លោកវិទូ | ថ្ងៃ ៦᧵៨ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ | ៧ មិថុនា ២០២៣
នៅក្នុងសង្គមប្រជាធិបតេយ្យ ការបោះឆ្នោតនិងឈរឈ្មោះឲ្យគេបោះឆ្នោតគឺសិទ្ធិដែលធានាដោយរដ្ឋធម្មនុញ្ញ ហើយច្បាប់ដែលមានចេតនាធ្វើបះពាល់ដល់សិទ្ធិដែលធានាដោយរដ្ឋធម្មនុញ្ញនេះឈ្មោះថារំលោភរដ្ឋធម្មនុញ្ញហើយ ។ ក្នុងសង្គមប្រជាធិបតេយ្យ ពលរដ្ឋត្រូវចូលរួមយ៉ាងសកម្មក្នុងជីវិតនយោបាយ ដើម្បីបញ្ជ្រាបឥទ្ធិពលរបស់ខ្លួន និងការចង់បានរបស់ខ្លួន ចំពោះអ្នកនយោបាយ ក៏ដូចជាអ្នកតាក់តែងគោលនយោបាយ ។
សកម្មភាពសំខាន់មួយនៃការចូលរួមក្នុងសកម្មភាពនយោបាយគឺ ការចូលរួមជ្រើសរើសតំណាងរាស្ត្រ តាមរយៈការបោះឆ្នោត ដោយសេរីនិងយុត្តិធម៌ និងបោះឆ្នោតជាសម្ងាត់ ។ ការណ៍នេះតម្រូវឲ្យពលរដ្ឋអ្នកបោះឆ្នោតត្រូវតាមដានព្រិត្តិការណ៍នយោបាយឲ្យបានជាប្រចាំ ដើម្បីយល់ដឹងពីល្បិចកលនយោបាយ និងអ្នកនយោបាយដែលមានឬគ្មានសមត្ថភាពក្នុងការបម្រើរាស្ត្រ ដែលយកជាតិជាធំ មិនយកគ្រួសារឬបក្ខពួកខ្លួនជាធំ ជាមេដឹកនាំសុចរិតត្រឹមត្រូវ ប្រកបដោយសម្មាទិដ្ឋិ ឬជា «ព្រះបាទធម្មិក» ជាមេដឹកនាំដែលគោរពច្បាប់ គោរពតួនាទី និងគោរពធម៌ ។
រីឯអ្នកនយោបាយវិញក៏តែងតែធ្វើការឃោសនារកសំឡេងឆ្នោត ដោយប្រការផ្សេងៗ នារដូវបោះឆ្នោតម្ដងៗ ។ ពួកគេលូនក្រាបលើកដៃសំពះឱនលំទោន យកចិត្តពលរដ្ឋ និងពោលដោយមធុវាចា មានសភាពសិទ្ធិស្នាលប្លែកទៅកាន់ពលរដ្ឋ ផ្ដល់ជាអំណោយឬលុយកាក់បន្តិបន្តួច ដើម្បីទិញទឹកចិត្តពលរដ្ឋ ។ ពុំនោះទេ ក៏មានការគំរាមកំហែង ឬប៉ងធ្វើឲ្យខូចប្រយោជន៍ដល់ពលរដ្ឋណាដែលមិនគាំទ្របក្សខ្លួនជាដើម ។ ដូច្នេះ ពលរដ្ឋត្រូវមានស្មារតីយល់ដឹងខ្ពស់ អំពីល្បិចកិច្ចកលនយោបាយអស់ទាំងនេះ ហើយត្រូវគិតពីផលប្រយោជន៍ជាតិរយៈពេលវែង ។
សម្តេចព្រះសង្ឃរាជ ជួន ណាត ទ្រង់បានបន្សល់ទុកនូវទស្សនៈជាបណ្ដាំមាស ដែលមានន័យដាស់តឿនក្រើនរំឭកដល់អ្នកបោះឆ្នោត ឲ្យមានសតិក្នុងការជ្រើសរើសតំណាងរបស់ខ្លួន ដោយសន្លឹកឆ្នោតឆ្លាតវៃ ។ ដោយបានចារទុកនៅសៀវភៅ «ទស្សនៈ សម្តេចព្រះសង្ឃរាជ ជួន ណាត» ដែលរៀបរៀងដោយលោក គង់ សម្ភារ នៅឆ្នាំ១៩៧១ សម្ដេចព្រះសង្ឃរាជទ្រង់មានការសង្កេតឃើញ ២ យ៉ាង ទាក់ទងនឹងសកម្មភាពរបស់អ្នកនយោបាយគឺ៖
ទី១ ការដែលគេមកសុំសន្លឹកឆ្នោតពីយើង គេលុតជង្គង់ដល់ធរណី ព្រោះតែគេចង់ស៊ីថ្លើមយើង ហើយដល់គេបានសន្លឹកឆ្នោតហើយ គេធាក់ធរណីបោលលែងមកក្បែរយើងទៀត តើយើងត្រូវធ្វើដូចម្តេចហ្ន៎ឲ្យបានដូចបំណង?
ទី២ ការជ្រើសរើសតំណាងយើងពិបាកជាងការរើសកូនប្រសាត្រីភាគ មិនដូចអ្នកល្ងង់ពោលថា បោះឲ្យនរណាក៏ដូចនរណានោះទេ ព្រោះថា អាយុជីវិតនៃប្រទេសជាតិ ត្រូវផ្ញើទៅលើអ្នកតំណាងរបស់យើងផងមួយផ្នែកធំ មិនគួរយើងយកសំបកគ្រំមកទះលេងនោះទេ ។
សកម្មភាពផ្ទុយគ្នារវាង«មុន»និង«ក្រោយ»ការបោះឆ្នោតខាងលើនេះ ប្រជាពុទ្ធបរិស័ទតោងតែចាំជាប់ក្នុងខ្លួនជានិច្ច ដើម្បីចៀសវាងការចាញ់បោកការឃោសនាល្អតែមាត់ ឬការសន្យាចោលជាដើម លុះដល់បោះឆ្នោតហើយក៏បាត់មុខឈឹង ពុំបានជួយដោះទុក្ខរាស្ត្រឡើយ មានតែជិះជាន់បន្ថែមទៀតក៏សឹងមាន ។ ទោះនេះជាទស្សនៈទូទៅមិនសំដៅទៅបុគ្គលណាម្នាក់ក៏ដោយ វាជាមេរៀនមួយសម្រាប់ជួយឲ្យប្រជាពុទ្ធបរិស័ទ ទុកជាគោលពិចារណា ក្នុងរដូវបោះឆ្នោតម្តងៗ ៕
© រក្សាសិទ្ធិដោយលោកវិទូ
No comments:
Post a Comment