ព្រះមហាវិមលធម្ម សិរីសុវណ្ណោ ពិន សែម បំផុសគំនិតឱ្យពលរដ្ឋខ្មែរដាំដើមព្នៅឡើងវិញ - លោកវិទូ

ព័ត៌មានថ្មីៗ

Wednesday, September 23, 2020

ព្រះមហាវិមលធម្ម សិរីសុវណ្ណោ ពិន សែម បំផុសគំនិតឱ្យពលរដ្ឋខ្មែរដាំដើមព្នៅឡើងវិញ

ព្រះមហាវិមលធម្ម សិរីសុវណ្ណោ ពិន សែម និងព្រះភិក្ខុសង្ឃ ៦០ អង្គ ចូលរួមដាំដើមព្នៅនៅបរិវេណសិន្ធុខាងជើងនៃប្រាសាទអង្គរវត្ត, ២២ កញ្ញា ២០២០ ។ រូបភាព៖ ហ៊ុំ រិទ្ធី និង ហាប់ គឹមអាន

លោកវិទូ | ថ្ងៃ ៤᧦១០ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ | ២៣ កញ្ញា ២០២០ 

ព្រះមហាវិមលធម្ម សិរីសុវណ្ណោ ពិន សែម រាជាគណៈថ្នាក់ទោ និងជាឧត្តមទីប្រឹក្សាគណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះចៅអធិការវត្ត រាជបូណ៌ បានដឹកនាំព្រះសង្ឃប្រមាណ៦០អង្គ ចូលរួមដាំដើមព្នៅនៅបរិវេណកសិន្ធុខាងជើងនៃប្រាសាទអង្គរវត្ត ។ ព្រះអង្គមានបន្ទូលថា ដើមព្នៅមានសារប្រយោជន៍ដ៏អស្ចារ្យដែលប្រជាពលរដ្ឋខ្មែរត្រូវដឹង និងចូលរួមដាំឡើងវិញកុំឱ្យបាត់បង់។ ពិសេសជាងនេះ ដើមព្នៅជារុក្ខជាតិដ៏ខ្ពង់ខ្ពស់ក្នុងសាសនាព្រាហ្មណ៍ និងប្រើប្រាស់សម្រាប់ជាឱសថព្យាបាលរោគផង ។

មានបន្ទូលទៅកាន់ព្រះសង្ឃ និងប្រជាពលរដ្ឋ ក្នុងពិធីដាំដើមព្នៅចំនួន៨៤ដើម នារសៀលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០ ព្រះមហាវិមលធម្ម ពិន សែម មានបន្ទូលជាច្រើនជុំវិញសារប្រយោជន៍នៃរុក្ខជាតិដើមព្នៅ ក៏ដូចជាការចំណាយពេលវេលារបស់ព្រះអង្គច្រើនឆ្នាំក្នុងការស្វែងរកពូជព្នៅដែលល្អសម្រាប់បណ្ដុះ និងដាំឡើងវិញក្នុងតំបន់អង្គរនៅពេលនេះ ។ ពូជដែលយកមកដាំនៅពេលនេះ គឺនាំយកពីឃុំរើលនៃស្រុកពួក ខេត្តសៀមរាប ពូជមួយទៀតនាំយកពីស្រុកព្រះនេត្រព្រះនៃខេត្តបន្ទាយមានជ័យ និង២ប្រភេទទៀត យកពីខេត្តបាត់ដំបង ដែលសុទ្ធសឹងជាពូជដែលគ្មានជ័រ និងមានឱជារសឆ្ងាញ់ ។
 
គោលបំណងសំខាន់ដែលព្រះមហាវិមលធម្ម ពិន សែម ស្វះស្វែងរកពូជព្នៅមកដាំនៅពេលនេះ ព្រោះព្រះអង្គយល់ពីតម្លៃដ៏មហាសាលរបស់វា ដែលព្រះអង្គរៀបរាប់ថា តាមក្បួនតម្រាបុរាណបាននិយាយថា ព្នៅ អាចប្រើជាឱសថសម្រាប់ព្យាបាលរោគ ជាថ្នាំចម្រើនអាយុ ជួយសរីរាង្គកាយមនុស្សបានច្រើន ជួយឱ្យមានកម្លាំង សាច់សម្បុរស្អាត ។ល។ និងជារុក្ខជាតិដែលត្រូវបានលើកតម្កើងក្នុងសាសនាព្រាហ្មណ៍ ដោយគេតែងនិយាយថា ជារុក្ខជាតិរបស់ព្រះសិវៈ ព្រោះស្លឹករបស់វាក្នុងមួយទងមាន៣សន្លឹក គឺដូចជាលំពែងត្រីសូរ្យរបស់ព្រះឥសូរ ម្យ៉ាងទៀតក៏ដូចភ្នែកព្រះឥសូរយ៉ាងដូច្នោះដែរ ។ ព្នៅគឺជារុក្ខជាតិដែលប្រើក្នុងព្រះរាជពិធីរបស់ព្រះមហាក្សត្រផងដែរ ដូចជាគេប្រើស្លឹករបស់វាក្នុងពិធីឡើងគ្រងរាជ្យសម្បត្តិ និងព្រះរាជពិធីចម្រើនព្រះជន្មរបស់ព្រះមហាក្សត្រជាដើម ។

ដោយយល់ពីតម្លៃនៃរុក្ខជាតិព្នៅដ៏លើសលុបយ៉ាងដូច្នេះហើយ ទើបព្រះមហាវិមលធម្ម ពិន សែម បានផ្តួចផ្តើមគំនិតបំផុសឱ្យមានការដាំឡើងវិញនៅតំបន់អង្គរ និងអាចទាក់ទាញភ្ញៀវទេសចរបានផងដែរ ព្រោះផ្ការបស់វាជះក្លិនក្រអូបរយៈពេលពេញមួយខែ ។ លើសពីនេះព្រះអង្គក៏ចង់ឱ្យប្រជាពលរដ្ឋខ្មែរទាំងអស់ ចាប់ផ្តើមដាំរុក្ខជាតិណាដែលមានតម្លៃឡើងវិញ ដូចជា ព្នៅ ស្ដៅ ក្រសាំង និងអំពិលជាដើម ដែលព្រះអង្គយល់ថា វាបានបម្រើដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋខ្មែរ តែយើងបែរជាមិនយល់ពីតម្លៃរបស់វា និងមិននាំគ្នាដាំឡើងវិញ ។

ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា មានប្រសាសន៍ថា អាជ្ញាធរជាតិអប្សរារីករាយសហការ និងផ្តល់ទីតាំងសម្រាប់ដាំដើមព្នៅនេះ។ ឯកឧត្តមបន្ថែមថា អាជ្ញាធរជាតិអប្សរាបានត្រៀមដីមួយកន្លែងនៅខាងជើងក្រុងអង្គរធំ សម្រាប់ធ្វើជាចម្ការព្នៅ និងដាំពូជព្នៅចម្រុះសម្រាប់ជាប្រយោជន៍ទៅថ្ងៃក្រោយ ក៏ដូចជាទុកសម្រាប់ប្រជាពលរដ្ឋខ្មែរស្គាល់ដើមព្នៅនេះផង ។ ឯកឧត្តមបន្ថែមទៀតថា ក្នុងរមណីយដ្ឋានអង្គរគឺដើមឈើរហូត ១៨៣ប្រភេទ ហើយគោលការណ៍របស់អាជ្ញាធរជាតិអប្សរា គឺចង់ថែរក្សាតំបន់នេះនៅតែសម្បូរធនធានធម្មជាតិចម្រុះបែបជារហូតតទៅ ៕

អត្ថបទដោយ៖ នាយកដ្ឋានផ្សព្វផ្សាយ អាជ្ញាធរជាតិអប្សរា Apsara Authority

© រក្សាសិទ្ធិដោយលោកវិទូ

No comments:

Post a Comment