ឯកឧត្តម អ៊ុង ស៊ាន និងលោកជំទាវ បានអញ្ជើញទៅបំពេញបុណ្យក្នុងថ្ងៃបុណ្យភ្ជុំបិណ្ឌនៅវត្តខ្មែរញូវដែល្លី - លោកវិទូ

ព័ត៌មានថ្មីៗ

សូមចែករំលែកអត្ថបទលោកវិទូតាមបណ្ដាញ Whatsapp, Telegram ឬ Twitter ដោយសារហ្វេសប៊ុកមានបញ្ហា ។ អរគុណ ។

Thursday, September 17, 2020

ឯកឧត្តម អ៊ុង ស៊ាន និងលោកជំទាវ បានអញ្ជើញទៅបំពេញបុណ្យក្នុងថ្ងៃបុណ្យភ្ជុំបិណ្ឌនៅវត្តខ្មែរញូវដែល្លី

ជួរមុខពីឆ្វេងទី៥និងទី៦ ឯកឧត្តម អ៊ុង ស៊ាន និងលោកជំទាវ សំកុល សុកា នៅមុខព្រះវិហារវត្តខ្មែរញូវដែល្លី, ១៧ កញ្ញា ២០២០ ។ រូបភាព៖ លោកវិទូ

លោកវិទូ | ថ្ងៃ ៥᧿១០ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ | ១៧ កញ្ញា ២០២០

ទីក្រុងញូវដែល្លី៖ ឯកឧត្តម អ៊ុង ស៊ាន និងលោកជំទាវ សំកុល សុកា ព្រមទាំងសហការីមន្រ្តីស្ថានឯកអគ្គរាជទូតព្រះរាជាណាចក្រកម្ពុជា ប្រចាំទីក្រុងញូវដែល្លី ប្រទេសឥណ្ឌា និងពុទ្ធបរស័ទខ្មែរទាំងអស់ បានអញ្ជើញចូលរួមបំពេញបុណ្យ ក្នុងថ្ងៃបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ នៅវត្តកុរុរដ្ឋខេមរារាម ហៅវត្តខ្មែរញូវដែល្លី នៅថ្ងៃព្រហស្បតិ៍ ១៥ រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី ១៧ ខែ កញ្ញា គ.ស. ២០២០ ។ 

ឯកឧត្តម លោកជំទាវ សហការីមន្ត្រីស្ថានទូតទាំងអស់ គ្រួសារខ្មែរ~ឥណ្ឌា និស្សិតមួយចំនួន និងលោក តារាចន្ទ មោរ៍ សមាជិកចាសទុំ នៃសមាគមពុទ្ធសាសនាថេរវាទឥណ្ឌូ~ខ្មែរ នៃទីក្រុងញូវដែល្លី បានចូលរួមក្នុងពិធីបុណ្យភ្ជុំបិណ្ឌ ប្រកបដោយសេចក្តីជ្រះថ្លាអនុមោទនា ដើម្បីឧទ្ទិសបុណ្យកុសល ជូនចំពោះជីដូនជីតា មាតាបិតា និងញាតិកាទាំង ៧ សន្ដាន ក្រែងលោកអ្នកដ៏មានគុណទាំងនោះ ធ្លាក់ទៅកើតក្នុងទីពុំសមគួរណាមួយ មានបេត្តវិស័យជាដើម ទៅតាមប្រពៃណីនិងជំនឿព្រះពុទ្ធសាសនាខ្មែរ ។

កម្មវិធីបុណ្យនេះបានប្រព្រឹត្តទៅ តាមលំដាប់លំដោយ តាមប្រពៃណីព្រះពុទ្ធសាសនាខ្មែរ ដោយមានការប្រគេនចង្ហាន់ បច្ច័យ៤ និងគ្រឿងបរិក្ខារផ្សេងៗ សម្រាប់ផ្គត់ផ្គង់ដល់ព្រះសង្ឃដែលមានចំនួន៤អង្គ ដែលគង់នៅវត្តខ្មែរញូវដែល្លី ប្រទេសឥណ្ឌា ដែនដីពុទ្ធភូមិ ។
 
នៅក្នុងឱកាសនោះដែរ ព្រះតេជព្រះគុណ ព្រះភិក្ខុ ធម្មរក្ខិតោ កាន់ សុរដ្ឋធី បានសម្ដែងធម្មកថាដោយសង្ខេបខ្លី អំពីបុព្វហេតុនៃកម្មវិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីខ្មែរ ចែកជូនញាតិញោមបានជ្រាប ។ ព្រះតេជព្រះគុណ បានសម្ដែងផងដែរអំពីអង្គ ៣ យ៉ាង នៃទក្ខិណាទាន ដើម្បីឧទ្ទិសផលបុណ្យ ឲ្យបានដល់បុព្វការីជន ដែលបានចែកឋានទៅគឺ៖

១-​ទក្ខិណេយ្យសម្បទាយ៖​ ត្រូវមានព្រមដោយទក្ខិណេយ្យបុគ្គល​ គឺបដិគ្គហកៈ (អ្នកទទួល)​ ដែលសំដៅយកព្រះសង្ឃគ្រប់ថ្នាក់​ និងបុគ្គលជាគ្រហស្ថអ្នកមានសីលខ្ជាប់​ មានសីល​ ៥​ ជាដេីម​ ។ 

២-​ទាយកានំ​ ឧទ្ទិស្សេន៖​ ទាយកទាយិកាអ្នកធ្វេីបុណ្យនោះៗ​ ចាំបាច់ត្រូវឧទ្ទិសផ្សាយទៅដល់ញាតិប្រេតនោះ​ ដោយសម្តីមានជាអាទិថា​ «ឥទំ​ វោ​ ញាតីនំ​ ហោតុ,​ សុខិតា​ ហោន្តុ​ ញាតយោ​៖ ទានដែលយេីងខ្ញុំបានធ្វេីហេីយនេះ​ សូមកេីតមានដល់ញាតិទាំងឡាយ​ សូមញាតិទាំងឡាយរបស់យេីងខ្ញុំបានប្រកបតែសេចក្តីសុខហោង»​ ។

៣-​បេតានំ​ អត្តនោ​ អនុមោទនេន៖​ ញាតិជាប្រេតជាអ្នកទទួលផលនោះៗឯង​ ត្រូវដឹងឮហេីយជាអ្នកអនុមោទនាដោយខ្លួនឯងផ្ទាល់​ ។

ដោយឡែក ព្រះតេជព្រះគុណ រិន រ៉ាន ជំនួសមុខឲ្យព្រះចៅអធិការវត្តដែលអវត្តមាន បានថ្លែងសង្ឃដីកា ជូនសព្ទសាធុការពរចំពោះឯកឧត្តម អ៊ុង ស៊ាន និង លោកជំទាវ សំកុល សុកា ព្រមទាំងសហការីមន្រ្តីស្ថានឯកអគ្គរាជទូតគ្រប់រូប និងពុទ្ធបរិស័ទទាំងអស់ បានជួបប្រទះតែសេចក្តីសេចក្តីចម្រើន និងបានសម្រេចនូវពុទ្ធពរទាំងឡាយបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕

© រក្សាសិទ្ធិដោយលោកវិទូ

No comments:

Post a comment