សម្ដេចសង្ឃដាឡៃឡាម៉ាចេញសារអបអរសាទរលោក អាន់វ៉ា អ៊ីប្រាហ៊ីម ក្លាយជានាយករដ្ឋមន្ត្រីម៉ាឡេស៊ី - លោកវិទូ

ព័ត៌មានថ្មីៗ

Friday, November 25, 2022

សម្ដេចសង្ឃដាឡៃឡាម៉ាចេញសារអបអរសាទរលោក អាន់វ៉ា អ៊ីប្រាហ៊ីម ក្លាយជានាយករដ្ឋមន្ត្រីម៉ាឡេស៊ី

សម្ដេចសង្ឃដាឡៃឡាម៉ាចេញសារអបអរសាទរលោក អាន់វ៉ា អ៊ីប្រាហ៊ីម ។

លោកវិទូ | ថ្ងៃ ៦᧢១ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ | ២៥ វិច្ឆិកា ២០២២

ធម្មសាលា, ប្រទេសឥណ្ឌា, ថ្ងៃទី២៤ ខែវិច្ឆិកា៖ សម្តេចសង្ឃដាឡៃឡាម៉ា បានសរសេរទៅកាន់លោក អាន់វ៉ា អ៊ីប្រាហ៊ី (Anwar Ibrahim) ដើម្បីអបអរសាទរលោក ក្នុងឱកាសក្លាយជានាយករដ្ឋមន្ត្រីនៃប្រទេសម៉ាឡេស៊ី ។

សម្ដេចសង្ឃទីបេត៍បានសរសេររំឭកថា «ខ្ញុំរីករាយដែលធ្លាប់បានទៅលេងប្រទេសដ៏ស្រស់ស្អាតរបស់លោក ក្នុងឆ្នាំ ១៩៨២ នៅពេលខ្ញុំត្រូវបានអញ្ជើញឲ្យសុន្ទរកថាអំពីសន្តិភាព និងការទទួលខុសត្រូវជាសកល ។ ខ្ញុំក៏សប្បាយចិត្តផងដែរដែលបានមានឱកាសផ្លាស់ប្តូរទស្សនៈ ជាមួយអតីតនាយករដ្ឋមន្ត្រី លោក ទុនគូ អាឌុល រ៉ាហ៍ម៉ាន (Tunku Abdul Rahman) និងមេដឹកនាំដទៃទៀត» ។

«ពេលវេលសានេះគឺជាពេលវេលាដ៏លំបាកខ្លាំងណាស់ ។ ខ្ញុំមានក្តីសង្ឃឹមថា ប្រទេសម៉ាឡេស៊ីនឹងបន្តរីកចម្រើន និងរួមចំណែកយ៉ាងសំខាន់ចំពោះសន្តិភាព និងស្ថិរភាពនៃពិភពលោក ដែលមានទំនាក់ទំនងគ្នាកាន់តែខ្លាំងឡើង។ ខ្ញុំសូមជូនពរឲ្យលោកទទួលបានជោគជ័យ ក្នុងការឆ្លងកាត់ឧបសគ្គដែលនៅខាងមុខ ក្នុងការបំពេញក្តីសង្ឃឹម និងសេចក្តីប្រាថ្នារបស់ប្រជាជនម៉ាឡេស៊ី» ។

កាសែត The Straits Times បានរាយការណ៍ថា កាលពីព្រឹកម្សិលមិញ រាជវាំងនៃប្រទេសម៉ាឡេស៊ី ក្នុងសេចក្តីថ្លែងការណ៍មួយបានប្រកាសថា អាន់វ៉ា អ៊ីប្រាហ៊ីម នឹងក្លាយជានាយករដ្ឋមន្ត្រីថ្មី ហើយការសម្រេចចិត្តនេះត្រូវបានធ្វើឡើង បន្ទាប់ពីព្រះមហាក្សត្របានពិភាក្សាជាមួយអ្នកគ្រប់គ្រងផ្សេងទៀត នៅក្នុងកិច្ចប្រជុំពិសេសនៃស្តេចទាំងប្រាំបួនរបស់ប្រទេសនេះ ។

នៅក្នុងដំណើរជីវិតនយោបាយ លោក អាន់វ៉ា អ៊ីប្រាហ៊ី បានធ្វើជាមេដឹកនាំបក្សប្រឆាំងម៉ាឡេស៊ីមួយរូប អស់រយៈពេលជាងពីរទសវត្សរ៍មកហើយ ហើយធ្លាប់បានជាប់ពន្ធនាគារទៀតផង ហើយពេលនេះលោកបានក្លាយជានាយករដ្ឋមន្ត្រីទី១០ របស់ប្រទេសម៉ាឡេស៊ី ដែលជាប្រទេសប្រកាន់យកសាសនាឥស្លាម ជាសាសនារបស់រដ្ឋ ៕

© រក្សាសិទ្ធិដោយលោកវិទូ

No comments:

Post a Comment