ព្រះតេជគុណ ចន្ទប្បិយោ រីម ចាន់រ៉ា៖ ឈប់ឆ្កួតទៅកូន! - លោកវិទូ

ព័ត៌មានថ្មីៗ

Thursday, May 12, 2022

ព្រះតេជគុណ ចន្ទប្បិយោ រីម ចាន់រ៉ា៖ ឈប់ឆ្កួតទៅកូន!

រូបគំនូរបឋមសង្គាយនា (កំឡុង ស.វ.ទី ៥ មុន គ.ស.) នៅរាជគុហា ទីក្រុងរាជគ្រឹះ (រដ្ឋឧត្តរប្រទេស) ។ រូបភាព៖ វត្តវនជេតពន wikipedia

លោកវិទូ | ថ្ងៃ ៥᧬៦ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៥ | ១២ ឧសភា ២០២២

ព្រះតេជគុណ ចន្ទប្បិយោ រឹម ចាន់រ៉ា បានឆ្លើយតបទៅនឹងមតិរបស់អ្នកលេងហ្វេសប៊ុកមួយរូបឈ្មោះ ឈូក ក្រពុំ ដែលមានវិចិកិច្ឆាចំពោះសុក្រឹតភាពនៃព្រះត្រៃបិកដកថា «ការកត់ត្រាពីមួយជំនាន់ទៅមួយជំនាន់ ពីដៃមនុស្សម្នាក់ទៅដៃមនុស្សម្នាក់ទៀត....រាប់រយឆ្នាំមកហើយ មិនដឹងថាគេបានកែស្អីខ្លះទេ បិដកហ្នឹង!» ។ ព្រះតេជគុណមានថេរដីកាថា «ឈប់ឆ្កួតទៅកូន!» ដោយមានសេចក្តីពន្យល់សព្វគ្រប់ដូចខាងក្រោម៖

ប្រវត្តិនៃការសង្គាយនាធម្មវិន័យព្រះពុទ្ធ

សង្គាយនា គឺជាការប្រមូលយកពុទ្ធដីកាទាំងអស់ ដែលព្រះពុទ្ធជាគ្រូបានត្រាស់សម្តែង៤៥​ឆ្នាំ មកចាត់រៀបចំជាធម្មខន្ធតាមលំដាប់ តាមប្រភេទ ជាវិន័យ សុត្តន្ត និង អភិធម្ម ជាការធ្វើមួយដែលចាត់ទុកថាជួយជម្រះ ឬជួយរុញច្រាន ផ្សព្វផ្សាយ និងអភិរក្សទុកនូវមេរៀនមានតម្លៃនៃអ្នកត្រាស់ដឹង ជាបុគ្គលឯកតែមួយលើលោក ដើម្បីជាប្រយោជន៍ដល់ជនជាន់ក្រោយអ្នកមានឧបនិស្ស័យនឹងមេរៀនទាំងនោះផង ។

សង្គាយនាមិនមែនជាការកែតម្រូវ ឬកាត់ចោលថែមថយ សរុបសេចក្តី ឬបញ្ជូលការយល់ឃើញ​អី្វនោះឡើយ វាត្រឹមជាការប្រមូលផ្គុំ និងរៀបចំប្រកាសឱ្យមានការទទួលស្គាល់ដល់ប្រជាករដែលជាពុទ្ធសាសនិក ឬមនុស្សជាតិគ្រប់គ្នាបានដឹង ទទួលស្គាល់ ហើយយកជាការ​ក្នុងការរៀនសូត្រ បដិបត្តិប៉ុណ្ណោះ។ ខាងក្រោមនេះជាសាវតា និងអត្ថន័យនៃការសង្គយនាដោយសង្ខេប តាំងពីសម័យក្រោយព្រះបរិនិព្វាន រហូតដល់បច្ចុប្បន្ន ។
 

សង្គាយនាលើកទី១

ព្រះបាទអជាតសត្តុនៃនគរ មគធៈ បានឧបត្ថម្ភឲ្យធ្វើសង្គាយនា​លើក​មួយឡើង ​ធ្វើនៅ​​សត្តបណ្ណគុហារ ដែល​ស្ថិត​នៅ​ខាង​ក្រៅ​ក្រុង​រាជគ្រឹះ (សព្វថ្ងៃ​ហៅ​ថា រ៉ាជគ័រ Rajgir) នាពេល ៣​ខែ បន្ទាប់ពីព្រះពុទ្ធបរិនិព្វាន, ៥៤៤ឆ្នាំ មុន​គ្រិស្ត​សករាជ​។​ ធ្វើឡើងព្រោះប្រារព្ភចង់លុតបំបាក់គំនិតខូចរបស់ភិក្ខុចាស់មួយរូបឈ្មោះ សុភទ្ទៈ ដែលលោកអង្គនេះ បានបង្ហាញសញ្ញាអាក្រក់ថា​ រូបលោកនឹងមិនខ្វល់ពីធម្មវិន័យស្អីទៀតហើយ ព្រះពុទ្ធបរិនិព្វានហើយ គឺចប់ហើយ! យើងចង់ធ្វើអ្វី ធ្វើហ្នុងទៅ....។ 

ការសង្គាយនាលើកនេះចូលរួមដោយព្រះអរហន្ត ចំនួន៥០០អង្គ ដែលមួយអង្គៗ ប្រកបដោយ អភិញ្ញា៦ វិជ្ជា៣ បដិសម្ភិទា៤ ស្ថិតក្រោមអធិបតេយ្យភាព ព្រះមហាថេរៈ ៣រូប គឺព្រះមហាកស្សបៈ ព្រះអនុរុទ្ធ ព្រះថេរៈអានន្ទ, ដោយប្រើរយៈពេលរៀបចំ ៧ខែ ទើបហើយស្រេចបាច់ ។​

សង្គាយនាលើកទី២

កន្លងមកបាន១០០ឆ្នាំ មានភិក្ខុកូនចៅអ្នកដែនវជ្ជី ចេញបួសព្រោះសម្លឹងដល់លាភ យសស័ក្តិ៍ ក្នុងពុទ្ធសាសនា ទើបមានគំនិតចង្អៀតចង្អល់មិនចង់រស់ក្រោមច្បាប់ធម្មវិន័យព្រះសាស្តា ព្រោះថាធម្មវិន័យនោះមានការរឹតបន្តឹងការប្រព្រឹត្តិ មិនអនុញ្ញាតឱ្យលោករូបណាមួយបានឱកាសរកលាភ សាងយសស័ក្តិ៍បានសមបំណងឡើយ ម្លោះហើយ ទើបជំទាស់ចិត្តលាមកនៃពួកលោកវជ្ជីទាំងនោះ ពួកលោកទើបនាំគ្នាបង្កើតច្បាប់ថ្មី១០ប្រការគឺ

១ ដាក់អំបិលទុកក្នុងបំពង់ (ទុកគ្រឿងទេសថែមថយម្ហូប)
២ ឆាន់ចង្ហាន់ក្រោយថ្ងៃត្រង់ (បាយពេលណាក៏បាន)
៣ ឆាន់ចង្ហាន់ម្តង រួចចុះទៅបិណ្ឌបាត្រតាមភូមិទៀតឥតកំណត់វេលា
៤ ធ្វើពិធីបុណ្យឧបោសថជាមួយសង្ឃ ដែលនៅកន្លែងជាមួយគ្នា
៥ ធ្វើពិធីកម្មជាផ្លូវការ នៅពេលដែលក្រុមសង្ឃមិនគ្រប់លក្ខណៈ
៦ ធ្វើតាមកិច្ចប្រតិបត្តិខ្លះ តាមតែគ្រូថា អត់ខ្វល់ច្បាប់ព្រះឡើយ
៧ ឆាន់ទឹកដោះជូរបន្ទាប់ពីឆាន់ចង្ហាន់ថ្ងៃត្រង់រួចហើយ
៨ ឆាន់ភេសជ្ជៈខ្លាំងមុនគេយកទៅបន្ទំស្រា
៩ ប្រើប្រាស់កំរាលដែលមានទំហំខុសខ្នាតវិន័យ
១០ ប្រើមាសនិងប្រាក់ ។​

អំពើមិនប្រសើររបស់ព្រះសង្ឃទាំងនេះ ក្លាយទៅជារឿង ហើយបង្កើតជាការជំទាស់គ្នាធំ ព្រោះគេគិតថាការរំលោភលើសិក្ខាបទនេះ ផ្ទុយស្រឡះអំពីច្បាប់ដើម ដែលព្រះពុទ្ធបានបញ្ញត្តិ ។ កាលណោះ អ្នកដែលផ្តើមគំនិតប្រឆាំងលោកខូចៗទាំងនេះមុនគេ គឺព្រះថេរៈនាម យសៈ ជាសីហបុរស មិនញញើតហ្វូងឆ្កែចចក លោកបានគៀងគរឱ្យមានការសង្គាយនាឡើង ។ ការធ្វើសង្គាយនាលើកនេះ មានការចូលរួមដោយ ស្តេចនាម កាឡសោក ជាអ្នកឧបត្ថម្ភ ធ្វើនៅក្រុងវេសាលី និងមានកាលចូលរួម ដោយព្រះអរហន្តចំនួន ៧០០អង្គ ។ ក្រោយការធ្វើសង្គាយនានេះ ពួកលោកខូចទាំងនោះមិនយល់ស្រប ទើបរត់ទៅបង្កើតហ្វូងធំឡើងៗថ្មី ហើយប្តេជ្ញាថា ត្រូវដើរតាមគំនិតរបស់ខ្លួនតទៅ ។​

សង្គាយនាលើកទី៣

លើកនេះត្រូវ​បាន​ធ្វើ​ឡើង​នៅ​ខ្ទង់​ឆ្នាំ ២៤៧ មុន​គ្រិស្តសករាជ ។ ឧបត្ថម្ភដោយ ស្តេច​ នាម អសោក (Ashoka) នៃ​រាជវង្ស មោរ្យា (Mauryan) នៅ​ឯ​ទីក្រុង​បាដលីបុត្រ សព្វថ្ងៃ​ហៅ​ថា​ក្រុង​ ប៉័តណា នៃ​រដ្ឋ​ ប៊ីហារ នៃ​ប្រទេស​ឥណ្ឌា ។ មូលហេតុនៃការធ្វើសង្គាយនាលើកនេះ ព្រោះកាលណោះ ពុទ្ធសាសនារីកចម្រើនខ្លាំង ទាំងផ្នែកបរិយត្តិ និងបដិបត្តិ ព្រះបាទអសោករាជ ទ្រង់ជាពុទ្ធសាសនិកក្លាវក្លា ឆ្លាត និងមានសទ្ធាមុតមាំផងនោះ បានធ្វើការឧបត្ថម្ភជាសក្ការៈបូជាដល់ភិក្ខុសង្ឃ និងអ្នកសិក្សាទាំងឡាយ ។ 

កាលណោះឯងមាន សមណអ្នកបួសនិកាយផ្សេង រួមទាំងខិលខូចមាននិន្នាការបរទេសមួយចំនួនធំ កើតចិត្តល្មោភចង់បានសក្ការៈ និងច្រណែនភិក្ខុសង្ឃផង ក្តៅក្រហាយនិងមេរៀនព្រះពុទ្ធផងនោះ ក៏នាំគ្នាកោរសក់ពាក់ចីវរឯងៗបន្លំចូលទៅតាមវត្តអារាម ហើយតាំងពោលធម៌អញធម៌ប្លមៗតាមតែនឹកឃើញ ដោយអះអាងថាជាពុទ្ធដីកាព្រះ ធ្វើឱ្យកើតការយល់ច្រលំ មហាជនកើតក្តីសង្ស័យ មិនដឹងថាណាមួយជាពុទ្ធដីកាពិត ។ 

ពេលនោះព្រះភិក្ខុ​ មោគ្គលិបុត្តតិស្ស ជាព្រះអរហន្តដ៏ល្បីឈ្មោះប្រចាំក្រុង និងទទួលបានការគោរពទុកជាគ្រូនៃមហាក្សត្រអសោកផងនោះ លោកបានចេញត្រួតជម្រះរឿងនេះ ដោយប្រើស្តេចតាំងវេទិការពិសេសមួយជាសាធារណៈ ហើយចាប់ភិក្ខុគ្រប់រូបមកសួរនាំពីមេរៀនព្រះពុទ្ធម្តងម្នាក់ៗ ដោយរូបលោកផ្ទាល់ជាអ្នកស្តាប់ និងអារកាត់ថាណាខុសណាត្រូវ ហើយចាប់ពួកដែលបន្លំបួសពោលខុសៗទាំងនោះផ្សឹកបណ្តេញចេញពីវត្តទាំងអស់ ក្រោមក្រសែភ្នែនៃព្រះអរហន្តទាំងឡាយ​រួមទាំងមន្ត្រីរាជាការជាពុទ្ធសាសនិកផងដែរ ។

ក្រោយចុងបញ្ចប់នៃការធ្វើនេះ តមកទើប​មានការចាត់ចែង សាសនទូត​ជា​ច្រើន​រូបបញ្ជូន​ឲ្យ​ទៅ​ផ្សព្វផ្សាយ​ទ្រឹស្តី​ពុទ្ធសាសនា​នៅ​ក្នុង​ប្រទេស​ផ្សេងៗ ដូច​ជា​រាជាណាចក្រទាំងឡាយ​នៃ​ចក្រភព​ក្រិច​នៅ​ភាគ​ខាង​លិច (ជា​ពិសេស​គឺ​រាជាណាចក្រ​​ទាំងឡាយ​នៅ​ក្បែរ​រាជាណាចក្រ​​ក្រិចបាក់ទ្រា (Greco-Bactrian Kingdom) ហើយ​ប្រហែល​ពួក​គេ​បាន​ទៅ​ដល់​ប្រទេស​នៅ​តំបន់​ឆ្ងាយ​ហួស​ពី​ប្រទេស​ក្រិច​ផង​ក៏​អាច​ថា​បាន​​ នេះ​បើ​យោង​តាម​សិលាចារិក​នៅ​លើ​សរសរស្តម្ភ​របស់​ព្រះបាទ​អសោក ។ 

បើយោង​តាម​ការ​សិក្សា​ស្រាវជ្រាវ​របស់​លោក ហ្វ្រៅវ៉័ល្លន័ (1956) សាសនទូត​ទាំង​នោះ​បានបង្រៀននៅ​តាម​តំបន់​ជាច្រើន​នៃ​ប្រទេស​ឥណ្ឌា ដូច​ជា​ភិក្ខុ មជ្ឈន្តិកៈ នៅ​ដែនដី​ កស្មិរ បង្រៀនដោយ ភិក្ខុ ធម្មរក្ខិតៈ ដែនដីឈ្មោះ មហិស បង្រៀនដោយភិក្ខុឈ្មោះ មហាទេវៈ និងព្រះថេរផ្សេងទៀត ត្រូវបានបញ្ជូនទៅតាមជួរភ្នំ​ហិមាល័យ (Himalaya) ដែល​នៅ​ទី​នោះ​ពួក​គេ​បាន​បង្កើត​និកាយ ហៃមវាដ (Haimavata), អដ្ឋិធាតុ​(ឆ្អឹង)មួយ​ចំនួន​​របស់​ភិក្ខុ​ទាំងឡាយ​នោះ ត្រូវ​បាន​ជីក​រក​ឃើញ​នៅ​ក្រុង​ វេទិសៈ (Vedisa) នៅ​តំបន់​កណ្តាល​នៃ​ប្រទេស​ឥណ្ឌា ។

ចំណែកសាសនទូត​​ដែល​មាន​ឈ្មោះ​ល្បីល្បាញ​ជាង​គេ​​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​នៃ​ពុទ្ធសាសនា​និកាយ​ថេរវាទ​ គឺ​ភិក្ខុ​ មហិន្ទ (Mahinda) ដែល​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ស្រី​លង្កា ដែល​នៅ​ទី​នោះ​លោក​បាន​បង្កើត​និកាយ​ថ្មី​មួយ​ដែល​យើង​បាន​ស្គាល់​រួច​ហើយ​នោះ​គឺ ថេរវាទ ។ សូមបញ្ជាក់ថា ព្រះថេរៈដែលជាសមណទូតដូចដែលបានពោលឈ្មោះខាងលើនោះ សុទ្ធតែជាព្រះអរហន្ត ដែលស្ទាត់ជំនាញក្នុងបិដកទាំង៣ ព្រះទាំងអភិញ្ញា៦ វិជ្ជា៣ និងបដិសម្ភិទា៤ផងដែរ ។

សង្គាយនាលើកទី៤

សម័យ​សង្គាយនាលើកទី ៤ នេះ ពុទ្ធសាសនា​បាន​បែក​ខ្ញែក​ចេញ​ទៅ​ជា​និកាយ ឬ​ក្រុម​ជាច្រើន អស់​រយៈ​ពេល​ដ៏​យូរ​លង់​ណាស់​ទៅ​ហើយ ។ ពុទ្ធសាសនិក​នៃ​​និកាយ​ថេរវាទ​បាន​រួម​គ្នា​ចាត់ចែង​ធ្វើ​សង្គាយនា​លើក​ទី ៤ នេះ​ នៅ​សតវត្ស​ទី ១ មុន​គ្រិស្តសករាជ នៅ​ឯ​​រាជធានី តម្ពបណ្ណិ ពោល​គឺ​នៅ​ប្រទេស​ស្រីលង្កា (Sri Lanka) ​ធ្វើ​នៅ​វត្ត​ អលោកលេនៈ ដែល​សព្វ​ថ្ងៃ​នេះ​​​​មនុស្ស​ទូទៅ​ស្គាល់​ថា​វត្ត​ អាលុវិហារៈ ដែល​កាល​ណោះ​​ប្រទេស​ស្រីលង្កា​​​ស្ថិត​នៅ​ក្រោម​រាជ​នៃ​ស្តេច វដ្តគាមនិ អភយៈ (Vattagamani-Abhaya) ឬ​​ជនជាតិ​ស្រីលង្កា​សព្វថ្ងៃ​​ហៅ​ថា​ស្តេច វលគម្ពៈ នៃ​រាជវង្ស​ អនុរដ្ឋបុរៈ ។​ 

ប៉ុន្តែ​សូម​​បញ្ជាក់​ឲ្យ​​អ្នក​អាន​យល់​ច្បាស់​ថា សង្គាយនា​នៅ​គ្រា​នោះ​គឺ​ត្រូវ​បាន​​ចាត់ចែង​ឡើង​ដោយ​កម្លាំងរួមគ្នា គឺ​មិន​មែន​ស្តេច​អង្គ​ណា​ដឹក​នាំ​សង្គាយនា​នោះ​ទេ គឺ​កើតចេញពីកម្លាំងពុទ្ធសាសនិករួមគ្នាប៉ុនណោះ មូលហេតុនៃការសង្គាយនាលើកនេះ ព្រោះការប្រើគោលនយោបាយ​ដ៏​ឃោរឃៅ​របស់​ស្តេច​ទៅ​លើ​ភិក្ខុ​សង្ឃ​នៃ​និកាយ​មហាវិហារ (Mahavihara priests) ដែល​ជា​ភិក្ខុសង្ឃដើរតាម​ពុទ្ធសាសនា​និកាយ​ថេរវាទ,ក្នុងឱកាស​មួយ​​ ភិក្ខុ​សង្ឃ​នៅ​ក្នុង​និកាយ​នេះ​បាន​ទទួល​រង​ការ​វាយប្រហារ​យ៉ាង​សាហាវ​នៅ​ក្នុង​ទីលាន​នៃ​អារាម​មហាវិហារ ដែល​មាន​ភិក្ខុ​សង្ឃ​ជា​ច្រើន​​បាន​សុគត​ និង ខ្លះ​ទៀត​ត្រូវ​បាន​បណ្តេញ​ឲ្យ​ចេញ​ពី​ទី​អារាម​នេះ ។ 

ម្យ៉ាង ព្រោះភាពឥតលំនឹងនយោបាយប្រទេសជាតិ និងមានហេតុផល​សំខាន់ៗ​ដទៃ​ទៀត​នៃ​ការ​រៀបចំ​ធ្វើ​សង្គាយនា​នៅ​គ្រា​​នននេះឡើង។ ការធ្វើលើកនេះ មានការចារជាអក្សរចុះក្នុងសៀវភៅជាលើកដំបូង គឺ​ជា​ការ​ខិតខំ​សរសេរ​ចង​ក្រង​គម្ពីរ​ព្រះត្រៃបិដក​ជា​ភាសា​បាលី (Pali Canon) ដែល​កាល​ពី​ពេល​មុន​ត្រូវ​បាន​រក្សា​ទុក​តែ​នៅ​ក្នុង​ការ​ចងចាំ​របស់​ព្រះអរហន្ត(មុខបាឋ)ប៉ុណ្ណោះ ។

សង្គាយនាលើកទី៥

សង្គាយនា​លើក​ទី ៥ ធ្វើ​ឡើង​នៅ​ក្រុង មាន្ទល័យ Mandalay ប្រទេស​ភូមា ក្នុង​គ្រិស្តសករាជ ១៨៧១ ក្នុង​រជ្ជកាល​ស្តេច មិនទោន (Mindon) ។ គោលបំណង​​សំខាន់​​របស់​​ការប្រជុំ​​នេះ​ គឺ​ដើម្បី​សូត្រ​​ព្រះធម៌​​​ទាំងអស់​របស់​​ព្រះពុទ្ធ​ ហើយ​ផ្ទៀងផ្ទាត់​រកមើល​ក្រែង​មាន​ធម៌​សេចក្តីបាលីត្រង់កន្លែង​ណាមួយមានភ្លាំងភ្លាត់ ។ សង្គាយនា​​នៅ​គ្រា​​​នេះ​ ស្ថិត​នៅ​​ក្រោម​អធិបតីភាព​របស់​ព្រឹទ្ធាចារ្យ ៣ ព្រះអង្គ គឺ មហាថេរ ជាគរាភិវង្ស (Jagarabhivamsa), ព្រះថេរ នរិន្ទាភិធជ (Narindabhidhaja និង មហាថេរ សុមង្គលសាមិ (Sumangalasami) ដោយ​មាន​ភិក្ខុ​ប្រមាណ ២៤០០ អង្គទៀតចូលរួមផង ។ ការសូត្រធម៌​រួមគ្នា​នោះប្រព្រឹត្តទៅអស់ចំនួន ៥ ខែ ។ 

សូម​បញ្ជាក់​ថា​សង្គាយនា​លើក​ទី ៥ នេះ​គឺ​ជា​កិច្ចការ​របស់​ភិក្ខុសង្ឃនិងរាជការប្រទេស​ភូមា​តែ​មួយ​ប៉ុណ្ណោះ ​(អាចមកពីស្ថានភាពប្រទេសផ្សេងកាលណោះមិនទាន់ព្រមល្មម) ​តែ​សង្គាយនា​លើក​ទី ៦ ដែល​មាន​ប្រទេស​ជាច្រើន​ចូលរួម ហើយ​ក៏​ត្រូវ​បាន​រៀបចំ​ឡើង​នៅ​ប្រទេស​ភូមា​ដដែល ទើប​បាន​ជា​មាន​គោលដៅបង្កប់​មួយ​ថា ពួក​ប្រទេស​ទាំងឡាយ​នោះ​ក៏បាន​ទទួល​ស្គាល់​​សង្គាយនា​លើក​ទី ៥ ដែរ ទើប​ពួក​គេ​ទទួល​យក​ពាក្យ​ថា សង្គាយនា​លើក​ទី ៦ នោះ​ ។ ភារៈកិច្ចម្យ៉ាងទៀតរបស់សង្គាយនានេះ គឺ​ឲ្យ​ចារ​បិដក​​​ទាំងមូលលើផ្ទាំងថ្មម៉ាបចំនួន ៧២៩ សន្លឹក ជា​អក្សរ​ភូមា​ទុក​សម្រាប់​អ្នក​ជំនាន់​ក្រោយ ។ 

កិច្ចការ​​ខាង​​លើ​​នេះ​​បាន​​ធ្វើ​​ឡើង​​បន្ទាប់​ពី​ការ​សូត្រ​ធម៌​​បាន​ដល់​ទី​បញ្ចប់ ហើយ​​ពួក​​ភិក្ខុ​សង្ឃ​​ទាំង​​បាន​​​យល់ព្រម​​ថា​​ត្រឹមត្រូវ​​ហើយ ។ ការងារ​ដ៏​ធំ​សម្បើម​នេះ​បាន​បំពេញ​ដោយ​​សិប្បករ​ដ៏​ចំណានជាច្រើន​រូប ដែល​ក្រោយ​ពី​សន្លឹក​ថ្ម​នីមួយៗ​បាន​ធ្វើ​រួច​ហើយ, ដាក់​ផ្ទាំង​ថ្ម​ទាំងនោះ​ទៅ​ក្នុង​វិហារ​បិដកតូចៗដ៏ល្អប្រណិត នៅទីកន្លែងពិសេសមួយ​ក្នុងទីធ្លាវត្ត គូថោដាវ នៃ​រាជធានី​ មាន្ទល័យ របស់ស្តេច មិនទោន (Mindon) នៅជើងភ្នំមាន្ទល័យ ដែលគេហៅថា គម្ពីរធំបំផុតក្នុងលោក នោះ​បាន​តម្កល់​ទុកនៅទីនោះដល់សព្វថ្ងៃនេះ ។

សង្គាយនាលើកទី៦

ក្នុង​ក្រុង​យ៉ងគោន (Yangon) ​ដែល​​មនុស្ស​ទូទៅ​ធ្លាប់​ហៅ​ថា​ រ៉ង់ហ្គោន (Rangoon) នៃ​ប្រទេស​ភូមា (មីយ៉ាន់ម៉ារសព្វថ្ងៃ)។ មានការ សង្គាយនា​លើក​ទី ៦ កិច្ចនោះ​ត្រូវ​បាន​រៀបចំ​ធ្វើ​នៅ​ក្នុងឆ្នាំ ១៩៥៤ ពោល​គឺ​ ៨៣ ឆ្នាំបន្ទាប់ពីសង្គាយនាលើកទី ៥ ។ សង្គាយនា​លើកទី ៦ នេះ គាំទ្រ​ឡើង​ដោយ​​រដ្ឋាភិបាល​ភូមា ដឹកនាំ​ដោយ​លោក​ឯកឧត្តម​នាយក​រដ្ឋមន្រ្តី អ៊ូនូ (U NU) ។ លោកឯកឧត្តម អ៊ូនូ បានអនុញ្ញាតឲ្យសាង បាសានគុហា (Pasana Guha) គឺ​គុហា​ធំ​ដែល​សង់​ឡើង​ពី​ផ្ទៃ​ក្រោម​ទៅ​ដើម្បី​​ធ្វើ​​ជាកន្លែង​ប្រជុំ ដែល​មាន​សណ្ឋាន​ស្រដៀង​​នឹង​គុហា​ សត្តបន្និ (sattapanni) នៅ​ប្រទេស​ឥណ្ឌាដែរ ដែលជាកន្លែងសង្គាយនាលើកទី១ ។ 

នៅពេលសំណង់បានសាងឡើងចប់សព្វគ្រប់ សង្គាយនាក៏​ចាប់ផ្តើមប្រជុំ នៅថ្ងៃទី ១៧ ឧសភា គ.ស. ១៩៥៤ ។ ដូចគ្នានឹងសង្គាយនាមុនៗដែរ មូលហេតុ​សំខាន់​គឺ​ដើម្បី​អះអាង​និង​រក្សា​ភាពបរិសុទ្ធ​នៃព្រះធម៌ និង ព្រះវិន័យ ។ យ៉ាងណាក៏ដោយ ជាការចម្លែកដែលព្រះសង្ឃ ដែលចូលរួម បានមកពីប្រទេស ៨ ។ ភិក្ខុថេរវាទដែលមានចំណេះខ្ពស់ចំនួន ២៥០០ អង្គ បាននិមន្តមកពីប្រទេសភូមា កម្ពុជា ឥណ្ឌា លាវ នេប៉ាល ស្រីលង្កា ថៃ និង វៀតណាម ។ 

ព្រះថេរ មហាសិសាយាដាវ បានត្រូវតែងតាំងជាអ្នកសួរសំណួរ​ចាំបាច់​អំពីព្រះធម៌របស់ព្រះថេរ ភទន្តវិចិត្តសារាភិវង្ស តិបិដកធរធម្មភន្ទាគារិក ដែលបានឆ្លើយនឹងសំណួរ​ទាំងអស់ ប្រកបដោយការចេះដឹង និង ជាចម្លើយដ៏ត្រឹមត្រូវ ។ ក្នុងពេលវេលានៃសង្គាយនានោះ អ្នកចូលរួមគ្រប់ប្រទេស លើកលែងតែប្រទេសឥណ្ឌា បានប្រែបិដកបាលីទៅជា​អក្សរជាតិរៀងៗខ្លួន ហើយប្រើរយៈពេលអស់ ២ ឆ្នាំ ។ ក្នុងរយៈពេលនេះ ព្រះបិដក និង ឯកសារ​ដែល​ជាប់​ទាក់​ទង​គ្នា​ គ្រប់​អក្សរ​ទាំងអស់​បាន​ត្រូវ​យក​មក​ពិនិត្យ​យ៉ាង​លំបាក ។​ 

នៅ​ទី​បញ្ចប់​បន្ទាប់ពីគណសង្គាយនា បានយល់ព្រមជាផ្លូវការ សៀវភៅបិដក​និង​សេចក្តីពន្យល់ធម៌ទាំងអស់ បានត្រូវគេរៀបចំបោះពុម្ពតាមរបៀបទំនើប ជាអក្សរភូមា ។ ការងារ​ដ៏​ធំ​នេះ​សម្រេច​ជោគជ័យ​ទៅ​បាន ក៏ដោយសារសេចក្តីប្រឹងប្រែង​ដ៏​មោះមុត​របស់ភិក្ខុ ២៥០០ អង្គ ហើយនឹងគ្រហស្ថមួយចំនួនធំទៀត ។ កិច្ចការបានចប់សព្វគ្រប់នៅក្នុង ខែ ឧសភា ឆ្នាំ ១៩៥៦ ពោល​គឺ​ចំនួន​ ២៥០០​ ក្រោយព្រះពុទ្ធបរិនិព្វាន ។ 

ការងារនៃសង្គាយនានេះ ជាការទទួលជោគជ័យដ៏អស្ចារ្យ​នៃអ្នកដំណាងព្រះពុទ្ធសា​សនាពីសកលលោកទាំងមូល ។ កំណែថ្មីរបស់បិដក ដែល​បាន​បង្កើត​ឡើងនេះបាន​ត្រូវគេទទួលស្គាល់ថាត្រឹមត្រូវ​តាមសភាពដើម នៃមេរៀនរបស់ព្រះពុទ្ធជាគ្រូ ហើយជាសេចក្តីបកប្រែដ៏ពិតប្រាកដ មកដល់សព្វថ្ងៃនេះ។ នេះប្រវត្តិមានមកនៃការសង្គាយនា

ដំណោះស្រាយដោយហេតុផល

ប្រសិនបើអ្នកពុំជឿជាក់លើប្រវត្តិសាស្ត្រខាងលើថាពិត ឬមានក្តីសង្ស័យជាមន្ទិល នៅតែលបគិតក្នុងចិត្តថា បិដកសព្វថ្ងៃអាចនឹងមានការសរសេរថែមថយដោយជនណាមួយ ឬមួយសេចក្តីនៃបិដកត្រូវបានបាត់ ខ្វះកន្លះ ឬក៏មានជនខិលខូចណាមួយលបកែ ឬក៏ថា មិនទុកចិត្តលើសមត្ថភាពនៃព្រះអរហន្តទាំងឡាយដែលជាក្រុមដឹកនាំការសង្គាយនាលើកដំបូង ជាដើម ។ ប្រសិនបើអ្នកគិតអ៊ីចឹងមែន ក្នុងនាមអ្នកសិក្សា៖

ទីមួយ ហោចណាស់អ្នកគួរតែចូលទៅមើល ទៅអាន ទៅតាមដានពីប្រវត្តិសាស្ត្រនោះជាមុនសិន ថាតើវាមានដំណើរដើមទងបែបណាជាមុនសិន ជាជាងប៉ានប្រមាណព្រាវៗតាមគេតាមឯងថា ប្រវត្តិសាស្ត្រនោះមិនពិត ។

ទីពីរ អ្នកគួរតែបានអាន បានមើល បានសិក្សាពីបិដកនោះជាមុនសិន អានហើយ មើលហើយ ចូរគិតត្រិះរិះពិចារណា ដោយសមត្ថភាពនៃក្បាលខ្លួន រកឱ្យឃើញថា វាខុសយ៉ាងម៉េច វាគួរឱ្យសង្ស័យយ៉ាងម៉េច វាឆ្គងន័យ ឬក៏រលាយន័យដូចដែលខឹម វាសនា បានថានោះដែរឬយ៉ាងណា ចូររកឱ្យឃើញពីកំហុសនៃបិដកនោះមក ។

ទីបី ប្រសិនបើរកឃើញមែនដោយក្បាលរបស់ខ្លួនថា ខ្លឹមសារនៃបិដកនោះ ខុស ឆ្គង មិនសមហេតុផល...
ចូរយកខ្លឹមសារនោះមកពិភាក្សាគ្នាបែបសាធារណៈ កុំលាក់ទុក បង្កាក្រែងមានអ្នកយល់ខុសតាម ឬមួយបង្កាក្រែងក្បាលឯងអ្នកមើល យល់មិនដល់ខ្លួនឯង ទើបបានជាឃើញថាខុសឆ្គងទៅវិញ ។
 

ប្រយ័ត្ន

ឯពាក្យថា ពាក់កណ្តាលសាសនា ព្រះថា មេរៀនព្រះអង្គបានរលាយន័យអស់់រលីង ហើយមានព្រហ្មចុះមកបំភ្លឺន័យសាថ្មី... គឺព្រះពុទ្ធពុំបានថាត្រង់កន្លែងណាមួយទេ មានតែ ខឹម វាសនា មេបន្លប់ពាក្យព្រះនាសម័យកាលពាក់កណ្តាលសាសនានេះឯង ថាយកៗដោយមាតឮខ្លួនឯងតែម្តង ។ ក្នុងព្រះត្រៃបិដកនោះ មានខ្លឹមសាររាក់ជ្រៅ មានការអធិប្បាយ ពន្យល់ប្រាប់ហេតុផល លើជាឧបមា ឧបមេយ្យឱ្យងាយ លើកជាសំណួរតឿនសតិ បង្ហាញភ័ស្តុតាង លើកព្រឹត្តិការណ៍បញ្ជាក់ហេតុផល មិនមែនឱ្យជឿតាម ឥតពន្យល់នោះទេ ។ 

សរុបមកថា បិដកមានខ្លឹមសារគោលផង ពន្យល់ពង្រាយផង បាលីផង សម្រាយខ្មែរផង មានបិដកក្នុងដៃ ហាក់បីដូចមានគ្រូក្នុងផ្ទះអ្ចឹង សមដូចពាក្យដែលទ្រង់ផ្តាំទុកមុននឹងបរិនិព្វានថា អស់ពីអញតថាគតទៅ មេរៀន គឺបិដក៣នេះ ជាគ្រូរបស់អ្នករាល់គ្នា ។ សម្រាប់ខ្ញុំមួយ ខ្ញុំរកមិនឃើញថា ខ្លឹមសារនៃបិដកសព្វថ្ងៃ មានន័យឆ្គងឬខុសហេតុផល មិនសមទំនង ដែលជាហេតុឱ្យកើតក្តីសង្ស័យថា នោះមិនមែនជាមេរៀនព្រះពុទ្ធ នោះទេ ។ សូមសាកល្បងអាន កុំខ្ជិល!

ដោយព្រះតេជគុណ ចន្ទប្បិយោ រីម ចាន់រ៉ា (ប្រភាព៖ ហ្វេសប៊ុក ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២)

© រក្សាសិទ្ធិដោយលោកវិទូ

No comments:

Post a Comment