កិច្ចប្រជុំស្តីពីការរៀបចំកម្មវិធីសូត្រព្រះត្រៃបិដកអន្តរជាតិ នៅពុទ្ធគយា ប្រទេសឥណ្ឌា ឆ្នាំ២០២៣ - លោកវិទូ

ព័ត៌មានថ្មីៗ

Friday, November 25, 2022

កិច្ចប្រជុំស្តីពីការរៀបចំកម្មវិធីសូត្រព្រះត្រៃបិដកអន្តរជាតិ នៅពុទ្ធគយា ប្រទេសឥណ្ឌា ឆ្នាំ២០២៣

កិច្ចប្រជុំនេះបានប្រព្រឹត្តទៅក្រោមព្រះអធិបតីភាព សម្ដេចព្រះពោធិវ័ង្ស កិត្តិបណ្ឌិត អំ លីមហេង សម្ដេចព្រះសង្ឃនាយករងទី១ នៃព្រះរាជាណាចក្រកម្ពុជា (កណ្ដាល) និងព្រះឥន្ទមុនី ម៉ឹង សាង ប្រធានពុទ្ធិកសមាគមព្រះសង្ឃខ្មែរ សហរដ្ឋអាមេរិក (ស្ដាំ) ព្រមទាំងសម្តេច ព្រះរាជាគណៈ ព្រះមន្ត្រីសង្ឃ នៅវត្តមុនីសុវណ្ណ ចំពុះក្អែក រាជធានីភ្នំពេញ, ២៤ វិច្ឆិកា ២០២២ ។ រូបភាព៖ ហ្វេស៊បុក

លោកវិទូ | ថ្ងៃ ៦᧢១ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ | ២៥ វិច្ឆិកា ២០២២ 

រាជធានីភ្នំពេញ៖ គណៈសង្ឃព្រះពុទ្ធសាសនា នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើកិច្ចប្រជុំស្តីពីការរៀបចំកម្មវិធីសូត្រព្រះត្រៃបិដកអន្តរជាតិ នៅពុទ្ធគយា ប្រទេសឥណ្ឌា ឆ្នាំ២០២៣ខាងមុខ ដែលប្រទេសកម្ពុជានឹងទទួលជាម្ចាស់រៀបចំកម្មវិធីនេះ ។

យោងតាមទំព័របណ្ដាញសង្គមរបស់ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ កិច្ចប្រជុំនេះបានប្រព្រឹត្តទៅក្រោមព្រះអធិបតីភាព សម្ដេចព្រះពោធិវ័ង្ស កិត្តិបណ្ឌិត អំ លីមហេង សម្ដេចព្រះសង្ឃនាយករងទី១ នៃព្រះរាជាណាចក្រកម្ពុជា និងព្រះឥន្ទមុនី ម៉ឹង សាង ប្រធានពុទ្ធិកសមាគមព្រះសង្ឃខ្មែរ សហរដ្ឋអាមេរិក ព្រមទាំងសម្តេច ព្រះរាជាគណៈ ព្រះមន្ត្រីសង្ឃ នៅវត្តមុនីសុវណ្ណ ចំពុះក្អែក រាជធានីភ្នំពេញ កាលពីថ្ងៃព្រហស្បតិ៍ ១កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ ។

គណៈគ្រប់គ្រងពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ មានព្រះមុនីកោសល បណ្ឌិត យ៉ន សេងយៀត ព្រះសាកលវិទ្យាធិការរងជាដើម ក៏បាននិមន្តចូលរួមក្នុងកិច្ចប្រជុំនេះដែរ ។

ស្របពេលគ្នានេះដែរ យើងមានភិក្ខុបេសកជនបីអង្គគឺ ភិក្ខុធម្មសិរី សែម ចន្ទធីរ៍ ភិក្ខុមុនីបុត្តោ សុខ ធាវី  និងភិក្ខុរតនជ្ជោតោ ខេមរកវី កែវ សាវឿន សមាជិកស្នូលនៃពុទ្ធិកសមាគមព្រះសង្ឃខ្មែរ សហរដ្ឋអាមេរិក បាននិមន្តដល់ពុទ្ធគយា ជាពុទ្ធស្ថានដ៏ពិសិដ្ឋ កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ ។ នេះជាដំណើរអង្កេតការណ៍និងសិក្សា អំពីរបៀបរៀបចំសូត្រព្រះត្រៃបិដកអន្តរជាតិនោះឯង ដែលប្រទេសកម្ពុជាត្រៀមខ្លួន ដើម្បីរៀបចំធ្វើជាម្ចាស់កម្មវិធី ។ នេះបើយោងតាមទំព័របណ្ដាញសង្គម ពុទ្ធិកសមាគមព្រះសង្ឃខ្មែរ សហរដ្ឋអាមេរិក
ភិក្ខុបេសកជនខ្មែរជួបជាមួយមហាឧបាសិកា វ៉ាងម៉ូ ឌិស៊ី នាយិកាប្រតិបត្តិមូលនិធិពន្លឺពុទ្ធធម៌អន្តរជាតិ ក្នុងដំណើរអង្កេតការណ៍ និងសិក្សាអំពីរបៀបរៀបចំសូត្រព្រះត្រៃបិដកអន្តរជាតិ នៅពុទ្ធគយា រដ្ឋពិហារ ប្រទេសឥណ្ឌា, ព្រះមហាពោធិចេតីយ៍ ពុទ្ធគយា, ២៥ វិច្ឆិកា ២០២២ ។ រូបភាព៖ ថតពីវីដេអូហ្វេសប៊ុកឡាយ

ដោយឡែក កម្មវិធីបុណ្យសូត្រព្រះត្រៃបិដកប្រចាំឆ្នាំលើកទី ១៧ នឹងប្រព្រឹត្តទៅនៅទៀបព្រះមហាពោធិព្រឹក្ស ជាទីដែលព្រះសម្មាសម្ពុទ្ធទ្រង់ត្រាស់ដឹង នៅពុទ្ធគយា រដ្ឋពិហារ ប្រទេសឥណ្ឌា ដែលមានរយៈពេល ១០ ថ្ងៃ ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ ដោយមានប្រទេសវៀតណាម ទទួលធ្វើជាម្ចាស់រៀបចំកម្មវិធីបុណ្យ ។ 

ដើម្បីចូលរួមជាផ្លូវការ ហើយទទួលបានសញ្ញាបត្រផង ព្រះសង្ឃនិងពុទ្ធបរិស័ទអាចចុះឈ្មោះ តាមរយៈបណ្ណប្រកាសព័ត៌មាន ដែលដាក់ជូនដូចខាងក្រោម ឬចុចនៅទីនេះក៏បាន៖
បណ្ណប្រកាសព័ត៌មាន ។

ប្រវត្តិបុណ្យសូត្រព្រះត្រៃបិដកអន្តរជាតិនៅពុទ្ធគយា

នៅប្រទេសឥណ្ឌា ការអានឬសូត្រព្រះត្រៃបិដកឡើងវិញ បានបាត់បង់ទៅអស់កាលដ៏យូរ ។ ចំណែកនៅពុទ្ធគយា ព្រះសង្ឃឡាម៉ានៃនិកាយវជ្រយាន អានព្រះត្រៃបិដកជាភាសាទីបេត៍ក្នុងខែមករាជារៀងរាល់ឆ្នាំ ដោយមានការចូលរួមពីសង្ឃឡាម៉ាទីបេត៍ និងព្រះសង្ឃមហាយានតែប៉ុណ្ណោះ ។

រហូតដល់ពេលមួយ អ្នកស្រី វ៉ាងម៉ូ ឌិស៊ី (Wangmo Dixey) ឬគេប្រសិទ្ធនាមថា មហាឧបាសិកាវិសាខា នាយិកាប្រតិបត្តិមូលនិធិពន្លឺពុទ្ធធម៌អន្តរជាតិ (LBDFI: Light of Buddha Dharma Foundation International) ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានឃើញសកម្មភាពអានព្រះត្រៃបិដកជាភាសាទីបេត៍ ហើយគាត់ក៏យល់ឃើញថា ព្រះត្រៃបិដកជាភាសាបាឡី មិនទាន់ត្រូវបានអានឡើងវិញជាទៀងទាត់ទេ ។ ដូច្នេះ គាត់បានផ្តើមគំនិតរៀបចំឲ្យមានការអានព្រះត្រៃបិដកសាឡើងវិញជារៀងរាល់ឆ្នាំ ចាប់តាំងពីឆ្នាំ២០០៦ មក ។ 

ដើមឡើយ មានតែព្រះសង្ឃថេរវាទប៉ុណ្ណោះ ដែលបាននិមន្តចូលរួមក្នុងពិធីបុណ្យនេះ ជាពិសេសព្រះរាជាគណៈនិងមន្ត្រីសង្ឃ ពីប្រទេសកាន់ពុទ្ធសាសនាថេរវាទ ។ តែខាងក្រោយមក ក៏មានព្រះសង្ឃមហាយានចូលរួមដែរ ។ តែទោះជាយ៉ាងណាក៏ដោយ កម្មវិធីអានព្រះត្រៃបិដកនៅពុទ្ធគយានេះគឺ ត្រូវបានគ្រប់គ្រងនិងរៀបចំឡើងដោយព្រះសង្ឃពុទ្ធសាសនាថេរវាទ ដោយសហការយ៉ាងជិតស្និទ្ធជាមួយនឹងអ្នកស្រី វ៉ាងម៉ូ តាមរយៈក្រុមប្រឹក្សាការសូត្រព្រះត្រៃបិដកអន្តរជាតិ (កសតអ) (ITCC: International Tipitaka Chanting Council ) ។

ខ្លឹមសារនៃការសូត្រព្រះត្រៃបិដកនៅពុទ្ធគយា ទៀបដើមពោធិព្រឹក្សនោះគឺ ‘សូមស្វាគមន៍មាតុភូមិនិវត្តន៍’ ចង់បញ្ជាក់ពីអត្ថន័យថា ព្រះត្រៃបិដកកើតឡើងក្នុងប្រទេសឥណ្ឌា ត្រូវបានអានសាឡើងវិញក្នុងប្រទេសឥណ្ឌាជាភាសាបាឡី (ភាសារបស់ដែនមគធៈ ប្រទេសឥណ្ឌាបុរាណ) ។

ធម្មនុញ្ញរបស់ កសតអ បានចែងពីគោលបំណងសំខាន់ៗ នៃការសូត្រព្រះត្រៃបិដកនេះគឺ ដើម្បី៖ «ផ្សព្វផ្សាយនូវពាក្យប្រៀនប្រដៅដើមរបស់ព្រះសម្មាសម្ពុទ្ធ នៅទឹកដីដ៏ស័ក្តិសិទ្ធិនៃអារ្យប្រទេស (ឥណ្ឌា)» និងដើម្បី «លើកកម្ពស់ការសហការ សាមគ្គីភាព និងសុឆន្ទៈ ក្នុងចំណោមសង្ឃថេរវាទគ្រប់ទិសទី» ។ មិនតែប៉ុណ្ណោះ កសតអ ក៏មានគោលបំណង «ផ្តល់ជាជំនួយផ្សេងៗ ដើម្បីឃោសនា និងផ្សព្វផ្សាយនូវគោលការណ៍របស់ពុទ្ធសាសនា» ផងដែរ ។

គួរជាទីមោទនភាព បុណ្យនេះបានរីកចម្រើនពីមួយឆ្នាំទៅមួយឆ្នាំ ទាំងការរៀបចំកម្មវិធីនិងចំនួនកើនឡើងនៃព្រះសង្ឃនិងពុទ្ធ បរិស័ទអន្តរជាតិ ដែលមានសទ្ធាជ្រះថ្លាចូលរួមរាប់ពាន់អង្គ/នាក់ ។ នេះជាពិធីបុណ្យពុទ្ធសាសនាអន្តរជាតិធំជាងគេ នៅប្រទេសឥណ្ឌា ដែលគ្រប់គ្រងរៀបចំឡើងដោយពុទ្ធសាសនិកជនសុទ្ធសាធ ហើយមានការនិមន្តចូលរួមពីសម្នាក់សម្ដេចព្រះសង្ឃរាជ រាជាគណៈ មន្ត្រីសង្ឃជាន់ខ្ពស់ ព្រះភិក្ខុសង្ឃ និងពុទ្ធមាមកជនអន្តរជាតិជាច្រើនកុះករ ពីបណ្ដាប្រទេសដូចជា កម្ពុជា ឥណ្ឌូនេស៊ី មីយ៉ាន់ម៉ា ថៃ ឡាវ វៀតណាម ឥណ្ឌា បង់ក្លាដែស ស្រីលង្កា និងអន្តរជាតិទូទៅ ៕

© រក្សាសិទ្ធិដោយលោកវិទូ

No comments:

Post a Comment