អតីតមន្ត្រីការទូតជប៉ុនធ្លាប់បួសក្នុងសម័យសង្គមរាស្ត្រនិយមរយៈពេល ៧ ខែនៅវត្តឧណ្ណាលោម - លោកវិទូ

ព័ត៌មានថ្មីៗ

Sunday, March 05, 2023

អតីតមន្ត្រីការទូតជប៉ុនធ្លាប់បួសក្នុងសម័យសង្គមរាស្ត្រនិយមរយៈពេល ៧ ខែនៅវត្តឧណ្ណាលោម

លោក កាត្សឹហ៊ីរ៉ូ ស៊ីណូហារ៉ា និងព្រះតេជគុណបណ្ឌិត យ៉ន សេងយៀត ។ រូបភាព៖ yon.sengyeath

លោកវិទូ | ថ្ងៃ ១᧮៤ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ | ៥ មីនា ២០២៣ 

កន្លងមកយើងធ្លាប់បានដឹងថា មានជនជាតិបរទេសដូចជា បារាំង អាមេរិកាំង និងអូស្ត្រាលី មានសទ្ធាជ្រះថ្លាចូលសាងផ្នួសបួស ក្នុងសម្នាក់ព្រះពុទ្ធសាសនាខ្មែរ នាសម័យសង្គមរាស្ត្រនិយម ។ ឥឡូវនេះយើងដឹងបន្ថែមទៀតថា ជនជាតិជប៉ុនមួយរូបដែលជាមន្ត្រីការទូតផង ក៏ធ្លាប់បានសាងផ្នួសនៅកម្ពុជរដ្ឋដែរ ។

ព័ត៌មាននេះបានលេចឡើង ក្រោយព្រះតេជគុណបណ្ឌិត យ៉ន សេងយៀត ព្រះសាកលវិទ្យាធិការរងពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ បានបង្ហោះរូបភាពជាមួយជនជាតិជប៉ុនរូបនេះនៅលើបណ្ដាញសង្គមហ្វេសប៊ុក ដែលកំពុងនៅភូមិរំដួល ដែលជាអាហារដ្ឋានខ្មែរ ដើម្បីកសិករខ្មែរ នៅម្តុំភូមិកោះក្របីជាយក្រុងភ្នំពេញ ។ 

កាលពីព្រឹកថ្ងៃអាទិត្យនេះ ព្រះអង្គបានរាប់រៀបនៅក្នុងការបង្ហោះនោះថា «លោក Katsuhiro Shinohara [កាត្សឹហ៊ីរ៉ូ ស៊ីណូហារ៉ា] ជាអតីតឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជាចាប់ពីឆ្នាំ ២០០៧-២០០៩ គឺធ្លាប់សាងផ្នួសនៅក្នុងព័ទ្ធសីមាវត្តឧណ្ណាលោមចាប់ពីឆ្នាំ (១៩៦៨-១៩៦៩) ដោយមានព្រះសាសនមុនី កឹម តូ ជាព្រះឧបជ្ឈាយ៍ ។ លោកមាននាមបញ្ញត្តិថា«ធម្មរក្ខិតោ» គង់នៅកុដិលេខ៤២ ជាមួយព្រះមហាថេរៈ កឹម តូ» ។ លោកបានគង់នៅវត្តឧណ្ណាលោមនោះអស់រយៈពេល ៧ ខែ មុនពេលលាចាកសិក្ខាបទវិញ ។


តាមអ្វីដែលលោកវិទូទទួលបាន លោក ស៊ីណូហារ៉ា មានប្រវត្តិផ្សារភ្ជាប់នឹងប្រទេសកម្ពុជាដែលមានរយៈពេលជាង ៤០ ឆ្នាំមកហើយ ។ ដំបូងលោកបានមកដល់ប្រទេសកម្ពុជាក្នុងឆ្នាំ១៩៦៧ ក្នុងនាមជាអ្នកការទូតជប៉ុន ហើយបានចំណាយពេល ២ ឆ្នាំដំបូងរបស់លោកនៅទីក្រុងភ្នំពេញ ។ ក្នុងរយៈពេលនោះ គាត់បានបួសអស់រយៈពេល ៧ ខែ ដើម្បីស្រាវជ្រាវភាសានិងវប្បធម៌ខ្មែរ មុនពេលទទួលបានតំណែងជាមន្រ្តីលេខាធិការ នៅស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា ។ 

ក្រោយសន្ធិសញ្ញាទីក្រុងបារីសដែលនាំសន្តិភាពឲ្យប្រទេសកម្ពុជា លោកបានត្រឡប់មកប្រទេសកម្ពុជាវិញ ក្នុងតួនាទីជាមន្រ្តីកុងស៊ុលជាន់ខ្ពស់នៅស្ថានទូតជប៉ុននៅកម្ពុជារយៈពេល ៣ ឆ្នាំចំនួនពីរដង (ពីឆ្នាំ ១៩៩១-១៩៩៤ និង ២០០១-២០០៤) ។ហើយនៅទីបំផុត លោកក៏បានធ្វើជាឯកអគ្គរដ្ឋទូតជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា ពីឆ្នាំ ២០០៧ ដល់២០០៩ ។

លោកធ្លាប់បានបម្រើការជានាយកឯករាជ្យនិងជាសមាជិកគណៈកម្មាធិការ នៃធានាគារស្ថាបនា ។ ហើយបច្ចុប្បន្ន លោកនៅតែស្នេហាជាប់ចិត្តនឹងប្រជាជនកម្ពុជា ដោយបម្រើការជាអនុប្រធានអន្ដរជាតិនៃអង្គការមិនមែនរដ្ឋាភិបាល «មូលនិធិគាំទ្រការអប់រំអន្តរជាតិកម្ពុជា» (CIESF) របស់ជប៉ុន និងបម្រើការជាប្រធានតំណាងការិយាល័យនៃអង្គការនេះប្រចាំប្រទេសកម្ពុជា នៅរាជធានីភ្នំពេញ ។ ក្រៅពីនេះ លោកក៏ជាអនុប្រធានក្រុមប្រឹក្សានាយក នៃសមាគមពាណិជ្ជកម្មនិងវិនិយោគកម្ពុជា-ជប៉ុន (CJBI) ផងដែរ ។

បច្ចុប្បន្ន លោកមានជន្មាយុប្រមាណ ៧៩ ឆ្នាំហើយ ហើយអាចនិយាយបានថា លោកជាព្រឹទ្ធាចារ្យមួយរូប ដែលស្គាល់កម្ពុជានិងប្រជាជនកម្ពុជាច្បាស់លាស់ តាមរយៈបទពិសោធន៍ផ្ទាល់របស់គាត់ ។

គួររំឭកផងដែរថា ព្រះពុទ្ធសាសនានៅកម្ពុជរដ្ឋមានសេចក្តីចម្រើនរុងរឿង គួរជាទីមោទនភាពក្រៃលែង នាសម័យសង្គមរាស្ត្រនិយម ដោយសារការពង្រឹងវិស័យពុទ្ធិកសិក្សាជាចម្បង ។ សម្ដេចព្រះសង្ឃរាជ ជួន ណាត និងសម្ដេចព្រះពោធិវ័ង្ស ហួត តាត បានខឹតខំប្រឹងអស់កម្លាំងកាយចិត្ត ដើម្បីធ្វើឲ្យព្រះពុទ្ធសាសនាខ្មែរ រីកចម្រើនគួរជាទីជ្រះថ្លានៃពុទ្ធបរិស័ទ ទាំងក្នុងនិងក្រៅប្រទេស ។

បន្ថែមលើនេះគឺព្រះរាជសាសនូបត្ថម្ភក៍ (Royal Patronage) របស់សម្ដេចព្រះនរោត្តម សីហនុ ព្រះប្រមុខរដ្ឋកម្ពុជា និងការទូតវប្បធម៌ពុទ្ធសាសនា (Buddhist Diplomacy) របស់ព្រះអង្គ ដែលបានញ៉ាំងឲ្យពន្លឺពុទ្ធចក្រ ឲ្យចែងចាំងលើឆាកអន្តរជាតិ ។ តួយ៉ាង ព្រះអង្គបានឧបត្ថម្ភការរៀបចំបុណ្យទទួលព្រះបរមសារីរិកធាតុ និងព្រះអរហន្តធាតុ (១៩៥២) ការកសាងពុទ្ធិកមហាវិទ្យាល័យព្រះសីហនុរាជ (១៩៥៤) បុណ្យពាក់កណ្ដាលពុទ្ធសាសនា (១៩៥៧) និងជាពិសេស សន្និសីទពុទ្ធសាសនាអន្តរជាតិលើកទី៦ នៃពុទ្ធិកសមាគមពិភពលោក (១៩៦១) ៕

© រក្សាសិទ្ធិដោយលោកវិទូ

No comments:

Post a Comment