អ្នករិះគន់បាយវត្ត ឆ្លុះបញ្ចាំងថាខ្លួនមិនដែលបានយកបាយទៅវត្ត? - លោកវិទូ

ព័ត៌មានថ្មីៗ

សូមចូលរួមបណ្ដាញតេឡេក្រាមលោកវិទូ៖ https://t.me/lokavidunews

Sunday, September 20, 2020

អ្នករិះគន់បាយវត្ត ឆ្លុះបញ្ចាំងថាខ្លួនមិនដែលបានយកបាយទៅវត្ត?

រូបខាងឆ្វេង ចង្ហាន់សម្បូរហូរហៀរដែលគេប្រើដើម្បីរិះគន់ និងរូបពីរខាងស្ដាំក្មេងវត្តនិងពុទ្ធបរិស័ទទទួលទានអាហារក្រោយលោកឆាន់រួច ។ រូបភាព៖ គ្មានប្រភព

លោកវិទូ | ថ្ងៃ ១᧣១១ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ | ២០ កញ្ញា ២០២០

បុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរបានកន្លងផុតទៅ បន្សល់ទុកនៅរូបភាពចង្ហាន់សម្បូរពោរពាស ដែលក្លាយជាកម្មបទនៃមតិរិះគន់ដដែលៗ ពីសម្នាក់អ្នកប្រាជ្ញសេដ្ឋកិច្ច អ្នកស្រាវជ្រាវខុសជំនាញ និងក្រុមអ្នកនយោបាយដណ្ដើមអំណាចពីលោកសង្ឃមួយចំនួន ។ អ្នកខ្លះរហូតដល់គណនាចេញជាភាគរយអីណាអីណីទៀតផង ។ រីឯអ្នកខ្លះទៀតក៏សរសេរដៀមដាមឌឺដង ហាក់ដូចជាវត្តអារាមជាប្រភពនៃភាពក្រីក្រនៃប្រជាជនកម្ពុជា ។ ប៉ុន្តែធាតុពិតបានបង្ហាញថា ពួកគេប្រហែលមិនធ្លាប់បានយកបាយទៅវត្ត ឬមិនបានយល់ជ្រួតជ្រាបអំពីការគ្រប់គ្រងបាយវត្តយ៉ាងណានោះទេ ។

រឿងមួយដែលអ្នករិះគន់មើលរំលង និងប្រហែលមិនដែលចូលវត្តផងក៏មិនដឹងគឺថា បរិស័ទមួយគ្រួសារយ៉ាងហោចពី ៣ ទៅ ៥ នាក់ យកបាយមួយស្រាក់ទៅវត្ត ។ ដោយសារព្រះសង្ឃតិច ចង្ហាន់ច្រើនខុសពីធម្មតា ព្រះសង្ឃឆាន់បានតែចង្ហាន់នៅក្បែរៗដៃទេ នៅសល់ឆ្ងាយៗដឹងថាលោកឈោងមិនដល់ហើយ តែដាក់ប្រគេនដោយសន្មត ហើយក៏តាំងចិត្តជ្រះថ្លានឹងបុណ្យនោះក្នុងចិត្ត ទុកថាដូចលោកបានឆាន់ដែរ ។

ប៉ុន្តែបាយមួយស្រាក់យកទៅវត្តនោះ មិនមែនប្រគេនលោករួចហើយ សុទ្ធតែត្រលប់ទៅបាយផ្ទះវិញទេ ភាគច្រើននៅបាយវត្តហើយ គឺយកបាយមួយវាលនោះមកវិញ ដើម្បីបរិភោគជុំគ្នានឹងគ្រួសារឬក៏មិត្តភក្តិ ។ អាចនិយាយបានថា បរិស័ទយកបាយទៅទទួលទានរួមគ្នានៅវត្ត បង្កើតបានជា «អាហារសប្បាយ» ជួបជុំមិត្តភក្តិបងប្អូនក្នុងភូមិ ចែករំលែកម្ហូបអាហារគ្នាទៅវិញទៅមកដោយរីករាយ ដែលខ្ញុំធ្លាប់និយាយលេងថា «បាយវត្តឆ្ងាញ់ជាងបាយវាំង» ។

អ្នកខ្លះយល់ច្រលំគួបផ្សំដោយគំនិតអគតិថា បាយច្រើនបែបនេះជារឿងខ្ជះខ្ជាយអត់ប្រយោជន៍ ខាតសេដ្ឋកិច្ច មិនគិតគូរដល់ជនក្រីក្រ មិនចេះធ្វើបុណ្យ ។ល។ ប៉ុន្តែរឿងពិតពុំដូច្នេះឡើយ អ្នកទៅវត្ត អ្នកហូបបាយវត្តភាគច្រើនសុទ្ធតែបានដឹងថា មួយរំពេចក្រោយលោកឆាន់រួច បាយមួយវាលនោះនឹងបាត់អស់ នៅសល់តែចានគរ នៅក្បែរឬខាងក្រោយសាលាឆាន់ ទុកឲ្យក្មេងលោក ឬយាយវត្តលាងមួយរសៀលពេញ ។ សល់សម្លរចាប់ឆាយខ្លះក៏កម្ពៅទុក បានមួយថ្ងៃពីរដែរ ។

សួរថាបាយទៅណាអស់ យកទៅបោះចោលឲ្យប្រេតស៊ី ឬក៏មនុស្សបរិភោគ? អ្នកទៅវត្តសូមឆ្លើយផង ។ តែអ្នកមិនធ្លាប់យកបាយទៅវត្ត សូមគិតផងទៅថា បាយមួយស្រាក់គ្នាបីទៅប្រាំនាក់ សរុបពុទ្ធបរិស័ទមួយវត្តពីរបីរយនាក់ បូកទាំងអាចារ្យ គណៈកម្មការវត្ត(ខ្លះ) និងក្មេងវត្តដែលអត់យកបាយទៅវត្តផង គិតថានឹងសល់ហូរហៀរផ្អូមចោលឬ?

ដែលនៅសល់រហូតអាចដល់កន្លះខែគឺ នំអន្សម នំគម និងនំជាល ដែលលោកនេនឆ្អើរទុក ឬសម្រាប់នំអន្សមពេលខ្លះស្ងោរវាឡើងវិញ ហើយច្រកថង់ប្លាស្ទិកទម្លាក់ទៅក្នុងបាតបឹងក្នុងវត្ត តែបច្ចុប្បន្នមានទូទឹកកកអាចជំនួសវិធីរក្សាម្ហូបបែបបុរាណនេះបានយ៉ាងងាយ ។ វត្តខ្លះក៏ចែកចាយនំអន្សម ឲ្យទៅពន្ធនាគារខ្លះ មន្ទីរពេទ្យខ្លះ និងអ្នកដែលត្រូវការ ។ បើវត្តនៅតាមទីក្រុងមានភ្នំពេញជាដើម លោកក៏វិចខ្ចប់អាហារភោជនដែលនៅសល់ ទៅចែកជូនប្រជាជនក្រីក្រទៀតផង ។ សរុបទៅដូចជាមិនសល់ចោលអត់ប្រយោជន៍ទេ ហើយក៏មិនសម្បូរហួសពីតម្រូវការពេកដែរ ព្រោះចាត់ចែងទៅវិញអស់ ។

អ្វីដែលខ្ញុំនិយាយខាងលើនេះមិនមែនថ្មីទេ ញាតិញោមបងប្អូនដែលទៅវត្តញឹកញាប់ប្រាកដជាបានដឹង ពីស្ថានភាពជាក់ស្ដែង ។ ម្យ៉ាងទៀតព្រះសង្ឃធម្មាចារ្យខ្លះក៏លោកបានសម្ដែងហេតុផលល្មមសមគួរដែរហើយ អំពីបញ្ហាកម្មបាយភ្ជុំបិណ្ឌនេះដែរ ។ តែអ្នកដែលបន្តរិះគន់រឿងបាយភ្ជុំបិណ្ឌ ក៏ដូចជាបាយចូលឆ្នាំថ្មី ប្រាកដជាអ្នកពុំដែលបានចូលវត្តញឹកញាប់ ហើយក៏ធ្វើការវិនិច្ឆ័យតាមរូបភាព ដែលឃើញលើបណ្ដាញសង្គមហ្វេសប៊ុក ដោយពុំបានឆ្លុះបញ្ចាំងពីស្ថានភាពជាក់ស្ដែង ៕

© រក្សាសិទ្ធិដោយលោកវិទូ

No comments:

Post a Comment