មហាសន្និបាតអង្គការសហប្រជាជាតិ៖ ប្រធានាធិបតីស្រីលង្កាស្នើសហគមន៍អន្តរជាតិជួយការពារពុទ្ធស្ថាននៅអាហ្វហ្គានីស្ថាន - លោកវិទូ

ព័ត៌មានថ្មីៗ

Thursday, September 23, 2021

មហាសន្និបាតអង្គការសហប្រជាជាតិ៖ ប្រធានាធិបតីស្រីលង្កាស្នើសហគមន៍អន្តរជាតិជួយការពារពុទ្ធស្ថាននៅអាហ្វហ្គានីស្ថាន

ប្រធានាធិបតីស្រីលង្កា លោក Gotabaya Rajapaksa ថ្លែងនៅក្នុងកិច្ចពិភាក្សាទូទៅនៃសម័យប្រជុំលើកទី ៧៦ នៃមហាសន្និបាតអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក, ថ្ងៃពុធ ទី២២ ខែកញ្ញា ឆ្នាំ២០២១ ។ រូបភាព៖ UN Youtube Channel

លោកវិទូ | ថ្ងៃ ៥᧲១១ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ | ២៣ កញ្ញា ២០២១ 

ប្រធានាធិបតីស្រីលង្កា លោក គោតាបាយ៉ា រាជបក្សា (Gotabaya Rajapaksa) បានថ្លែងសុន្ទរកថា នៅក្នុងកិច្ចពិភាក្សាទូទៅនៃសម័យប្រជុំលើកទី ៧៦ នៃមហាសន្និបាតអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក នៅថ្ងៃពុធទី២២ ខែកញ្ញា ឆ្នាំ២០២១ ដោយបានលើកឡើងពីទស្សនវិជ្ជាមរតកបេតិភណ្ឌ និងការអភិរក្សបរិស្ថានរបស់ស្រីលង្កា ដែលមានឫសគល់យ៉ាងជ្រៅនៅក្នុងព្រះពុទ្ធឱវាទ ។

នៅក្នុងសេចក្តីសុន្ទរកថា ជាភាសាអង់គ្លេសយ៉ាងស្ទាត់ជំនាញ ដោយមិនមានក្រដាសព្រាង ប្រធានាធិបតីស្រីលង្កា លោក គោតាបាយ៉ា រាជបក្សា បានមានប្រសាសន៍ថា «បេតិកភ័ណ្ឌទស្សនវិជ្ជារបស់ស្រីលង្កា ដែលមានឫសគល់យ៉ាងជ្រៅនៅក្នុងការបង្រៀនរបស់ព្រះពុទ្ធជាម្ចាស់ ក៏បានសង្កត់ធ្ងន់ទៅលើភាពរឹងមាំនៃការរក្សាសុចរិតភាពបរិស្ថានផងដែរ»។

មហាសន្និបាតអង្គការសហប្រជាជាតិ គឺជាស្ថាប័នបង្កើតគោលនយោបាយសំខាន់របស់អង្គការសហប្រជាជាតិ ។ ដោយរួមបញ្ចូលរដ្ឋជាសមាជិកទាំងអស់ មហាសន្និបាតផ្តល់នូវវេទិកាពិសេស សម្រាប់ការពិភាក្សាពហុភាគី ដែលមានវិសាលភាពពេញលេញនៃបញ្ហាអន្តរជាតិ ដែលគ្របដណ្តប់ដោយធម្មនុញ្ញអង្គការសហប្រជាជាតិ ។ រដ្ឋជាសមាជិកអង្គការសហប្រជាជាតិទាំង ១៩៣ មានសំឡេងឆ្នោតស្មើគ្នា ដោយមិនប្រកាន់ទំហំធំឬតូច និងប្រជាជនតិចឬច្រើន អំណាចខ្លាំងឬខ្សោយឡើយ ។

ប្រធានបទសម្រាប់សម័យប្រជុំលើកទី ៧៦ នេះគឺ «ការកសាងភាពរឹងមាំតាមរយៈក្តីសង្ឃឹម ដើម្បីត្រលប់ប្រសើរឡើងវិញពីជំងឺកូវីដ១៩ កសាងឡើងវិញប្រកបដោយនិរន្តរភាព ឆ្លើយតបទៅនឹងតម្រូវការរបស់ភពផែនដី គោរពសិទ្ធិរបស់ប្រជាជន និងធ្វើឲ្យអង្គការសហប្រជាជាតិមានភាពរស់រវើកឡើងវិញ» ។

ដើម្បីសម្រេចបានតាមខ្លឹមសាររបស់មហាសន្និបាត លោកប្រធានាធិបតី ប្រសាសន៍ដល់ការឆ្ពោះទៅរក «ផលប្រយោជន៍រួម» នៃមនុស្សជាតិ ។ លោកបានមានប្រសាសន៍ថា «ស្របតាមប្រធានបទនៃការពិភាក្សាទូទៅរបស់យើងនៅថ្ងៃនេះ ប្រសិនបើយើងត្រូវកសាងភាពរឹងមាំតាមរយៈក្តីសង្ឃឹម យើងទាំងអស់គ្នាត្រូវតែខិតខំឆ្ពោះទៅរកផលប្រយោជន៍រួម ។ វាគឺជាតួនាទីរបស់អង្គការសហប្រជាជាតិ ក្នុងការជួយសម្រួលរឿងនេះ ដោយប្រព្រឹត្តចំពោះរដ្ឋអធិបតេយ្យទាំងអស់ ដោយមិនគិតពីទំហំឬកម្លាំងដោយស្មើភាពគ្នា និងដោយការគោរពចំពោះស្ថាប័ន និងមរតករបស់ប្រទេសនោះៗ ។»

ក្រុមតាលីបង់បានឡើងកាន់កាប់អំណាចភ្លាមៗ ក្រោយពីសហរដ្ឋអាម៉េរិក និងប្រទេសជាសម្ព័ន្ធមិត្តអង្គការណាតូ បានដកទ័ពចេញពីទីក្រុងកាប៊ុកយ៉ាងតក់ក្រហល់ កាលពីថ្ងៃទី១៥ ខែសីហាកន្លងទៅ ។ អស់រយៈពេលជិតមួយខែ ក្រុមតាលីបង់បានប្រកាសបង្កើតរដ្ឋាភិបាលបណ្ដោះអាសន្ន កាលពីថ្ងៃទី៧ ខែកញ្ញា ។ ក្នុងចំណោមមន្ត្រីជាន់ខ្ពស់ដឹកនាំរដ្ឋាភិបាល គេឃើញមានវត្តមានលោក មោហម្ម័ដ ហាស្សាន អខុនដ៍ (Mohammad Hassan Akhund) ជានាយករដ្ឋមន្ត្រី អមដោយដោយលោក អាប់ឌុល ហ្គានី បារាដារ (Abdul Ghani Baradar) ជាឧបនាយករដ្ឋមន្ត្រី ហើយក្នុងនោះ មានបុគ្គលដែលជាប់ក្នុងបញ្ជីភេវរកម្មអន្តរជាតិ របស់អង្គការសហប្រជាជាតិ និងសហរដ្ឋអាម៉េរិក ។

ព្រោះតែមានប្រវត្តិប្រើអំពើហិង្សាក្នុងការដឹកនាំ និងប្រកាន់សាសនាបុរាណនិយមជ្រុល របស់មេដឹកនាំតាលីបង់នេះហើយ បានជាធ្វើឲ្យសហគមន៍ពុទ្ធសាសនាអន្តរជាតិ មានការព្រួយបារម្ភពីជោគវាសនាព្រះពុទ្ធសាសនា ពុទ្ធស្ថានដ៏ពិសិដ្ឋ និងបុរាណដ្ឋានប្រវត្តិសាស្ត្រ នៅអាហ្វហ្គានីស្ថាន ។ ឆ្លើយតបនឹងការព្រួយបារម្ភនេះ លោកប្រធានាធិបតីស្រីលង្កា គោតាបាយ៉ា រាជបក្សា បានអំពាវនាវស្នើឲ្យអង្គការសហប្រជាជាតិ និងសហគមន៍អន្តរជាតិ ជួយអភិរក្សាពុទ្ធស្ថាននៅអាហ្វហ្គានីស្ថាន ។ លោកបានមានប្រសាសន៍យ៉ាងនេះថា «ខ្ញុំសូមស្នើឲ្យអង្គការសហប្រជាជាតិ និងសហគមន៍អន្តរជាតិ ធានាការការពារបេតិកភណ្ឌព្រះពុទ្ធសាសនា នៅប្រទេសអាហ្វហ្គានីស្ថាន» ។

ស្រីលង្កាជាប្រទេសកាន់ព្រះពុទ្ធសាសនាថេរវាទខ្ជាប់ខ្ជួនមួយ នៅក្នុងតំបន់អាស៊ី ។ ប្រទេសនេះមានបុរាណដ្ឋានពុទ្ធសាសនា និងសម្បត្តិបេតិកភណ្ឌជាច្រើន មានទីក្រុងបុរាណអនុរាធបុរៈជាអាទិ៍ ។ ហើយបើយោងតាមគម្ពីរមហាវង្ស កោះស្រីលង្កា ដែលក្នុងគម្ពីរពុទ្ធសាសនាហៅថា តម្ពបណ្ណិទ្វីប នៅក្នុងសម័យពុទ្ធកាល ព្រះសម្មាសម្ពុទ្ធជាម្ចាស់នៃយើង ទ្រង់ធ្លាប់យាងទៅកាន់ទីនោះចំនួន ៣ ដង នៅកោះនាគទីបជាដើម ដែលធ្វើឲ្យកោះស្រីលង្កាក្លាយជាពុទ្ធស្ថានដ៏ពិសិដ្ឋ សម្រាប់ធម្មយាត្រាជាតិនិងអន្តរជាតិ ។

នៅក្នុងទីបញ្ចប់នៃសុន្ទរកថា លោកប្រធានាធិបតី គោតាបាយ៉ា រាជបក្សា បានមានប្រសាសន៍ថា «ខ្ញុំសូមអំពាវនាវឲ្យរដ្ឋជាសមាជិកនៃមហាសន្និបាតដ៏ឱឡារិកនេះ ធ្វើការជាមួយគ្នាក្នុងស្មារតី នៃកិច្ចសហប្រតិបត្តិការពិតប្រាកដ សប្បុរសធម៌ សុឆន្ទៈ និងការគោរពគ្នាទៅវិញទៅមក ដើម្បីអនាគតល្អប្រសើរ និងនិរន្តរភាពសម្រាប់មនុស្សជាតិទាំងអស់» ៕

© រក្សាសិទ្ធិដោយលោកវិទូ

No comments:

Post a Comment