ក្រសួងអប់រំប៉ាគីស្ថានសម្រេចដាក់បញ្ចូលព្រះពុទ្ធសាសនាក្នុងកម្មវិធីសិក្សាជាតិរបស់ខ្លួន - លោកវិទូ

ព័ត៌មានថ្មីៗ

Thursday, March 17, 2022

ក្រសួងអប់រំប៉ាគីស្ថានសម្រេចដាក់បញ្ចូលព្រះពុទ្ធសាសនាក្នុងកម្មវិធីសិក្សាជាតិរបស់ខ្លួន

ប្រធានធិបតីប៉ាគីស្ថាន លោកបណ្ឌិត Dr. Arif Alvi និងលោកជំទាវ Begum Samina Arif Alvi កំពុងទស្សនាសិល្បៈពុទ្ធសាសនា នៅក្នុងសន្និសិទអន្តរជាតិ និងពិធីបុណ្យសិល្បៈ ។

លោកវិទូ | ថ្ងៃ ៥᧯៤ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ | ១៧ មីនា ២០២២ 

ក្រសួងអប់រំនៃប្រទេសប៉ាគីស្ថានបានឲ្យដឹងថា ព្រះពុទ្ធសាសនា និងសាសនាហ្សូរ៉ុស (ឥស្លាម) នឹងត្រូវដាក់បញ្ចូលក្នុងកម្មវិធីសិក្សាជាតិរបស់ខ្លួនផ្នែកសាសនសិក្សា ដែលគេហោថា កម្មវិធីសិក្សាជាតិតែមួយ ។ សាសនាភាគតិចដទៃទៀតចំនួន ៥ ក៏នឹងត្រូវដាក់បញ្ចូលដែររួមមាន៖ សាសនាបាហាយ សាសនាគ្រិស្ត សាសនាហិណ្ឌូ សាសនាកាឡាស និងសាសនាសិក្ខ ។ ក្រសួងអប់រំប៉ាគីស្ថានក៏បានប្រកាសឲ្យដឹងផងដែរថា អ្នកជំនាញផ្នែកសាសនាទាំងនេះ នឹងត្រូវបានស្នើសុំឲ្យជួយបង្កើតកម្មវិធីសិក្សាថ្មីនេះ ។

កម្មវិធីសិក្សាជាតិតែមួយត្រូវបានបង្កើតឡើង ជាប្រព័ន្ធអប់រំរួមគ្នាទាំងអស់មួយ ដែលផ្ដល់ឱកាសអប់រំស្មើភាពគ្នា ដល់ប្រជាជនទាំងអស់នៅប្រទេសប៉ាគីស្ថាន ដោយមិនរើសអើងវណ្ណពណ៌សម្បុរ ឬសាសនា ។

សេចក្តីព្រាងនៃកម្មវិធីសិក្សាសម្រាប់ព្រះពុទ្ធសាសនាត្រូវបានអនុម័តកាលពីថ្ងៃទី ៤ ខែមីនា រីឯកម្មវិធីសិក្សាសម្រាប់សាសនាដទៃទៀតគឺកំពុងដំណើរការណ៍នៅឡើយ ។ សេចក្តីសម្រេចនេះគឺជាការកត់សម្គាល់ថ្មីមួយ ក្នុងប្រវត្តិសាស្ត្រប៉ាគីស្ថាន ដែលការផ្ដល់អនុសាសន៍ស្តីពីសាសនសិក្សា ត្រូវបានទទួលយកដោយក្រសួងអប់រំប៉ាគីស្ថាន ។

លោក បារសន្ត សិង្ហ ជាអ្នកបង្កើតកម្មវិធីអប់រំសម្រាប់សាសនាសិក្ខ និងជាមន្ត្រីសិក្ខទី១ នៃសាកលវិទ្យាល័យបញ្ជាប ទីក្រុងឡាហោរ៍ បានមានប្រសាសន៍ថា ប្រជាជនសាសនាសិក្ខនឹងតំណាងឲ្យសាសនាភាគតិចធំទី៣ នៅប្រទេសប៉ាគីស្ថាន ប្រសិនបើមិនរាប់បញ្ចូលសហគមន៍ពុទ្ធសាសនា ។ ទោះជាគ្មានជនជាតិសិក្ខធ្វើជាតំណាងរាស្ត្រក៏ដោយ ក៏គាត់បានមានប្រសាសន៍ថា «យើងសូមថ្លែងអំណរគុណចំពោះរដ្ឋាភិបាល ដែលបញ្ចូលប្រជាជនភាគតិចនានា ក្នុងការរៀបចំបង្កើតកម្មវិធីសិក្សារបស់ពួកគេ» ។

លោក ភិតទ័រ ចាកូប ជាប្រធានមជ្ឈមណ្ឌលដើម្បីយុត្តិធម៌សង្គម បានអត្ថាធិប្បាយចំពោះការដាក់បញ្ចូលសាសនសិក្សា ទៅក្នុងកម្មវិធីសិក្សាជាតិតែមួយ ថាជាសមិទ្ធផលសំខាន់មួយ ។ គាត់បាននិយាយទៀតថា «ការដាក់បញ្ចូលទាំងស្រុងនេះគឺជាការដកដង្ហើមយកខ្យល់ឱកាសដ៏បរិសុទ្ធមួយ ។ ទីបញ្ចប់ រដ្ឋាភិបាលកំពុងដោះស្រាយនូវទស្សននិងការសិក្សាដ៏ទូលំទូលាយ ។ ឥឡូវនេះ យើងអាចឈានទៅរកភាពស្មើគ្នា ។ វាជាជំហានមួយទៅមុខ» ។

ប៉ាគីស្ថាន​ជា​ប្រទេស​ដែល​កាន់​សាសនា​ឥស្លាម​ភាគ​ច្រើន ដោយ​មាន​ប្រមាណ ៩៦,៤ ភាគរយ​នៃ​ប្រជាជន​កាន់​សាសនា​ឥស្លាម ។ មូស្លីមភាគច្រើននៅប្រទេសប៉ាគីស្ថានកាន់និកាយស៊ុននី ដែលជានិកាយសាសនាឥស្លាមដ៏ធំបំផុតនៅលើពិភពលោក ខណៈដែល ១០-១៥ ភាគរយនៃឥស្លាមប៉ាគីស្ថានគឺជានិកាយស៊ីអ៊ីត នេះបើយោងតាមទិន្នន័យសម្រាប់ឆ្នាំ ២០០៩ ពីវេទិកាស្តីពីសាសនានិងជីវិតសាធារណៈ របស់មជ្ឈមណ្ឌលស្រាវជ្រាវព្យូ (Pew Research Center’s Forum on Religion & Public Life) ។ និកាយតូចមួយនៃសាសនាឥស្លាមហៅថា Ahmadiyyah ដែលមានដើមកំណើតក្នុងប្រទេសឥណ្ឌា មានអ្នកកាន់សាសនារហូតដល់ប្រាំលាននាក់ នៅក្នុងប្រទេសប៉ាគីស្ថាន ទោះបីជាព័ត៌មានលម្អិតពិតប្រាកដពិបាកកំណត់ដោយសារតែការធ្វើទុក្ខបុកម្នេញលើនិកាយនេះ នៅក្នុងប្រទេសប៉ាគីស្ថានក៏ដោយ ។

សម្រាប់​ពុទ្ធសាសនិក​ក្នុង​ប្រទេស​ប៉ាគីស្ថាន ការបញ្ចូលកម្មវិធីសាសនសិក្សាថ្មីនេះ​កើត​ឡើង​នៅ​ពេល​វេលា​ដ៏​សំខាន់ ។ មានសហគមន៍មួយចំនួននៃអ្នកកាន់ព្រះពុទ្ធសាសនានៅក្នុងប្រទេសប៉ាគីស្ថាន ប៉ុន្តែកង្វះកន្លែងសម្រាប់គោរពបូជានិងគ្រូបង្រៀនបានធ្វើឲ្យអ្នកខ្លះព្រួយបារម្ភថា សាសនាអាចសាបសូន្យនៅក្នុងប្រទេស ។ ទន្ទឹមនឹងនោះ អ្នកបុរាណវត្ថុវិទូបានរុករកឃើញទីតាំងពុទ្ធសាសនាបុរាណជាច្រើននៅក្នុងប្រទេសប៉ាគីស្ថាន ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដែលបង្កើនចំណាប់អារម្មណ៍ក្នុងចំណោមអ្នកប្រាជ្ញ និងអ្នកប្រតិបត្តិព្រះពុទ្ធសាសនា ក្នុងការទៅទស្សនាប្រទេសប៉ាគីស្ថាន ។ ក្នុងឆ្នាំ ២០១៩ រដ្ឋាភិបាលនៃប្រទេសប៉ាគីស្ថានបានផ្តល់ការអនុញ្ញាតឲ្យពុទ្ធសាសនានិកាយ Jogye Order នៃព្រះពុទ្ធសាសនាកូរ៉េ ដើម្បីកសាងព្រះវិហារព្រះពុទ្ធសាសនានៅទីតាំងបុរាណមួយនៅក្នុងប្រទេស ។

នៅក្នុងសន្និសិទមួយសប្តាហ៍នេះ ប្រធានាធិបតីប៉ាគីស្ថាន លោកបណ្ឌិត Arif Alvi បានមានប្រសាសន៍ថា ការផ្សព្វផ្សាយព្រះពុទ្ធសាសនាទៅកាន់ទីកន្លែងនានា ដូចជាប្រទេសកូរ៉េ និងប្រទេសជប៉ុន បានមកពីភាគខាងជើងប្រទេសប៉ាគីស្ថាន ដែលបានបង្ហាញពីតួនាទីដែលប្រទេសនេះធ្លាប់ដើរតួជាកត្តាសំខាន់ក្នុងការផ្សព្វផ្សាយសាសនា ។ នៅក្នុងសុន្ទរកថារបស់គាត់ ដែលយោងតាមសេចក្តីរាយការណ៍ព័ត៌មាន គាត់បានមានប្រសាសន៍ថា «ព្រះពុទ្ធបានបង្រៀនថា ក្នុងវត្តមាននៃលោកិយតណ្ហា មិនអាចមានសន្តិភាពបានទេ ហើយពាក្យប្រៀនប្រដៅនេះត្រូវបានឆ្លុះបញ្ចាំងនៅក្នុងព្រះពុទ្ធរូបសម្ដែងទុក្ខរកិរិយា ។ ព្រះពុទ្ធ​សាសនា​បាន​សង្កត់​ធ្ងន់​លើ​ការ​ទប់​ស្កាត់​សេចក្តី​ប៉ង​ប្រាថ្នា​ក្នុង​ជីវិត ​ដើម្បី​ជ្រាបច្បាស់នូវ​អារម្មណ៍​មនុស្សលោក​ជា​មូលដ្ឋាន​ផ្សេង​ទៀត» ៕

© រក្សាសិទ្ធិដោយលោកវិទូ

No comments:

Post a Comment