បក្សខុងគ្រេសឥណ្ឌាជ្រើសរើសបានអ្នកកាន់ព្រះពុទ្ធសាសនាជាប្រធានបក្សថ្មី - លោកវិទូ

ព័ត៌មានថ្មីៗ

Friday, October 21, 2022

បក្សខុងគ្រេសឥណ្ឌាជ្រើសរើសបានអ្នកកាន់ព្រះពុទ្ធសាសនាជាប្រធានបក្សថ្មី

លោក មល្លិកាជ៌ុន ខាគ៌េ

លោកវិទូ | ថ្ងៃ ៦᧻១១ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ | ២១ តុលា ២០២២ 

ជាអ្នកកាន់ព្រះពុទ្ធសាសនាយ៉ាងខ្ជាប់ខ្ជួនមួយរូប លោក មល្លិកាជ៌ុន ខាគ៌េ (Mallikarjun Kharge) ត្រូវបានជាប់ឆ្នោតកាលពីថ្ងៃទី១៩ ខែតុលា ជាប្រធានបក្សខុងគ្រេសឥណ្ឌា ជាប្រធានបក្សដ៏ចំណាស់នេះ ដែលមិនមែនជាគ្រួសារត្រកូលគន្ធីលើកដំបូង ក្នុងរយៈពេល ២៤ ឆ្នាំ ។

លោក ខាគ៌េ ទទួលបានសំឡេងឆ្នោតចំនួន ៧៨៩៧ នៃសំឡេងឆ្នោតសរុបចំនួន ៩៣៨៥ ដែលបានបោះឆ្នោត ហើយគួប្រជែងរបស់គាត់ គឺលោកបណ្ឌិត សាស៊ី ថារូរ (Shashi Tharoor) ទទួលបានសំឡេងឆ្នោតតែចំនួន ១០៧២ ប៉ុណ្ណោះ ដោយមានសន្លឹកឆ្នោតមិនបានការចំនួន ៤១៦ ។

លោក ខាគ៌េ ល្បីខាងជាបុគ្គលទី២ច្រើនយ៉ាង ។ គាត់ជាប្រធានបក្សមកពីរដ្ឋកណ៌ាដកាទីពីរ បន្ទាប់ពីលោក អេស. និជលិង្គប្បៈ (S. Nijalingappa) ក្នុងឆ្នាំ១៩៦៨-៦៩ ហើយគាត់ក៏ជាវណ្ណៈទលិត (វណ្ណៈទាប) ទីពីរផងដែរ បន្ទាប់ពីលោក ជគជីវន រាម (Jagjivan Ram) ក្នុងឆ្នាំ១៩៦៩ ដែលត្រូវបានជ្រើសរើសជាប្រធានបក្ស ។

គាត់ជាបុគ្គលដែលកសាងកេរ្តិ៍ឈ្មោះដោយខ្លួនឯង ហើយគាត់ចេះភាសាដល់ទៅប្រាំមួយគឺ ម៉ារ៉ាធី អ៊ូរឌូ តេលូហ្គូ និងហិណ្ឌី ក្រៅពីភាសាកណ្ណាដា (ភាសាកំណើត) និងអង់គ្លេស ។ លោក ខេគ៌េ ជាអតីតកីឡាករវាយកូនគោលលើទឹកកក បាល់ទាត់ និង កីឡាឥណ្ឌាម្យ៉ាងដែលគេហៅថា កពឌ្ឌី (Kabaddi) ។ គាត់មានសញ្ញាបត្រផ្នែកច្បាប់ និងជាអតីតរដ្ឋមន្ត្រីក្រសួងការងារ នៅក្នុងគណៈរដ្ឋមន្ត្រីរបស់លោកបណ្ឌិត ម័នមោហ័ន សិង្ហ (Manmohan Singh) ។

គាត់ត្រូវបានគេស្គាល់ជាទូទៅនៅរដ្ឋ Karnataka ថាជា 'Solilada Sardara' ឬអ្នកចម្បាំងដែលមិនចេះចាញ់ ។ ការបោះឆ្នោតដំបូងដែលគាត់បានចាញ់ ក្នុងអាជីពនយោបាយរបស់គាត់ ដែលមានរយៈពេល ៥០ ឆ្នាំគឺនៅឆ្នាំ២០១៩ ។ មុននេះគាត់បានឈ្នះការបោះឆ្នោតចំនួន ១២ ដងជាប់ៗគ្នានៅក្នុងសភា ។

ជាពុទ្ធបរិស័ទមួយរូប គាត់បានបង្កើតវត្តមួយឈ្មោះថា ព្រះពុទ្ធវិហារ (Buddha Vihara) នៅក្រុងក័លពុរគី នៃរដ្ឋកណ៌ាដកា ដែលជាវត្តអារាមពុទ្ធសាសនា និងជាមជ្ឈមណ្ឌលជួបជុំពុទ្ធបិរស័ទដ៏សំខាន់មួយនៅរដ្ឋបែកនិរតីនៃប្រទេសឥណ្ឌានេះ ។

គួរបញ្ជាក់ផងដែរថា គណបក្សខុងគ្រេសដ៏ចំណាស់ដែលធ្លាប់កាន់អំណាចជាង ៥០ ឆ្នាំនេះ បាននិងកំពុងធ្លាក់ចុះប្រជាប្រិយភាពយ៉ាងខ្លាំង ក្រោយចាញ់ការបោះឆ្នោតជាបន្តបន្ទាប់ ទាំងថ្នាក់ជាតិនិងថ្នាក់រដ្ឋ ។ ដូច្នេះហើយទើបមានការទាមទារពីផ្ទៃក្នុងបក្ស ឲ្យមានការផ្លាស់ប្តូរថ្នាក់ដឹកនាំកំពូល រកបុគ្គលដែលមិនមែនជាគ្រួសារត្រកូលគន្ធី ដើម្បីស្រោចស្រង់បក្សឡើងវិញ ត្រៀមបោះឆ្នោតជាតិឆ្នាំ២០២៤ខាងមុខ ៕

© រក្សាសិទ្ធិដោយលោកវិទូ

No comments:

Post a Comment