![]() |
វត្តរាជបូណ៌ មើលពីអាកាស ។ រូបភាព៖ វត្តរាជបូណ៌ ខេត្តសៀមរាប (ហ្វេសប៊ុក) |
ថ្មីៗនេះ ទស្សនាវដ្តី Time Out ដែលជាទស្សនាវដ្តីដ៏ល្បីល្បាញមួយ មានមូលដ្ឋាននៅប្រទេសអង់គ្លេស បានដាក់ចំណាត់ថ្នាក់ភូមិវត្តបូព៌ នៅខេត្តសៀមរាប ជាទីតាំងដ៏សែនមនោរម្យមួយនៃពិភពលោក និងជាទីតាំងមនោរម្យជាងគេនៅអាស៊ី សម្រាប់ឆ្នាំ២០២២ ។ តើកត្តាអ្វីខ្លះដែលនាំឲ្យភូមិនេះទទួលបានកិត្តិយសល្បីល្បាញបែបនេះ?
ទស្សនាវដ្តីនេះបានធ្វើការស្ទង់មតិ ក្នុងចំណោមអ្នកភូមិចំនួន ២០០០០ នាក់ បួករួមទាំងអ្នកជំនាញរបស់ខ្លួនផង នៅទូទាំងពិភពលោក ដោយផ្ដោតលើកត្តាល្អនិងមិនសូវល្អ នៃទីលំនៅឋានដែលពួកគេរស់នៅ ។ ការចុះផ្សាយលទ្ធផលរបស់ខ្លួន កាលពីថ្ងៃទី១១ តុលា បង្ហាញឲ្យឃើញថា «ភូមិវត្តបូព៌ក្នុងខេត្តសៀមរាបប្រទេសកម្ពុជាបានជាប់ចំណាត់ថ្នាក់លេខបី និងបានគ្រងមកុដភាពជាអ្នកជិតខាងដ៏សែនមនោរម្យបំផុតនៅអាស៊ី» ។
ការវាយតម្លៃនេះដោយផ្អែកទៅលើកត្តាសំខាន់ ៤ យ៉ាងគឺ ភាពរីករាយ (fun) ម្ហូបអាហារ (food) វប្បធម៌ (culture) និង សហគមន៍ (community) ។
ក្នុងរយៈពេលពីរបីឆ្នាំចុងក្រោយនេះ វាជាការពិតដែលហាង ភោជនីយដ្ឋាន បារ និងកន្លែងច្នៃប្រឌិត ក្នុងស្រុកដែលគេនិយមចូលចិត្តច្រើន ត្រូវបានបិទទ្វារជាបន្តបន្ទាប់ ។ ប៉ុន្តែក៏មានរលកនៃការបើកអាជីវកម្មថ្មីទាំងមូលផងដែរ ដែលជម្រុញមិនត្រឹមតែដោយសារការកើនឡើងដំណើរកម្សាន្តចេញពីមជ្ឈមណ្ឌលក្រុងប៉ុណ្ណោះទេ ប៉ុន្តែក៏ដោយសារអ្វីដែលគេហៅ «ការលាលែងពីតំណែងដ៏អស្ចារ្យ» ផងដែរ ។ អ្នករស់នៅក្នុងទីក្រុងបានលាឈប់ពីការងារសាជីវកម្មរបស់ពួកគេ ដើម្បីធ្វើតាមចំណង់ចំណូលចិត្តរបស់ខ្លួន ដោយការបើកហាងកាហ្វេនៅតំបន់ជ្រុងផ្លូវ ឬគ្រាន់តែចំណាយពេលរស់នៅធម្មតាៗ និងចំណាយពេលវេលាកាន់តែច្រើន (និងប្រាក់) នៅក្នុងតំបន់ដែលពួកគេរស់នៅ ។
ជាមួយគ្នានេះ មន្ត្រីមូលដ្ឋានជុំវិញពិភពលោកបាននឹងកំពុងរៀបចំមូលដ្ឋានរបស់ខ្លួនឡើងវិញ ឲ្យជាកន្លែងសម្រាប់ប្រជាជនកម្សាន្ត ។ ក្នុងករណីមួយចំនួន វាមានន័យថា កែលម្អដងផ្លូវឡើងវិញ ដោយមានការបើកបរតិច ការដើរច្រើន ការជិះកង់ និងដើរលេង ក៏ច្រើនឡើងដែរ ។ ម្យ៉ាងវិញទៀត ក៏មានការដោះស្រាយបញ្ហាដូចជា ទេសចរណ៍ហួសប្រមាណ វិសមភាព និងការបំពុលធាតុអាកាសជាដើម ។ ទាំងអស់នេះបាននាំឲ្យស្រុកទេស មើលទៅខុសប្លែកជាងពីប៉ុន្មានឆ្នាំមុន ហើយក្លាយជាកន្លែងល្អសម្រាប់អ្នកក្នុងស្រុក និងអ្នកធ្វើដំណើរដូចគ្នា ។ នេះជាបរិបទអន្តរជាតិមួយ ។
ដោយឡែក នៅក្នុងព្រះរាជាណាចក្រកម្ពុជា ភូមិវត្តបូព៌ នៅខេត្តសៀមរាប គឺជាទីសុខមនោរម្យ គួរជាទីរីករាយមួយ ។ តំបន់នៅជុំវិញវត្តរាជបូណ៌ បានរីកលូតលាស់យ៉ាងប្រសើរ ក្នុងរយៈពេលពីរបីឆ្នាំចុងក្រោយនេះ ខណៈចលនាទេសចរណ៍អន្តរជាតិនៅមានកម្រិត ។
ក្នុងរយៈពេលនេះ ភូមិវត្តបូព៌ គេឃើញមានសន្ទុះខ្លាំង ក្នុងការបើកហាង ទៀមកាហ្វេ សណ្ឋាគារទំនើប ភោជនីយដ្ឋាន ថ្នាក់ជាតិនិងអន្តរជាតិ ថ្មីៗជាច្រើន ។ ជាពិសេស ភូមិវត្តបូព៌ក៏ជាទីតាំងគ្រឹះស្ថានចម្អិនម្ហូបសរីរាង្គទេវីផ្លេស (Tevy's Place) ដែលជាសហគ្រាសសង្គម ដែលផ្តល់មុខរបរដល់ស្ត្រីក្នុងមូលដ្ឋាន ។
ម្យ៉ាងទៀត តំបន់តាមដងទន្លេសៀមរាប ពេលនេះបានក្លាយជាទីតាំងដែលហ៊ឺហាទាន់សម័យប្លែកភ្នែក និងអ៊ូអរបំផុតមួយ ដែលភ្លៀវទេសចរអន្តរជាតិមិនអាចមើលរំលងឡើយ ពេលដែលពួកគេទៅទស្សនាប្រាសាទបុរាណខ្មែរ នៅតំបន់អង្គរវត្ត ។
សំខាន់ជាងនេះ ភូមិវត្តបូព៌បានទទួលភាពល្បីល្បាញរបស់ខ្លួនរួចទៅហើយ ដោយសារមានសាលាបឋមសិក្សាវត្តបូព៌ ជាសាលាបឋមសិក្សាគំរូ ដែលកំពុងតែពង្រីកខ្លួន បង្ហាញសក្តានុពលខាងកិត្តិនាម និងកិត្តិស័ព្ទយ៉ាងល្អខ្ទរខ្ទារសុះសាយ គួរជាទីមោទនភាព ។
មិនតែប៉ុណ្ណោះ វត្តរាជបូណ៌ (ដែលជាទីតាំងនៃសាលារៀនគំរូនេះ) ដែលស្ថិតនៅក្នុងក្រុងតាមដងស្ទឹងសៀមរាប ពោលគឺស្ថិតក្នុងភូមិសាស្ត្រភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប ក៏ជាវត្តបុរាណមួយ ដែលល្បីរន្ទឺ នៅក្នុងខេត្តផងដែរ ក្រោមការដឹងនាំដ៏ថ្លៃថ្លារបស់ព្រះមហាវិមលធម្ម ពិន សែម សិរីសុវណ្ណោ ដែលព្រះអង្គតែងតែមានព្រះទ័យយកចិត្តទុកដាក់ ចំពោះការអភិរក្សសម្បត្តិវប្បធម៌ជាតិ និងការអភិរក្សបរិស្ថានជាដើម ៕
© រក្សាសិទ្ធិដោយលោកវិទូ
No comments:
Post a Comment