ទស្សនទាន៖ សន្លឹកឆ្នោតឆ្លាតវៃ - លោកវិទូ

ព័ត៌មានថ្មីៗ

Tuesday, May 24, 2022

ទស្សនទាន៖ សន្លឹកឆ្នោតឆ្លាតវៃ

រូបភាពថតចេញពីវីដេអូគំនូរជីវចល៖ រឿងទី១ “បោះឆ្នោត ដើម្បីការអភិវឌ្ឍ” របស់ផលិតដោយ គ.ជ.ប ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២២ ។

លោកវិទូ | ថ្ងៃ ៣᧹៦ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ | ២៤ ឧសភា ២០២២ 

គណបក្សនយោបាយចំនួន១៧នឹងចូលរួម ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ នាពេលខាងមុខនេះ ដើម្បីប្រកួតប្រជែងយកអាសនៈក្រុមប្រឹក្សាឃុំ-សង្កាត់ចំនួន ១១៦២២ អាសនៈ ក្នុងឃុំ-សង្កាត់ចំនួន ១៦៥២ និង ២៥ រាជធានី-ខេត្ត ។ ខណៈយុទ្ធនាការឃោសនារកសំឡេងឆ្នោតកំពុងប្រព្រឹត្តទៅយ៉ាងសស្រាក់សស្រាំ រីឯព្រះសង្ឃញាតិញោមបងប្អូនប្រជាពលរដ្ឋខ្មែរវិញកំពុងរង់ចាំថ្ងៃបោះឆ្នោតមកដល់ មានសំណួរសំខាន់មួយចំនួនថា តើប្រជាពលរដ្ឋកម្ពុជាគួរសម្រេចចិត្តបែបណា ក្នុងការបោះឆ្នោតថ្នាក់ក្រោមជាតិនេះ ដើម្បីជះឥទ្ធិពលជាវិជ្ជមានដល់ការអភិវឌ្ឍថ្នាក់មូលដ្ឋាន ស្របតាមគោលនយោបាយវិមជ្ឈការ ក្នុងសង្គមប្រជាធិបតេយ្យសេរីពហុបក្ស? តើអ្នកបោះឆ្នោតគួរផ្លាស់ប្តូរឥរិយាបថក្នុងការបោះឆ្នោតបែបណា ទើបសំឡេងឆ្នោតរបស់ខ្លួនមានឥទ្ធិពលដល់ការអភិវឌ្ឍឃុំ-សង្កាត់ក្នុងរយៈពេលវែង?

មុននឹងចូលដល់តួសេចក្តី សូមបញ្ជាក់ថាការជជែកវែកញែកឈ្វេងយល់តាមដានរឿងនយោបាយ ជារឿងរបស់ពលរដ្ឋគ្រប់រូប រួមទាំងព្រះសង្ឃផងដែរ ។ ប៉ុន្តែខណៈពលរដ្ឋជាគ្រហស្ថអាចចូលរួមក្នុងសកម្មភាពនយោបាយដោយផ្ទាល់បាន ព្រះសង្ឃមិនអាចឬមិនគួរចូលរួមសកម្មភាពនយោបាយដោយផ្ទាល់ទេ ដូចជាការឃោសនាបោះឆ្នោតសម្រាប់គណបក្សនយោបាយណាមួយជាដើម ព្រោះនឹងនាំឲ្យអ្នកគាំទ្របក្សនយោបាយម្ខាងទៀតដែលជាគូបដិបក្ខរិះគន់តិះដៀលបាន ព្រោះសកម្មភាពនោះប៉ះពាល់ដល់ផលប្រយោជន៍បក្សរបស់ខ្លួន ។

ដើម្បីបញ្ជាក់ថា ការនិយាយរឿងនយោបាយ ឬការអប់រំនយោបាយ ជារឿងធម្មតាសម្រាប់ទាំងព្រះសង្ឃផង សូមលើកយកទស្សនៈរបស់សម្តេចព្រះសង្ឃរាជ ជួន ណាត មកបង្ហាញដែលដកស្រង់ពីសៀវភៅ «ទស្សនៈ សម្តេចព្រះសង្ឃរាជ ជួន ណាត» ដែលរៀបរៀងដោយលោក គង់ សម្ភារ នៅឆ្នាំ១៩៧១ ។ ទស្សនៈរបស់ព្រះអង្គមានន័យដាស់តឿនដល់អ្នកបោះឆ្នោត ឲ្យមានសតិក្នុងការជ្រើសរើសតំណាងរបស់ខ្លួនដោយសន្លឹកឆ្នោតឆ្លាតវៃ ដែលមានសេចក្តីដូចខាងក្រោម៖

* ទី១ ការដែលគេមកសុំសន្លឹកឆ្នោតពីយើង គេលុតជង្គង់ដល់ធរណី ព្រោះតែគេចង់ស៊ីថ្លើមយើង ហើយដល់គេបានសន្លឹកឆ្នោតហើយ គេធាក់ធរណីបោលលែងមកក្បែរយើងទៀត តើយើងត្រូវធ្វើដូចម្តេចហ្ន៎ឲ្យបានដូចបំណង?
* ទី២ ការជ្រើសរើសតំណាងយើងពិបាកជាងការរើសកូនប្រសាត្រីភាគ មិនដូចអ្នកល្ងង់ពោលថា បោះឲ្យនរណាក៏ដូចនរណានោះទេ ព្រោះថា អាយុជីវិតនៃប្រទេសជាតិ ត្រូវផ្ញើទៅលើអ្នកតំណាងរបស់យើងផងមួយផ្នែកធំ មិនគួរយើងយកសំបកគ្រំមកទះលេងនោះទេ ។

សារសំខាន់នៃការបោះឆ្នោតឃុំ-សង្កាត់

ចាប់ផ្ដើមដំបូងពីអាណត្តិទី១ ក្នុងឆ្នាំ២០០២ ការបោះឆ្នោតឃុំ-សង្កាត់លើកនេះមានសារសំខាន់ណាស់ សម្រាប់ទាំងគណបក្សនយោបាយ និងប្រជាពលរដ្ឋគ្រប់រូប ក៏ដូចជាសហគមន៍អន្តរជាតិផងដែរ ។ សម្រាប់បក្សនយោបាយ ការគ្រប់គ្រងឬដឹកនាំថ្នាក់មូលដ្ឋាន គឺជាការចូលកៀកនឹងប្រជាពលរដ្ឋដោយផ្ទាល់ ដើម្បីបម្រើ និងអភិវឌ្ឍន៍ភូមិឃុំ ប្រកបដោយប្រសិទ្ធភាព ។ ដូច្នេះ បើមន្ត្រីបក្សនយោបាយគ្រប់គ្រងអំណាចថ្នាក់មូលដ្ឋាន បានបំពេញការងារនិងតួនាទីបានល្អ ជាលទ្ធិផលវានឹងជះឥទ្ធិពលដល់ការសម្រេចចិត្តរបស់ប្រជាពលរដ្ឋ នៅក្នុងការបោះឆ្នោតថ្នាក់ជាតិ ។

ចំពោះប្រជាពលរដ្ឋវិញ ការបោះឆ្នោតឃុំ-សង្កាត់នេះមានសារសំខាន់ណាស់ ព្រោះវានឹងជះឥទ្ធិពលដល់ជីវភាពពួកគាត់ដោយផ្ទាល់ ។ សេវាសាធារណៈ ដូចជាការធ្វើលិខិតស្នាមផ្សេងៗ ការលក់ទិញផ្លាស់ប្តូរអចលនទ្រព្យជាដើម និងការដោះស្រាយបញ្ហានៅមូលដ្ឋាន សុទ្ធតែជាការងាររបស់មន្ត្រីឃុំ-សង្កាត់ ។ សំខាន់ជាងនេះ ក្រុមប្រឹក្សាឃុំ-សង្កាត់គឹជាតំណាងរបស់ប្រជាពលរដ្ឋ ក្នុងការបោះឆ្នោតអសកល ដើម្បីជ្រើសរើសសមាជិកព្រឹទ្ធសភា និងក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ។ ដូច្នេះ ការជ្រើសរើសមេឃុំ-ចៅសង្កាត់ដែលចេះបម្រើរាស្ត្រ ជាជម្រើសនិងជាអំណាចផ្ទាល់របស់ប្រជាពលរដ្ឋខ្លួនឯង ដែលជាសិទ្ធិនយោបាយក្នុងសង្គមប្រជាធិបតេយ្យ ដូចដែលបានចែងនៅក្នុងច្បាប់រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ។

បន្ថែមលើនេះ ការបោះឆ្នោតឃុំ-សង្កាត់លើកនេះមានសារសំខាន់ជាងធម្មតា ដោយសារវាជាការស្ទង់មើលលម្ហនយោបាយនៅកម្ពុជាឡើងវិញ បន្ទាប់ពីការបោះឆ្នោតជាតិឆ្នាំ២០១៨ ដែលអវត្តមានគណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំងធំមួយ ដែលត្រូវបានរំលាយដោយតុលាការកំពូលមួយឆ្នាំមុនការបោះឆ្នោត និងបន្ទាប់ពីការរឹតត្បិតសកម្មភាពនយោបាយជាបន្តបន្ទាប់ ។ ទន្ទឹមនឹងនេះ សហគមន៍អន្តរជាតិកំពុងតាមដានដំណើរការណ៍នៃការបោះឆ្នោតដោយយកចិត្តទុកដាក់ ខណៈគណបក្សប្រឆាំងធំមួយដែលមានកម្លាំងគាំទ្រប្រហាក់ប្រហែលនឹងគណបក្សកាន់អំណាច បានសម្រេចចិត្តចូលរួមប្រកួតប្រជែង ក្នុងការបោះឆ្នោះសកលនេះ ។

ក្នុងបរិយាកាសនយោបាយដែលនៅតានតឹងនៅឡើយ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គទ្រង់បានចេញព្រះសារលិខិតជាសាធារណៈមួយ ជូនដល់ជនរួមជាតិកុំឲ្យមានការព្រួយបារម្ភ ។ ព្រះរាជសារមានអត្ថន័យថា «សុំកុំឲ្យមានការព្រួយបារម្ភពីការគាបសង្កត់ ការគម្រាមកំហែង ឬសម្លុតពីជនណាម្នាក់ ឬគណបក្សណាមួយឲ្យសោះ ។ [...] សូមមេត្តាប្រើសិទ្ធិសេរីភាពរបស់ខ្លួន បោះឆ្នោតទៅតាមសតិសម្បជញ្ញៈរបស់ខ្លួនម្នាក់ៗ ដែលមានទំនុកចិត្តទៅលើបេក្ខជន ឬគណបក្សនយោបាយណាមួយ» ។

គោលនយោបាយអភិវឌ្ឍន៍ឃុំ-សង្កាត់ឆ្នាំ២០២២

ដើម្បីធ្វើការសម្រេចចិត្តឲ្យបានត្រឹមត្រូវ អ្នកបោះឆ្នោតត្រូវឈ្វេងយល់ពីបញ្ហាធំៗនៅថ្នាក់មូលដ្ឋាន ហើយរំពឹងថាតើគណបក្សនយោបាយមួយណា ដែលអាចនឹងដោះស្រាយវិបត្តិនោះបានឬមិនបាន ។ យើងត្រូវមើលបញ្ហាធំៗ ដែលមិនអាចដោះស្រាយបាន ជាច្រើនអាណត្តិមកហើយ ។ ខ្ញុំសូមលើកយកតែបញ្ហាធំបីទេ ដែលជាបញ្ហារយៈពេលវែង ដែលបងប្អូនប្រជាពលរដ្ឋ តែងជួបប្រទះក្នុងជីវភាពប្រចាំថ្ងៃ នៅថ្នាក់មូលដ្ឋាន ។ បញ្ហាធំទាំងបីនោះគឺ អំពើពុករលួយ ចរាចរណ៍គ្រឿងញៀន និងការខ្ចីបុល (បំណុល) ។ តើគណបក្សនយោបាយណាមួយអាចដោះស្រាយវិបត្តិរាប់ទសវត្សរ៍នេះបាន និងមានប្រសិទ្ធភាពជាង?

យើងសង្កេតឃើញថា គណបក្សនយោបាយភាគច្រើនបានកំណត់បញ្ហាធំៗទាំងបីនេះ ក្នុងចំណោមបញ្ហាដទៃទៀតដូចជា សុខាភិបាល ការសិក្សាអប់រំ សន្តិសុខ ហេដ្ឋារចនាសម្ព័ន្ធ និងបរិស្ថានជាដើម នៅក្នុងព្រឹត្តិបត្រឃោសនាគោលនយោបាយរបស់ខ្លួន ។ យើងសូមសិក្សាទៅលើគោលនយោបាយអភិវឌ្ឍន៍ឃុំ-សង្កាត់របស់គណបក្សធំពីរដែលលេចធ្លោជាងគេគឺ គណបក្សដ៏ចាស់វស្សាជាងគេគឺ គណបក្សប្រជាជនកម្ពុជា និងគណបក្សចាស់ដែលទើបធ្វើសកម្មភាពសាឡើងវិញគឺ គណបក្សភ្លើងទៀន ។

បើមើលទៅ «គោលនយោបាយសំខាន់ៗ សម្រាប់អភិវឌ្ឍឃុំ-សង្កាត់ ២០១៧-២០២២ របស់គណបក្សប្រជាជនកម្ពុជា» ដែលចុះផ្សាយដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ឃើញថា ក្នុងចំណោម ១៣ ចំណុច មិនមាននិយាយអំពីអំពើពុករលួយទេ គ្រឿងញៀនក៏អត់ដែរ តែបាននិយាយពី«គោលនយោបាយភូមិឃុំមានសុវត្ថិភាព»របស់ក្រសួងមហាផ្ទៃ ដែលបញ្ចូលបញ្ហាគ្រឿងញៀនផងដែរ ។ «[ការ]ខិតខំកាត់បន្ថយអត្រាការប្រាក់ក្នុងវិស័យមីក្រូហិរញ្ញវត្ថុឲ្យស្ថិតនៅក្នុងកម្រិតសមរម្យ...» ក៏ត្រូវបានលើកឡើងដែរ ។

សម្រាប់អាណត្តិថ្មីនេះ គណបក្សប្រជាជនកម្ពុជាបានជម្រុះគោលនយោបាយអភិវឌ្ឍន៍ឃុំ-សង្កាត់ឲ្យនៅសល់ចំនួនត្រឹមតែ ៧ ចំណុចប៉ុណ្ណោះ ដោយភាគច្រើនផ្តោតលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ។ ក្នុងនោះមាននិយាយអំពី «ឃុំ សង្កាត់...គ្មានអំពើពួករលួយ» ត្រង់ចំណុចទី៦ តែហាក់ពុំឃើញមានពាក្យ «គ្មានគ្រឿងញៀន» ទេ ។ ត្រង់បញ្ហាខ្ចីបុល បក្សនេះមានគោលការណ៍ «ផ្តល់ប្រាក់កម្ចីមានអាត្រាការប្រាក់ទាបសមរម្យសម្រាប់បង្កើត និងពង្រីកមុខរបរ» ជាផ្នែកតូចមួយនៃចំណុចទី៤ ។

ជាអតីតគណបក្សសមសរង្ស៊ី គណបក្សភ្លើងទៀនមិនបានចូលរួមការបោះឆ្នោតឃុំ-សង្កាត់អាណត្តិទី៤ (២០១៧) ទេ ដោយទុកឲ្យគណបក្សសង្គ្រោះជាតិចូលរួមជំនួសវិញ ដែលមានគោលនយោបាយដោះស្រាយបញ្ហាធំៗទាំងបីដូចគ្នា ។ ដោយសារគណបក្សសង្គ្រោះជាតិត្រូវបានរំលាយ ទើបគណបក្សភ្លើងទៀនមានវត្តមានជំនួសវិញ សម្រាប់ការបោះឆ្នោតឃុំ-សង្កាត់អាណត្តិថ្មីនេះ ។

គណបក្សភ្លើងទៀនដែលចេញធ្វើសកម្មភាពនយោបាយក្រោយគេនេះ មានគោលនយោបាយសម្រាប់ឃុំ-សង្កាតចំនួន ៧ ចំណុច ដូចគណបក្សប្រជាជនកម្ពុជាដែរ សម្រាប់អាណត្តិទី៥ (២០២២) នេះ ។ ក្នុងនោះក៏មានការលើកឡើងអំពីបញ្ហាធំៗទាំងបីនេះដែរ ។ ត្រង់ចំណុចទី២ «សេវាសាធារណៈ» បក្សនេះសន្យាថា «មេឃុំ-ចៅសង្កាត់ គណបក្សភ្លើងទៀន...គ្មានអំពើពុករលួយ» ។ ត្រង់ចំណុចទី៣ «ពង្រឹងសន្តិសុខ» បក្សនេះសន្យា «បំបាត់ការជួញដូរ និងប្រើប្រាស់គ្រឿងញៀន» ។ ត្រង់ចំណុចទី៥ទាំងស្រុងដោយប្រើអក្សរមូលថា «ប្រឹក្សាយោបល់ពីការខ្ចីបុល» បានរៀបរាប់៣ចំណុចសំខាន់ដែលមេឃុំ-ចៅសង្កាត់ត្រូវធ្វើពាក់ព័ន្ធនឹងបញ្ហានេះដែលបង្ហាញថាវាជាបញ្ហាអាទិភាព៖ (ក) ផ្ដល់ឬចេញឯកសារតម្រូវការក្នុងការខ្ចីបុល តែត្រូវធានាថាប្រាក់កម្ចីធានាគារមានអត្រាការប្រាក់ទាប់បំផុត (ខ) ផ្ដល់ការពន្យល់ពីផលវិបាកនៃបំណុល (គ) និងជួយបង្កើតមូលនិធិសង្គមក្នុងឃុំ-សង្កាត់ ។

ការសម្រេចចិត្ត៖ ដូរមេឃុំចាស់ដាក់មេឃុំថ្មី

អំពើពុករលួយជាបញ្ហាចាក់ស្រេះក្នុងសង្គមខ្មែរ ដែលកើតឡើងជាប្រព័ន្ធជាបក្ខពួកនិងជាក្រុម ដែលមិនអាចដោះស្រាយបាន ។ អំពើពុករលួយថ្នាក់មូលដ្ឋានកើតឡើង ក្នុងរូបភាពពីរយ៉ាងគឺ ដោយការកឹបកេញថវិកាជាតិសម្រាប់អភិវឌ្ឍន៍ឃុំ-សង្កាត់ និងការស៊ីសំណូកសូកប៉ាន់ ទារកម្រៃក្រៅផ្លូវការលើសពីអ្វីដែលរដ្ឋបានកំណត់ ។ ការឃុបឃិតគ្នាលក់ដីរដ្ឋ និងរំលោភបំពានដីរាស្ត្រ ក៏ជាទម្រង់មួយពេញនិយមនៃការប្រព្រឹត្តិអំពើពុករលួយ នាពេលបច្ចុប្បន្ននេះដែរ ។ បើយោងតាមអង្គការតម្លាភាពអន្តរជាតិ កម្ពុជាបន្តស្ថិតនៅក្នុងចំណោមប្រទេសប្រព្រឹត្តអំពើពុករលួយអាក្រក់បំផុត ដោយស្ថិតនៅចំណាត់ថ្នាក់ទី១៥៧ លើ១៨០ប្រទេស នៅក្នុងឆ្នាំ២០២១ ។

ការជួញដូរគ្រឿងញៀនបានវិវិត្តន៍ពីការនាំចូលពីក្រៅប្រទេស ទៅការផលិតក្នុងស្រុកតែម្តង តាមរយៈការនាំចូលវត្ថុធាតុដើមរាប់សិបតោន ។ ការប្រើប្រាស់គ្រឿងញៀនវិញបាននិងកំពុងរីករាលដាល រហូតដល់សហគមន៍ភូមិឃុំ ដែលបានបំផ្លាញអនាគតយុវជនយុវវ័យដែលជាទំពាំងស្នងឫស្សីជាសសរទ្រូងរបស់ប្រទេសជាតិ ។ បើយោងតាមប្រសាសន៍របស់សម្ដេចក្រឡាហោម ស ខេង បច្ចុប្បន្ននេះ ក្នុងចំណោមអ្នកជាប់ឃុំជិត៤ម៉ឺននាក់ មានជាង២ម៉ឺននាក់ ស្មើនឹងជាង ៥៤% ពាក់ព័ន្ធបទល្មើសគ្រឿងញៀន ដែលបង្ហាញពីភាពធ្ងន់ធ្ងរនៃការជួញដូរ និងប្រើប្រាស់គ្រឿងញៀន នៅក្នុងប្រទេសកម្ពុជា ។

កន្លងមក តាមសេចក្តីរាយការណ៍របស់សង្គមស៊ីវីល ការខ្ចីបុលប្រាក់ពីធានាគារ ជាពិសេសក្នុងចំណោមប្រជាជនក្រីក្រខ្វះចំណេះដឹងផ្នែកហិរញ្ញវត្ថុ បានក្លាយជាកូនបំណុលវ័ណ្ឌក ហើយត្រូវបានបង្ខំឲ្យលក់ដី លក់ផ្ទះសម្បែង និងបង្កឲ្យមានពលរដ្ឋកុមារ និងចំណាកស្រុកជាដើម ។ បើតាមអង្គការលីកាដូ បច្ចុប្បន្ន ប្រជាពលរដ្ឋកម្ពុជាជាប់ជំពាក់កម្ចីឥណទានច្រើនជាងគេនៅក្នុងពិភពលោក ហើយប្រជាពលរដ្ឋចំនួន ៩៥% មានប្រាក់ចំណូលប្រចាំឆ្នាំ តិចជាងចំនួនកម្ចីគិតជាមធ្យមនេះទៅទៀត ។

គណបក្សកាន់អំណាចបានអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធប្រសើរជាងមុនគួរជាទីមោទនភាព និងបានធ្វើឲ្យជីវភាពរបស់ប្រជាពលរដ្ឋប្រសើរឡើងគួរឲ្យកត់សម្គាល់ ពីប្រទេសមានប្រាក់ចំណូលទាប ទៅប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតទាប (២០១៦) ដោយសារកំណើនសេដ្ឋកិច្ចខ្ពស់ថេរ ក្នុងរយៈពេលបីទសវត្សរ៍ចុងក្រោយនេះ ។ ប៉ុន្តែមកទល់ពេលនេះ បក្សនេះមិនទាន់អាចដោះស្រាយបញ្ហាធំៗខាងលើនេះបានទេ នៅថ្នាក់មូលដ្ឋានក៏ដូចជាថ្នាក់ជាតិទាំងមូល ព្រោះខ្វះឆន្ទៈនយោបាយពិតប្រាកដ ។ ប្រជាពលរដ្ឋក៏បានផ្ដល់ឱកាសឲ្យខ្លួនជាងពីរទសវត្សរ៍មកហើយ ផ្ទុយទៅវិញបញ្ហាទាំងនេះមិនបានថមថយ បែរជារីតតែកើនឡើងទៅវិញ ។ ព្រោះហេតុនេះ គេមិនរំពឹងថានឹងមានការប្រែប្រួលអ្វីប្រសើរឡើងឡើយ បើនៅតែគ្រប់គ្រងដោយបក្សដដែល ដែលមន្ត្រីថ្នាក់ក្រោមមានភាពអសកម្មក្នុងការអនុវត្តគោលនយោបាយបក្ស ។

គោលនយោបាយដែលដាក់ចេញជាចំណុចៗជារឿងសំខាន់មួយ តែឆន្ទៈក្នុងការអនុវត្តគោលនយោបាយនោះសំខាន់ជាង ។ គណបក្សភ្លើងទៀនជាបក្សថ្មីអាចមានឆន្ទមនសិការជាតិខ្ពស់ ស្នងគណបក្សសង្គ្រោះជាតិ ក្នុងការដោះស្រាយបញ្ហាយ៉ាងហោចនៅកម្រិតឃុំ-សង្កាត់ ដែលគួរឲ្យជឿជាក់បាន ។ ពីព្រោះបេក្ខជនមេឃុំ-ចៅសង្កាត់បក្សនេះ ដែលមានប្រហែល ៩០% ជាអតីតសមាជិកគណបក្សសង្គ្រោះជាតិ ប្រាកដជាចង់បង្ហាញស្នាដៃបម្រើប្រជាពលរដ្ឋ តាមរយៈការអនុវត្តគោលនយោបាយច្បាស់លាស់របស់ខ្លួន ពុំនោះទេនឹងត្រូវប្រជាពលរដ្ឋបោះឆ្នោតទម្លាក់វិញជាក់ជាមិនខាន តាមរយៈអំណាចពលរដ្ឋ ។

ក្នុងសង្គមប្រជាធិបតេយ្យ ឬដើម្បីធ្វើឲ្យសង្គមមួយមានលទ្ធិប្រជាធិបតេយ្យបាន អ្នកបោះឆ្នោតឆ្លាតវៃមិនផ្ដេកផ្ដួលលើគណបក្សនយោបាយណាមួយរហូតឡើយ តែត្រូវមើលទៅលើគោលនយោបាយនិងការអនុវត្តគោលនយោបាយជាក់ស្ដែងមានប្រសិទ្ធភាពប៉ុនណា ។ អ្នកបោះឆ្នោតខ្លះបោះឲ្យបក្សមួយនៅថ្នាក់ជាតិ តែបោះឲ្យបក្សមួយផ្សេងទៀតនៅថ្នាក់ក្រោមជាតិ ដែលជាហេតុធ្វើឲ្យប្រទេសជាតិមានការរីកចម្រើន ។ ម្យ៉ាងទៀត គណបក្សនយោបាយមួយមិនគួរបោះឆ្នោតឲ្យកាន់អំណាចលើសពីពីរអាណត្តិឡើយ ព្រោះជាបច្ច័យដល់ការប្រព្រឹត្តអំពើពុករលួយ និងបង្កើតបក្ខពួកនិយមចាក់ឫសជ្រៅ ។ នេះជាឥរិយាបថក្នុងការបោះឆ្នោត (voting behavour) ក្នុងសង្គមប្រជាធិបតេយ្យជឿនលឿន ។

ជាឧទាហរណ៍ ឥរិយាបថក្នុងការបោះឆ្នោតផ្លាស់ប្តូរបែបនេះ ឃើញមាននៅទីក្រុងដែល្លី (ដែល្លីជាដែនដីរដ្ឋធានីជាតិ គ្របដណ្ដប់ទាំងរដ្ឋធានីញូវដែល្លីផង) ប្រទេសឥណ្ឌា ដែលជាប្រទេសប្រជាធិបតេយ្យធំបំផុតក្នុងពិភពលោក បើគិតពីចំនួនប្រជាពលរដ្ឋមានសិទ្ធិបោះឆ្នោត ។ ក្នុងការបោះឆ្នោតថ្នាក់ជាតិលើកចុងក្រោយឆ្នាំ២០១៩ ប្រជាពលរដ្ឋបានបោះឆ្នោតគាំទ្រគណបក្សភារតីយ៍ជនតា (BJP) របស់លោកនាយករដ្ឋមន្ត្រី នរេន្ទ្រ មោទី (ម៉ូឌី) លើសលុបដែលឈ្នះ ៧/៧ អាសនៈនៃរដ្ឋសភាជាតិនៅទីក្រុងដែល្លី ។ តែក្នុងការបោះឆ្នោតសភាថ្នាក់រដ្ឋ (អាចស្មើនឹងការបោះឆ្នោតឃុំ-សង្កាត់) លើកចុងក្រោយឆ្នាំ២០២០ ប្រជាពលរដ្ឋដែល្លីបានបោះឆ្នោតគាំទ្រគណបក្សអាមអាទមី (AAP) របស់លោកប្រមុខមន្ត្រី* អរវិន្ទ កេជរីវ៉ាល លើសលុបដែលឈ្នះ ៦២/៧០ អាសនៈនៃសភាទីក្រុងដែល្លី ឯគណបក្សភារតីយ៍ជនតាទទួលបានតែ ៨ អាសនៈប៉ុណ្ណោះ ។

គណបក្សអាមអាទមីជាបក្សទើបបង្កើតថ្មីក្នុងឆ្នាំ២០១២ ដែលផ្ដើមចេញពីចលនាប្រឆាំងអំពើពុករលួយនៅប្រទេសឥណ្ឌាឆ្នាំ២០១១ ដែលគេហៅថា អណ្ណាអាន្ទោល័ន (Anna Andolan) និងបានគ្រប់គ្រងអំណាច នៅទីក្រុងដែល្លីរហូតដល់បច្ចុប្បន្ន (បីអាណត្តិជាប់គ្នា) ហើយនៅតែជាបក្សស្អាតស្អំមួយ នៅក្នុងឆាកនយោបាយឥណ្ឌា ។ ទន្ទឹមនឹងនេះ ប្រជាពលរដ្ឋឥណ្ឌានៅតែបន្តផ្តល់ទំនុកចិត្តខ្ពស់ ចំពោះលោកនាយករដ្ឋមន្ត្រី មោទី ក្នុងការដឹកនាំប្រទេសទាំងមូលតាមរយៈរដ្ឋាភិបាលកណ្ដាល ។ ហើយលោកប្រមុខមន្ត្រី កេជរីវ៉ាល នៅតែទទួលបានការគាំទ្រពីប្រជាពលរដ្ឋ ក្នុងការគ្រប់គ្រងនៅរដ្ឋាភិបាលថ្នាក់រដ្ឋនៃទីក្រុងដែល្លី ។

នេះសឲ្យឃើញថា អ្នកបោះឆ្នោតឥណ្ឌាមានភាពឆ្លាតវៃ មិនគាំទ្របក្សណាមួយដាច់ខាតគ្រប់ការបោះឆ្នោតទេ តែផ្ដល់ឲ្យឱកាសឲ្យបក្សមួយដឹកនាំប្រទេស ហើយបក្សមួយទៀតដឹកនាំរដ្ឋ ដើម្បីកុំឲ្យបក្សណាមួយមានអំណាចទាំងស្រុងឈានទៅដល់«ការជិះសេះលែងដៃ» ។ នេះជាគំរូល្អនៃឥរិយាបថក្នុងការបោះឆ្នោត ដែលអាចអនុវត្តបាននៅក្នុងបរិបទប្រទេសប្រជាធិបតេយ្យឯទៀត ។

ដូច្នេះ បងប្អូនប្រជាពលរដ្ឋដែលធ្លាប់បោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជាក្តី បងប្អូនប្រជាពលរដ្ឋដែលពុំទាន់សម្រេចចិត្តក្តី ក៏អាចពិចារណាសាកល្បងផ្ដល់ទំនុកចិត្ត ចំពោះគណបក្សភ្លើងទៀនវិញម្តង ដើម្បីដោះស្រាយបញ្ហាអំពើពុករលួយ និងគ្រឿងញៀនជាដើម នៅថ្នាក់ឃុំ-សង្កាត់ ។ ព្រោះថា ការគ្រប់គ្រងរបស់បក្សក្រៅរដ្ឋាភិបាលនៅឃុំ-សង្កាត់ណា ឃុំ-សង្កាត់នោះនឹងកាត់ផ្ដាច់បណ្ដាញពុករលួយរបស់មន្ត្រីរដ្ឋាភិបាល ឬឈ្មួញឧកញ៉ាមានខ្នងជាអ្នកធំជាដើម ។ ការធ្វើបែបនេះនឹងមិនប៉ះពាល់ដល់ការគ្រប់គ្រងអំណាចថ្នាក់ជាតិរបស់រាជរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន ឬបង្កឲ្យមានសង្គ្រាមស៊ីវីលដូចដែលធ្លាប់បានឮតៗគ្នានោះទេ ព្រោះមិនប៉ះពាល់ដល់តំណែងនាយករដ្ឋមន្ត្រីឡើយ ។ សម្រាប់ការបោះឆ្នោតថ្នាក់ជាតិជ្រើសរើសតំណាងរាស្ត្រ បងប្អូនអាចពិចារណាបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាវិញក៏បាន ដើម្បីរក្សាសន្តិភាពនិងស្ថិរភាពជាតិ ដូចអ្វីដែលធ្លាប់ឮមក ។

ការសម្រេចចិត្តដូរមេឃុំចាស់ដាក់មេឃុំថ្មីនៅថ្នាក់មូលដ្ឋាន នឹងជម្រុញឲ្យមានកំណែទម្រង់ថ្មីជាគំរូ ពីថ្នាក់ក្រោមឡើងលើ ។ មន្ត្រីរាជការនឹងប្រកួតប្រជែងគ្នា ក្នុងការបម្រើរាស្ត្រប្រកបដោយឆន្ទៈ និងភាពស្មោះត្រង់ចំពោះជាតិ និងធ្វើឲ្យមានប្រជាធិបតេយ្យថ្នាក់មូលដ្ឋាន ។ សន្លឹកឆ្នោតឆ្លាតវៃរបស់បងប្អូនប្រជាពលរដ្ឋជាការរួមចំណែកដ៏មានឥទ្ធិពល ក្នុងការសម្រេចជោគវាសនាឃុំ-សង្កាត់របស់ខ្លួនឲ្យបានប្រសើរឡើង ដើម្បីការផ្លាស់ប្តូរជាវិជ្ជមាន និងការបង្កើតតុល្យភាពអំណាចផ្ដើមចេញពីថ្នាក់មូលដ្ឋាន ៕

----
*ប្រមុខមន្ត្រី (មុខ្យមន្ត្រី, ភាសាហិណ្ឌី) = Chief Minister (CM) ជារដ្ឋមន្ត្រីកំពូលនៃរដ្ឋាភិបាលថ្នាក់រដ្ឋ (State Government) ដែលជាប់ឆ្នោតដោយការបោះឆ្នោតសភាថ្នាក់រដ្ឋដោយផ្ទាល់ពីប្រជាជន ។ ប្រមុខមន្ត្រី ជាគូនឹងនាយករដ្ឋមន្ត្រី (PM) ដែលគ្រប់គ្រងរដ្ឋាភិបាលកណ្ដាល (Central Government) តាមប្រព័ន្ធនយោបាយសហព័ន្ធ (Federal System) ។

© រក្សាសិទ្ធិដោយលោកវិទូ

No comments:

Post a Comment