ស្ថានទូតខ្មែរប្រគេនចង្ហាន់ព្រះសង្ឃវត្តកុរុរដ្ឋខេមរារាមក្នុងថ្ងៃបុណ្យកាន់បិណ្ឌទី៣ - លោកវិទូ

ព័ត៌មានថ្មីៗ

សូមចែករំលែកអត្ថបទលោកវិទូតាមបណ្ដាញ Whatsapp, Telegram ឬ Twitter ដោយសារហ្វេសប៊ុកមានបញ្ហា ។ អរគុណ ។

Saturday, September 05, 2020

ស្ថានទូតខ្មែរប្រគេនចង្ហាន់ព្រះសង្ឃវត្តកុរុរដ្ឋខេមរារាមក្នុងថ្ងៃបុណ្យកាន់បិណ្ឌទី៣

លោកជំទាវ សំកុល សុកា (ជួរកណ្ដាលទី២) ព្រះសង្ឃ មន្ត្រីស្ថានទូត និងពុទ្ធបរិស័ទ, ព្រះវិហារវត្តកុរុរដ្ឋខេមរារាម ទីក្រុងញូវដែល្លី, ៥ កញ្ញា ២០២០ ។ រូបភាព៖ លោកវិទូ

លោកវិទូ | ថ្ងៃ ៧᧳១០ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ | ០៥ កញ្ញា ២០២០

ក្នុងឱកាសដ៏មាននក្ខត្តឫក្ស នារដូវកាន់បិណ្ឌ តាមប្រពៃណីព្រះពុទ្ធសាសនាខ្មែរ មន្ត្រីស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋឥណ្ឌា បាននាំយកនូវចង្ហាន់ និងបរិក្ខារផ្សេងៗ ទៅប្រគេនចំពោះព្រះសង្ឃ ដែលកំពុងគង់ចាំព្រះវស្សា នៅវត្តកុរុរដ្ឋខេមរារាម (វត្តខ្មែរញូវដែល្លី) ទីក្រុងញូវដែល្លី នៅថ្ងៃ ៣ រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃសៅរ៍ ទី ៥ ខែកញ្ញា ឆ្នាំ ២០២០ ។

លោកជំទាវ សំកុល សុកា ជាភរិយានិងជាតំណាងដ៏ថ្លៃថ្លារបស់ឯកឧត្តម អ៊ុង ស៊ាន ឯកអគ្គរាជទូតខ្មែរប្រចាំប្រទេសឥណ្ឌា និងមន្ត្រីស្ថានទូតទាំងអស់ គ្រួសារខ្មែរ~ឥណ្ឌា និស្សិតមួយចំនួន និងលោក តារាចន្ទ មោរ៍ សមាជិកចាសទុំ នៃសមាគមពុទ្ធសាសនាថេរវាទឥណ្ឌូ~ខ្មែរ នៃទីក្រុងញូវដែល្លី បានចូលរួមក្នុងពិធីបុណ្យកាន់បិណ្ឌ ត្រូវនឹងវេនទី ៣ ប្រកបដោយសេចក្តីជ្រះថ្លាអនុមោទនា ដើម្បីឧទ្ទិសបុណ្យកុសល ជូនចំពោះជីដូនជីតា មាតាបិតា និងញាតិកាទាំង ៧ សន្ដាន ក្រែងលោកអ្នកដ៏មានគុណទាំងនោះ ធ្លាក់ទៅកើតក្នុងទីពុំសមគួរណាមួយ មានបេត្តវិស័យជាដើម ។
ពុទ្ធបរិស័ទ និងព្រះសង្ឃកំពុងពិធីបូជា តាមបែបពុទ្ធសាសនា នៅក្នុងព្រះវិហារវត្តកុរុរដ្ឋខេមរារាម ទីក្រុងញូវដែល្លី, ៥ កញ្ញា ២០២០ ។ រូបភាព៖ លោកវិទូ

កម្មវិធីបុណ្យដោយសង្ខេបនេះបានប្រព្រឹត្តទៅ តាមលំដាប់លំដោយ តាមប្រពៃណីព្រះពុទ្ធសាសនាខ្មែរ រួមមាន វេរចង្ហាន់ថ្វាយព្រះពុទ្ធជាម្ចាស់ជានិមិត្តរូប នមស្ការថ្វាយបង្គំព្រះរតនត្រៃ សមាទាននិច្ចសីល អារាធនាព្រះភិក្ខុសង្ឃចំនួន ៤ អង្គ ដើម្បីចម្រើនព្រះបរិត្ត ដើម្បីជាជ័យមង្គលបញ្ចៀសទុក្ខសោករោគភ័យឧបទ្រពចង្រៃទាំងអស់ឲ្យបរវាសចៀសឆ្ងាយ ។

បន្ទាប់មក ពុទ្ធបរិស័ទក៏បានវេរចង្ហាន់ បរិក្ខារផ្សេងៗ និងចតុបច្ច័យមួយចំនួន ប្រគេនចំពោះព្រះសង្ឃ រួចហើយព្រះសង្ឃសូត្រអនុមោទនាគាថា ដារបង្សុកូល បញ្ជូនឥទ្ធមនុញ្ញផល ដល់ញាតិមិត្តលោកអ្នកម្ចាស់ទានទាំងអស់ ដែលបានបែកកាយរំលាយខន្ធទៅកាន់បរលោកខាងនាយហើយនោះ ដើម្បីឲ្យលោកទាំងនោះបានជ្រះថ្លាអនុមោទនា នូវបុណ្យនៃកូនចៅទាំងឡាយ ដែលបានធ្វើហើយ ។

ជាកិច្ចបញ្ចប់កម្មវិធី ពុទ្ធបរិស័ទទាំងអស់បានសូត្រធម៌បត្តិទានគាថា «យំ កិញ្ចិ...» និងច្រូចទឹកទក្ខិណោទក ជាសក្ខីកម្មនៃបុណ្យកុសលទាំងឡាយដែលបានបំពេញហើយក្នុងថ្ងៃនេះ និងឧទ្ទិសបុណ្យកុសល និងផ្សាយមេត្តា ដល់សព្វសត្វទាំងពួង ។
ក្រោយវេរចង្ហាន់ និងទេយ្យវត្ថុ ប្រគេនចំពោះព្រះសង្ឃ នៅរោងភត្តលម្ហខ្យល់ វត្តកុរុរដ្ឋខេមរារាម ទីក្រុងញូវដែល្លី, ៥ កញ្ញា ២០២០ ។ រូបភាព៖ លោកវិទូ

ជារឿយៗ ឯកឧត្តមឯកអគ្គរាជទូត និងលោកជំទាវ ព្រមទាំងមន្ត្រីទូតទាំងអស់ តែងដឹកនាំសិស្ស-និស្សិត និងប្រជាជនខ្មែរ-ឥណ្ឌា នៅទីក្រុងញូវដែល្លីជាពិសេស ដើម្បីប្រារព្ធធ្វើពិធីបុណ្យទានផ្សេងៗ តាមប្រពៃណីពុទ្ធសាសនាខ្មែរ ។

ជាពិសេស ទោះបីជាស្ថិតនៅក្នុងស្ថានភាពលំបាក នៃការរីករាលដាលជំងឺឧត្បាតក៏ដោយ ក៏គាត់បានចាត់ចែងរៀបចំ យកចង្ហាន់ទៅប្រគេនចំពោះព្រះសង្ឃ ដែលកំពុងគង់ចាំព្រះវស្សា នៅវត្តកុរុរដ្ឋខេមរារាម ដោយសេចក្តីជ្រះថ្លា ក្នុងព្រះពុទ្ធសាសនា ៕

© រក្សាសិទ្ធិដោយលោកវិទូ

No comments:

Post a comment