ស្លុតដោយគំនិតថា នៅពេលថ្ងៃដំបូងរបស់គាត់ដែលរង់ចាំការប្រហារជីវិត សៀវភៅនេះបាននាំឲ្យគាត់នូវមគ្គុទេសក៍ទៅរកការស្លាប់ ។

ក្នុងរយៈពេលនៅក្នុងពន្ធនាគារ លោក ម៉ាស្ទ័រស៍បានបង្កើតទំនាក់ទំនងជាមួយគ្រូព្រះពុទ្ធសាសនាជាច្រើនរូប រហូតដល់ក្លាយខ្លួនជាអ្នកនិពន្ធម្នាក់ ដែលសរសេរកាលប្បវត្តិអំពីដំណើររបស់គាត់ ឆ្លងកាត់ពុទ្ធសាសនា ពន្ធនាគា និងជីវិត នៅក្នុងសៀវភៅ៖ Finding Freedom: Writings from Death Row (Padma Publishing 1997) (ការស្វែងរកសេរីភាព៖ សំណេរពីបន្ទប់រង់ចាំការប្រហារជីវិត) និងសៀវភៅ៖ That Bird Has My Wings: The Autobiography of an Innocent Man on Death Row (HarperOne 2009 (បក្សានោះមានស្លាបរបស់ខ្ញុំ៖ ជីវប្រវត្តិរបស់បុរសគ្មានទោសម្នាក់ ពីបន្ទប់រង់ចាំការប្រហារជីវិត) ។

សារព័ត៌មានពុទ្ធិសឌ័របានស្រង់សម្ដីលោកសែហ្វ អំពីមូលហេតុដែលគាត់ជ្រើសរើសសរសេរអំពីលោកម៉ាស្ទ័រស៍យ៉ាងនេះថា៖

«ខ្ញុំបានឮអំពីលោកចាវីសពីមិត្តភក្តិដែលនៅក្នុងសហគមន៍ព្រះពុទ្ធសាសនា ។ ហើយរឿងពីរដែលខ្ញុំបានឮម្តងហើយម្តងទៀតគឺថា បុរសម្នាក់នេះដែលត្រូវបានគេទម្លាក់កំហុសដាក់ មិនគួរស្ថិតនៅក្នុងបន្ទប់រង់ចាំការប្រហារជីវិតទេ ។ ហើយទោះបីជាគាត់នៅទីនោះ ហើយឥឡូវ អ្នកដឹងទេ វាមានរយៈពេល ៣០ ឆ្នាំ និង ២២ ឆ្នាំនៅក្នុងការឃុំឃាំងតែម្នាក់ឯង គាត់គឺជាមនុស្សអស្ចារ្យបំផុតម្នាក់ ដែលពួកគេបានជួប ។ រឿងរ៉ាវរបស់គាត់ពិតជារឿងរ៉ាវអំពីថាតើមនុស្សម្នាក់ផ្លាស់ប្តូរដោយរបៀបណា និងការផ្លាស់ប្តូរគួរឲ្យកត់សម្គាល់ ព្រោះគាត់គួរតែជាមនុស្សម្នាក់ដែលឈឺចាប់ ខឹងសម្បា ដូចជាមនុស្សរាល់គ្នា ប៉ុន្តែគាត់ផ្ទុយពីនេះទៅវិញ ។ គាត់គឺជាពន្លឺនេះឯងនៅក្នុងជីវិតរបស់មនុស្សជាច្រើន» ៕

© រក្សាសិទ្ធិដោយលោកវិទូ

No comments:

Post a comment