ព្រឹទ្ធាចារ្យ ឡាយ គ្រី អតីតសមណនិស្សិតថ្នាក់បណ្ឌិតពីឥណ្ឌាសម័យសាធារណរដ្ឋខ្មែរ - លោកវិទូ

ព័ត៌មានថ្មីៗ

សូមចូលរួមបណ្ដាញតេឡេក្រាមលោកវិទូ៖ https://t.me/lokavidunews

Sunday, September 27, 2020

ព្រឹទ្ធាចារ្យ ឡាយ គ្រី អតីតសមណនិស្សិតថ្នាក់បណ្ឌិតពីឥណ្ឌាសម័យសាធារណរដ្ឋខ្មែរ

(រូបភាពកែឆ្នៃ) លោកតា ឡាយ គ្រី ក្នុងជន្មាយុ ៨៩ ឆ្នាំ, ៨ ធ្នូ ២០១៨ ។ រូបភាព៖ Yem Pich

លោកវិទូ | ថ្ងៃ ១᧪១១ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ | ២៧ កញ្ញា ២០២០

ព្រឹទ្ធាចារ្យ ឡាយ គ្រី ជាអតីតសិស្សផ្ទាល់របស់ព្រះមហាវីរិយបណ្ឌិតោ ប៉ាង ខាត់ និងជាសមណនិស្សិតនៃពុទ្ធិកមហាវិទ្យាល័យព្រះសីហនុរាជ ដែលបានបន្តការសិក្សាវិជ្ជាជាន់ខ្ពស់នៅប្រទេសឥណ្ឌា ក្នុងសម័យសាធារណរដ្ឋខ្មែរ រហូតដល់ចប់ថ្នាក់បណ្ឌិត និងក្រោយមក ក៏បានទៅរស់នៅសហរដ្ឋអាម៉េរិករហូតដល់បច្ចុប្បន្ន ។

គម្រោងសិក្សាស្រាវជ្រាវប្រវត្តិអតីតសមណនិស្សិតខ្មែរ ដែលបានទៅសិក្សាវិជ្ជាជាន់ខ្ពស់ នៅជម្ពូទ្វីប ដែនដីពុទ្ធភូមិ ប្រទេសឥណ្ឌា ក្នុងសម័យសង្គមរាស្ត្រនិយម និងសម័យសាធារណរដ្ឋខ្មែរ កាន់តែរីកធំទៅៗ ខណៈចំនួនអតីតសមណនិស្សិតខ្មែរ កាន់ត្រូវបានរកឃើញច្រើនឡើងៗ ។ យើងគ្មានប្រភពឯកសារជាតារាងពេញលេញ ប្រាប់ពីចំនួនសមណនិស្សិតខ្មែរទាំងនោះទេ ដូច្នេះមានតែមធ្យោបាយឃើញមួយចុះផ្សាយមួយ ជាបន្តបន្ទាប់រហូតដល់អស់ ។

ការរៀបរាប់សង្ខេបអំពី លោកតា ឡាយ គ្រី ត្រូវបានប្រទះឃើញនៅក្នុងអត្ថបទជីវប្រវត្តិរបស់ព្រះមហាវីរិយបណ្ឌិតោ ប៉ាង ខាត់ របស់បណ្ឌិត ឃីង ហុកឌី ។ យោងតាមអត្ថបទនេះនៅត្រង់ផ្នែកលេខយោង លោកតា ឡាយ គ្រី កើតនៅក្នុងឆ្នាំ ១៩២៩ គឺក្នុងឆ្នាំមមែ ។ គាត់ជាសិស្សផ្ទាល់របស់ព្រះមហា ប៉ាង ខាត់ ។ លោកមហា ឡាយ គ្រី កាលនៅបួសរៀន បានសម្នាក់នៅកុដិលេខ ៤ វត្តឧណ្ណាលោម រាជធានីភ្នំពេញ ដែលជាកុដិរបស់ព្រះមហា ប៉ាង ខាត់ ។

ក្រោយពីបានបញ្ចប់ការសិក្សានៅពុទ្ធិកមហាវិទ្យាល័យព្រះសីហនុរាជ មហា ឡាយ គ្រី បានទៅបំពេញការសិក្សានៅប្រទេសឥណ្ឌា រហូតដល់បានសញ្ញាបត្រថ្នាក់បណ្ឌិត ។ យោងតាមសង្ឃដីកាប្រាប់របស់ព្រះតេជព្រះគុណ បណ្ឌិត សែម ប៉ិច ព្រះចៅអធិការវត្តខ្មែរពារាណសី បានឲ្យដឹងថា មហា ឡាយ គ្រី ប្រហែលរៀនជាមួយបណ្ឌិត សំ បេ (១៩៧២-១៩៧៨) នៅសាកលវិទ្យាល័យពូណេ ទីក្រុងពូណេ រដ្ឋមហារាស្ត្រ ព្រោះជាសមណនិស្សិតទៅឥណ្ឌា ក្នុងសម័យសាធារណរដ្ឋខ្មែរដូចគ្នា ។ កាលនៅរស់ បណ្ឌិត សំ បេ ក៏ឧស្សាហ៍រំឭកឈ្មោះលោកមហា ឡាយ គ្រី ញឹកញាប់ណាស់ដែរ ។

បណ្ឌិត ហុកឌី បានសរសេរថា មហា ឡាយ គ្រី បានទៅរស់នៅសហរដ្ឋអាម៉េរិក ប្រហែលក្នុងឬមុនឆ្នាំ១៩៧៥ ហើយលោកបានចាកសិក្ខាបទមកជាគ្រហស្ថ ហើយមានគ្រួសារបានបុត្រី ៣ នាក់ ។ នៅក្នុងកំឡុងឆ្នាំ ២០០២ គាត់បានធ្វើជាប្រធានសមាគមខ្មែរនៅទ្វីបអាមេរិក ជាសមាគមខ្មែរដ៏ធំមួយនៅទីក្រុងឡងប៊ិច ជាទីក្រុងដែលមានប្រជាជនខ្មែររស់នៅច្រើនជាងគេ ។

យើងខ្ញុំពុំបានព្យាយាមទាក់ទងទៅក្រុមគ្រួសាររបស់គាត់ ដើម្បីទទួលបានព័ត៌មានបន្ថែមនៅឡើយទេ ។ ដូច្នេះ យើងពុំបានព័ត៌មានអំពីជីវភាព និងតួនាទីរបស់គាត់ នៅសហរដ្ឋអាម៉េរិកឲ្យបានច្រើនទេ ។ ប៉ុន្តែត្រឹមឆ្នាំ ២០១៨ ក្នុងជន្មាយុ ៨៩ គាត់កំពុងរស់នៅសហរដ្ឋអាម៉េរិកនៅឡើយ ។
សៀវភៅពីរក្បាលក្នុងចំណោមស្នាដៃទាំងឡាយរបស់លោកតា ឡាយ គ្រី ។

សូមរំឭកផងដែរថា មហា ឡាយ គ្រី នេះហើយដែលជាអ្នករៀបចំបោះពុម្ពសៀវភៅ «ជីវិតម៉ែ» របស់ព្រះមហាវីរិយបណ្ឌិតោ ប៉ាង ខាត់ ពេលដែលលោកកំពុងធ្វើទស្សនកិច្ចសិក្សានៅប្រទេសឥណ្ឌា ក្នុងឆ្នាំ ១៩៦៤ ។ មួយឆ្នាំក្រោយមក មហា ឡាយ គ្រី ក៏បានសរសេរអត្ថបទមួយដែលបោះពុម្ពជាសៀវភៅ មានចំណងជើងថា «ទ្រព្យប្រសើររបស់មនុស្ស» ដែលនិយាយអំពីទ្រព្យគឺសទ្ធា គឺការជឿចំពោះម៉ែឪ គ្រូ ព្រះពុទ្ធ ព្រះមហាក្សត្រ និង កម្ម ដែលជាមូលដ្ឋាននៃសុភមង្គល ។ នៅទីបំផុតនៃសៀវភៅនេះ មហា ឡាយ គ្រី បានសរសេរប្រកបដោយខ្លឹមសារជ្រាលជ្រៅយ៉ាងនេះថា៖

សទ្ធានេះមានអានុភាពធំសម្បើមណាស់ ក្នុងការកសាងប្រយោជន៍ខ្លួន ប្រយោជន៍ញាតិ ប្រយោជន៍ជាតិ និងប្រយោជន៍លោកទាំងមូល ហេតុនេះបានជាព្រះពុទ្ធទ្រង់ប្រទានសទ្ធានេះទុកមក ដើម្បឲ្យមនុស្សលោកចេះជឿសមត្ថភាពខ្លួនដោយខ្លួនឯង ព្រោះមនុស្សលោកភាគច្រើនចូលចិត្តតែជឿគេឬទុកចិត្តគេ នោះមិនអាចជួយខ្លួនឯងឲ្យបានដល់ត្រើយនៃសេចក្តីសុខក្នុងលោកនេះ និងបរលោកបានឡើយ ។

ក្នុងឆ្នាំ ១៩៦៥ យើងឃើញមានអត្ថបទពីររបស់មហា ឡាយ គ្រី ត្រូវបានចុះផ្សាយក្នុងទស្សនាវដ្តីកម្ពុជសុរិយា ដ៏ល្បីល្បាញរបស់វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ ។ ក្នុងនោះ អត្ថបទមួយជាទម្រង់តែងសេចក្តី ក្រោមប្រធានបទដ៏គួរឲ្យចាប់អារម្មណ៍គឺ «តើការកំសត់តែឯកឯង អាចធ្វើរឿងឲ្យមានតម្លៃខ្ពស់និងពីរោះឆើតបានឬទេ? សូមធ្វើការដោះស្រាយនិងឲ្យឧទាហរណ៍បញ្ជាក់ក្នុងរឿងធនញ្ជ័យនិងមរណមាតា ។» ដែលចោទសួរដោយសាស្ត្រាចារ្យ លាង ហាប់អាន ឆ្នាំ ១៩៦៣ ។ នេះជាអត្ថបទដែលមហា ឡាយ គ្រី បានសរសេរកាលនៅជាសមណនិស្សិតនៃពុទ្ធិកមហាវិទ្យាល័យព្រះសីហនុរាជ ។

តាមរយៈអត្ថបទនិងសៀវភៅខ្លី ដែលគាត់បានសរសេរ តាំងពីឆ្នាំ ១៩៦០ ប្លាយមក និងការរៀបរៀងសៀវភៅមួយចំនួន ក្នុងទសវត្សរ៍ឆ្នាំ១៩៧០ និងស្នាដៃដទៃទៀត យើងអាចសន្និដ្ឋានជាបឋមថា គាត់ពិតជាទទួលបានការសិក្សាអប់រំវិជ្ជាជាន់ខ្ពស់ និងមានចំណេះដឹងផ្លូវលោកផ្លូវធម៌ ជាបញ្ញវន្តខ្មែរជំនាន់ដើមមួយរូប ក្រោយសម័យខ្មែរក្រហម ៕

ស្នាដៃតែងនិពន្ធមួយចំនួន៖
1-ឡាយ គ្រី (១៩៦៤), ទ្រព្យប្រសើររបស់មនុស្ស, ភ្នំពេញ: វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ ។
2-កុសលានុរក្ខិតោ ភិក្ខុ ឡាយ គ្រី (១៩៦៥) «បរមាធិប្បាយ​អំពី​សុរា», ទស្សនាវដ្ដីកម្ពុជសុរិយា, អត្ថបទក្បាលទី១ ឆ្នាំទី៣៧ ខ្សែទី៣ ព.ស ២៥០៧ គ.ស ១៩៦៥ ។
3-សមណ​និស្សិត ឡាយ គ្រី (១៩៦៥) «រឿង​ពីរោះ​ឆើត» ទស្សនាវដ្ដីកម្ពុជសុរិយា, អត្ថបទក្បាលទី២ ឆ្នាំទី៣៧ ខ្សែទី៧ ព.ស ២៥០៧ គ.ស ១៩៦៥ ។
4-Lay Kry (1977), Cambodian Arts and Culture, Long Beach, CA: Long Beach Unified School District.
5-Lay Kry et al. (1978), A Brief Outline of the Constitution of the United States, Long Beach, CA: Long Beach Unified School District.
6-Lay Kry et al. (1978), Cambodian Legends: The Judge Rabbit Stories, Long Beach, CA: Southeast Asian Learners Project, Long Beach, CA: Long Beach Unified School District.
7-Lay Kry (1979), Concise history of Cambodia, Long Beach, CA: Long Beach Unified School District.
 
© រក្សាសិទ្ធិដោយលោកវិទូ

No comments:

Post a Comment