ព្រះតេជព្រះគុណ លីវ ពៅ ព្រះសង្ឃាធិបតីនៃសហគមន៍សង្ឃខ្មែរកម្ពុជាក្រោមពិភពលោកទទួលអនិច្ចធម្ម - លោកវិទូ

ព័ត៌មានថ្មីៗ

Sunday, August 06, 2023

ព្រះតេជព្រះគុណ លីវ ពៅ ព្រះសង្ឃាធិបតីនៃសហគមន៍សង្ឃខ្មែរកម្ពុជាក្រោមពិភពលោកទទួលអនិច្ចធម្ម

ព្រះតេជព្រះគុណ ធម្មរក្ខិតោ លីវ ពៅ (១០ តុលា ១៩៤០ - ៥ សីហា ២០២៣)

លោកវិទូ | ថ្ងៃ ១᧵៩ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ | ៦ សីហា ២០២៣ 

ព្រះសង្ឃនិងពុទ្ធបរិស័ទខ្មែរកម្ពុជាក្រោមជុំវិញពិភពលោក សម្ដែងនូវមរណទុក្ខក្រៀមក្រំ និងសោកស្ដាយ ចំពោះដំណឹងអនិច្ចធម្មរបស់ព្រះតេជព្រះគុណ ធម្មរក្ខិតោ លីវ ពៅ ព្រះសង្ឃាធិបតីនៃសហគមន៍សង្ឃខ្មែរកម្ពុជាក្រោមពិភពលោក ជាព្រះចៅអធិការ វត្តធម្មារាម ទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី នៅវេលាម៉ោង ៨ យប់ ម៉ោងនៅប្រទេសអូស្ត្រាលី ថ្ងៃសៅរ៍ ៤ រោច ខែទុតិយាសាធ ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៣ ក្នុងព្រះជន្មាយុ ៨៤ វស្សា ។ 

ព្រះតេជព្រះគុណ លីវ ពៅ ជាព្រះសង្ឃខ្មែរមួយអង្គដ៏ឆ្នើម ជាព្រះឧបជ្ឈាយ៍មានគុណូបការៈជាច្រើនឥតគណនា ចំពោះព្រះពុទ្ធសាសនា សហគមន៍ព្រះសង្ឃនិងបងប្អូនខ្មែរក្រោម និងជាតិមាតុភូមិខ្មែរទាំងមូល ។ លោកធ្លាប់សិក្សានៅស្រុកខ្មែរចប់ឌីប្លូមបាលី រួចត្រឡប់ទៅស្រុកកំណើតវិញជួយបង្រៀនភាសាបាលី នៅសាលាពុទ្ធិកអនុវិទ្យាល័យខេត្តឃ្លាំង កម្ពុជាក្រោម ។ អំឡុងពេលនោះ លោកបានចូលរួមក្នុងសកម្មភាពជាច្រើន ដើម្បីបុព្វហេតុជាតិ និងសិទ្ធិសេរីខ្មែរក្រោម តាមរយៈការចូលរួមបង្កើតសមាគមពុទ្ធសាសនាឯកភាពជាដើម ។ 

ក្រោយមកទៀត ដោយសារកាលៈទេសៈមិនអំណោយផលដល់សកម្មភាពសង្គមរបស់លោកៗក៏បានិមន្តមកស្រុកខ្មែរ និងបន្តមកដល់ប្រទេសអូស្ត្រាលី ។ នៅក្រៅស្រុក លោកបានចូលរួមខ្វល់ខ្វាយបម្រើសង្គមសង្ឃខ្មែរក្រោមយ៉ាងសកម្ម ក្នុងនាមជា ព្រះសង្ឃាធិបតីនៃសហគមន៍សង្ឃខ្មែរកម្ពុជាក្រោមពិភពលោក រហូតដល់ថ្ងៃលាចាកលោកនេះ ។ ជាពិសេស លោកបានជួយជ្រោមជ្រែងសម្រួលធានាព្រះសង្ឃនិងគ្រហស្ថចំនួនជាង ១០០ រូប ឲ្យទទួលបានសិទ្ធិរស់នៅ នៅប្រទេសទី៣

ព្រះតេជព្រះគុណក៏មានស្ថាដៃកសាងជាតិនៅប្រទេសកម្ពុជាផងដែរ ។ នៅថ្ងៃទី ៩ ខែឧសភា ឆ្នាំ២០០៣ ព្រះតេជព្រះគុណបានទទួលមេដាយមាសស្ថានបនាជាតិពីនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីបុណ្យបញ្ចុះសីមាវត្តអង្គប្រិយសេរីមានជ័យ ខេត្តកំពត ប្រទេសកម្ពុជា ។

ការបាត់បង់ព្រះតេជព្រះគុណព្រះសង្ឃាធិបតីនៃសហគមន៍ខ្មែរកម្ពុជាក្រោមពិភពលោក ឬថាជាព្រះបិតាសង្ឃខ្មែរកម្ពុជាក្រោម នៅពេលនេះ ឈ្មោះថាជាការបាត់បង់ធនធានបញ្ញវន្តសង្ឃខ្មែរក្រោម និងអ្នកតស៊ូដើម្បីបុព្វហេតុជាតិនិងមាតុភូមិកំណើតដ៏សំខាន់ដែលកម្ររកបាន ។ ទឹកព្រះទ័យដ៏មុះមុតប្រកបដោយវីរភាពនិងវីរិយភាពរបស់លោកនឹងនៅជាមគ្គទេសន៍ ជាប្រទីបបង្ហាញផ្លូវ សម្រាប់ជំរុញទឹកចិត្តព្រះសង្ឃនិងបងប្អូនខ្មែរក្រោម អស់កាលជាយូរអង្វែង ។

ព្រះសពរបស់ព្រះតេជព្រះគុណត្រូវបានតម្កល់ទុកនៅវត្តធម្មារាម ទីក្រុងម៉ែលប៊ន ដើម្បីធ្វើបុណ្យទក្ខិណានុប្បទាន តាមប្រពៃណីព្រះពុទ្ធសាសនាខ្មែរ និងជាឱកាសសម្រាប់ពុទ្ធបរិស័ទសិស្សគណគ្រប់ទិសទី ទៅគោរពបូជាជាលើកចុងក្រោយ ៕

© រក្សាសិទ្ធិដោយលោកវិទូ

No comments:

Post a Comment