ឥណ្ឌាផ្ដល់ជំនួយ១៥លានដុល្លារដល់ស្រីលង្កាដើម្បីពង្រឹងទំនាក់ទំនងព្រះពុទ្ធសាសនារវាងប្រទេសទាំងពីរ - លោកវិទូ

ព័ត៌មានថ្មីៗ

សូមចែករំលែកអត្ថបទលោកវិទូតាមបណ្ដាញ Whatsapp, Telegram ឬ Twitter ដោយសារហ្វេសប៊ុកមានបញ្ហា ។ អរគុណ ។

Sunday, September 27, 2020

ឥណ្ឌាផ្ដល់ជំនួយ១៥លានដុល្លារដល់ស្រីលង្កាដើម្បីពង្រឹងទំនាក់ទំនងព្រះពុទ្ធសាសនារវាងប្រទេសទាំងពីរ

នាយករដ្ឋមន្ត្រីស្រីលង្កា លោក មហិន្ទ រាជប័ក្សា និងនាយករដ្ឋមន្ត្រីឥណ្ឌា លោក នរេន្ទ្រ មោទី ក្នុងជំនួបទ្វេភាគីតាមប្រព័ន្ធវីដេអូអនឡាញ, ២៦ កញ្ញា ២០២០ ។ រូបភាព៖ MEA

លោកវិទូ | ថ្ងៃ ១᧪១១ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ | ២៧ កញ្ញា ២០២០

កាលពីថ្ងៃសៅរ៍ ក្រសួងការបរទេសឥណ្ឌាបានប្រកាសឲ្យដឹងថា នៅក្នុងកិច្ចប្រជុំកំពូលទ្វេភាគី រវាងនាយករដ្ឋមន្ត្រីឥណ្ឌា លោក នរេន្ទ្រ មោទី និងនាយករដ្ឋមន្ត្រីស្រីលង្កា លោក មហិន្ទ រាជប័ក្សា តាមប្រព័ន្ធវីដេអូអនឡាញ ប្រទេសឥណ្ឌាបានប្រកាសផ្តល់ជំនួយចំនួន ១៥ លានដុល្លារដល់ប្រទេសស្រីលង្កាដើម្បីពង្រឹងទំនាក់ទំនងព្រះពុទ្ធសាសនារវាងប្រទេសទាំងពីរ ។

លោក អម្ត នារ័ង្គ សហលេខាធិការទទួលបន្ទុកផ្នែកតំបន់មហាសមុទ្រឥណ្ឌាបានមានប្រសាសន៍ថា «ដោយយោងតាមទំនាក់ទំនងបេតិកភណ្ឌវប្បធម៌អរិយធម៌ និងវប្បធម៌ដ៏យូរអង្វែងរវាងប្រទេសទាំងពីរ លោកនាយករដ្ឋមន្រ្តី មោទី បានប្រកាសផ្តល់ជំនួយចំនួន ១៥ លានដុល្លារអាម៉េរិក ដើម្បីលើកកម្ពស់ព្រះពុទ្ធសាសនារវាងប្រទេសទាំងពីរ» ។

ក្រសួងកិច្ចការខាងក្រៅរបស់ប្រទេសឥណ្ឌាបាននិយាយថា ការលើកកម្ពស់ព្រះពុទ្ធសាសនានេះនឹងធ្វើឡើង តាមរយៈការសាងសង់និងជួសជុលវត្តអារាមព្រះពុទ្ធសាសនា ការអភិវឌ្ឍសមត្ថភាព ការផ្លាស់ប្តូរវប្បធម៌ កិច្ចសហប្រតិបត្តិការខាងបុរាណវិទ្យា និងការបើកបង្ហាញព្រះពុទ្ធសិរីរិកធាតុទៅវិញទៅមក ។

ថ្មីៗនេះប្រទេសឥណ្ឌាបានតម្លើងអាកាសយានដ្ឋានរបស់ខ្លួននៅក្រុងកុសិនារា ដែលជាកន្លែងសក្ការៈបូជាព្រះពុទ្ធសាសនាដ៏សំខាន់មួយនៅរដ្ឋឧត្តរប្រទេស ភាគខាងជើងប្រទេសឥណ្ឌា ដើម្បីទទួលបានជើងហោះហើរអន្តរជាតិ ។ ឥណ្ឌាគ្រោងនឹងបញ្ជូនគណៈប្រតិភូព្រះពុទ្ធសាសនាពីប្រទេសស្រីលង្កា លើជើងហោះហើរដែលបើកសម្ភោធឆាប់ៗនេះ ។

ក្រុងកុសិនារាជាទីតាំងប្រវត្តិសាស្ត្រ ជាទីដែលព្រះសម្មាសម្ពុទ្ធទ្រង់យាងចូលកាន់មហាបរិនិព្វាន ជាង ២៥០០ ឆ្នាំមុន ។

សេចក្តីថ្លែងការណ៍មួយដែលចេញដោយក្រសួងកិច្ចការខាងក្រៅបាននិយាយថា ក្នុងកិច្ចពិភាក្សានេះនាយករដ្ឋមន្ត្រីស្រីលង្កាលោក រាជប័ក្សា បានលើកឡើងជាពិសេស អំពីមជ្ឈមណ្ឌលវប្បធម៌ដែលបានសាងសង់ដោយជំនួយរបស់ឥណ្ឌានៅក្រុងចាហ្វណា (កោះនៅចុងខាងជើងបំផុតនៃស្រីលង្កា ឈ្មោះនាគទីប ជាទីដែលព្រះពុទ្ធជាម្ចាស់ទ្រង់យាងទៅលើកទី២ ដើម្បីប្រោសនាគ និងបច្ចុប្បន្នជាទីដែលប្រជាជនភាគតិចតមិល[ទមិឡ]រស់នៅភាគច្រើន) ។ មជ្ឈមណ្ឌលនេះត្រូវបានរៀបចំឡើងយ៉ាងហ្មត់ចត់ ហើយនាយករដ្ឋមន្រ្តីស្រីលង្កាបានអញ្ជើញនាយករដ្ឋមន្រ្តីមោទី ចូលរួមពិធីសម្ពោធ នាពេលខាងមុខ ៕

© រក្សាសិទ្ធិដោយលោកវិទូ

No comments:

Post a comment