ព្រះតេជព្រះគុណ បណ្ឌិត ញ៉ែម គឹមតេង អតីតសមណនិស្សិតថ្នាក់បណ្ឌិតសាកលវិទ្យាល័យដែល្លី - លោកវិទូ

ព័ត៌មានថ្មីៗ

Saturday, January 15, 2022

ព្រះតេជព្រះគុណ បណ្ឌិត ញ៉ែម គឹមតេង អតីតសមណនិស្សិតថ្នាក់បណ្ឌិតសាកលវិទ្យាល័យដែល្លី

ព្រះតេជព្រះគុណ បណ្ឌិត ញ៉ែម គឹមតេង ក្នុងពិធីទទួលសញ្ញាបត្រថ្នាក់បណ្ឌិតទស្សនវិជ្ជាផ្នែកពុទ្ធសាសនា នៅសាកលវិទ្យាល័យដែល្លី ឆ្នាំ២០១០ ។ រូបភាព៖ kimteng.nhem.9

លោកវិទូ | ថ្ងៃ ៧᧭២ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ | ១៥ មករា ២០២២

យោងតាមប្រភពព័ត៌មានពីគណនីហ្វេសប៊ុក និងសៀវភៅមួយចំនួនបានឲ្យដឹងថា ព្រះតេជព្រះគុណ បណ្ឌិត ញ៉ែម គឹមតេង (វជិរប្បញ្ញោ) ប្រសូតនៅថ្ងៃពុធ ១៣ រោច ខែជេស្ឋ សំរឹទ្ធិស័ក ព.ស. ២៥០២ ត្រូវនឹងថ្ងៃទី២២ ខែមិថុនា ឆ្នាំ១៩៦០ (១៩៥៦?) នៅភូមិបន្ទប់ខ្សាច់ ឃុំមេសថ្ងក ស្រុកចន្ទ្រា ខេត្តស្វាយរៀង ។ បិតានាម ញ៉ែម សូ និងមាតានាម ឃុត លីម ។ ព្រះអង្គមានបងប្អូនប្រុស ៤ នាក់, ព្រះអង្គជាបុត្រទី ២ ក្នុងគ្រួសារ ។

នៅអាយុ ៦ ឆ្នាំ ព្រះអង្គបានចូលរៀតនៅសាលាបឋមសិក្សាមួយ នៅក្នុងភូមិកំណើត ។ ក្នុងឆ្នាំ១៩៧០ សង្គ្រាមបានផ្ទុះឡើង នៅក្នុងប្រទេសកម្ពុជា ហើយសាលានៅក្នុងខេត្តនៅជាប់ព្រុំដែនវៀតណាម និងតាមជនបទ ត្រូវបានបិទ ។ នៅអាយុ ១៣ ឆ្នាំ ព្រះអង្គបានបួសជាសាមណេរ ក្នុងសម្នាក់ព្រះពុទ្ធសាសនា នៅវត្តចម្បក់ ស្រុកចន្ទ្រា ខេត្តស្វាយរៀង ក្នុងឆ្នាំ ១៩៧៣ ។ បន្ទាប់ពីបួសហើយ ព្រះអង្គបានចាប់ផ្ដើមសិក្សាព្រះពុទ្ធសាសនា ។

ក្នុងឆ្នាំដដែលនោះដែរ សង្គ្រាមរវាងខ្មែរសាធារណរដ្ឋ និងយៀកកុង បានរីករាលដាលទូទាំងប្រទេសកម្ពុជា ។ ព្រះអង្គក៏សម្រេចចិត្តរត់ភៀសខ្លួន ទៅកម្ពុជាក្រោម (វៀតណាមខាងត្បូង) ជាមួយនឹងប្រជាពលរដ្ឋខ្មែរជាច្រើនពាន់នាក់ទៀត ក្នុងឋានៈជាជនភៀសខ្លួន និងបានបន្តសិក្សាព្រះពុទ្ធសាសនា នៅទីនោះទៀត ។ លុះក្រោយរបបខ្មែរក្រហមបានដួលរលំទៅ នៅឆ្នាំ ១៩៧៩ ព្រះអង្គវិលចូលស្រុកវិញ និងបានគង់នៅវត្តព្រៃឆ្លាក់ ខេត្តស្វាយរៀង ។

មួយឆ្នាំក្រោយមក (១៩៨០) ព្រះអង្គបានឧបសម្ប័ទជាភិក្ខុ បន្ទាប់មកក្នុងឆ្នាំ ១៩៨៤ ក៏បានធ្វើជាចៅអធិការវត្តឆ្លាក់ ។ ក្នុងឆ្នាំ ១៩៨៧ ព្រះអង្គបានជួបនឹង ព្រះមហាឃោសានន្ទ (វ៉ា យ៉ាវ) ដែលជាសម្ដេចសង្ឃ នៅវត្តរបស់ព្រះអង្គ ក្នុងកំឡុងពេលទស្សនកិច្ចរបស់សម្តេចសង្ឃមកកាន់ប្រទេសកម្ពុជាជាលើកដំបូង បន្ទាប់ពីសង្គ្រាម អស់រយៈពេលជិត ៣ ទសវត្សរ៍ ។ នៅក្នុងជំនួបនោះ ព្រះអង្គទាំងពីរព្រះអង្គ បានពិភាក្សាគ្នា អំពីការបង្រួបបង្រួមជាតិ និងការកសាងសន្តិភាព នៅកម្ពុជា ជាពិសេស ការកសាងឡើងវិញ នូវស្មារតីនិងការទុកចិត្តគ្នា រវាងប្រជាពលរដ្ឋកម្ពុជា ដែលបានបាត់បង់ដោយសារសង្គ្រាម ។

ក្នុងឆ្នាំ១៩៩២ ព្រះភិក្ខុ ញ៉ែម គឹមតេង បានចូលរួមកសាង នូវមជ្ឈមណ្ឌលសន្តិភាព (មជ្ឈមណ្ឌលធម្មយាត្រា) នៅប្រទេសកម្ពុជា ដែលដឹកនាំដោយ ព្រះមហាឃោសានន្ទ ។ មួយឆ្នាំក្រោយមក ព្រះអង្គបានធ្វើជាអគ្គលេខាធិការមជ្ឈមណ្ឌលធម្មយាត្រានោះ ដែលការិយាល័យរបស់ ព្រះមហាឃោសានន្ទ ។ ក្នុងឆ្នាំ១៩៩៣ មជ្ឈមណ្ឌលសន្តិភាព បានរៀបចំធម្មយាត្រាដើម្បីសន្តិភាព ពីខេត្តសៀមរាម ទៅទីក្រុងភ្នំពេញ ដែលមានព្រះសង្ឃនិងពុទ្ធបរិស័ទចំនួន ៥០០ ចូលរួម, អ្នកចូលរួមចេះតែកើនឡើងជាលំដាប់ រហូតដល់ច្រើនពាន់នាក់ ពេលធម្មយាត្រាទៅដល់ទីក្រុងភ្នំពេញ ។ ព្រះអង្គបានធ្វើជាអគ្គលេខាធិការមជ្ឈមណ្ឌលធម្មយាត្រានោះ រហូតដល់ឆ្នាំ១៩៩៥ ។ ដូច្នេះព្រះអង្គធ្លាប់មានទំនាក់ទំនងយ៉ាងជិតស្និទ្ធិជាមួយសម្ដេចព្រះមហាឃោសានន្ទ វ៉ា យ៉ាវ និងកម្មវិធីធម្មយាត្រាដើម្បីសន្តិភាពនៅកម្ពុជា ។ មានប្រភពខ្លះថា ព្រះតេជព្រះគុណ ញ៉ែម គឹមតេង ជាសិស្សជំនិតរបស់សម្ដេចព្រះមហាឃោសានន្ទ ដោយផ្ទាល់តែម្តង ។

នៅថ្ងៃទី ១ មេសា ១៩៩៤ ព្រះភិក្ខ ញ៉ែម គឹមតេង បានបង្កើត អង្គការសន្តិសេនា (Santi Sena Organisation) នៅវត្តព្រៃឆ្លាក់ ខេត្តស្វាយរៀង ។ អង្គការនេះជាអង្គការក្រៅរដ្ឋាភិបាល ធ្វើការដើម្បីសន្តិភាព បរិស្ថាន និងអភិវឌ្ឍន៍សហគមន៍ ។ ព្រះអង្គជានាយកប្រតិបត្តិនៃអង្គការសន្តិសេនា ។ អង្គការនេះបានធ្វើការដើម្បីកាត់បន្ថយភាពក្រីក្រ និងបានឧតបត្ថម្ភគាំទ្រ កុមារដែលគ្មានទីពឹង និងកុមារកំព្រាជាច្រើនរយនាក់ ឲ្យបានចូលរៀន ។

ពីឆ្នាំ១៩៩២ ដល់ ឆ្នាំ២០០៣ ព្រះភិក្ខុ ញ៉ែម គឺមតេង បានចូលរួមវគ្គសិក្សាជាច្រើនផ្នែកគ្រប់គ្រង ការកសាងសន្តិភាពនិងការផ្សះផ្សាជាតិ ការគ្រប់គ្រងចីរភាពបរិស្ថាន សិទ្ធិមនុស្ស ដំណោះស្រាយជម្លោះ ការគ្រប់គ្រងគ្រោះមហន្តរាយ ការកាត់បន្ថយភាពក្រីក្រ អភិវឌ្ឍន៍សង្គម ច្បាប់អន្តរជាតិនិងការទូត ទាំងវគ្គសិក្សាមានរយៈពេលខ្លីនិងវែង នៅប្រទេសជាច្រើនដូចជា អាឡឺម៉ង់ ជប៉ុន ស្រីលង្កា ហ្វិលីពិន ឥណ្ឌូនេស៊ី ថៃ និងឥណ្ឌា...។ ព្រះអង្គតែងបាននិមន្តចូលរួមជាវាគ្មិន ក្នុងកម្មវិធីសិក្ខាសាលានិងសន្និសីទអន្តរជាតិធំៗជាញឹកញាប់ ។ តួយ៉ាង ព្រះអង្គបានចូលរួមក្នុងសន្និសីទអន្តរសាសនា​ ស្តីពីស្ថានភាពបរិស្ថាន​ និងការកេីនកម្តៅផែនដី​, នៅប្រទេសជប៉ុន​ ថ្ងៃទី៨-៩ ខែមេសា​ ឆ្នាំ​១៩៩៥​ រៀបចំដោយអង្គការសហប្រជាជាតិ​ ប្រកបដោយមោទនភាពនិងកិត្តិយសឧត្តុង្គឧត្តម ។

ព្រះអង្គបានបន្តការសិក្សាវិជ្ជាជាន់ខ្ពស់ នៅសាកលវិទ្យាល័យដែល្លី ដ៏ល្បីល្បាញមួយ នៅទីក្រុងញូវដែល្លី ប្រទេសឥណ្ឌា រហូតទទួលបានសញ្ញាប័ត្របរិញ្ញាផ្នែកប្រត្តិសាស្ត្រនិងសាសនា (B.A.) ក្នុងឆ្នាំ២០០២ ។ ព្រះអង្គបានបញ្ចប់ថ្នាក់អនុបណ្ឌិត នៅសាកលវិទ្យាល័យដដែលនេះ ផ្នែកទស្សនវិជ្ជាពុទ្ធសាសនា (M.A.) ក្នុងឆ្នាំ២០០៤ ។ បន្ទាប់មកទៀត ក្នុងឆ្នាំ២០០៧ ព្រះអង្គបានបញ្ចប់មួយថ្នាក់ទៀតគឺ អនុបណ្ឌិតទស្សនវិជ្ជា ផ្នែកទស្សនវិជ្ជាពុទ្ធសាសនា (M.Phil.) ពីសាកលវិទ្យាល័យដដែល រហូតដល់ទីបំផុត បានបញ្ចប់ថ្នាក់បណ្ឌិតផ្នែកទស្សនវិជ្ជាពុទ្ធសាសនា (Ph.D.) ក្នុងឆ្នាំ ២០១០ ។ និក្ខេបបទថ្នាក់បណ្ឌិតរបស់ព្រះអង្គ មានចំណងជើងថា «គុណតម្លៃព្រះពុទ្ធសាសនា និងការអភិវឌ្ឍនៃសង្គមខ្មែរ» (Buddhist Values and Development of Cambodian Society) ។
ព្រះសង្ឃនិងសមណនិស្សិតខ្មែរចូលរួមអបអរសាទរ ពិធីទទួលសញ្ញាបត្រថ្នាក់បណ្ឌិតផ្នែកទស្សនវិជ្ជាពុទ្ធសាសនា របស់ព្រះតេជព្រះគុណ បណ្ឌិត ញ៉ែម គឹមតេង (ឈរត្រង់កណ្ដាល) នៅសួនច្បារព្រះពុទ្ធ ក្នុងបរិវេណសាកលវិទ្យាល័យដែល្លី ឆ្នាំ២០១០ ។ រូបភាព៖ kimteng.nhem.9

ក្រៅពីការសិក្សា នៅក្នុងកំឡុងពេលគង់នៅប្រទេសឥណ្ឌា ព្រះតេជព្រះគុណ បណ្ឌិត បានទទួលភារៈសហការកសាងនិងគ្រប់គ្រងវត្តអារាមខ្មែរ នៅដែនដីពុទ្ធភូមិផងដែរ មានវត្តខ្មែរពារាណសីជាដើម ជាមួយសហធម្មិកមានព្រះតេជព្រះគុណ បណ្ឌិត សែម ប៉ិច ព្រះតេជព្រះគុណ ខៀវ សំអាង ព្រះតេជព្រះគុណ មុំ ឡី និងព្រះតេជព្រះគុណ ឈាង ឆយ ជាដើម ។ ក្រៅពីនេះ ការជួយសម្រួលនិងការធ្វើជាមគ្គទេសក៍ដឹកនាំធម្មយាត្រាខ្មែរ ទៅតាមតំបន់ពុទ្ធស្ថានសំខាន់ៗ នៅប្រទេសឥណ្ឌា ជាតួនាទីទូទៅសម្រាប់ព្រះសង្ឃខ្មែរគង់នៅប្រទេសឥណ្ឌា ។

ក្រោយបានបញ្ចប់ការសិក្សាស្រាវជ្រាវថ្នាក់បណ្ឌិតដោយជោគជ័យ ពីប្រទេសឥណ្ឌាហើយ ព្រះអង្គក៏បានវិលត្រលប់ទៅមាតុភូមិវិញ ។ ក្នុងឆ្នាំ២០១១ ព្រះអង្គបានទទួលតំណែងជាប្រធានផ្នែកពុទ្ធិកឧត្តមសិក្សា និងក្រោយឧត្តមសិក្សា នៃអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ នៃព្រះរាជាណាចក្រកម្ពុជា ។ តែក្រោយមក ព្រះអង្គបាននិមន្តទៅគង់នៅវត្តត្រៃសិក្ខារាម ក្រុងឡូវែល រដ្ឋម៉ាស្សាជូសេត សហរដ្ឋអាម៉េរិក រហូតដល់បច្ចុប្បន្ន ។

រំឭកអនុស្សាវរីយ៍នៅប្រទេសឥណ្ឌា


គង់សិក្សារៀនសូត្រនៅប្រទេសឥណ្ឌាតាំងពីថ្នាក់បរិញ្ញាបត្ររហូតដល់ថ្នាក់បណ្ឌិត ព្រះតេជព្រះគុណ ញ៉ែម គឹមតេង បានឆ្លងកាត់បទពិសោធន៍និងបានបន្សល់ទុកនូវអនុស្សាវរីយ៍ស្ទើរគ្រប់រសជាតិនៅទីនេះ ។ ជាញឹកញាប់ ព្រះអង្គតែងតែរំឭអនុស្សាវរីយ៍ទាំងនោះ នៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់ព្រះអង្គ ។

នៅក្នុងបង្ហោះមួយមានចំណងជើងថា «លិខិតជូនសម្លាញ់ចាស់» នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១​ ដោយភ្ជាប់មកជាមួយនូវរូបថតឈរមួយសន្លឹក ដោយព្រះអង្គគ្រងចីពរស្ដាយថង់យាមពាក់វែនតានិងដណ្ដប់ស្បៃលឿង ជាមួយនឹងសាធុ(ឌុ)ជាអ្នកបួសព្រាហ្មណ៍ម្នាក់ មានសក់វែងល្បាយអាចម៍ខ្លាបួងទម្លាក់ប្របស្មា មានពុកចង្កាសវែង រីឯថ្ងាស់វិញមានគូសបន្ទាត់កំបោរសបីកាំនិងបណ្តក់ពណ៌ក្រហមនៅនឹងចិញ្ចើម មានស្លៀកដណ្ដប់ដោយសំពត់ពណ៌លឿងស្រដៀងនឹងបុព្វជិតខ្មែរដែរ ហើយពាក់ខ្សែអង្កាំពីរទៅបីខ្សែ មានដៃកាន់ដំបងឫស្សី និងពាក់ស្បែងជើងកញ្ចាស់ប្រលាក់ដោយដី មើលទៅសមជាអ្នកលះបង់ទ្រព្យសម្បត្តិលោកីយ៍ ។ ព្រាហ្មណ៍នេះបង្ហាញទឹកមុខរីករាយ ដោយបានថតរូបជាមួយព្រះតេជព្រះគុណ ។ ភ្ចាប់ជាមួយរូបភាពដូចបានពណ៌នាខាងលើនេះ ព្រះតេជព្រះគុណបានសរសេរថា៖

«សួស្តីសម្លាញ់​ ! យេីងទាំងពីរជាអ្នកបួសដូចគ្នា​ ខុសត្រង់សម្លាញ់បួសក្នុងព្រហ្មញ្ញសាសនា ឯខ្ញុំបួសក្នុងព្រះពុទ្ធសាសនា,​ ថ្វីបើយេីងបួសនៅក្នុងលទ្ធិផ្សេងគ្នាមែន តែពីមុនមកយេីងតែងបាន​  ជួបមុខគ្នាជាញឹកញាប់​នៅលេីមាត់ស្ទឹងគង្គា​ (Ganga River) ក្បែរទីក្រុងពារាណសី​ (Banaresh) ប្រទេសឥណ្ឌា ។» 

លោកបានរាប់រៀបបន្តទៀតថា «សម្លាញ់អេីយ​ យេីងមិនបានជួបគ្នារយ:ពេលជាង ១០ ឆ្នាំមកហេីយ​ ខ្ញុំគិតថាឆ្នាំនេះ​មានគម្រោងមកសួរសុខទុក្ខសម្លាញ់ដែរ​ តែជាអកុសលខ្ញុំបានទទួលដំណឹងថា​ មេរោគកូវីដ-១៩​ ម៉ូដែលថ្មី​ កំពុងវាយប្រហារយ៉ាងធ្ងន់ធ្ងរ​ មកលេីប្រជាជនឥណ្ឌា​,​ ខ្ញុំព្រួយបារម្ភគ្រប់ពេលមកដល់សម្លាញ់​ ពីការវាយប្រហារនៃមេរោគកូវីដ-១៩នេះ ។»

នៅក្នុងកំឡុងពេលនោះ ប្រទេសឥណ្ឌាកំពុងតែត្រូវបានវាយលុកដោយមេរោគឧត្បាតនេះយ៉ាងខ្លាំង ដែលគេហៅថា «រលកទី២» ដែលធ្វើឲ្យមានមនុស្សស្លាប់រាប់ម៉ឺននាក់ ដោយសារខ្វះប្រព័ន្ធអ៊ុកស៊ីសែន និងមន្ទីរពេទ្យជាច្រើនពេញណែនធ្លាយដល់ក្រៅ ។ វាលខ្សាច់មាត់ទន្លាគង្គាបានក្លាយជាទីកប់សព ដោយសារបូជាមិនទាន់ ។ សោកនាដកម្មនេះមានរហូតដល់ប្រហែលខែសីហាទើបបានធូរស្បើយឡើងវិញ ។

ព្រះអង្គបានរំឭកទៀតថា «ក្នុងឆ្នាំកន្លងហើយនិងដើមឆ្នាំនេះ មេរោគចង្រៃេនះក៏បានរាតត្បាតយ៉ាងសាហាវ មកលើតំបន់ដែលខ្ញុំរស់នៅដែរ (សហរដ្ឋអាមេរិក)ដែលបានឆក់យកជីវិតមនុស្សរា​ប់​ សែននាក់ និងរងនូវជម្ងឺរាប់លាននាក់, ប៉ុន្តែសព្វថ្ងៃនេះ អ្វីៗបានធូរស្រាលច្រើនគួរសមហើយ ។ សម្លាញ់ជាទីនឹករលឹក​ ខ្ញុំសង្ឃឹមថាបេីព្រះរបស់ខ្ញុំជួយដល់ខ្ញុំ​ ហេីយព្រះរបស់សម្លាញ់ជួយដល់សម្លាញ់​ យើងគង់បានជួបគ្នាទៀត នៅពេលវេលាសមស្របណាមួយ និងទីកន្លែងសមរម្យណាមួយ ក្នុងពេលឆាប់ៗខាងមុខនេះមិនខាន​ឡេីយ ។»

នៅក្នុងការបង្ហោះគួរឲ្យចាប់អារម្មណ៍មួយទៀត នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ ដោយភ្ចាប់មកជាមួយនូវកាតសិស្សនៃសាកលវិទ្យាល័យដែល្លី ព្រះតេជព្រះគុណបានសរសេរដោយសេចក្តីពេញចិត្តថា៖

«នៅប្រទេសឥណ្ឌា​ មានកាតនេះកាន់មុខមាត់គ្រាន់បេីដែរ​ បេីជិះឡានក្រុងទោះបីអង្គុយលេីកៅអីក្តី​ ឈរក្តី​ តោងព្យួរខ្លួនក្តី​ អស់ត្រឹមតែ​ ១​ រូពី​ទេ, បេីចូលទស្សនាសារមន្ទីរជាតិ​ អ្នកធម្មតា​ ១០០ រូពី​ មានកាតនេះត្រឹមតែ​ ១​ រូពីទេ​ ។ មិនត្រឹមតែប៉ុណ្ណោះ​ អាចសុំជួបអ្នកធំ​ អ្នកតូច​ អុ្នកបញ្ញវន្តចេះដឹង​ ដេីម្បីសំភាសន៍លេីការសិក្សាស្រាវជ្រាវ​ ចំណេះដឹងផ្សេងៗបានតាមការគួរ​ផងដែរ ។ ប៉ុណ្ណេះមុខមាត់ណាស់ហេីយ​ រកអីទៀត​ហ្ន៎​ ។»
ពីឆ្វេង៖ ទី៦ ព្រះតេជព្រះគុណ បណ្ឌិត ញ៉ែម គឹមតេង និងទី៨ សម្ដេចព្រះមហាឃោសានន្ទ វ៉ា យ៉ាវ ចូលរួមក្នុងសន្និសីទអន្តរសាសនា​ ស្តីពីស្ថានភាពបរិស្ថាន​ និងការកេីនកម្ដៅផែនដី​, នៅប្រទេសជប៉ុន​ ថ្ងៃទី៨-៩ ខែមេសា​ ឆ្នាំ​១៩៩៥​ រៀបចំដោយអង្គការសហប្រជាជាតិ​ ។ រូបភាព៖ kimteng.nhem.9

តាមរយៈការសិក្សារៀនសូត្ររហូតដល់ថ្នាក់បណ្ឌិតពីសាកលវិទ្យាល័យដ៏ល្បីឈ្មោះនៅប្រទេសឥណ្ឌា មានបទពិសោធន៍ចាស់ក្លាក្នុងការងារក្នុងនិងក្រៅប្រទេសរាប់សិបឆ្នាំ ព្រមទាំងស្នាដៃការងារក្នុងការគ្រប់គ្រងស្ថាបនអង្គការជាដើម និងជាពិសេស ការសិក្សាស្រាវជ្រាវតែងនិពន្ធផង អាចនិយាយបានថា ព្រះតេជព្រះគុណ បណ្ឌិត ញ៉ែម គឹមតេង ជាពហុស្សូត ជាព្រះមហាថេរ និងជាបញ្ញវន្តសង្ឃខ្មែរដ៏កម្រមួយអង្គក្នុងសម័យទំនើប នាសតវត្សរ៍ទី២១នេះ ។ 

យោងតាមអ្វីដែលលោកវិទូទទួលបាន ព្រះតេជព្រះគុណ ភិក្ខុ យុន ប៊ុនយ៉ុម ជាបេក្ខសមណៈថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យព្រះគោតមពុទ្ធ (GBU), ទីក្រុងណយអ៊ីដា ដែលធ្លាប់ស្ថិតនៅក្រោមឱវាទលោកផ្ទាល់ តែងតែកោតសរសើរជាប់មិនដាច់ថា ព្រះតេជព្រះគុណ បណ្ឌិត ញ៉ែម គឹមតេង មានបទពិសោធន៍ច្បាស់លាស់និងហ្មតចត់ណាស់ក្នុងការងារផ្នែកគ្រប់គ្រង ៕

ស្នាដៃតែងនិពន្ធមួយចំនួន៖
• ២០០៦. ប្រវត្តិទីក្រុងពារាណសី, ស្វាយរៀង: សន្តិសេនា ។
• ២០០៨. ប្រវត្តិធម្មយាត្រា ទៅកាន់ប្រទេសឥណ្ឌានិងនេប៉ាល់, ភ្នំពេញ: ម៉េងហាវ ។
• ២០១០. សម្ដេចព្រះមហាឃោសានន្ទ និង សន្តិភាព, ស្វាយរៀង: សន្តិសេនា ។
• ២០១០. ស្វែងយល់ពីពុទ្ធស្ថាន នៅប្រទេសឥណ្ឌា, ស្វាយរៀង: សន្តិសេនា ។
• 2010. Buddhist Values and Development of Cambodian Society [គុណតម្លៃព្រះពុទ្ធសាសនា និងការអភិវឌ្ឍនៃសង្គមខ្មែរ], Ph.D. Thesis, New Delhi: University of Delhi.
• ២០១២. ផ្លូវកណ្ដាល: ជីវិត សកម្មភាព និងទស្សនវិជ្ជា របស់ព្រះពុទ្ធសមណគោតម, ស្វាយរៀង: សន្តិសេនា ។
• ២០១៥. គម្ពីរទីបវង្ស: ប្រវត្តិនៃការផ្សាយព្រះពុទ្ធសាសនាចូលទៅកាន់កោះលង្កា, ហាមព៍តុន, អឹម.អិន.: សមាគមព្រះសង្ឃខ្មែរសហរដ្ឋអាម៉េរិក ។

© រក្សាសិទ្ធិដោយលោកវិទូ

No comments:

Post a Comment