ចលនាសំខាន់ៗដែលរួមចំណែកក្នុងការស្ដារព្រះពុទ្ធសាសនាឡើងវិញនៅជម្ពូទ្វីប - លោកវិទូ

ព័ត៌មានថ្មីៗ

Sunday, November 05, 2023

ចលនាសំខាន់ៗដែលរួមចំណែកក្នុងការស្ដារព្រះពុទ្ធសាសនាឡើងវិញនៅជម្ពូទ្វីប

ព្រះពុទ្ធបដិមានៅក្នុងព្រះមហាពោធិវិហារ ពុទ្ធគយា កន្លែងព្រះសម្មាសម្ពុទ្ធទ្រង់ត្រាស់ដឹង ។ រូបភាព៖ លោកវិទូ

លោកវិទូ | ថ្ងៃ ១᧷១២ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ | ៥ វិច្ឆិកា ២០២៣ 

ប្រទេសឥណ្ឌាជាជម្ពូទ្វីប ជាដែនដីពុទ្ធភូមិដ៏ពិសិដ្ឋ គួរជាទីជ្រះថ្លា នៃពុទ្ធបរិស័ទទាំងឡាយទូទាំងពិភពលោក ។ ការស្ដារឡើងវិញនៃព្រះពុទ្ធសាសនា ដែលបានសាបសូន្យចាកទីកំណើត បានចាប់ផ្ដើមឡើងដោយពលីកម្មរបស់ព្រះសង្ឃធម្មទូតព្រះពុទ្ធសាសនា និងពុទ្ធបរិស័ទជាពហុស្សូតជាច្រើនរូប ទើបពន្លឺព្រះពុទ្ធសាសនា បានចែងចាំងឡើងវិញជាថ្មីម្ដងទៀត រីឯសកម្មភាពព្រះពុទ្ធសាសនា ក៏បានអភិវឌ្ឍកើតឡើងវិញ នៅលើដែនដីពុទ្ធភូមិ ប្រទេសឥណ្ឌានេះ ។ ពុទ្ធស្ថានទាំងឡាយដែលក្រុមអ្នកបុរាណវិទ្យាបានរកឃើញឡើងវិញ បានទាក់ទាញអ្នកធម្មយាត្រាមកពីទិសទាំងបួន ឲ្យមកធ្វើកិរិយានមស្ការថ្វាយបង្គំ បង្អោនចិត្តគោរពបូជា ចំពោះទីពុទ្ធស្ថានទាំងឡាយនោះ តាមគន្លងស្នាមព្រះបាទនៃព្រះពុទ្ធបរមគ្រូនៃយើង ប្រកបដោយចិត្តជ្រះថ្លាក្រៃលែង ។

ព្រះសម្មាសម្ពុទ្ធជាបរមគ្រូនៃយើង ទ្រង់បានត្រាស់ដឹងនៅប្រទេសឥណ្ឌាជាង ៥០០ ឆ្នាំមុនគ.ស. បន្ទាប់មកព្រះអង្គទ្រង់សម្ដែងធម៌ ប្រោសសត្វលោកទាំងឡាយដ៏ច្រើននៅជម្ពូទ្វីប ។ ព្រះអង្គទ្រង់ប្រកាសផ្សាយព្រះធម៌របស់ព្រះអង្គ ដើម្បីជាប្រយោជន៍ដល់សាធុជនទាំងឡាយ អស់រយៈពេល ៤៥ ព្រះវស្សា ។ ក្រោយពីព្រះអង្គទ្រង់ចូលបរិនិព្វានទៅ ព្រះពុទ្ធសាសនាបានផ្សព្វផ្សាយចេញពីជម្ពូទ្វីបទៅកាន់ទីដទៃទៀត ។ ក្នុងសតវត្សរ៍ទី ៣ មុនគ.ស. ព្រះបាទធម្មាសោក ឬអសោកមហារាជ ដែលជាពុទ្ធសាសនូបត្ថម្ភក ជ្រះថ្លាក្នុងព្រះពុទ្ធសាសនាក្រៃលែង ទ្រង់បានផ្សាព្វផ្សាយពុទ្ធសាសនាទៅកាន់ទីទាំងពួង មិនត្រឹមតែនៅក្នុងជម្ពូទ្វីប ថែមទាំងបានផ្សាយទៅកាន់ទ្វីបអាស៊ីអាគ្នេយ៍ទាំងមូលទៀតផង តាមរយៈព្រះថេរៈពីរអង្គគឺ សោណត្ថេរ និង ឧត្តរត្ថេរ ។ ព្រះអង្គបានកសាងព្រះវិហារ ស្តូប ឬ ចេតិយជាច្រើន នៅតាមតំបន់ពុទ្ធស្ថានសំខាន់ៗ នៅប្រទេសឥណ្ឌា (និងនេប៉ាល់ បច្ចុប្បន្ន) ជាពិសេស ព្រះអង្គបានកសាងសសរស្ដម្ភ ដែលមានរូបតោមុខបួនបែរទៅកាន់ទិសទាំងបួន ដែលបច្ចុប្បន្នគេហៅថា «អសោកស្តម្ភ» ជាគ្រឿងសម្គាល់ទីតាំងពុទ្ធស្ថាននានាក្នុងពុទ្ធប្បវត្តិ ។ ព្រះពុទ្ធសាសនាបានចម្រើនរុងរឿងណាស់ ក្នុងសម័យកាលព្រះធម្មាសោកនេះ នៅក្នុងចក្រភពមោរ្យៈ ។ ព្រះបាទធម្មាសោកបានក្លាយជាក្សត្រ ប្រកបដោយទសពិធរាជធម៌ ជាគំរូសម្រាប់ប្រទេសកាន់ព្រះពុទ្ធសាសនា ជាពិសេសព្រះរាជាទាំងឡាយ នៅប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ ។

ចាប់ពីសតវត្សរ៍ទី ១២ គ.ស. ក្រោយពីសាកលវិទ្យាល័យនាលន្ទា ដែលជាមជ្ឈមណ្ឌលសិក្សាព្រះពុទ្ធសាសនា ដ៏សំខាន់បំផុតមួយ ក្នុងសម័យ ក្រោយព្រះពុទ្ធបរិនិព្វាន ត្រូវបានដុតបំផ្លាញដោយពួកមូស្លីម ដែលគ្រប់គ្រងប្រទេសឥណ្ឌារហូតដល់សតវត្សរ៍ទី ១៦ គ.ស. ព្រះពុទ្ធសាសនាបានចុះឥទ្ធិពលជាលំដាប់ ។ នៅក្នុងសម័យអន្ធការនេះ ព្រះពុទ្ធសាសនាបានផុតរលត់ស្ទើរសូន្យឈឹងពីមាតុភូមិកំណើត រហូតដល់សម័យអាណានិគមអង់គ្លេស ។

នៅក្នុងចុងសតវត្សរ៍ទី ១៩ គ.ស. ពោលគឺសម័យអាណានិគមអង់គ្លេស ចលនាស្ដារព្រះពុទ្ធសាសនាឡើងវិញ ក៏បានចាប់ផ្ដើមឡើង ។ ចលនាសំខាន់ និងដំបូងគេគឺ មហាពោធិសមាគម ឬសមាគមមហាពោធិ (Maha Bodhi Society) ដែលជាស្ថាប័នពុទ្ធសាសនាសម័យទំនើប ដែលត្រូវបានបង្កើតឡើងដោយ ឧបាសកជាតិស្រីលង្កាឈ្មោះ អនាគារិក ធម្មបាល (Anagarika Dharmapala, ១៨៦៤–១៩៣៣) ក្នុងឆ្នាំ ១៨៩១ ។ ចំណុចអាទិភាពនៃសកម្មភាពរបស់ មហាពោធិសមាគម នៅប្រទេសឥណ្ឌាគឺ ការរុករក ការអភិរក្ស និងការស្ដារឡើងវិញនូវពុទ្ធស្ថានសំខាន់ៗ ដូចជាតំបន់ពុទ្ធគយា និងព្រះមហាពោធិវិហារ (កសាងសតវត្សរ៍ទី ៣ គ.ស.) ដែលនៅទីនោះ ។ នៅសម័យនោះ ពុទ្ធស្ថាននិងព្រះវិហារពុទ្ធសាសនាជាច្រើន ស្ថិតនៅក្រោមការកាន់កាប់របស់ពួកព្រាហ្មណ៍នៃសាសនាហិណ្ឌូ ។ ចលនាស្ដារពុទ្ធសាសនាឡើងវិញ របស់ឧបាសក ធម្មបាល បានតតាំងគ្នាជាមួយពួកព្រាហ្មណ៍ រហូតដល់មានរឿងក្តីក្ដាំឡើងតុលាការយ៉ាងជូរចត់ទៀតផង ។ ដោយសារពលីកម្ម របស់ឧបាសក ធម្មបាល ពុទ្ធស្ថានសំខាន់ៗបានមកជារបស់ពុទ្ធបរិស័ទវិញ ។ គាត់ត្រូវបានគេប្រសិទ្ធនាមថា ជាបិតាស្ថាបនិកព្រះពុទ្ធសាសនាឡើងវិញ នៅប្រទេសឥណ្ឌា ។ គាត់មានសេចក្តីប្រាថ្នាមុនស្លាប់ថា «សូមឲ្យខ្ញុំកើតវិញទៀត ។ ខ្ញុំសូមប្រាថ្នាកើត ២៥ ជាតិទៀត ដើម្បីផ្សព្វផ្សាយព្រះធម៌ របស់ព្រះពុទ្ធជាម្ចាស់ ។»

នៅសម័យក្រោយឯករាជ្យ មរតកពុទ្ធសាសនាបុរាណរបស់ឥណ្ឌា បានក្លាយជាធាតុផ្សំមួយដ៏សំខាន់ក្នុងការកសាងជាតិ ហើយនាយករដ្ឋមន្ត្រីទី ១ របស់ឥណ្ឌា គឺលោកបណ្ឌិត ហ្សាវ៉ាហាឡាល នេហ៍រូ (Jawaharlal Nehru, ១៨៨៩–១៨៦៤) បានក្រឡេកមើល នៅក្នុងសម័យចក្រភពមោរ្យៈ ដែលកាន់ព្រះពុទ្ធសាសនា ដើម្បីស្វែងរកនូវនិមិត្តសញ្ញាជាតិមួយ ដែលបង្ហាញពីសាមគ្គីភាព ដែលមិនមែនជារបស់ហិណ្ឌូ ឬមូស្លីម ។ គាត់ក៏ឃើញ អសោកស្ដម្ភ និងធម្មចក្រ នៅតំបន់សាន៌ាថ (ពារាណសី) ។ គួរជាទីមោទនភាព សម្រាប់ពុទ្ធសាសនិក ផ្នែកខាងលើនៃអសោកស្តម្ភគឺក្បាលតោ បានក្លាយជារូបនិមិត្តសញ្ញាជាតិរបស់ឥណ្ឌា ដែលយកមកធ្វើជាត្រាផ្លូវការរបស់រដ្ឋាភិបាលសាធារណរដ្ឋឥណ្ឌា និងធម្មចក្រនៅនឹងកអសោកស្តម្ភនេះ ក៏បានក្លាយជារូបកងចក្រនៅចំកណ្ដាលទង់ជាតិឥណ្ឌា នាពេលបច្ចុប្បន្ន ។ រដ្ឋាភិបាលឥណ្ឌាបានផ្ដល់ថវិកាឧបត្ថម្ភដល់ពុទ្ធស្ថាននានា ក្នុងការរៀបចំ ពិធីបុណ្យពុទ្ធជយន្តិ ឬបុណ្យគម្រប់ខួប ២៥០០ ឆ្នាំនៃព្រះពុទ្ធសាសនា ក្នុងឆ្នាំ ១៩៥៦ ។ មិនតែប៉ុណ្ណោះ រដ្ឋាភិបាលឥណ្ឌាបានចេញថ្លៃជួលដី នៅតាមមជ្ឈមណ្ឌលធម្មយាត្រាអាស៊ី ដើម្បីកសាងវត្តអារាម និងកន្លែងស្នាក់នៅទៀតផង ។

ចលនាសំខាន់ទី ២ ក្នុងការស្ដារព្រះពុទ្ធសាសនាឡើងវិញនៅប្រទេសឥណ្ឌាគឺ ចលនាពុទ្ធសាសនារបស់ពួកទលិត ។ នៅក្នុងសង្គមហិណ្ឌូ ពួកប្រជាជនទលិត (Dalits) គឺមិនមានសិទ្ធិដូចពួកព្រាហ្មណ៍ និងវណ្ណៈដទៃទៀតទេ ដែលគេខ្ពើមរអើមមិនចង់ប៉ះពាល (Untouchable) ។ ពួកគេមិនត្រូវបានអនុញ្ញាតឲ្យ ប្រើប្រាស់សម្ភារៈផ្សេងៗ ឬហូបចុករួមគ្នា ជាមួយពួកហិណ្ឌូវណ្ណៈខ្ពស់ទេ ដូចជា អណ្ដូងទឹកសាធារណៈ នៅក្នុងភូមិជាដើម មិនត្រូវបានអនុញ្ញាត ឡើយ ។ ជាងនេះទៅទៀត ពួកគេមិនត្រូវបានអនុញ្ញាតឲ្យចូលក្នុងវិហារហិណ្ឌូឡើយ ទាំងមិនអាចរៀនគម្ពីរត្រៃវេទទៀតផង ព្រោះគេចាត់ទុកពួកនេះថា ក្រុមមនុស្សមិនបរិសុទ្ធ ។ នៅក្នុងសម័យឥណ្ឌាក្រោយឯករាជ្យ លោកបណ្ឌិត ប៊ី.អ័រ. អម្ពេឌករ (Dr. B.R. Ambedkar, ១៨៩១–១៩៥៦) ដែលជាបិតាស្ថាបនិករដ្ឋធម្មនុញ្ញ នៃសាធារណរដ្ឋឥណ្ឌា បានធ្វើបដិវត្តន៍វណ្ណៈ តាមរយៈការបកស្រាយទ្រឹស្តីពុទ្ធសាសនាឡើងវិញ ដើម្បីលើកកម្ពស់ និងទាមទារសិទ្ធិសេរីភាពសមភាពឲ្យប្រជាជនឥណ្ឌា ក្នុងវណ្ណៈទលិតនេះ ដែលត្រូវបានគេរើសអើង ក្នុងសង្គមហិណ្ឌូ ។ ដូច្នេះហើយ ចលនារបស់បណ្ឌិត អម្ពេឌករ  បានបង្កើតជាលទ្ធិពុទ្ធសាសនាថ្មីមួយ ដែលអ្នកប្រតិបត្តិតាមគាត់និយមហៅថា «នវយាន» (Navayana, យានថ្មី) ។ នវយានជាចលនាពុទ្ធសាសនាមួយ ដែលប្រឆាំងយ៉ាងខ្លាំងនូវទ្រឹស្តីហិណ្ឌូ ក្នុងការបែក ចែកវណ្ណៈសង្គម និងការចាត់ទុកព្រះពុទ្ធថាជាអវតាររបស់ព្រះវិស្ណុ និងថាជាផ្នែកមួយនៃសាសនាហិណ្ឌូ ។ លោកបណ្ឌិត ប៊ី.អ័រ. អម្ពេឌករ បានអំពាវនាវឲ្យប្រជាជនទលិត ចូលកាន់ព្រះពុទ្ធសាសនារាប់សែននាក់ ដើម្បីរួចចាកពីច្រវ៉ាក់វណ្ណៈ ដែលពួកព្រាហ្មណ៍បានចងពួកគេ អស់ជាច្រើនសតវត្សរ៍មកហើយ ។ ចលនានេះបានទទួលជោគជ័យធំជាងគេ នៅរដ្ឋ មហារាស្ត្រ ជាទីដែលលោកបណ្ឌិត អម្ពេឌករ បានប្រកាសចូលកាន់ ព្រះពុទ្ធសាសនាជាផ្លូវការ នៅខែតុលា ឆ្នាំ ១៩៥៦ ។ ពាក្យប្ដេជ្ញារបស់លោក បណ្ឌិត អម្ពេឌករ ដែលល្បីល្បាញក្នុងចំណោមអ្នកនិយម ទ្រឹស្តីរបស់គាត់ គឺ «ថ្វីដ្បិតតែខ្ញុំបានកើតមកជាហិណ្ឌូ ខ្ញុំសូមអះអាងចំពោះ លោកអ្នកជាឱឡារិកថា ខ្ញុំនឹងមិនស្លាប់ទៅវិញជាហិណ្ឌូទេ ។» អង្គការសំខាន់ពីរ នៃចលនានេះគឺ សមាគមពុទ្ធសាសនាឥណ្ឌា (Buddhist Society of India) និង សហគមន៍ពុទ្ធសាសនាព្រះត្រៃរត្ន (Triratna Buddhist Community) ។

ចលនាសំខាន់ទី ៣ គឺពុទ្ធសាសនាទីបេត៍ ។ ការនិមន្តមកកាន់ប្រទេសឥណ្ឌារបស់សម្តេចសង្ឃដាឡៃឡាម៉ាទី ១៤ មានព្រះនាមថា តេនហ្ស៊ីន គ្យសូ (Tenzin Gyatso, ១៩៣៥–បច្ចុប្បន្ន) អមដោយជនភៀសខ្លួនទីបេត៍ជាង ៨៥០០០ នាក់ ក្នុងឆ្នាំ ១៩៥៩ បានរួមចំណែកយ៉ាងសំខាន់មួយដែរ ក្នុងការស្ដារព្រះពុទ្ធសាសនាឡើងវិញនៅប្រទេសឥណ្ឌា ។ សម្តេច សង្ឃដាឡៃឡាម៉ាទី ១៤ គង់និរទេសខ្លួននៅធម្មសាលា (ដារ៉ាមសាលា) ប្រទេសឥណ្ឌា ចម្ងាយ ៤៧៤ គ.ម. ពីរដ្ឋធានីញូវដែល្លី ជាទីដែលជនភៀសខ្លួនទីបេត៍ភាគច្រើនជ្រកកោន ។ ក្រៅពីសម្ដេចសង្ឃដាឡៃឡាម៉ា ក៏មានមេដឹកនាំនិកាយផ្សេងៗនៃពុទ្ធសាសនាទីបេត៍ បានភៀសខ្លួនមកជ្រកកោន នៅប្រទេសឥណ្ឌាដែរ ។ ចលនាពុទ្ធសាសនាទីបេត៍ នៅប្រទេសឥណ្ឌា បានរួមចំណែកក្នុងស្ថាបនាពុទ្ធសាសនាឡើងវិញ តាមរយៈការកសាងវត្តអារាម និងព្រះវិហារ នៅតាមពុទ្ធស្ថានដែលមានសំណង់បែកបាក់នានា និងការបង្កើតគ្រឹះស្ថានអប់រំពុទ្ធសាសនា ។

ចលនាវិបស្សនាជាចលនាសំខាន់ទី ៤ នៃការស្ដារព្រះពុទ្ធសាសនាឡើងវិញ ក្នុងសម័យក្រោយឯករាជ្យ ។ នៅប្រទេសឥណ្ឌាអង្គការដែលមានឥទ្ធិពលជាងគេផ្នែកវិបស្សនាគឺ វិទ្យាស្ថានស្រាវជ្រាវវិបស្សនា ដែលបង្កើតឡើងក្នុងឆ្នាំ ១៩៨៥ ដោយឧបាសក អេស.អិន. ហ្គោឥនកា (S.N. Goenka, ១៩២៤–២០១៣) ជាគ្រូវិបស្សនាពុទ្ធសាសនាបែបទំនើបនិងមិនប្រកាន់ សាសនា ។ វិទ្យាស្ថាននេះមានគោលបំណងចម្បង ក្នុងការស្រាវជ្រាវ លក្ខណៈវិទ្យសាសនា អំពីប្រភាពនិងអនុវត្តន៍ នៃវិធីសាស្ត្រក្នុងការចម្រើន វិបស្សនា ។ បណ្ដាញមជ្ឈមណ្ឌលវិបស្សនាទាំងឡាយរបស់លោកគ្រូ ហ្គោឥនកា ផ្ដល់នូវវគ្គសិក្សាវិបស្សនា មានរយៈពេល ១០ ថ្ងៃ និងវគ្គសិក្សាខ្លីឬវែងផ្សេងទៀតដោយឥតគិតថ្លៃ ។ ចលនានេះផ្សព្វផ្សាយទៅកាន់ប្រទេសជាច្រើននៅអឺរ៉ុប អាម៉េរិក និងអាស៊ី ។ នៅក្នុងឆ្នាំ ២០០៨ ការសាងសង់ព្រះវិហារវិបស្សនាអន្តរជាតិ (Global Vipassana Pagoda) បានបញ្ចប់ជាស្ថាពរ នៅតំបន់ជាយក្រុងនៃទីក្រុងមុមបៃ ។ លោកគ្រូ ហ្គោឥនកា បានហ្វឹកហ្វឹនគ្រូវិបស្សនា ជំនួយជាង ៨០០ នាក់ និងមានអ្នកចូលរួមវគ្គសិក្សាវិបស្សនាជាង ១០០០០០ (ដប់ម៉ឺន) នាក់ក្នុងមួយឆ្នាំៗ ។ វិធីសាស្ត្រវិបស្សនាតាមលំនាំលោកគ្រូហ្គោឥនកានេះ ក៏បានផ្សព្វផ្សាយទៅកាន់ប្រទេសកម្ពុជាផងដែរគឺ មជ្ឈមណ្ឌលធម្មលដ្ឋិកា ស្ថិតនៅក្នុងស្រុកបាណន់ ខេត្តបាត់ដំបង ដែលមានលោក កួច សុងហាក់ ជាគ្រូជំនួយរបស់លោកគ្រូហ្គោឥនកា និងជាអាចារ្យប្រចាំមជ្ឈមណ្ឌល ។

ចលនាសំខាន់ៗទាំងបួនបានស្ដារព្រះពុទ្ធសាសនាឡើងវិញ នៅប្រទេសឥណ្ឌា និងបានញ៉ាំងសកម្មភាពព្រះពុទ្ធសាសនាឲ្យកើតឡើងវិញបាន នៅតាមពុទ្ធស្ថាននានា ។ បន្ទាប់មក ពុទ្ធស្ថានទាំងឡាយបានក្លាយពីទីស្ថានស្ងាត់ដែលគេបោះចោល អស់កាលជាច្រើនសតវត្សរ៍ ទៅជាទីអ៊ូអរជាប់មិនដាច់ ជាទីដែលព្រះសទ្ធម្មលាន់ឮឡើងវិញសព្វៗកាលជាថ្មីឡើងវិញ ។ ដុំថ្មដុំឥដ្ឋបែកបាក់រប៉ាត់របាយរាត់រាយលើដី សំណង់បែកបាក់បាត់រូបរាងដើម បានត្រលប់លេចធ្លោឡើងវិញ នៅតាមពុទ្ធស្ថាននានា ដែលបង្ហាញឲ្យពិភពលោកដឹងថា ព្រះពុទ្ធសាសនាបានរស់ឡើងវិញហើយ ។ វត្តអារាមនិងព្រះវិហារពុទ្ធសាសនាគ្រប់និកាយ ដែលបានកសាងឡើង ដោយពុទ្ធបរិស័ទជាតិនិងអន្តរជាតិ ដើម្បីបង្ហាញពីជំនឿនិងវប្បធម៌របស់ខ្លួន បានរីកដុះដាលឡើងព្រោងព្រាត់ពេញទីពុទ្ធស្ថានប្រវត្តិសាស្ត្រ ជាការង្ហាញឲ្យឃើញ ថាដែនដីពុទ្ធភូមិបានកើតឡើងវិញ ។ នៅក្នុងសម័យទំនើបនេះពិភពលោកទាំង មូលបានក្រឡេកមើលប្រទេសឥណ្ឌាជាទីដ៏ពិសិដ្ឋ សម្រាប់ពុទ្ធបរិស័ទអ្នកធម្មយាត្រា ភ្លៀវទេសចរ និងអ្នកសិក្សា ស្រាវជ្រាវអំពីព្រះពុទ្ធសាសនា និងពាក្យប្រៀនប្រដៅរបស់ព្រះអង្គ ។ សកម្មភាពពុទ្ធសាសនាទាំងនេះជាចលនាពុទ្ធសាសនាសាកលមួយនៅដែនដីពុទ្ធភូមិ ដែលអ្នកសិក្សាខ្លះហៅថា បណ្ដាញព្រះពុទ្ធសាសនាអន្តរជាតិ ៕

© រក្សាសិទ្ធិដោយលោកវិទូ

No comments:

Post a Comment