ព្រឹទ្ធាចារ្យ សោម ងន អតីតនិស្សិតខ្មែរនិងជាសិស្សលោកគ្រូវិបស្សនាហ្គោអិនកា, ឥណ្ឌា - លោកវិទូ

ព័ត៌មានថ្មីៗ

Wednesday, April 20, 2022

ព្រឹទ្ធាចារ្យ សោម ងន អតីតនិស្សិតខ្មែរនិងជាសិស្សលោកគ្រូវិបស្សនាហ្គោអិនកា, ឥណ្ឌា

ព្រឹទ្ធាចារ្យ សោម ងន ។ រូបភាព៖ ហ្វេសប៊ុក

លោកវិទូ | ថ្ងៃ ៤᧴៥ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៥ | ២០ មេសា ២០២២ 

លោកព្រឹទ្ធាចារ្យ សោម ងន (១៩៣០-២០១៧) ធ្លាប់បានសិក្សានៅក្រៅប្រទេសរហូតដល់បីប្រទេសគឺ ភូមា សៀម និងឥណ្ឌា ហើយធ្លាប់បានសិក្សាវិបស្សនា ក្នុងសម្នាក់លោកគ្រូវិបស្សនាដ៏ល្បីល្បាញមួយរូបគឺ លោកគ្រូ អេស.អិន. ហ្គោអិនកា នៅរដ្ឋមហារាស្ត្រ ប្រទេសឥណ្ឌា ។ 

យោងតាមប្រវត្តិសង្ខេបដែលបានសរសេរនៅក្នុងសៀវភៅមួយចំនួនរបស់គាត់ លោកព្រឹទ្ធាចារ្យ សោម ងន បានកើតនៅក្នុងឆ្នាំ១៩៣០ ក្នុងសម័យអាណានិគមនិយមបារាំង (នាស្រុកព្រៃកម្បាស ខេត្តតាកែវ) ។ គាត់បានចូលបួសក្នុងសម្នាក់ព្រះពុទ្ធសាសនា ជាសាមណេរ នៅអាយុ ១៣ ឆ្នាំ លុះដល់អាយុ ២០ ទើបបានបំពេញភិក្ខុភាវ និងតាំងនៅក្នុងផ្នួសរហូតដល់អាយុ ៤០ ឆ្នាំ ។ កាលនៅជាសមណនិស្សិត លោកព្រឹទ្ធាចារ្យ បានសិក្សានៅពុទ្ធិកវិទ្យាល័យភ្នំពេញ (សាលាបាលី) រួចហើយបានក្លាយជាសាស្ត្រាចារ្យនៅពុទ្ធិកវិទ្យាល័យភ្នំពេញនេះទៀតផង ។ 

នៅក្នុងសម័យសង្គមរាស្ត្រនិយម លោកព្រឹទ្ធាចារ្យបានបន្តការសិក្សានៅប្រទេសក្រៅ នៅពុទ្ធិកមហាវិទ្យាល័យធម្មទូត នៅទីក្រុងរ៉ង្គូន ប្រទេសភូមា និងពុទ្ធិកសាកលវិទ្យាល័យមហាចុឡាឡុងកន នៅទីក្រុងបាងកក ប្រទេសសៀម ។ តមកក្នុងរវាងឆ្នាំ ១៩៦៣-១៩៧០ គាត់បានទៅបន្តការសិក្សាវិជ្ជាផ្សេងៗនៅវិទ្យាល័យ និងសាកលវិទ្យាល័យពូណា (បច្ចុប្បន្ន ពូណេ) ក្នុងរដ្ឋមហារាស្ត្រ នៃប្រទេសឥណ្ឌា រហូតទទួលបានសញ្ញាបត្រថ្នាក់បរិញ្ញាបត្រ (នយោបាយ អង់គ្លេស និងចិត្តវិទ្យា) និងថ្នាក់អនុបណ្ឌិតវិទ្យាសាស្ត្រនយោបាយ ។ ពូណាជាសាកលវិទ្យាល័យល្បីឈ្មោះមួយនៅប្រទេសឥណ្ឌា ហើយនិស្សិតខ្មែរជំនាន់ក្រោយមកដូចជា បណ្ឌិត សំ បេ ក៏បានសិក្សានៅទីនោះដែរ ។

ក្រោយពីចប់ការសិក្សានៅប្រទេសឥណ្ឌា គាត់បានត្រលប់ទៅស្រុកខ្មែរវិញ ហើយបានទទួលការតែងតាំងជាសាស្ត្រាចារ្យបង្រៀនភាសាអង់គ្លេស នៅវិទ្យាល័យបឹងត្របែក និងនៅមហាវិទ្យាល័យអក្សរសាស្ត្រ ភ្នំពេញ ។ មុនជ័យជម្នះរបស់ពួកខ្មែរក្រហម គាត់បានភៀសខ្លួនទៅរស់នៅសហរដ្ឋអាម៉េរិក តាំងពីឆ្នាំ១៩៧៥រហូតមក ។ នៅលើទឹកដីថ្មីនោះ លោកព្រឹទ្ធាចារ្យបានរៀបរៀងអត្ថបទ និងបកប្រែពីភាសាអង់គ្លេសទៅជាភាសាខ្មែរ ឬពីភាសាខ្មែរទៅជាភាសាអង់គ្លេស សម្រាប់សាលារៀននានា ដើម្បីជាប្រយោជន៍ដល់ការសិក្សារបស់ជនភៀសខ្លួនខ្មែរ និងកូនចៅជំនាន់ក្រោយ ។

តាំងពីឆ្នាំ២០០៥ គាត់និងភរិយាគាត់បានសិក្សាប្រតិបត្តិវិបស្សនា ក្នុងសម្នាក់លោកគ្រូវិបស្សនាដ៏ល្បីឈ្មោះនៅប្រទេសឥណ្ឌាគឺ លោកគ្រូ អេស.អិន ហ្គោអិនកា រហូតដល់អាចរៀបរៀងសៀវភៅសិក្សាវិបស្សនាទៀតផង ។ គាត់បានសរសេរសៀវភៅវិបស្សនាមួយក្បាលមានចំណងជើងថា «Meditation for All: Vipassanā Meditation» (សមាធិសម្រាប់អ្នកទាំងអស់គ្នា៖ វិបស្សនាសមាធិ) ក្នុងឆ្នាំ២០០៨ ដែលជាសៀវភៅណែនាំតូចមួយដែលទទួលបានការពេញនិយមពីសម្នាក់អ្នកប្រតិបត្តិវិបស្សនាជាតិនិងអន្តរជាតិ ។

ក្នុងឆ្នាំ២០០១ គាត់បានបោះពុម្ពសៀវដ៏សំខាន់មួយទៀតក្រោមចំណងជើងថា «ពន្លឺពុទ្ធសាសនា» ។ នៅក្នុងសៀវភៅនេះ គាត់សរសេរអត្ថាធិប្បាយអំពី «សុខសន្តិភាពតាមគន្លងព្រះពុទ្ធសាសនា» ដែលមានសេចក្តីជាសម្រង់យ៉ាងនេះថា៖

តាមពិតទៅ សត្វលោកទាំងអស់ហាក់ដូចជាកើតមកលេងៗ ស្លាប់ទៅវិញក៏លេងៗក្នុងន័យថា លំបាកនឹងកើត កើតមកហើយ លំបាកនឹងរស់នៅ រស់ហើយខ្លាចស្លាប់ទៅវិញ ហើយភាគច្រើនមិនសូវចង់ស្លាប់ទៅវិញទេ ចង់តែរស់នៅតទៅទៀត ។ ទោះបីយ៉ាងណាព្រះពុទ្ធសាសនា ប្រដៅមនុស្សឲ្យមានសង្ឃឹមក្នុងការរស់នៅជាមនុស្ស គឺត្រូវមានសេចក្តីក្លាហាន និងស្មារតីស្មោះត្រង់ចំពោះការងារ ដើម្បីប្តូរយកសេចក្តីសុខក្សេមក្សាន្តសន្តិភាពក្នុងលោកនេះ និងលោកខាងមុខ ។

ស្នាដៃក្នុងការតែងនិពន្ធមួយចំនួន៖

១. Som, Ngon. Cambodia: A resource guide for teachers. Berkeley Unified School District, 1976.
២. Som, Ngon. Meditation for All: Vipassanā Meditation. United States, free distribution, 2008.
៣. សោម ងន. ពន្លឺពុទ្ធសាសនា. ភ្នំពេញ រោងពុម្ពភ្នំពេញ ព.ស. ២៥៤៨ គ.ស. ២០០១ (២០០៥) ។

*រក្សាសិទ្ធិក្នុងការកែសម្រួលអត្ថបទបន្ថែមទៀត ។

© រក្សាសិទ្ធិដោយលោកវិទូ

No comments:

Post a Comment