ភាពតានតឹងបានកើតឡើងនៅពុទ្ធស្ថានសង្កស្ស រវាងពុទ្ធបរិស័ទនិងហិណ្ឌូបរិស័ទ - លោកវិទូ

ព័ត៌មានថ្មីៗ

សូមចូលរួមបណ្ដាញតេឡេក្រាមលោកវិទូ៖ https://t.me/lokavidunews

Thursday, October 21, 2021

ភាពតានតឹងបានកើតឡើងនៅពុទ្ធស្ថានសង្កស្ស រវាងពុទ្ធបរិស័ទនិងហិណ្ឌូបរិស័ទ

ព្រះសង្ឃនិងពុទ្ធបរិស័ទធ្វើធម្មយាត្រា នៅពុទ្ធស្ថានសង្កស្ស រដ្ឋឧត្តរប្រទេស, ២០ តុលា ២០២១ ។ រូបភាព៖ Janhit Times

លោកវិទូ | ថ្ងៃ ៥᧯១២ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ | ២១ តុលា ២០២១ 

ភាពតានតឹងបានកើតមានឡើង នៅក្នុងតំបន់សក្ការបូជាព្រះពុទ្ធសាសនាសង្កស្ស កាលពីថ្ងៃពុធម្សិលមិញ នៅពេលដែលមនុស្សមួយចំនួនបានដកទង់សាសនាហិណ្ឌូចេញពីវិហារមួយ ហើយលើកទង់ព្រះពុទ្ធសាសនា ដែលបានធ្វើឱ្យមានការតវ៉ាដោយហិង្សា ។

ឧប្បត្តិហេតុនេះបានកើតឡើងក្នុងកំឡុងពេល «ធម្មយាត្រា» ដោយអ្នកធ្វើធម្មយាត្រាព្រះពុទ្ធសាសនា ។

ប៉ូលីសបាននិយាយថា មនុស្សខ្លះបានឡើងលើវិហារហិណ្ឌា ពិសារីទេវី ដែលមានទីតាំងនៅលើភ្នំតូចមួយ ដែលមានជម្លោះនៅក្នុងតំបន់សក្ការៈបូជាព្រះពុទ្ធសាសនាសង្កស្ស ហើយបានដកទង់សាសនាហិណ្ឌូចេញ និងជំនួសដោយទង់ព្រះពុទ្ធសាសនាវិញ ។

អ្នកកាន់ព្រះពុទ្ធសាសនាអះអាងថា កន្លែងមានវិវាទនេះគឺជាស្តូបព្រះពុទ្ធសាសនា ដែលមានសារៈសំខាន់ខាងសាសនាយ៉ាងធំធេង សម្រាប់ពួកគេចំណែកឯអ្នកសាសនាហិណ្ឌូ សនាតន វិញ បានអះអាងថា វាជាវិហារបុរាណរបស់ព្រះម៉ែពិសារីទេវី ដែលជាកន្លែងតម្កល់រូបហនុមានផងដែរ ។ ជម្លោះនៅតំបន់នេះស្ថិតក្នុងតុលាការប្រហែល ៤០ ឆ្នាំ ។

ក្រុមសកម្មជនហិណ្ឌូមួយក្រុមបានធ្វើបាតុកម្ម បន្ទាប់ពីហេតុការណ៍ទង់ដកទង់សាសនាហិណ្ឌូចេញពីកន្លែងនោះ ហើយមានការគប់ដុំថ្មរវាងភាគីទាំងពីរ ដែលមនុស្សមួយចំនួនបានរងរបួសស្រាល ។ ប៉ូលីសបាននិយាយថា ក្រោយមកសកម្មជនហិណ្ឌូបានបិទផ្លូវធំ ។

ចៅក្រមស្រុក លោក មានវេន្ទ្រ សិង្ហ (Manvendra Singh) និងអគ្គស្នងការនគរបាល លោក អសោក កុមារ មីណា (Ashok Kumar Meena) បានទៅដល់កន្លែងកើតហេតុភ្លាមៗ ជាមួយកម្លាំងប៉ូលីស ហើយបានព្យាយាមធ្វើឱ្យក្រុមបាតុករដែលមានកំហឹងស្ងប់ចិត្ត ។

ពួកគេបាននិយាយថា ផ្លូវនេះត្រូវបានបើកវិញ មួយសន្ទុះក្រោយមក ហើយស្ថានការណ៍ត្រូវបានគ្រប់គ្រង ។

យោងតាមការណែនាំរបស់ចៅក្រមស្រុក ចៅក្រមឃុំ លោក អនិល កុមារ (SDM Anil Kumar) បានផ្តល់ការធានាជាលាយលក្ខណ៍អក្សរថា ការខូចខាតណាមួយនៅវិហារពិសារីទេវី នឹងត្រូវជួសជុលឡើងវិញ ។

ពុទ្ធស្ថានសង្កស្ស


ទីនេះពុទ្ធបរិស័ទ និងអ្នកធម្មយាត្រាខ្មែរនិងអន្តរជាតិស្គាល់ថាជាកន្លែង ដែលព្រះសម្មាសម្ពុទ្ធទ្រង់យាងចុះចាកស្ថានតាវត្តិង្ស ដែលបច្ចុប្បន្នហៅ សង្កស្ស ឬ សង្គិស នៅក្នុងរដ្ឋឧត្តរប្រទេស ។ តាមពុទ្ធប្បវត្តិដំណាលថា ក្នុងវស្សាទី៧ ព្រះអង្គទ្រង់បានយាងទៅសម្ដែងព្រះអភិធម្មជាលើកដំបូង ដើម្បីប្រោសពុទ្ធមាតា និង​ពពួក​ទេពនិករ ព្រមទាំងព្រហ្ម​ទេព​ផង​ដែរ នៅស្ថានតាវត្តិង្ស ។ បន្ទាប់​ពី​សម្តែងធម៌​ប្រោស​ពុទ្ធមាតា​ឱ្យ​បាន​សម្រេច​ធម៌​តាម​សមគួរ​ហើយ​នោះ ព្រះ​អង្គ​ទ្រង់​សម្តែង​នូវ​ពុទ្ធា​នុ​ភាព​បើក​ត្រៃភព​ឱ្យ​មើលឃើញ​គ្នា និង​ទ្រង់​យាងចុះ​មក​កាន់​ភព​ផែនដី​វិញ នៅ​ត្រង់​នគរ​សង្ក​ស្សៈ ព្រមទាំង​ទ្រង់​សម្តែង​ព្រះ​សទ្ធម្មទេសនា​ នៅ​ថ្ងៃ​បវារណា​ចេញ​វស្សា ។

បច្ចុប្បន្ន ទីនេះជាទីសក្ការបូជាយ៉ាងសំខាន់ សម្រាប់ពុទ្ធបរិស័ទ ជាពិសេសអ្នកធម្មយាត្រាខ្មែរ ។ នៅទីនេះមានវត្តខ្មែរមួយឈ្មោះ វត្តខ្មែរសង្កស្ស ។ ក្រោយពីការសាបសូន្យព្រះពុទ្ធសាសនាពីជម្ពូទ្វីបអស់ជាច្រើនសតវត្សរ៍ ដោយសារការយាយីពីសម្នាក់ពាហិរសាសនា ទីពុទ្ធស្ថានប្រវត្តិសាស្ត្រជាច្រើនកន្លែងត្រូវបានគ្រប់គ្រងដោយសាសនាផ្សេង ។ លុះដល់សម័យឯករាជ្យ ពុទ្ធបរិស័ទចាប់ផ្ដើមទាមទារសិទ្ធិគ្រប់គ្រងពុទ្ធស្ថាននោះមកវិញបានខ្លះមិនបានខ្លះ ហើយស្ថិតនៅជាប់គាំងនៅក្នុងដៃតុលាការខ្លះដោះស្រាយមិនចេញ ដូចជាករណីពុទ្ធស្ថានសង្កស្សនេះជាអាទិ ៕

© រក្សាសិទ្ធិដោយលោកវិទូ

No comments:

Post a Comment