លោក ជ័យរាម រមេស និងសៀវភៅថ្មីរបស់គាត់ដែលទើបនឹងបោះពុម្ភ ក្នុងឆ្នាំ២០២១នេះ ។ |
លោកវិទូ | ថ្ងៃ ៥᧲១១ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ | ២៣ កញ្ញា ២០២១
ព្រះពុទ្ធជាម្ចាស់បានបំផុសគំនិតដល់មនុស្សជាតិ ពីមួយជំនាន់ទៅមួយជំនាន់ លើវិស័យនានាដូចជា វិទ្យាសាស្ត្រ សង្គម និងនយោបាយ ពីព្រោះព្រះអង្គទ្រង់បានលើកយកនូវសីលធម៌ សាសនា សីលធម៌ ការផ្លាស់ប្តូរសង្គម តក្កវិជ្ជា និងវិទ្យាសាស្ត្រ ។ នេះជាការបកស្រាយរបស់សមាជិកសភាបក្សខុង្គ្រេស លោក ជ័យរាម រមេស (Jairam Ramesh) នៅក្នុងកម្មវិធី Times Litfest ។
លោក រមេស លើកឡើងបែបនេះ គឺទាក់ទងនឹងសៀវភៅចុងក្រោយរបស់គាត់គឺ The Light of Asia — The Poem that Defined The Buddha (ពន្លឺអាស៊ីទ្វីប - កំណាព្យដែលផ្ដល់និយមន័យអំពីព្រះពុទ្ធជាម្ចាស់) ដែលផ្តោតលើកំណាព្យ ដែលសរសេរដោយអ្នកនិពន្ធកវីជនជាតិអង់គ្លេសឈ្មោះ អិដវិន អារណូលដ៍ (Edwin Arnold) ។ គាត់បាននិយាយថា គាត់សរសេរសៀវភៅនេះ ព្រោះព្រះពុទ្ធជាម្ចាស់គឺជាផ្នែកមួយនៃជីវិតរបស់ប្រជាជនឥណ្ឌាទាំងអស់ និងព្រោះតែកំណាព្យនេះបានធ្វើឲ្យគាត់ចាប់អារម្មណ៍ ។
លោកបានបន្ថែមថា «ប្រជាជនឥណ្ឌាទាំងអស់ស្រឡាញ់ចូលចិត្តនិងចាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះជីវិតរបស់ព្រះពុទ្ធជាម្ចាស់ ព្រោះព្រះអង្គទ្រង់មិនត្រឹមតែជាឥស្សរជនប្រវត្តិសាស្រ្តប៉ុណ្ណោះទេ ថែមទាំងជាមេដឹកនាំបដិវត្តន៍ និងសង្គមទៀតផង...ហើយសៀវភៅរបស់លោក អារណូលដ៍ បានជះឥទ្ធិពលយ៉ាងខ្លាំង មិនត្រឹមតែចំពោះប្រទេសលោកខាងលិចប៉ុណ្ណោះទេ ថែមទាំងអាស៊ីផងដែរ» ។
នៅក្នុងការសន្ទនាជាមួយ លោក រាជីវ មល្ហោត្រា (Rajiv Malhotra) ដែលអ្នកសិក្សាស្រាវជ្រាវវប្បធម៌ឥណ្ឌាម្នាក់ លោក រមេស ក៏បាននិយាយដែរថា គាត់បានចាត់ទុកកំណាព្យរបស់លោក អារណូលដ៍ ជាអត្ថបទដែលមានឥទ្ធិពលមួយ ព្រោះវាផ្តោតលើមនុស្សជាតិ មិនមែនទេវភាពរបស់ព្រះពុទ្ធជាម្ចាស់ទេ ។ លោកបានមានប្រសាសន៍ថា «សូម្បីតែអ្នកវិទ្យាសាស្ត្រ ដូចជាលោក ស៊ី.វី. រ៉ាម៉ាន (C.V. Raman) នៅក្នុងសុន្ទរកថាទទួលយកណូបែលរបស់គាត់ បានពិពណ៌នាកំណាព្យរបស់លោក អារណូលដ៍ ថាជាកំណាព្យមួយដែលជះឥទ្ធិពលយ៉ាងខ្លាំងដល់គាត់» ។
លោក រមេស បាននិយាយថា «វាគឺជាសោកនាដកម្មដ៏ធំមួយនៃជីវិតរបស់យើង ដែលយើងបានយកនិមិត្តសញ្ញារបស់ព្រះពុទ្ធជាម្ចាស់ ដោយមិនប្រកាន់យកគោលការណ៍ និងការប្រតិបត្តិជាចាំបាច់ ដែលព្រះអង្គទ្រង់បានទូន្មានពន្យល់» ។
គាត់បានបន្តទៀតថា «និមិត្តសញ្ញាជាតិរបស់យើងគឺ រូបតោទាំងបួននៅតំបន់សាន៌ាថ ។ ទង់ជាតិរបស់យើងមានរូបធម្មចក្រ ។ និមិត្តសញ្ញារបស់ព្រះពុទ្ធជាម្ចាស់បានជ្រាបចូលទៅក្នុងរដ្ឋឥណ្ឌា ប៉ុន្តែ តើជីវិតរបស់ព្រះពុទ្ធជាម្ចាស់បានធ្វើអ្វីឲ្យប្លែកនិងសំខាន់ ចំពោះការយល់ឃើញរបស់យើង អំពីសមភាពសង្គម ឬការយល់ឃើញរបស់យើង អំពីភាតរភាពដែរឬទេ? ជាអកុសល គឺគ្មានទេ» ។
សៀវភៅ «ពន្លឺអាស៊ីអ្វីប» (The Light of Asia) ជាស្នាដៃនិពន្ធរបស់លោក អិដវិន អារណូលដ៍ (១៨៣២-១៩០៤) ជាសៀវភៅកំណាព្យភាសាអង់គ្លេស ដ៏ល្បីល្បាញមួយរបស់ព្រះពុទ្ធសាសនា ទាំងនៅបច្ចិមលោក និងអាស៊ី ដែលត្រូវបានបកប្រែជាច្រើនភាសា ។ លោកសាស្ត្រាចារ្យ ញ៉ុក ថែម (ហ្វួងនិពន្ធមន្ត្រី) និងលោក រ៉ាយ ប៊ុក ក្រមការនៅពុទ្ធសាសនបណ្ឌិត្យ បានប្រែសម្រួលជាខេមរភាសា ដែលចុះផ្សាយក្នុងទស្សនាវដ្ដីកម្ពុជសុរិយា ឆ្នាំ១៩៤៨ ១៩៤៩ ១៩៥០ និង ១៩៥១ និងក្រោយមកត្រូវបានបោះពុម្ពជាសៀវភៅ ដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ ៕
© រក្សាសិទ្ធិដោយលោកវិទូ
No comments:
Post a Comment