ទស្សនទាន៖ «ការកើត ការស្លាប់ ការសែនចិន» ទស្សនព្រះពុទ្ធសាសនា និងបញ្ហាវប្បធម៌ជាតិ - លោកវិទូ

ព័ត៌មានថ្មីៗ

Saturday, February 13, 2021

ទស្សនទាន៖ «ការកើត ការស្លាប់ ការសែនចិន» ទស្សនព្រះពុទ្ធសាសនា និងបញ្ហាវប្បធម៌ជាតិ

អាចារ្យវត្តឫស្សីសាញ់ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ បានរៀបចំបោះសម្អាតជំនាញផ្ទះឬ រានទេវតា ចិន យួន ដែលគេយកទៅដាក់ក្បែររបងវត្ត ដោយយកទៅដុតចោល ។ រូបភាព៖ យិន រតនសុធាវី-Yen Rotanaksotheavy

លោកវិទូ | ថ្ងៃ ៧᧢៤ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ | ១៣ កុម្ភៈ ២០២១ 

ការមិនយល់ច្បាស់លាស់អំពីការកើតស្លាប់ នាំឲ្យមានការយល់ច្រលំថា ការសែនព្រេនដោយការដុតវត្ថុផ្សេងៗ មានក្រដាស់ប្រាក់ក្លែងក្លាយឬលុយខ្មោច អាចនាំឲ្យបានដល់អ្នកដែលស្លាប់ទៅបាន ។ យើងមានព្រះពុទ្ធសាសនាដែលទូន្មានឲ្យវៀរចាកការសែនព្រេននេះ តែយើងបែរជាទៅចម្លងវប្បធម៌ខុសរបស់ចិនមកដាក់ខ្លួន ហើយគិតថាគ្រាន់បើទៅវិញ ។ តើតាមទ្រឹស្តីព្រះពុទ្ធសាសនា មានការបកស្រាយយ៉ាងណាទៅវិញចំពោះបញ្ហានេះ? តើគួរជ្រួលជ្រើមធ្វើតាមគ្នាទៀតដែរឬទេ?

ខ្មែរយើងនៅតែមិនយល់រឿងស្លាប់(ចុតិ)និងចាប់ជាតិថ្មី(បដិសន្ធិ) ហើយក៏ធ្វើឲ្យវង្វេងរឿងសែនព្រេន តាមប្រពៃណីចិនជាដើម ។ មនុស្សស្លាប់ហើយក៏នឹងកើតក្នុងភពថ្មីភ្លាមៗជាតំណភ្ជាប់ឥតបង្អង់ឡើយ ឧបមាដូចជាដង្កូវបាក់ខ្នងតោងមែកឈើមួយជំហានម្ដងដូច្នេះដែរ គឺវាលែងជើងក្រោយ លុះណាតែជើងមុខបានតោងជាប់នឹងមែកឈើហើយ ។ មុនការចាប់ជាតិថ្មី គឺមិនមែននៅជាខ្មោច ៧ ថ្ងៃ ឬ ១០០ ថ្ងៃសិន ដូចធ្លាប់ជឿមកនោះទេ ។ 

ម្យ៉ាងវិញទៀត សំណែនឥតបានដល់អ្នកដែលស្លាប់ទៅដ៏តិចតួចឡើយ មានតែធ្វើបុណ្យចំពោះអ្នកមានសីល ហើយឧទ្ទិសបុណ្យទើបបានដល់បុព្វការីជនដែលស្លាប់ទៅ ដែលកើតក្នុងកំណើតប្រេតពីរពួក ទើបអាចអនុមោនាបុណ្យបាន (ដូចក្នុងរឿងភ្ជំបិណ្ឌ) ។ ការធ្វើបុណ្យ ៧ ថ្ងៃក្តី ១០០ ក្តី ឬ បុណ្យសង្គាយនារំលាយសពក្តី មិនមែនមានន័យខ្មោចដែលស្លាប់ទៅហើយ ងើបដឹងខ្លួនមកទទួលបុណ្យ ឬសំណែននោះទេ ។ តាមពិតនេះជាកម្មវិធីមួយដែលដូនតាខ្មែរបង្កើតឡើង ដើម្បីបានឱកាសឲ្យមនុស្សដែលនៅរស់បានបំពេញបុណ្យជាមួយអ្នកមានសីលមានព្រះសង្ឃជាដើម និងជាការរំឭកដល់គុណូប្បការៈរបស់បុព្វការីជនតែប៉ុណ្ណោះ ។

ព្រះពុទ្ធសាសនា ពុំបានសរសើរចំពោះការធ្វើបុណ្យឲ្យខ្លោចឡើយ ។ ព្រះពុទ្ធសាសនាផ្ដោតចំពោះតែមនុស្សនៅរស់ ឲ្យបំពេញបុណ្យអំពើល្អ វៀរចាកអំពើអាក្រក់ និងជម្រះចិត្តឲ្យល្អបរិសុទ្ធ កាត់បន្ថយអកុលមូលទាំងឡាយមានលោភៈ ទោសៈ និង មោហៈ សាងបុណ្យបារមី មានមេត្តាករុណា សន្តោសចំពោះមនុស្សជាតិទូទៅឥតរើសអើង ។ ព្រោះខ្លួនជាទីពឹងរបស់ខ្លួន (អត្តហិ អត្តនោ នាថោ) គឺទីពឹងបុណ្យដែលខ្លួនបានសាងហើយ ស្លាប់ទៅគ្មានអ្វីជាទីពឹងឡើយក្រៅពីបុណ្យនេះ ។

រឿងសែនចិនដែលខ្មែរនិយមធ្វើសឹងតែលើសទាំងចិនជនជាតិដើមផងនោះ សូមស្ដាប់ព្រះតេជព្រះគុណ ខេ. ស្រី ធម្មានន្ទ (ជនជាតិស្រីលង្កា) ជាវិញ្ញូជនពុទ្ធសាសនាប្រកបដោយប្រាជ្ញាញាណជ្រៅជ្រះ លោកបានសម្តែងច្រើនអំពីរឿងនេះ ។ ជនជាតិចិនមិនតិចម៉ឺននាក់ទេ នៅប្រទេសម៉ាឡេស៊ី និងសិង្ហបុរី បានបោះបង់ចោលសំណែន ហើយចូលកាន់ព្រះពុទ្ធសាសនាដោយសេចក្តីជ្រះថ្លា ដោយសារធម្មទេសនារបស់ព្រះអង្គ ។


នៅក្នុងខ្សែវីដេអូធម្មទេសនាដ៏ពេញនិយមខាងលើរបស់ព្រះអង្គ ព្រះតេជព្រះគុណ ធម្មានន្ទ បានសម្ដែងអំពីបុណ្យ កម្មផល និងជំនឿខ្វះហេតុផលមួយចំនួន[របស់ជនជាតិចិន]យ៉ាងនេះថា៖
យើងត្រូវតែដឹងអំពីបញ្ញានិងការវៃឆ្លាតរបស់យើង ដោយមិនអនុវត្តតាមប្រពៃណីនិងការអនុវត្ត ដែលបានបង្កើតឡើងដោយអ្នកជំនាន់មុនរបស់យើង នៅពេលដែលវិទ្យាសាស្ត្រនិងការអប់រំផ្សេងៗទៀតមិនជឿនលឿន ដើម្បីឲ្យយើងយល់ពីធម្មជាតិនៃជីវិត ធម្មជាតិនៃការស្លាប់ ធម្មជាតិនៃកំណើត ធម្មជាតិនៃពិភពលោក ។ ពួកគេស្ថិតនៅក្នុងភាពងងឹតអន្ធការ ។ វិធីសាស្រ្តដែលពួកគេចាប់ផ្តើម គឺដើម្បីបញ្ចៀសការភ័យខ្លាច និងការព្រួយបារម្ភ និងការរំខាន ដែលយើងនៅតែអនុវត្តតាម ។ ដល់ពេលដែលយើងត្រូវកាត់បន្ថយឲ្យតិចបំផុតតាមដែលអាចធ្វើទៅបាន ព្រោះយើងសង្កេតឃើញថាសាសនាដទៃទៀតឆ្លៀតយកប្រយោជន៍ [អំពីរឿងនេះ] ដើម្បីថ្កោលទោសនិងសើចចំអកចំពោះអ្វីដែលពុទ្ធបរិស័ទកំពុងធ្វើ ។

ព្រះអង្គមានថេរដីការបន្តអំពីប្រពៃណីដុតវត្ថុក្លែងក្លាយនានារបស់ជនជាតិចិន ដើម្បីឲ្យបានដល់អ្នកដែលស្លាប់ទៅ យ៉ាងនេះទៀតថា៖
អ្វីក៏ដោយដែលជនជាតិចិនធ្វើ គួរឲ្យអាណិតព្រះពុទ្ធសាសនាដែលជាអ្នកទទួលការស្តីបន្ទោស ពីព្រោះរឿងទាំងនេះ ពួកគេដុតហើយដុតទៀត តើព្រះពុទ្ធជាម្ចាស់បានឲ្យអ្នកដុតអ្វីៗទាំងអស់នេះពីពេលណាមក? ព្រះពុទ្ធជាម្ចាស់បានបង្រៀនឲ្យអ្នកដុតវត្ថុតែមួយប៉ុណ្ណោះគឺឈាន ។ ការទទួលបានសម្រេចឈាន មានន័យថាការដុត ។ ដុតកិលេស ដុតកំហឹងរបស់អ្នក ដុតការច្រណែនរបស់អ្នក ដុតការលោភលន់របស់អ្នក ដុតអាត្មានិយមរបស់អ្នក ។ ឈានៈ ដុតតែរបស់ទាំងនេះ មិនមែនក្រដាសនិងធុបទានឡើយ ។

ព្រះសង្ឃខ្មែរដែលមានចំណេះដឹងជ្រៅជ្រះផ្នែកព្រះពុទ្ធសាសនាមានព្រះគ្រូវជិរប្បញ្ញោ សាន សុជា ជាដើម លោកធ្លាប់បានទេសនាទូន្មានអំពីរឿងសែនចិន និងការបន់ស្រន់ជាដើមនេះជាញឹកញាប់ហើយផងដែរ ។ គួរឲ្យអារម្មណ៍ នៅគណនីហ្វេសប៊ុករបស់ព្រះអង្គគ្រូ បានចុះផ្សាយសំណេរមួយនៅថ្ងៃទី ៥ មិថុនា ឆ្នាំ២០១៩ កន្លងទៅ អំពីឧបាសិកាជាជនជាតិចិនម្នាក់ដែលបានលះបង់ការសែនព្រេន យ៉ាងនេះថា៖

គាត់ជាកូនរបស់ចិនឆៅ​ (មកពីប្រទេសចិន)​ ក្រោយពេលស្តាប់ធម៌យល់​ ក៏លះបង់ការសែនព្រេន​ បន់ស្រន់គ្រប់យ៉ាង​ ហេីយតាំងចិត្តថា​ ទោះបីជាមួយជំហានទៀតស្លាប់ដោយការមិនបន់ស្រន់ក៏ដោយចុះ ក៏គាត់មិនធ្វេីជាដាច់ខាត​ ដោយយល់ច្បាស់ថា​ បេីជីវិតត្រូវស្លាប់​ គេចទៅណា​ ឬធ្វេីពិធីអ្វីក៏មិនរួចផុតដែរ​....។  ក្រុមគ្រួសារ​ សាច់ញាតិនិយាយថា​ គាត់ឆ្កួត​;  គាត់ថា​ មិនអីទេ​ ថាខ្ញុំឆ្កួតក៏បាន​ យ៉ាងហោចខ្ញុំមិនឆ្កួតតែម្នាក់ឯងទេ​ ព្រោះបានឆ្កួតជាមួយលោកគ្រូ​ សាន​ សុជា​ ។

សូមរំឭកដល់ជនរួមជាតិខ្មែរឲ្យបានជ្រាបថា ចិននិងវៀតណាម(យួន)ជាអម្បូរតែមួយ ។ ក្នុងប្រវត្តិសាស្ត្រសម័យទ្រឿងមិញយ៉ាង វៀតណាមបានប្រើគ្រប់មធ្យោបាយ ដើម្បីរំលាយវប្បធម៌ខ្មែរ តែពុំបានជោគជ័យ ។ តែសម័យនេះខ្មែរយើងហាក់ព្រមរំលាយវប្បធម៌ខ្មែរដោយខ្លួនឯង ដោយងាយនឹងទទួលវប្បធម៌បរទេសទាំងមិនដឹងខ្លួន ធ្វើឲ្យបាត់បង់មោទនភាពវប្បធម៌ជាតិ និងធ្វើឲ្យបាត់បង់អត្តសញ្ញាណជាតិខ្មែរបន្តិចម្តងៗ ទៅពេញនិយមនឹងវប្បធម៌បរទេសទៅវិញ ។

ត្រូវដឹងថាបុព្វបុរសខ្មែរដែលបានកសាងប្រសាទអង្គរវត្តដ៏អស្ចារ្យក្នុងលោក ដែលខ្មែរគ្រប់គ្នាមានមោទនភាពកដ៏ក្រៃលែងនោះ មិនជាប់សែស្រឡាយចិនឡើយ គឺជាស្នាដៃខ្មែរសុទ្ធសាធ ខ្មែរអាចធ្វើបានដោយខ្លួនឯង ។ ដូច្នេះសូមឈប់យល់ច្រលំទៀតទៅថា វប្បធម៌ចិនប្រសើរអស្ចារ្យលើសវប្បធម៌ខ្មែរ ។ ដូចបានរៀបរាប់ខាងលើស្រាប ការសែនព្រេនបែបចិននេះ គឺជាជំនឿឬប្រពៃណីខ្លះហេតុផល ព្រមទាំងខ្ទាស់នឹងទ្រឹស្តីព្រះពុទ្ធសាសនាទៀតផង គ្មានអ្វីត្រូវមានមោទនភាពពេកទេ ហើយកុំធ្វើតាមគ្នាពេក ។ 

តែទម្លាប់ល្អមួយរបស់ជនជាតិចិន ដែលខ្មែរយើងគួរយកគំរូតាមនោះ គឺការឧស្សាហ៍ព្យាយាមប្រឹងប្រែងរកស៊ី ដោយមិនខ្ជិលច្រអូស ហើយក៏ជាគោលធម៌ទី២ ក្នុងចំណោមឥទ្ធិបាទធម៌ (ធម៌ជាគ្រឿងអោយសម្រេចប្រយោជន៍) ៤ ប្រការ (ឆន្ទៈ វីរិយៈ ចិត្ត និង វិមំសា) ដែលមានសម្ដែងក្នុងព្រះពុទ្ធសាសនាស្រាប់ផងដែរ ។ បើបានជោគជ័យក្នុងមុខរបររកស៊ីហើយ សូមឲ្យនៅជាខ្មែរ កុំក្លាយជាចិន ។ កវីបុរាណខ្មែរលោកតា ក្រម ង៉ុយ ក៏បានទូន្មានផងដែរថា «កុំភ្លើនភ្លេចខ្លួន ចេះសាសន៍ចិនយួន កុំចោលខ្មែរយើង» ៕

© រក្សាសិទ្ធិដោយលោកវិទូ

No comments:

Post a Comment