នាវាកងទ័ពជើងទឹកឥណ្ឌា INS Kiltan មកដល់ប្រទេសកម្ពុជាដើម្បី​ផ្តល់ជំនួយសង្គ្រោះទឹកជំនន់ - លោកវិទូ

ព័ត៌មានថ្មីៗ

សូមចែករំលែកអត្ថបទលោកវិទូតាមបណ្ដាញ Whatsapp, Telegram ឬ Twitter ដោយសារហ្វេសប៊ុកមានបញ្ហា ។ អរគុណ ។

Wednesday, December 30, 2020

នាវាកងទ័ពជើងទឹកឥណ្ឌា INS Kiltan មកដល់ប្រទេសកម្ពុជាដើម្បី​ផ្តល់ជំនួយសង្គ្រោះទឹកជំនន់

ពិធីប្រគល់​ជំនួយសម្ភារៈដែល​ធ្វើឡើងនៅកំពង់ផែក្រុងព្រះសីហនុ ​លោក B. Subba Rao លេខាទីពីរ​នៃ​ស្ថានទូត​ឥណ្ឌា (ពីឆ្វេងទី២) និង ឯកឧត្តម ​ហង្សសាមឿន អនុប្រធានអចិន្ត្រៃយ៍​នៃ​គណៈក​ម្មាធិ​ការ​ជាតិ​​គ្រប់គ្រងគ្រោះ​មហន្តរាយ (ពីឆ្វេងទី៣), ក្រុងព្រះសីហនុ, ៣០ ធ្នូ ២០២០ ។ រូបភាព៖ ស្ថានទូតឥណ្ឌា

លោកវិទូ | ថ្ងៃ ៤᧱២ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ | ៣០ ធ្នូ ២០២០ 

ប្រវត្តិសាស្រ្ត​​ថ្មីមួយទៀត​បាន​ចារ​ទុក​នៅថ្ងៃនេះ​ស្តីពីទំនាក់ទំនងដ៏រឹងមាន​រវាងកម្ពុជា​និងឥណ្ឌា ខណៈ​នាវា​កង​ទ័ពជើងទឹកឥណ្ឌា​ INS Kiltan បញ្ជូនសម្ភារៈសង្គ្រោះទឹកជំនន់ចំនួន ១៥ តោន ដែល​មាន​ឧបករណ៍​​ជំនួយក្នុងគ្រា​ទឹកជំនន់ចំនួន​៣.០០០ឆុត​ សម្រាប់ប្រជាជន​ដែលរង​ផល​ប៉ះ​​ពាល់​ដោយ​ទឹកជំនន់​នៅ​ក្នុង​ប្រទេសកម្ពុជា។ ​ការមកដល់របស់នាវា​នៅកំពង់ផែ​ក្រុងព្រះសីហនុ​​នៅថ្ងៃទី ២៩ ខែធ្នូឆ្នាំ ២០២០ គឺជា​ផ្នែក​មួ​យនៃដំណើរទស្សនកិច្ច​សុច្ឆន្ទៈ​របស់​កងទ័ព​ជើងទឹកឥណ្ឌា​មក​កាន់​តំបន់​អាស៊ីអាគ្នេយ៍​ក្រោម​បេសក​កម្ម ដែលមានឈ្មោះថា SAGAR-III ។

ក្នុងបេសកកម្មប្រកបដោយ​ភាពស្និតស្នាល​និងសុឆន្ទៈ កង​ទ័ពជើងទឹកឥណ្ឌា ​​INS Kiltan ​​ត្រូវ​បាន​ទទួល​ការស្វាគមន៍នៅកំពង់ផែ​សីហនុ​ប្រកបដោយភាពកក់ក្តៅ​ពី​អង្គ​ទូត​មកពីស្ថានទូតឥណ្ឌា​រួមទាំង​ថ្នាក់ដឹកនាំ​កងទ័ព​ជើងទឹក​កម្ពុជា​​ដែលមានលោកឧត្តមនាវីត្រី អ៊ីន សុខេមរ៉ា នាយសេនាធិការរង តំណាង​មូល​ដ្ឋាន​សមុទ្រកងទ័ពជើងទឹករាម ​និងនាយទាហានចំនួន ១៥ នាក់ទៀតផ្សេងទៀត។ ​ មន្រ្តីមក​ពី​អន្តោប្រវេសន៍​និង​មន្ត្រី​កំពង់ផែក្រុងព្រះសីហនុក៏មានវត្តមានដើម្បីស្វាគមន៍កប៉ាល់នេះផងដែរ។

តំណាងអោយកងទ័ព​ជើងទឹក​កម្ពុជា លោកឧត្តមនាវីត្រី អ៊ីន សុខេមរ៉ា បាន​សម្តែង​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ​ដំណើរទស្សនកិច្ចរបស់កង​ទ័ពជើងទឹកឥណ្ឌា​​ INS Kiltan ​និង​បានរំលឹក​អំពី​ដំណើរទស្សនកិច្ច​គ្រា​មុន​របស់ខ្លួនមកកម្ពុជា ជាមួយនាវាមួយទៀត​ឈ្មោះ​ INS Sahyadri នៅខែកញ្ញាឆ្នាំ ២០១៩។ ​លោក​ក៏​បាន និងបានថ្លែងអំណរគុណ​ដល់ឥណ្ឌាកងទ័ពជើងទឹកឥណ្ឌានិងនាយទាហាន នាវិកនៃ​កង​នាវា​ចរ​​ឥណ្ឌា Kiltan ទាំងអស់​ ចំពោះកាយវិការ​មនុស្សធម៌តាមរយៈការផ្តល់ជំនួយសង្គ្រោះ​ដល់​ប្រជាជន​កម្ពុជា​។ លោកបានបន្ថែមទៀត​ថា ដំណើរទស្សនកិច្ចសុច្ឆន្ទៈ​ក្នុងគ្រាលំបាកបែបនេះ​នឹងមិនត្រឹមតែពង្រឹង​ទំនាក់​ទំនង​ទ្វេភាគីនិងទំនាក់ទំនង​ប្រជាជនរវាងឥណ្ឌានិងកម្ពុជា​ប៉ុណ្ណោះទេ ថែមទាំងនឹងនាំទៅរកការពង្រឹង​កិច្ចសហប្រតិបត្តិការ​ការពារជាតិរវាងប្រទេសទាំងពីរផងដែរ។ មេបញ្ជាការ Ponnappa ដែលជាមេ​បញ្ជានាវា​បានថ្លែងអំណរគុណដល់កងទ័ពជើងទឹកកម្ពុជាចំពោះការស្វាគមន៍យ៉ាងកក់ក្តៅ។

នៅថ្ងៃទី ៣០ ខែធ្នូឆ្នាំ ២០២០ ក្នុងពិធីប្រគល់​ជំនួយសម្ភារៈដែល​ធ្វើឡើងនៅកំពង់ផែក្រុងព្រះសីហនុ ​លោក B. Subba Rao លេខាទីពីរ​នៃ​ស្ថានទូត​ឥណ្ឌា​ដែល​តំណាងដោយ​ឯកអគ្គរដ្ឋទូត​ឥណ្ឌា​​​​ប្រចាំ​នៅ​កម្ពុជា លោកជំទាវ ឌេវយ៉ានី ខូប្រ៊ាហ្គាដេ​ និងតំណាង​អោយរដ្ឋាភិបាល​ឥណ្ឌា​ បានប្រគល់ សម្ភារៈ​សង្គ្រោះទឹកជំនន់ចំនួន ១៥ តោនដល់ឯកឧត្តម ​ហង្សសាមឿន អនុប្រធានអចិន្ត្រៃយ៍​នៃ​គណៈក​ម្មាធិ​ការ​ជាតិ​​គ្រប់គ្រងគ្រោះ​មហន្តរាយ​និងជាទីប្រឹក្សាសម្តេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រ​កម្ពុជា។ នៅក្នុងសុន្ទរកថា​​​ថ្លែងតំណាង​អោយ​លោកជំទាវ​ឯកអគ្គរដ្ឋទូតឥណ្ឌា លោក B. Subba Rao បាន​លើកឡើងអំពី​ការ​​គាំទ្រឥតងាករេ​របស់ឥណ្ឌា​ចំពោះប្រទេសកម្ពុជា មិនថា​ក្នុងកាលៈទេសៈ​បែបណា​នោះ​ទេ​ ។ លោកក៏បានបញ្ជាក់ផងដែរថាជំនួយក្នុង​ទំរង់ជាសម្ភារៈសម្រាប់​ការជួយពេល​មាន​ទឹកជំនន់​​គឺជាការបង្ហាញពីចំណងមិត្តភាពជារៀងរហូតរវាងប្រទេសទាំងពីរ។

លោកបានបន្ថែមថា ក្រៅពីសម្ភារៈជំនួយទឹកជំនន់ពីរដ្ឋាភិបាលឥណ្ឌា ស្ថានទូតឥណ្ឌាភ្នំពេញបាន​សហការ​ជាមួយសហគមន៍ឥណ្ឌា​និងសហគមន៍ធុរជនឥណ្ឌា​​នៅកម្ពុជា​បានបរិច្ចាគ សម្ភារៈស្បៀង និង​ថ្នាំ​សង្កូវ​ដល់ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅខេត្តកំពង់ឆ្នាំងនិងខេត្តបាត់ដំបងកាលពីខែវិច្ឆិកាឆ្នាំ ២០២០ ។ លោក​បាន​បញ្ជាក់បន្ថែមទៀតថា ជំនួយដែលផ្តល់ដោយរដ្ឋាភិបាលឥណ្ឌា​និង​សហគមន៍​ឥណ្ឌា​នៅកម្ពុជា​នឹងមិនអាចកាត់បន្ថយបានទាំងស្រុង​នូវការបាត់បង់​​ដោយសារការ​រងគ្រោះ​ទឹកជំនន់​របស់​កម្ពុជា​​នោះ​ទេ តែកាយវិការបែបនេះ​ជាសារ សារបង្ហាញប្រាប់​ប្រជាជនកម្ពុជាថា​រដ្ឋាភិបាល​និង​ប្រជាជន​ឥណ្ឌា​រមែង​ឈរនៅក្នុងស្មារតី​សាមគ្គីភាព​ជាមួយប្រទេសដែលដូចជា​បងប្អូនរបស់យើង​ដែល​មានទំនាក់ទំនង​ជិតស្និត​លើផ្នែ​វប្បធម៌​ប្រពៃណី​។

ក្នុងពិធីប្រគល់​ទទួល​យកសម្ភារៈជំនួយទឹកជំនន់ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា​ឯឧ​ សាមឿន​បាន​រំលឹក​ពី​ចំណង​មិត្តភាពដ៏រឹងមាំរវាងប្រទេសទាំងពីរនិងបានថ្លែងអំណរគុណដល់រដ្ឋាភិបាលឥណ្ឌាដែលបាន​បង្ហាញ​កាយវិការសប្បុរសដើម្បីជួយដល់ប្រជាជនរងគ្រោះដោយទឹកជំនន់នៅកម្ពុជា។

ដំណើរទស្សនកិច្ចចូលចត​របស់នាវា INS Kiltan នៅ​កំពង់ផែក្រុងព្រះសីហនុសម្រាប់ការផ្តល់សម្ភារៈ​ជំនួយ​ទឹកជំនន់ចំនួន ១៥ តោនដល់ប្រទេសកម្ពុជាក៏​ស្ថិត​ក្រោមបេសកម្ម​មួយ​ដែល​មាន​ឈ្មោះថា​ SAGAR ដែល​​ជាផ្នែកមួយនៃជំនួយមនុស្សធម៌និងជំនួយគ្រោះមហន្តរាយ​របស់ប្រទេសឥណ្ឌា​ដល់​ប្រទេស​​​បរទេស​​ជាមិត្ត [India’s Humanitarian Assistance and Disaster Relief (HADR)] ។​ បេសកកម្ម SAGAR-III ​កំពុងត្រូវបានអនុវត្តស្របតាម​ចក្ខុវិស័យរបស់នាយករដ្ឋមន្រ្តីឥណ្ឌា លោក Narendra Modi ដោយ​ផ្តោតទៅលើ សន្តិសុខនិងការលូតលាស់​សម្រាប់ទាំងអស់គ្នានៅក្នុងតំបន់ (Security and Growth for All in the Region) ពាក្យកាត់ SAGAR ដែលភាសាហិណ្ឌីមានន័យថា "សមុទ្រ"។ វាបង្ហាញ​ពីសារៈ​សំខាន់​របស់ឥណ្ឌា ភ្ជាប់មកប្រទេសកម្ពុជានិងប្រទេសជិត​ខាងសមុទ្រ​ដទៃ​ទៀត។ ការចូលចត​កំពង់ផែ​សម្រាប់ការផ្តល់ជំនួយ​​សម្ភារៈ HADR ក្នុងគ្រា​ត្រូវ​ការ​បែប​នេះ​ត្រូវបានគេរំពឹងថា​មិន​ត្រឹម​តែបង្កើន​កិច្ច​សហប្រតិបត្តិការ​តាមសមុទ្ររវាងកងកំលាំងការពារជាតិឥណ្ឌានិងកម្ពុជាប៉ុណ្ណោះទេ​ថែមទាំងរួមចំណែក​ជាវិជ្ជមានដល់ការពង្រឹងចំណងមិត្តភាពរវាងប្រទេសទាំងពីរផងដែរ។

ការចូលចុះចត​របស់​នាវា​ INS Kiltan នៅ​កំពង់ផែ​ក្រុងព្រះសីហនុគឺចាប់ពីថ្ងៃទី ២៩ ខែធ្នូឆ្នាំ ២០២០ ដល់ថ្ងៃទី ០១ ខែមករាឆ្នាំ ២០២១៕

© រក្សាសិទ្ធិដោយលោកវិទូ

No comments:

Post a comment