លទ្ធផលជាវិជ្ជមាននៃជំនួបដំបូងរវាងឯកអគ្គរដ្ឋទូតឥណ្ឌាថ្មី និងពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ - លោកវិទូ

ព័ត៌មានថ្មីៗ

Friday, November 06, 2020

លទ្ធផលជាវិជ្ជមាននៃជំនួបដំបូងរវាងឯកអគ្គរដ្ឋទូតឥណ្ឌាថ្មី និងពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ

សម្តេចព្រះមហាអរិយវង្ស បណ្ឌិត ឃី សុវណ្ណរតនា ជូនសៀវភៅពុទ្ធសាសនា ដល់លោកជំទាវអគ្គរដ្ឋទូត បណ្ឌិត ទេវ្យានី ឧត្តម ខូប្រាកាដេ, ភ្នំពេញ, ៦ វិច្ឆិកា ២០២០ ។ រូបភាព៖ ហ្វេសប៊ុក

លោកវិទូ | ថ្ងៃ ៥᧶១២ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ | ៦ វិច្ឆិកា ២០២០ 

ឯកអគ្គរដ្ឋទូតឥណ្ឌាថ្មីប្រចាំកម្ពុជាបានសន្យាសហការលើ ៥ ចំណុចសំខាន់ៗ ទាក់ទងនឹងវិស័យអប់រំផ្នែកពុទ្ធិកសិក្សា នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ក្នុងជំនួបលើកដំបូង ។

នៅព្រឹកថ្ងៃសុក្រ ៦រោច ខែកក្តិក ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២០ សម្តេចព្រះមហាអរិយវង្ស បណ្ឌិត ឃី សុវណ្ណរតនា សាកលវិទ្យាធិការរងទទួលបន្ទុក និងគណៈគ្រប់គ្រង នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ (ពសស) ទទួលជួបពិភាក្សាការងារជាមួយលោកជំទាវ បណ្ឌិត ទេវ្យានី ឧត្តម ខូប្រាកាដេ (Dr. Devyani Uttam Khobragade) ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា ដែលទើបបានទទួលការតែងតាំងថ្មី និងគណៈប្រតិភូ ។ 

យោងតាមការចុះផ្សាយនៅលើគណនីហ្វេសប៊ុកផ្លូវការរបស់សម្តេចព្រះមហាអរិយវង្ស បណ្ឌិត ឃី សុវណ្ណរតនា បានឲ្យដឹងថា លោកជំទាវឯកអគ្គរដ្ឋទូតបានគូសបញ្ជាក់ថា នេះជាជំនួបលើកដំបូងជាមួយឥស្សរជនខ្មែរ សម្រាប់លោកជំទាវក្រោយមកធ្វើជាឯកអគ្គរដ្ឋឥណ្ឌាប្រចាំកម្ពុជា ។ 

លោកជំទាវបណ្ឌិត ត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតថ្មីរបស់ឥណ្ឌា ប្រចាំកម្ពុជា កាលពីដើមខែតុលា ឆ្នាំ២០២០ថ្មីៗកន្លងទៅនេះ ។ នៅក្នុងឃ្លីបវីដេអូខ្លីដែលបង្ហោះលើទំព័រហ្វេសប៊ុកផ្លូវការរបស់ស្ថានទូតឥណ្ឌាថ្មីៗនេះ លោកជំទាវបណ្ឌិតបានមានប្រសាសន៍ថា កម្ពុជាជាប្រទេសទី១ក្នុងដំណែងជាឯកអគ្គរដ្ឋទូតលើកដំបូងរបស់លោកជំទាវ ។ ជាពិសេស លោកជំទាវបណ្ឌិតបានប្រកាសឲ្យដឹងទៀតថា លោកជំទាវបណ្ឌិតជាពុទ្ធបរិស័ទ ។ អាចនិយាយបានថា លោកជំទាវបណ្ឌិត ជាឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជាទី១ ដែលកាន់ព្រះពុទ្ធសាសនា ។

ក្នុងឱកាសដ៏វិសេសវិសាលនៃជំនួននេះ តបតាមការស្នើសុំរបស់ ព.ស.ស. នៅក្នុងការពិភាក្សានោះ លោកជទាវ ឯកអគ្គរដ្ឋទូតឥណ្ឌា បានយល់ព្រម៖ 

១. ផ្តល់កូតាអាហារូបករណ៍ផ្ទាល់ប្រចាំឆ្នាំដល់បុគ្គលិក និងសមណនិស្សិត និស្សិតនៃ ព.ស.ស. ទៅសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅប្រទេសឥណ្ឌា ។ 
២. បង្កើតនូវសាលឯកសារ Indian Corner ក្នុងបណ្ណាល័យ ព.ស.ស. សម្រាប់ទាំងបីទីតាំង ។
៣. ជួយរៀបចំវគ្គបណ្តុះបណ្តាលផ្នែកបច្ចេកវិទ្យាកំព្យូទ័រ នៅ ព.ស.ស. ។
៤. ជួយបណ្តុះបណ្តាលភាសាអង់គ្លេសដល់បុគ្គលិក និងនិស្សិត ដែលត្រូវទៅបន្តការសិក្សា នៅប្រទេសឥណ្ឌា ។
៥. បន្តផ្តល់សាស្ត្រាចារ្យឥណ្ឌាមួយរូបផ្នែកពុទ្ធសាសនសិក្សា និងភាសាសំស្ក្រឹត ជាប្រចាំដល់ ព.ស.ស ។

សំណើទាំង ៥ ចំណុចនេះមានសារសំខាន់ណាស់ ក្នុងការអភិវឌ្ឍធនធានមនុស្ស របស់ពុទ្ធិកឧត្តមសិក្សាខ្មែរ ។ ប្រទេសឥណ្ឌាតាមរយៈស្ថានទូតរបស់ខ្លូននៅទីក្រុងភ្នំពេញ តែងតែបានភ្ជាប់ទំនាក់ទំនងយ៉ាងជិតស្និទ្ធ ជាមួយស្ថាប័នពុទ្ធិកសិក្សាខ្មែរ ក៏ដូចជាស្ថាប័នរដ្ឋជាទូទៅ ដើម្បីពង្រឹកមិត្តភាព និងទំនាក់ទំនងវប្បធម៌រវាងប្រទេសទាំងពីរ ៕

© រក្សាសិទ្ធិដោយលោកវិទូ

No comments:

Post a Comment