បុណ្យទិវាលី (Diwali) មានអត្ថន័យដូចម្ដេច? - លោកវិទូ

ព័ត៌មានថ្មីៗ

សូមចូលរួមបណ្ដាញតេឡេក្រាមលោកវិទូ៖ https://t.me/lokavidunews

Thursday, November 04, 2021

បុណ្យទិវាលី (Diwali) មានអត្ថន័យដូចម្ដេច?

សារជូនពររបស់លោក នរេន្ទ្រ មោទី នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋឥណ្ឌា ក្នុងឱកាសបុណ្យទិវាលី ។

លោកវិទូ | ថ្ងៃ ៥᧾១២ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ | ០៤ វិច្ឆិកា ២០២១ 

ទិវាលី (ឌិវ៉ាលី/Diwali) ឬ ទីបាវលី (ឌីប៉ាវលី/Deepavali) ជាបុណ្យនៃពន្លឺ ដែលជាប្រពៃណីបុណ្យដ៏សំខាន់មួយរបស់ឥណ្ឌា ដែលប្រារព្ធដោយប្រជាជនកាន់សាសនាហិណ្ឌូ ជេន និង សិក្ខ ។ ជាទូទៅបុណ្យនេះត្រូវបានប្រារព្ធ នៅខែកត្តិក តាមប្រិតិទិនហិណ្ឌូ ត្រូវនឹងចន្លោះខែតុលា និងវិច្ឆិកា ជារៀងរាល់ឆ្នាំ ។

វាជាបុណ្យដ៏សំខាន់បំផុតមួយរបស់សាសនាហិណ្ឌូ ដែលជានិមិត្តរូបនៃ «ជោគជ័យនៃពន្លឺលើភាពអន្ធការ ជោគជ័យនៃអំពើល្អលើអំពើអាក្រក់ និងជោគជ័យនៃបញ្ញាលើអវិជ្ជា» ។ ព្រះម៉ែលក្ស្មី ជាតួអង្គសំខាន់ដែលពាក់ព័ន្ធនឹងបុណ្យនេះ ។

នៅក្នុងថ្ងៃបុណ្យនេះ ប្រជាជនឥណ្ឌាបោសសម្អាតរៀបចំតាក់តែងផ្ទះសំបែង និងហាងលក់ដូររបស់ពួកគេ ជាមួយនឹងការបូជាភ្លើងទៀន ដែលគេហៅថា «ទិយា» (ទិយ៉ា) និងការរចនារូបភាពផ្សេងៗនៅលើផ្ទៃដីឬថ្ម ភាគច្រើននៅមាត់ទ្វារចូលផ្ទះ ដោយប្រើម្សៅពណ៌ឬខ្សាច់ ដែលគេហៅថា «រ័ង្គោលី» ។ 

នៅសម័យថ្មី គេនិយមដុតផាវ និងបាញ់កាំជ្រួចផងដែរ លាន់ឮសូរកងរំពង នាពេលរាត្រីដល់រំលងអធ្រាត្រ ដើម្បីជាការអបអរសាទរ ក្នុងថ្ងៃបុណ្យប្រពៃណីឥណ្ឌាដ៏សំខាន់មួយនេះ ។ ព្រោះហេតុនេះ ក្រោយថ្ងៃបុណ្យម្ដងៗ ខ្យល់អាកាសកខ្វក់កើនឡើងខ្លាំង នៅតាមបណ្ដាទីក្រុងនានា ជាពិសេសទីក្រុងញូវដែល្លី នៅព្រឹកថ្ងៃបន្ទាប់ ។ រដ្ឋាភិបាលឥណ្ឌាតែមានការចេញសារចរណែនាំ មិនឲ្យប្រើកាំជ្រួច នៅទីតំបន់ក្រុង តែហាក់ពុំសូវទទួលជោគជ័យប៉ុន្មានទេ ។ 

មួយឆ្នាំមានម្ដង ប្រជាជនរីករាយនឹងបុណ្យនេះ ដោយពន្លឺភ្លើងទៀន និងសំឡេងផាវកាំជ្រួច ជាលក្ខណៈគ្រួសារ និងការចួបជុំមិត្តភ័ក្តិអ្នកជិតខាង ពេញមួយរាត្រី និងប្រាថ្នាពរជ័យពីព្រះម៉ែលក្ស្មី ដើម្បីសេចក្តីសុខនិងសេចក្តីចម្រើនក្នុងសង្គមគ្រួសារ ៕

© រក្សាសិទ្ធិដោយលោកវិទូ

No comments:

Post a Comment