ស្ថានទូតខ្មែរប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌនៅវត្តកុរុរដ្ឋខេមរារាម - លោកវិទូ

ព័ត៌មានថ្មីៗ

Wednesday, October 06, 2021

ស្ថានទូតខ្មែរប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌនៅវត្តកុរុរដ្ឋខេមរារាម

វត្តកុរុរដ្ឋខេមរារាម ទីក្រុងញូវដែល្លី, ៦ តុលា ២០២១ ។ រូបភាព៖ លោកវិទូ

លោកវិទូ | ថ្ងៃ ៤᧿១១ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ | ៦ តុលា ២០២១

ទីក្រុងញូវដែល្លី៖ នៅថ្ងៃពុធ ទី៦ ខែតុលា ឆ្នាំ២០២១ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសឥណ្ឌា ឯកឧត្តម អ៊ុង ស៊ាន និងលោកជំទាវ សំកុល សុកា ព្រមទាំងសហការីមន្ត្រីស្ថានទូត និងសមណនិស្សិត-និស្សិតខ្មែរ បងប្អូនជនរួមជាតិខ្មែរ និងពុទ្ធបរិស័ទខ្មែរ-ឥណ្ឌាមួយចំនួន នៅទីក្រុងញូវដែល្លី មានសទ្ធាជ្រះថ្លាបានបំពេញបុណ្យកុសល ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ នៅវត្តកុរុរដ្ឋខេមរារាម ទីក្រុងញូវដែល្លី ។

កម្មវិធីបុណ្យបានប្រព្រឹត្តទៅតាមប្រពៃណីព្រះពុទ្ធសាសនាខ្មែរ តាមលំដាប់លំដោយ មានដូចជា បូជាតង្វាយព្រះ នមសក្ការថ្វាយបង្គំព្រះរតនត្រៃ សមាទាននិច្ចសីល វេរចង្ហាន់ប្រគេនព្រះសង្ឃ រាប់បាត្រ ប្រគេនទយ្យវត្ថុផ្សេងៗ និងព្រះសង្ឃសូធ្យដារបង្សុកូល-ពហូទេវា ឆ្លងកម្មវិធីបុណ្យ ។ រួចហើយពុទ្ធបរិស័ទទាំងឡាយបានសូធ្យបត្ដិទានគាថា (យំ កិញ្ចិ) ឧទ្ទិសឥទ្ធមនុញ្ញផលដល់ជីដូន-ជីតា បុព្វការីជន និងញាតិកាទាំងប្រាំពីរសណ្ដាន ដែលលោកបានចែកឋានទៅកាន់លោកខាងមុខហើយនោះ ។

ក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ុង ស៊ាន និងលោកជំទាវ បានសំណេះសំណាលសួរសុខទុក្ខ ព្រះសង្ឃ សមណនិស្សិត-និស្សិតខ្មែរ និងបងប្អូនជនរួមជាតិខ្មែរទាំងអស់ ដែលបានចូលរួមក្នុងពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ ជាពិសេស ក្នុងកាលៈទេសៈដ៏លំបាក់នៃការរាតត្បាតជំងឺកូវីដ-១៩ ។ នេះជាការជួបជុំគ្នាដ៏កម្រមួយ តាំងពីរលកទីពីរនៃជំងឺកូវីដ-១៩ នៅប្រទេសឥណ្ឌា ក្នុងកំឡុងខែឧសភា-មិថុនាកន្លងទៅ ។ ឯកឧត្តម និងសហការីស្ថានទូតទាំងអស់ តែងតែមានសទ្ធាជ្រះថ្លាយ៉ាងមុតមាំ ក្នុងព្រះពុទ្ធសាសនា និងបំពេញបុណ្យកុសលជារឿយៗ ក្នុងឱកាសពិធីបុណ្យប្រពៃណីជាតិខ្មែរនានា ។

និស្សិតអាហារូបករណ៍រដ្ឋាភិបាលឥណ្ឌា គៀវ ម៉េងគ័ង ដែលទើបនឹងបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតថ្មីៗ ពីសាកលវិទ្យាល័យដែល្លីដ៏ល្បីឈ្មោះមួយ ហើយបានចូលរួមក្នុងពិធីបុណ្យភ្ជុំបិណ្ឌ នៅវត្តកុរុរដ្ឋខេមរារាមនោះដែរ បានរៀបរាប់អំពីសារសំខាន់ និងគោលបំណងនៃការប្រារព្ធពិធីបុណ្យប្រពៃណីជាតិខ្មែរនេះ ។

នៅលើបណ្ដាញសង្គមហ្វេសប៊ុក និស្សិត ម៉េងគ័ង បានសម្ដែងមតិថា «ប្រជាពលរដ្ឋខ្មែរប្រារព្ធពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌ ក្នុងគោលបំណងឧទ្ទិសផល្លានិសង្ឃដល់បុព្វការីជនដែលបានធ្វើមរណកាលទៅ ហើយជ្រុលជ្រួសទៅកើតនៅអបាយភូមិដោយប្រការណាមួយ» ។ គាត់បានបន្ថែមទៀតថា «ជារួម ពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌ ជាពិធីមួយដែលសមាជិកគ្រួសារ ព្រមទាំងសាច់ញាតិជិតឆ្ងាយជួបជុំគ្នាផងដែរ ។ ក៏ប៉ុន្តែក្នុងកាលៈទេសៈនៃការរីករាលដាលជំងឺកូវីត១៩ នេះ ការជួបជុំសមាជិកក្រុមគ្រួសារជិតឆ្ងាយត្រូវបានកាត់បន្ថយពីចំនួនច្រើនមកចំនួនតិច ដើម្បីរួមគ្នាការពារការឆ្លងជំងឺស្របតាមសេចក្ដីអំពាវនាវរបស់រាជរដ្ឋាភិបាល» ។
ឯកឧត្តម អ៊ុង ស៊ាន និងលោកជំទាវ, ញូវដែល្លី, ៦ តុលា ២០២១ ។ រូបភាព៖ លោកវិទូ

បុណ្យបិត្រូបក្សនៅប្រទេសឥណ្ឌា


បុណ្យភ្ជុំបិណ្ឌនេះអាចហៅបានថា បុណ្យសែនដូនតាក៏បាន ព្រោះជាឱកាសមួយដែលកូនចៅ ធ្វើបុណ្យឧទ្ធិសចំពោះអ្នកដែលបានចែកឋាន ទៅកាន់បរលោកខាងនាយ ។ នៅប្រទេសឥណ្ឌាវិញ បុណ្យសែនដូនតានេះដែលគេហៅថា បុណ្យបិត្រូបក្ស (Pitru Paksha អានថា ប៉ិទ្រូ-ប៉ាក់) ក៏ត្រូវបានប្រារព្ធដោយប្រជាជនហិណ្ឌូទូទាំងប្រទេសឥណ្ឌា ត្រូវគ្នានឹងថ្ងៃបុណ្យភ្ជុំបិណ្ឌ នៅស្រុកខ្មែរយើងដែរ ។ តាមប្រតិទិនហិណ្ឌូ បុណ្យបិត្រូបក្ស មានរយៈពេល ១៦ ថ្ងៃ ដែលចាប់ផ្តើមនៅថ្ងៃពេញបូណ៌មី (Purnima) និងបញ្ចប់នៅរនោចដាច់ខែ (Amavasya) ក្នុងអំឡុងខែភទ្របទ (Bhadrapada) ដែលស្ថិតនៅចន្លោះខែសីហានិងកញ្ញា ។ ថ្ងៃពុធ ទី៦ ខែតុលា ជាថ្ងៃបញ្ចប់នៃបុណ្យបិត្រូបក្ស ។

ជំនឿនិងគោលបំណងនៃបុណ្យបិត្រូបក្ស ស្ទើរតែដូចគ្នាទាំងស្រុងនឹងបុណ្យភ្ជុំបិណ្ឌ (កាន់បិណ្ឌ) ប្រពៃណីជាតិខ្មែរ ។ បុណ្យបិត្រូបក្សត្រូវបានគេចាត់ទុកថាជាពេលត្រូវកាន់ទុក្ខ ដែលគេធ្វើពិធីបូជា ពិធីកម្មសាសនា និងសកម្មភាពសប្បុរសធម៌ជាច្រើន ។ គេជឿផងដែរថា ការគោរពបូជាចំពោះអ្នកដែលបានចែកឋានទៅ ក្នុងរដូវបុណ្យបិត្របក្ស ជួយឲ្យពួកគេទទួលបានរួចចាក់ទុក្ខ និងដល់ស្ថានមោក្ស ។

ទោះយ៉ាងណា ពិធីបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌតាមប្រពៃណីខ្មែរ បានសារសំខាន់ និងគោលទូលំទូលាយជាង យោងទៅតាមបរិបទស្រុកខ្មែរ មិនត្រឹមតែការឧទ្ធិសបុណ្យចំពោះបុព្វការីជនប៉ុណ្ណោះនោះទេ ។ លោកធម្ម​បណ្ឌិត ហេង មណីចិន្តា នាយក​អង្គការ​ពុទ្ធ​សាសនា​ដើម្បី​អភិវឌ្ឍន៍ ខេត្ត​បាត់ដំបង មានប្រសាសាន៍ ដែលវិទ្យុផ្កាឈូកបានស្រង់សម្តីថា ពិធី​បុណ្យ​កាន់​បិណ្ឌ​និង​ភ្ជុំ​បិណ្ឌ គឺជា​ពិធី​បុណ្យ​ដែល​មាន​​ប្រយោជន៍សំខាន់​យ៉ាង​តិច​ក៏៥​យ៉ាង​ ដែលមាននៅក្នុងពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌ៖

១. ជា​ទិវា​រំឭក​គុណ​ដល់​អ្នក​មាន​គុណ មាន​មាតា​បិតា​ជា​ដើម ឬ​អាច​និយាយ​ថា ជា​ទិវា​កតញ្ញូកតវេទិតា ចំពោះអ្នក​មាន​គុណ​ទាំង​អស់ ដែល​លោក​បាន​ទទួល​មរណភាព​កន្លង​ផុត​ទៅ​ហើយ ។

២. ជា​ទិវា​សម្រាប់​ពុទ្ធ​បរិស័ទ​ទាំង​អស់ បាន​រំឭក​អំពី​ជីវភាព​និង​ជីវិត​របស់​ខ្លួន ថា​តើ​បាន​ទទួល​ជោគ​ជ័យ​ឬបរាជ័យ​យ៉ាង​ណា​ដែរ ។

៣. អាស្រ័យ​ដោយ​រដូវ​កាន់​បិណ្ឌ​និង​ភ្ជុំ​បិណ្ឌ​នេះ កូនៗ​និង​សាច់​ញាតិ​ជិត​ឆ្ងាយ​ ដែល​មិន​សូវ​បាន​រាប់​អាន​គ្នា ឬ ចេញ​ចោល​ផ្ទះ​សម្បែង​ភូមិ​ស្រុក​កំណើត និង​អ្នក​មាន​គុណ ជា​យូរ​មក​ហើយ​នោះ អាច​ត្រលប់​ទៅ​កាន់​ភូមិស្រុក​វិញ ដើម្បី​រីក​រាយ​ជា​មួយ​ក្រុម​គ្រួសារ ជា​ការ​បណ្តុះ​នូវ​សាមគ្គី​ភាព និង សុខ​ដុម​រមណីយកម្ម​នៅ​ក្នុងសង្គម​គ្រួសារ​និង​សង្គម​ជាតិ ។

៤. ជា​ការ​ថែរក្សា​នូវ​អនុស្សាវរីយ៍​ដែល​ល្អៗ ឬ អនុស្សាវរីយ៍​ដែល​មាន​ន័យ​ចំពោះ​ជីវិត​ខ្លួន​ ជា​ពិសេស គឺ​អនុស្សាវរីយ៍​ដែល​មាន​ជា​មួយ​នឹង​អ្នក​ស្លាប់ ជា​មួយ​នឹង​បុព្វបុរស ជា​មួយ​នឹង​ម្ចាស់​ស្រុក ម្ចាស់​ទឹក​ម្ចាស់​ដី ដែល​បានបង្កើត​ទឹក​ដី​ភូមិ​ស្រុក​ឲ្យខ្លួន​បាន​រស់​រាន​មាន​ជីវិត​ដល់​សព្វ​ថ្ងៃ ។ កិច្ច​ការ​នេះ ​ជា​ការ​ថែរក្សា​ពូជពង្ស​វង្ស​ត្រកូល មិន​ឲ្យដាច់​តំណ​និរន្តរភាព​ក្នុង​សង្គម​បាន ។

៥. ជា​ការ​ជួប​ជុំ​គ្នា​នា​រដូវវស្សា បន្ទាប់​ពី​ជួប​ជុំ​គ្នា​ពេល​ចូល​ឆ្នាំ​ខ្មែរ​នា​រដូវប្រាំង​ នៅ​ទីវត្តអារាម ដែល​ជាមជ្ឈមណ្ឌលសិក្សា​អប់រំ​វិថី​ជីវិត​ខ្មែរ ។ ជា​ការ​ជួប​ជុំ​ដើម្បី​ជា​កិច្ច​ដឹង​គុណ​ចំពោះ​ព្រះសង្ឃ​និង​ព្រះពុទ្ធ​សាសនា ដែល​លោកបាន​ខិតខំ​លះបង់​វិថី​ជីវិត​បែប​គ្រហស្ថ មក​បួស​ដើម្បី​សិក្សា​រៀន​សូត្រ​នូវ​ពាក្យ​ប្រៀន​ប្រដៅ​របស់​ព្រះពុទ្ធសាសនា យក​មក​អប់រំ​ណែនាំ​ពុទ្ធ​បរិស័ទ​ឲ្យទទួល​បាន​ជោគជ័យ​ក្នុង​ជីវិត​ត​ទៅ ៕

© រក្សាសិទ្ធិដោយលោកវិទូ

No comments:

Post a Comment