ភិក្ខុ កើត សារ៉ាយ ត្រូវផ្សឹកពីបទញុះញង់បង្កឲ្យមានភាពវឹកវរដល់សន្តិសុខសង្គម - លោកវិទូ

ព័ត៌មានថ្មីៗ

សូមចូលរួមបណ្ដាញតេឡេក្រាមលោកវិទូ៖ https://t.me/lokavidunews

Tuesday, September 08, 2020

ភិក្ខុ កើត សារ៉ាយ ត្រូវផ្សឹកពីបទញុះញង់បង្កឲ្យមានភាពវឹកវរដល់សន្តិសុខសង្គម

ភិក្ខុ កើត សារ៉ាយ និងញោមស្រី ។ រូបភាព៖ Koet Saray

លោកវិទូ | ថ្ងៃ ៣᧶១០ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ | ០៨ កញ្ញា ២០២០

ភិក្ខុ កើត សារ៉ាយ ត្រូវបានផ្សឹក រួចបញ្ជូនទៅពន្ធនាគារព្រៃស ជាបណ្ដោះអាសន្ន ជាមួយនឹងយុវជនម្នាក់ទៀតឈ្មោះ មាន ព្រហ្មមុនី កាលពីថ្ងៃច័ន្ទ ទី ៧ ខែកញ្ញា ឆ្នាំ២០២០ បន្ទាប់ពីតុលាការសាកសួររួច ។

យោងតាមសារព័ត៌មានថ្មីៗដែលធ្វើបទសម្ភាសន៍តាមទូរស័ព្ទ ជាមួយឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា អ្នកទាំងពីរត្រូវបានចោទពីបទញុះញង់បង្កឲ្យមានភាពវឹកវរដល់សន្តិសុខសង្គម ។ លោកឧត្តមសេនីយ៍ឯក និយាយពីករណីអតីតព្រះតេជគុណ កើត សារ៉ាយ ថា៖ «គាត់ សឹកហើយ សមត្ថកិច្ចណា ទៅចាប់ទាំងនៅលោកនុ៎ះ» ។

អ្នកទាំងពីរជាសមាជីកសមាគមយុវជនខ្មែរថាវរៈ ដែលធ្វើបាតុកម្មដោយសន្តិវិធី ដើម្បីទាមទារឲ្យដោះលែង លោក រ៉ង ឈុន ប្រធាន​សហភាព​សហជីព​កម្ពុជា ដែលត្រូវបានចាប់ខ្លួន ក្រោយពីគាត់បានធ្វើសេចក្តីថ្លែងការណ៍ ទាក់ទងនឹងបញ្ហាព្រំដែន ។

អ្នកទាំងពីរត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី ៦ ខែកញ្ញា នៅទីស្នាក់ការរបស់សមាគមនិស្សិតបញ្ញវន្តខ្មែរ ស្ថិតនៅជាប់ផ្សារស៊ីខេ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ក្រោយពីបានប្រកាសធ្វើបាតុកម្មឲ្យមានការដោះលែង លោក រ៉ង ឈុន និងទាមទារឲ្យមានយុត្តិធម៌សង្គម ទោះបីជាអាជ្ញាធរពុំបានអនុញ្ញាតក៏ដោយ ។

ដោយឡែកក្រុមយុវជនបានព្យាយាមចូលទៅធ្វើចួបជុំគ្នាសម្ដែងមតិ នៅទីលានប្រជាធិបតេយ្យ តាមការគ្រោងទុក កាលពីព្រឹក ថ្ងៃច័ន្ទ ទី ៧ សីហា តែពុំបានសម្រេច ដោយត្រូវបានអាជ្ញាធររារាំង និងចាប់ខ្លួនយុវជនម្នាក់ត្រូវបានឃាត់ខ្លួនយកទៅបាត់ «ដោយគេមិនទាន់ដឹងថា បញ្ជូនយកទៅណាឡើយ» (សារព័ត៌មានថ្មីៗ) ។

កាលពីចុងខែសីហាកន្លងទៅ ភិក្ខុ កើត សារ៉ាយ បានបង្ហោះរូបថតជាមួយញោមស្រី និងមានសំណេរដូចខាងក្រោម នៅគណនីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោក អំពីគុណម្ដាយ និងបញ្ហាជាតិមាតុភូមិយ៉ាងនេះថា៖

«បែកឆ្ងាយពីអ្នកម្ដាយជាង២០ឆ្នាំហើយ កូនមិនទាន់បានធ្វើជាកូនល្អគ្រប់គ្រាន់នៅឡើយ ផ្ទុយទៅវិញបែធ្វើឱ្យអ្នកម្ដាយបារម្ភទាំងយប់ទាំងថ្ងៃដុតធូបបន់ទេវតាឲ្យតាមថែរក្សាកូន ជាពិសេសពេលឮថាកូនចេញទៅរាជនីភ្នំពេញម្ដងៗ ។ អ្នកម្ដាយជាមនុស្សស្រីម្នាក់ដ៏គួរឲ្យគោរព និងស្រលាញ់ស្មើដោយជីវិត ប៉ុន្តែបញ្ហាជាតិមាតុភូមិ គឺកាន់តែមិនអាចកាត់ថ្លៃបាន ដូច្នេះកូនសូមជ្រើសរើសយកការចូលរួមដោះស្រាយបញ្ហាជាតិ ព្រោះវាជាអាយុជីវិតរបស់ពលរដ្ឋខ្មែរគ្រប់រូប» ៕

© រក្សាសិទ្ធិដោយលោកវិទូ

No comments:

Post a Comment