ព្រះមហាក្សត្រមានព្រះទ័យព្រួយបារម្ភខ្លាំងអំពីការស្រុតចុះសីលធម៌និងអភិសមាចារក្នុងជីវភាពសង្គម - លោកវិទូ

ព័ត៌មានថ្មីៗ

សូមចូលរួមបណ្ដាញតេឡេក្រាមលោកវិទូ៖ https://t.me/lokavidunews

Friday, September 04, 2020

ព្រះមហាក្សត្រមានព្រះទ័យព្រួយបារម្ភខ្លាំងអំពីការស្រុតចុះសីលធម៌និងអភិសមាចារក្នុងជីវភាពសង្គម

ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ។ រូបភាព៖ ហ្វេសប៊ុក

លោកវិទូ | ថ្ងៃ ៦᧲១០ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ | ០៤ កញ្ញា ២០២០

កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ នៅលើគណនីហ្វេសប៊ុក Royal du Cambodge (មិនផ្លូវការ) ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានបង្ហោះសារសម្ដែងព្រះទ័យព្រួយបារម្ភខ្លាំងចំពោះការស្រុតចុះនៃសីលធម៌ និងអភិសមាចារ ក្នុងជីវភាពសង្គម បើទោះជាសកលលោកមានការអភិវឌ្ឍចម្រើនខាងជំនាញវិទ្យាសាស្ត្រ និងសម្ភារៈ ដែលមិនធ្លាប់មានពីមុនមកក៏ដោយ ។

ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គទ្រង់មានព្រះរាជឱង្ការដ៏ឧត្តមបំផុតថា «​បច្ចុប្បន្ននេះ​សាកលលោក​យើង កំពុងស្ថិត​នៅក្នុង​ដំណាក់កាល​នៃ​ការរីកចម្រើន​និង​ជឿនលឿន ដោយមាន​ជំនាញ​ខាង​វិទ្យាសាស្ត្រ និង​សម្ភារៈ ដែល​មិន​ធ្លាប់មាន​ពីមុនមក​ ។ ប៉ុន្តែ​ទន្ទឹមនឹង​ការរីកចម្រើន​ខាងលើនេះ សីលធម៌ និង​អភិសមាចារ (​មារយា​ទ​ដ៏​ល្អ​ក្រៃលែង ឬ​ជ្រះថ្លា​) ក្នុង​ជីវភាព​សង្គម ក៏មាន​ការស្រុតចុះ​គួរ​ឲ្យ​ព្រួយបារម្ភ​ណាស់ដែរ​» ។

ព្រះអង្គទ្រង់មានព្រះតម្រិះទៀតថា «ភាពអន់ថយ​នៃ​សីលធម៌ និង​គុណធម៌​សង្គម នាំ​ឲ្យ​មានការ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​សេចក្តីថ្លៃថ្នូរ និង​និរន្តរភាព​នៃ​វប្បធម៌ និង​ចីរភាព​របស់​សង្គមនិយម​ទៅ​អនាគត​»​ ។

ដ្បិតតែ គណនីហ្វេសប៊ុកខាងលើសរសេរជាភាសាបារាំង ដែលមានន័យថា ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថាមិនមែនជាគណនីផ្លូវការរបស់ព្រះមហាក្សត្រ ប៉ុន្តែខ្លឹមសារស្របគ្នានឹងប្រជាជនជាច្រើននៅប្រទេសកម្ពុជា ដែលមានការយល់ឃើញ និងការព្រួយបារម្ភដូចគ្នា ។ នេះជាគ្រឿងពញ្ញាក់ស្មារតីដល់ប្រជានុរាស្ត្រថា យើងកំពុងចួបវិបត្តិសីលធម៌សង្គមធ្ងន់ធ្ងរណាស់ ហើយធ្ងន់ធ្ងរឡើងទៀតផង ។

ថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជាបានធ្វើសេចក្តីព្រាងច្បាប់ហាមប្រាម​ការស្លៀកពាក់​មិន​សមរម្យ តែត្រូវបានអ្នកលេង​បណ្តាញ​សង្គម​មួយ​ចំនួន​ធ្វើ​ញត្តិ​តាម​អនឡាញ​រួមគ្នា ដើម្បី​ជំទាស់​នឹង​ការហាមប្រាម​ស្លៀក​ខ្លី​នេះ​ផងដែរ ដែលបង្ហាញឲ្យឃើញពីទំនាស់រវាងប្រពៃណីនិងសិទ្ធិពលរដ្ឋជាសកល ។ នេះជារឿងត្រូវតស៊ូមតិជាសាធារណៈច្រើនទៀត ។

ទោះយ៉ាងណា សម្រាប់សង្គមខ្មែរ នេះគ្រាន់តែជាផ្នែកមួយជ្រុងនៃបញ្ហាអសីលធម៌សង្គមប៉ុណ្ណោះ ។ រឿងច្រើនទៀតដូចជា ការផឹកគ្រឿងស្រវឹងគ្មានច្បាប់ទម្លាប់ ការសេពគ្រឿងញៀនពាសពេញប្រទេស និងជាពិសេស ការរីកឡើងនូវការឈ្មោះប្រកែកគ្នា ដោយការប្រើប្រាស់ពាក្យអសុរោះតាមបណ្ដាញសង្គម ដែលស្ទើរតែក្លាយជារឿងធម្មតាទៅហើយ ឬជារឿងភាគដែលមនុស្សមួយចំនួនចូលចិត្តតាមដានស្ដាប់ ជាងស្ដាប់លោកទេសនាទៅទៀត ។ បើយ៉ាងនេះ បរាភវសូត្រនារដូវកាន់បិណ្ឌ-ភ្ជុំបិណ្ឌ ក៏ជួយមិនបានដែរ ។

ការវិវឌ្ឍន៍នៃសង្គមទៅជាបែបនេះ វាហាក់បានបង្ហាញកាន់តែច្បាស់ តាមទ្រឹស្តីព្រះពុទ្ធសាសនាថា ការរីកចម្រើនខាងសម្ភារនិយម និងបច្ចេកវិទ្យាទំនើប ពុំអាចនាំមកនូវសេចក្តីសុខពិតប្រាកដសម្រាប់មនុស្សជាតិបានទេ បើមនុស្សខ្វះការទូន្មានអប់រំផ្លូវចិត្ត ចម្រើនបញ្ញាស្មារតី ដើរតាមគន្លងព្រះពុទ្ធសាសនាទេនោះ ។

សំណួរដ៏សំខាន់មួយគឺថា តើយើងមានសង្ឃឹមទេថា ការរីកចម្រើនរបស់ពិភពលោកសព្វថ្ងៃ នឹងនាំឲ្យមនុស្សកាន់តែមានសេចក្តីសុខកើនឡើងដល់កម្រិតណា ឬមានសេចក្តីសុខច្រើនជាងមុនឬទេ? តើមនុស្សនឹងមានការប្រព្រឹត្តក្នុងជីវភាពសង្គមកាន់តែល្អប្រសើរជាងមុនទៅរួចឬទេ?

ក្នុងកាលៈទេសៈនេះ តួនាទីព្រះពុទ្ធសាសនាកាន់តែមានសារសំខាន់ឡើង ។ ប៉ុន្តែ តើព្រះពុទ្ធសាសនាខ្មែរបានត្រៀមខ្លួន គ្រប់គ្រាន់ហើយឬនៅ ដើម្បីចូលរួមកែខៃសីលធម៌សង្គមឲ្យបានប្រសើរឡើងវិញ? ឬក៏វិបត្តិសង្គមនោះបានទាញសាសនាឲ្យធ្លាក់ទឹកដែរបាត់ទៅហើយ យោងតាមរឿងរ៉ាវដែលកើតមានជាបន្តបន្ទាប់?

ទុកឲ្យព្រះគុណម្ចាស់ជាអ្នកឆ្លើយចុះ ។ ប៉ុន្តែ បើយោងតាមព្រះរាជឱង្ការខាងលើ មានពាក្យថា «អភិសមាចារ» និងនៅក្នុងរង្វង់ក្រចក (​មារយា​ទ​ដ៏​ល្អ​ក្រៃលែង ឬ​ជ្រះថ្លា​) មានពាក្យថា «ជ្រះថ្លា» ដែលសំដៅលើព្រះសង្ឃ ។ ដូច្នេះ វិបត្តិសង្គមនេះគឺមិនមែនមានតែក្នុងសង្គមគ្រហស្ថទេ សូម្បីសង្គមសង្ឃក៏មានវិបត្តិដូចគ្នាដែរ ។

វិបត្តិកើតឡើងក្នុងជំនាន់ណា មនុស្សក្នុងជំនាន់នោះជាអ្នកទទួលខុសត្រូវទាំងអស់គ្នា ហើយដោះស្រាយបានឬមិនបាន វាជាការឆ្លុះបញ្ចាំងអំពីសមត្ថភាពមនុស្សជំនាន់នោះ ។ គួរចាំទុកថា អំពើខុសកាលណាមនុស្សភាគច្រើនគេពេញនិយមធ្វើយូរៗទៅ អំពើខុសនោះនឹងក្លាយជាត្រូវវិញ ហើយអ្នកប្រឆាំងនឹងអំពើខុសនោះ នឹងក្លាយជាអ្នកខុសវិញ ៕

© រក្សាសិទ្ធិដោយលោកវិទូ

No comments:

Post a Comment