ស៊ី ជិនពិង៖ វាជារឿងសំខាន់ដែលត្រូវជម្រុញឲ្យធ្វើចិនូបនីយកម្មពុទ្ធសាសនាទីបេត៍ - លោកវិទូ

ព័ត៌មានថ្មីៗ

សូមចូលរួមបណ្ដាញតេឡេក្រាមលោកវិទូ៖ https://t.me/lokavidunews

Wednesday, September 09, 2020

ស៊ី ជិនពិង៖ វាជារឿងសំខាន់ដែលត្រូវជម្រុញឲ្យធ្វើចិនូបនីយកម្មពុទ្ធសាសនាទីបេត៍

រាជវាំងប៉ូតាឡា ទីក្រុងល្ហាសា ទីបេត៍, ១៣ សីហា ២០១៣ ។ រូបភាព៖ វីគីភីឌា

លោកវិទូ | ថ្ងៃ ៤᧷១០ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ | ០៩ កញ្ញា ២០២០

កាលពីថ្ងៃសៅរ៍សប្ដាហ៍មុន ប្រធានាធិបតីចិន លោក ស៊ី ជិនពិង បានមានប្រសាសន៍ថា វាជារឿងសំខាន់ ដែលត្រូវជម្រុញឲ្យធ្វើ«ចិនូបនីយកម្ម»ពុទ្ធសាសនាទីបេត៍ និងសាង«កំផែងដ៏រឹងមាំដែលមិនអាចបំបែកបាន» ដើម្បីរក្សានូវស្ថេរភាព នៅតំបន់ទីបេត៍ ។

លោក ស៊ី បានមានប្រសាសន៍ទៀតថា វាជាការចាំបាច់ដែលត្រូវពង្រឹងការការពារព្រំដែន និងសន្តិសុខតំបន់តាមព្រំដែន នៃតបន់ស្វយ័តទីបេត៍ (TAR) ដែលមានព្រំដែនជាប់ជាមួយប្រទេសឥណ្ឌា និងភូតាន ។ គាត់បានបន្ថែមថា វាជាការចាំបាច់ ដែលត្រូវអប់រំជនជាតិទីបេត៍ ឲ្យពង្រឹងការតស៊ូប្រឆាំងនឹងការទាមទារបំបែករដ្ឋ ។

ប្រធានាធិបតីចិនមានប្រសាសន៍បែបនេះ នៅក្នុងឱកាសថ្លែងទៅកាន់ថ្នាក់ដឹកនាំកំពូលៗនៃប្រទេស នៅក្នុងវេទិការយៈពេលពីរថ្ងៃ ស្តីអំពីអភិបាលកិច្ចទៅថ្ងៃអនាគតនៅទីបេត៍ នៅទីក្រុងប៉េកាំង ដែលត្រូវបានបិទបញ្ចប់ កាលពីថ្ងៃសៅរ៍ (៥ កញ្ញា) ។

ទីក្រុងប៉េកាំងបានវាយដណ្ដើមយកការគ្រប់គ្រងប្រទេសទីបេត៍ ក្នុងឆ្នាំ ១៩៥០ ដែលចិនបានបង្កើតជាវោហារស័ព្ទថា «ការរំដោះដោយសន្តិភាព» ដែលបានជួយឲ្យតំបន់ជួរភ្នំហិមាល័យដ៏ខ្ពស់នេះ រួចផុតពីអតីតកាល «នៃជនសក្ដិភូមិ» ។

ក្រុមប្រជាជនទីបេត៍ដែលធ្វើនិរទេសខ្លួន ដែលដឹកនាំដោយសម្ដេចសង្ឃដាឡៃឡាម៉ា និងក្រុមអ្នកការពារសិទ្ធិមនុស្ស និយាយថា ការគ្រប់គ្រងរបស់ទីក្រុងប៉េកាំង មានទម្ងន់ស្មើនឹង «អំពើប្រល័យពូជសាសន៍វប្បធម៌» ។

ចិនូបនីយកម្មសាសនា អាចត្រូវបានពិពណ៌នាថាជាការព្យាយាម ដើម្បីត្រួតត្រាលើជំនឿ និងលទ្ធិសាសនា ដើម្បីធ្វើឲ្យជំនឿ និងលទ្ធិសាសនាទាំងនេះ ស្របតាមបន្ទាត់នយោបាយ និងគោលដៅរបស់បក្សកុម្មុយនីស្តចិន និងធ្វើឲ្យស្របតាមវប្បធម៌នៃសហគមន៍ជនជាតិហាន ដែលជាជនជាតិភាគច្រើន នៅក្នុងប្រទេសចិន ។

នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលនិរទេសនៃប្រទេសទីបេត៍ លោក លោពសាំង សាំងគេ បានធ្វើការឆ្លើយតបទៅនឹងការលើកឡើងរបស់លោក ស៊ី ជិនពិង ដោយបានមានប្រសាសន៍ ដែលត្រូវបានដកស្រង់ក្នុងកាសែតឌឺហិណ្ឌូស្ថានថា «ចិនបានដាក់យោធាយ៉ាងស្ងៀមស្ងាត់ នៅតំបន់ខ្ពង់រាបទីបេត៍ អស់រយៈពេលជាង ៦០ ឆ្នាំ មកហើយ ក្រោមលេសថាអភិវឌ្ឍន៍ និងការធ្វើទំនើបកម្ម ។ សម្រាប់ទីបេត៍ រឿងនេះគ្រាន់តែនាំទៅរកលំហូរចូលនៃពួកទាហាន ពួកអ្នកតាំងលំនៅឋានជាជនជាតិហាន (ចិន) និងអាវុធយុទ្ធភណ្ឌប៉ុណ្ណោះ» ។

ទីបេត៍ជាអតីតចក្រភពមួយ ដែលកាន់ព្រះពុទ្ធសាសនាវជ្រយាន តាមប្រពៃណីនាលន្ទា ដែលមានសម្ដេចសង្ឃដាឡៃឡាម៉ា ជាមេដឹកនាំសាសនាកំពូល ។ ព្រះពុទ្ធសាសនាទីបេត៍ត្រូវបានប្រជាជនជាច្រើនលើសកលលោកគោរពប្រតិបត្តិ រួមមាន ឥណ្ឌា ឥណ្ឌូនេស៊ី ម៉ុងហ្គោលី ភូតាន រុស្ស៊ី និង អឺរ៉ុបខាងលិច ៕

 © រក្សាសិទ្ធិដោយលោកវិទូ

No comments:

Post a Comment