កម្លាំងប្រដាប់អាវុធតាលីបង់ពីរនាក់ កំពុងឈរយាមនៅនឹងព្រះពុទ្ធបដិមាបាមិយ៉ាន់ ។ រូបភាព៖ AFP/Bulent Kilic |
លោកវិទូ | ថ្ងៃ ១᧤១២ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ | ១០ តុលា ២០២១
យោងតាមសារព័ត៌មានអន្តរជាតិបានឲ្យដឹងថា ពេលនេះកម្លាំងប្រដាប់អាវុធតាលីបង់ បានឈរយាមនៅឯរូងថ្មភ្នំ ដែលពីដើមជាកន្លែងព្រះពុទ្ធបដិមាបុរាណ ដែលត្រូវបានបំផ្លាញដោយការបំផ្ទុះគ្រាប់រំសេវ ដោយពួកតាលីបង់ នៅកំឡុងពេលពួកគេកំពុងកាន់អំណាច នៅប្រទេសអាហ្វហ្គានីស្ថាន ។
ការឡើងកាន់អំណាចរបសពួកតាលីបង់យ៉ាងទាន់ហន់ បន្ទាប់ពីការដកទ័ពរបស់សហរដ្ឋអាមេរិក និងសម្ព័ន្ធអង្គការណាតូ កាលពីថ្ងៃទី១៥ សីហា បានធ្វើឲ្យមជ្ឈដ្ឋានពុទ្ធសាសនិកជនអន្តរជាតិ បានការព្រួយបារម្ភពីជោគវាសនារបស់ពុទ្ធស្ថានដ៏ពិសិដ្ឋ នៅប្រទេសអាហ្វហ្គានីស្ថាន ។ នៅក្នុងរដ្ឋាភិបាលបណ្ដោះអាសន្នតាលីបង់ គេឃើញមានវត្តមានលោក មោហម្ម័ដ ហាស្សាន អខុនដ៍ (Mohammad Hassan Akhund) ជានាយករដ្ឋមន្ត្រី ដែលជាអ្នកបញ្ជាឲ្យបំផ្លាញព្រះពុទ្ធបដិមា នៅតំបន់បាមិយ៉ាន់ ដែលមានចម្ងាយ ១៣០ គម ភាគពាយព្យនៃរដ្ឋធានីកាប៊ុល ។
នៅក្បែរនឹងព្រះពុទ្ធបដិមាបាមិយ៉ាន់ រដ្ឋាភិបាលមុនបានដាក់ប្លាកធ្វើពីស្ពាន់ដោយសរសេរថា «ព្រះពុទ្ធដែលត្រូវបានបំផ្លាញដោយអាជ្ញាធរតាលីបង់ ក្នុងឆ្នាំ២០០១» ហើយបច្ចុប្បន្ន ទង់ជាតិពណ៌សរបស់ពួកតាលីបង់ បក់រវិចៗនៅច្រកចូលទៅកាន់ពុទ្ធស្ថាន ។ នៅទីនោះឥឡូវនេះ កងសកម្មប្រយុទ្ធតាលីបង់វ័យក្មេងពីរនាក់ កំពុងឈរយាមនៅនឹងព្រះពុទ្ធបដិមានោះតែម្តង ។
ពេលសួរថា តើគំនិតបំផ្ទុះបំផ្លាញព្រះពុទ្ធបដិមា ដែលគេចាត់ទុកថាជាឧក្រិដ្ឋកម្មដ៏ធំបំផុតមួយ ប្រឆាំងនឹងមរតកបេតិភណ្ឌពិភពលោក សៃហ្វូរ៉ាហ៍ម៉ាន់ មោហម្មាឌី (Saifurrahman Mohammadi) ដែលសមាជិកវ័យក្មែងរបស់តាលីបង់ បានឆ្លើយដោយត្រង់ៗដោយឥតលាក់លៀម ។ មោហម្មាឌី ដែលត្រូវបានចាត់ទាំងឲ្យទៅធ្វើការ នៅការិយាល័យកិច្ចការវប្បធម៌ខេត្តបាមិយ៉ាន់ នាពេលថ្មីៗ បាននិយាយថា «បើអ៊ីចឹង...ខ្ញុំពិតជាមិនអាចបញ្ចេញមតិបានទេ» ។ គាត់បានប្រាប់សារព័ត៌មាន AFP ថា «ខ្ញុំនៅក្មេងណាស់ ។ ប្រសិនបើពួកគេធ្វើវា អ៊ីមីរ៉េតឥស្លាម ប្រាកដជាមានហេតុផលរបស់គេ ។ ប៉ុន្តែអ្វីដែលច្បាស់លាស់នោះគឺថា ឥឡូវនេះយើងប្ដេជ្ញាចំពោះការការពារមរតកប្រវត្តិសាស្ត្រប្រទេសរបស់យើង ។ វាជាទំនួលខុសត្រូវរបស់យើង» ។
ការដាក់ឆ្មាំយាមនៅព្រះពុទ្ធបដិមាបាមិយ៉ាន់ ធ្វើឡើយដក្រោយមានសេចក្តីរាយការណ៍ព័ត៌មាន ពីការលួចយកវត្ថុបុរាណជាច្រើនពាន់ ពីកន្លែងអភិរក្សនៅទីនោះ ។ យោងតាមសារព័ត៌មាន Kyodo របស់ជប៉ុនបានឲ្យដឹងថា វត្ថុបុរាណនៅពុទ្ធស្ថានបាមិយ៉ាន់ ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក ត្រូវបានចោរលួច ខណៈអាហ្វហ្គានីស្ថានកំពុងវឹកវរ ។ អង្គការយូណេស្កូទើបតែបាននិយាយឲ្យដឹងថា ព្រះកេសព្រះពុទ្ធបដិមា និងវត្ថុបុរាណដទៃទៀត ត្រូវបានចោរលួចយកចេញពីកន្លែងរក្សាទុកមួយ របស់ក្រុមបុរាណវត្ថុជនជាតិបារាំង ដែលធ្វើការពាក់ព័ន្ធនឹងការអភិរក្ស និងការស្ថាបនាឡើងវិញ នូវពុទ្ធស្ថានបាមិយ៉ាន់ដ៏ល្បីល្បាញ នៅភាគកណ្ដាលប្រទេសអាហ្វហ្គានីស្ថាន ។
មោហម្មាឌី បាននិយាយថា ថ្មីកន្លងទៅគាត់បាននិយាយជាមួយបុគ្គលិកអង្គការយូណេស្កូ ដែលបានរត់ភៀសខ្លួន ក្រោយពួកតាលីបង់ចូលកាន់កាប់ទីក្រុងកាប៊ុល ដើម្បីសុំឲ្យពួកគេត្រលប់ទៅអាហ្វហ្គានីស្ថានវិញ ហើយនឹងធានាដល់សុវត្ថិភាពជូនពួកគេ ។
មោហម្មាឌី ក៏បាននិយាយផងដែរថា «ខ្ញុំសូមបញ្ជាក់ថា ការលួចយកពិតជាបានកើតឡើងមែន ប៉ុន្តែវាកើតឡើងមុនពេលការមកដល់របស់យើង» ហើយគាត់បានស្តីបន្ទោសចំពោះចោរកម្មនោះ ដោយសារការចន្លោះប្រហោង ដែលបន្សល់ទុកក្រោយអាជ្ញាធរចាស់បានចាកចេញទៅ ។ គាត់បានបន្ថែមទៀតថា «យើងកំពុងតែស៊ើបអង្កេត ហើយយើងកំពុងតែព្យាយាមយកវត្ថុបុរាណនោះមកវិញ» ។
បាមិយ៉ាន់ជាទីតាំងពុទ្ធស្ថានប្រវត្តិសាស្ត្រដ៏សំខាន់ ដែលមានអាយុកាលជាង ១៥០០ ឆ្នាំ ។ ព្រះពុទ្ធបដិមាទ្រង់ឈរនៅនឹងជញ្ជាំងថ្មភ្នំ ត្រូវបានគម្រាមកំហែងជាបន្តបន្ទាប់ ជាច្រើនសម័យកាលមកហើយ ។ ព្រះពុទ្ធបដិមាបាមិយ៉ាន់ បានតាំងនៅឆ្លងកាត់ការយារយី ក្នុងសតវត្សរ៍ទី១៧ នៃគ្រិស្តស័ករាជ ដោយស្ដេចសម័យមូហ្គាលឈ្មោះ ឱរ័ង្គហ្សេព (Aurangzeb) និងក្រោយមកដោយស្ដេចភើសៀឈ្មោះ ណាឌើ សាហ៍ (Nader Shah) ដែលបានប្រើកាំភ្លើងបេបាញ់បំផ្លាញព្រះពុទ្ធបដិមា ។
ទោះយ៉ាងណា របបតាលីបង់ទទួចថា ខ្លួនចង់អភិរក្សមរតកបុរាណរបស់ប្រទេសអាហ្វហ្គានីស្ថាន ។ លោក ហ្វីលីពម៉ារគីស (Philippe Marquis) មន្ត្រីនៃគណៈប្រតិភូវត្ថុបុរាណបារាំងនៅអាហ្វហ្គានីស្ថាន បាននិយាយថា ដោយមានវិបត្តិសេដ្ឋកិច្ច «ពួកយល់ឃើញថា កិច្ចការអភិរក្សមរតកបុរាណ ផ្ដល់នូវប្រាក់ចំណូលជាប្រចាំ» ។
កម្មករកំពុងតែធ្វើការនៅតំបន់បាមិយ៉ាន់ ដើម្បីបញ្ចប់ការសាងសង់សារមន្ទីរនិងមជ្ឈមណ្ឌលវប្បធម៌មួយ ដែលជាគម្រោងតម្លែង ២០ លានដុល្លារ ដែលគាំទ្រដោយអង្គការយូណេស្កូ ដែលនឹងត្រូវបើកសម្ភោធដ៏អឹកធឹក នៅខែតុលានេះ ។
លោក ហ្វីលីប ឌឺឡង់ហ៍ (Philippe Delanghe) ប្រធានកម្មវិធីវប្បធម៌ នៅការិយាល័យនៅទីក្រុងកាប៊ុលរបស់អង្គការយូណេស្កូ ដែលបច្ចុប្បន្នកំពុងនៅប្រទេសបារាំង បាននិយាយថា «ឥឡូវនេះ យើងត្រូវចាំមើលសិនថាតើវានឹងទៅជាយ៉ាងណា» ។ គាត់បានបន្ថែមទៀតថា «រដ្ឋបាលបច្ចុប្បន្នចង់ឲ្យយើងត្រលប់មកវិញដើម្បីធ្វើការរួមគ្នា ។ វាទំនងជាមានសុវត្ថិភាពណាស់ដែរ» ៕
© រក្សាសិទ្ធិដោយលោកវិទូ
No comments:
Post a Comment