កម្ពុជាធ្វើជាប្រធានរៀបចំបុណ្យសូធ្យព្រះត្រៃបិដកអន្តរជាតិនៅពុទ្ធគយា ឆ្នាំ២០២៣ - លោកវិទូ

ព័ត៌មានថ្មីៗ

Sunday, December 03, 2023

កម្ពុជាធ្វើជាប្រធានរៀបចំបុណ្យសូធ្យព្រះត្រៃបិដកអន្តរជាតិនៅពុទ្ធគយា ឆ្នាំ២០២៣

ក្បួនដង្ហែបុណ្យសូធ្យព្រះត្រៃបិដកអន្តរជាតិលើកទី១៨ ។ រូបភាព៖ ហ្វេសប៊ុក

លោកវិទូ | ថ្ងៃ ១᧶១៣ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ | ៣ ធ្នូ ២០២៣ 

ព្រះសង្ឃនិងពុទ្ធបរិស័ទខ្មែរទាំងក្នុងនិងក្រៅប្រទេស បានសាមគ្គីមូលមតិគ្នាធ្វើជាម្ចាស់រៀបចំកម្មវិធីបុណ្យសូធ្យព្រះត្រៃបិដកអន្តរជាតិ ប្រចាំឆ្នាំលើកទី១៨ ដ៏មហោឡារិកអធិកអធម នៅក្រោមព្រះមហាពោធិព្រឹក្ស ក្នុងបរិវេណព្រះមហាពោធិចេតិយ (ព្រះមហាពោធិមហាវិហារ) ពុទ្ធគយា រដ្ឋពិហារ ដែនដីពុទ្ធភូមិ ប្រទេសឥណ្ឌា ដែលកំពុងប្រព្រឹត្តទៅពីថ្ងៃទី២ ដល់ទី១២ ខែធ្នូ ឆ្នាំ២០២៣/២៥៦៧ ។

នៅវេលាព្រឹក ថ្ងៃសៅរ៍ ៥ រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៣ កម្មវិធីបុណ្យនេះបានចាប់ផ្ដើមដោយមានក្បួនហែដ៏អធិកអធម ចេញពីវត្តខ្មែរពុទ្ធគយា ឆ្ពោះទៅកាន់ទីលានកាលចក្រ ដែលជាទីមហារោងទទួលភ្លៀវជាតិនិងអន្តរជាតិ មានចម្ងាយប្រមាណ ១,៧ គីឡូម៉ែត្រ ហើយនៅមិនឆ្ងាយប៉ុន្មានពីព្រះមហាពោធិព្រឹក្ស ជាទីស្ថានប្រារព្ធពិធី និងជាទីកន្លែងប្រវត្តិសាស្ត្រដែលព្រះសម្មាសម្ពុទ្ធ ព្រះអង្គទ្រង់បានត្រាស់ដឹង ។ 

ក្បួនដង្ហែនេះមានបង្កប់ដោយមោទនភាពយ៉ាងក្រៃលែង ដែលបង្ហាញពីអត្តសញ្ញាណជាតិ និងប្រពៃណីព្រះពុទ្ធសាសនាខ្មែរលើឆាកអន្តរជាតិ ។ ទង់ជាតិខ្មែរ ព្រះសង្ឃខ្មែរ ពុទ្ធបរិស័ទខ្មែរមានសំលៀកបំពាក់ប្រពៃណីខ្មែរ និងក្រុមបវរអប្សរាខ្មែរ អមដោយភ្លេងពិណពាទ្យបុរាណខ្មែរ គឺជាឧទាហរណ៍មួយចំនួន ដែលឆ្លុះបញ្ចាំងពីមោទនភាពជាតិនេះ ។
រូបភាពក្រុមអប្សរាខ្មែរក្នុងក្បួនដង្ហែបុណ្យសូធ្យព្រះត្រៃបិដកអន្តរជាតិលើកទី១៨ ដែលចុះផ្សាយលើគេហទំព័រសារព័ត៌មានឥណ្ឌា Outlookindia ។

លុះដល់ពេលរសៀល ព្រះមហាសង្ឃ ឧបាសក ឧបាសិកា និងពុទ្ធបរិស័ទជាតិនិងអន្តរជាតិ បានជួបជុំគ្នានៅមណ្ឌលព្រះមហាពោធិព្រឹក្ស នៅនាព្រះមហាពោធិចេតិយដែលបានតាក់តែងលម្អដោយផ្កាភ្ញីយ៉ាងប្រណិត ដើម្បីប្រារព្ធពិធីបើកកម្មវិធីបុណ្យសូធ្យព្រះត្រៃបិដកអន្តរជាតិជាផ្លូវការ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់អភិបាលរដ្ឋពិហារ លោក រជេន្ទ្រ វិស្វនាថ អាលេករ ។

ឆ្នាំនេះ ប្រទេសកម្ពុជាគឺជាអ្នកឧបត្ថម្ភធំនៃពិធីបុណ្យនេះ ដែលរៀបចំឡើងដោយក្រុមប្រឹក្សាសូធ្យព្រះត្រៃបិដកអន្តរជាតិ (ITCC) និងអង្គការមូលនិធិពន្លឺពុទ្ធធម៌អន្តរជាតិ (LBDFI) ។ នាយិកា LBDFI អ្នកស្រី វ៉ាងម៉ូ ឌិស្ស៊ី បានមានប្រសាសន៍និយាយថា ពុទ្ធបរិស័ទចំនួនប្រហែល ១០០០០ នាក់ មកពីក្នុងប្រទេស និងក្រៅប្រទេស រួមមាន បង់ក្លាដែស ឥណ្ឌូនេស៊ី កម្ពុជា ស្រីលង្កា ឡាវ មីយ៉ាន់ម៉ា វៀតណាម សិង្ហបុរី ថៃ និងនេប៉ាល់ បានមកដល់ពុទ្ធគយា ដើម្បីចូលរួមក្នុងព្រឹត្តិការណ៍នេះ ។ 

អ្នកស្រីបានមានប្រសាសន៍បន្ថែមថា «ការសូធ្យព្រះត្រៃបិដកនេះ គឺជាឱកាសបូជាព្រះធម៌ដ៏ធំបំផុត សម្រាប់ពុទ្ធសាសនិកនៃព្រះពុទ្ធសាសនាថេរវាទ ដែលពុទ្ធសាសនិកទាំងនោះសូធ្យនូវព្រះសូត្រដែលដកស្រង់ចេញពីគម្ពីរព្រះត្រៃបិដក» ។ នៅថ្ងៃទី ១៣ ខែធ្នូ ដែលជាថ្ងៃបញ្ចប់នៃព្រឹត្តិការណ៍នេះ សាសនិកទាំងព្រះសង្ឃនិងគ្រហស្ថនឹងចូលរួមក្នុងដំណើរធម្មយាត្រាពីជ្រលងជេធាន ទៅកាន់វត្តវេឡុវ័ន នាទីក្រុងរាជគ្រឹះបុរាណ ។
គណៈមហាសង្ឃខ្មែរពីស្ដាំ៖ សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី  ព្រះគ្រូឥន្ធិមុនី ម៉ឹង សាង សម្តេចព្រះមហាអរិយវង្សបណ្ឌិត យ៉ង សេង យៀត សម្តេចព្រះមង្គលមុនីរង្សី ហ៊ូ ឈាវនាថ ។ រូបភាព៖ ហ្វេសប៊ុក 

យោងតាមការចុះផ្សាយរបស់ទំព័រហ្វេសប៊ុកពុទ្ធិកសមាគមព្រះសង្ឃខ្មែរ​-សហរដ្ឋអាមេរិក ស្ថិតិព្រះសង្ឃខ្មែរចូលរួមក្នុងកម្មវិធីបុណ្យសូធ្យព្រះត្រៃបិដកអន្តរជាតិ ដែលដឹកនាំរៀបចំដោយមហាសង្ឃខ្មែរ​ (ពុទ្ធិកសមាគមព្រះសង្ឃខ្មែរ​-សហរដ្ឋអាមេរិក)​ មានចំនួនសរុប ២៤៦៥ រូប រួមទាំងព្រះសង្ឃ និងសមណនិស្សិតខ្មែរ ដែលគង់នៅប្រទេសឥណ្ឌានោះស្រាប់ផង ។ គណៈមហាសង្ឃខ្មែរ ដែលមានព្រះសង្ឃជាន់ខ្ពស់ជាច្រើនអង្គ ព្រមទាំងធម្មាចារ្យល្បីឈ្មោះជាច្រើនរូប បាននិមន្តនិងអញ្ជើញចូលរួមកម្មវិធីនេះ រួមមាន៖

សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី បួរ គ្រី សម្ដេចព្រះមហាសង្ឃរាជនៃគណៈធម្មយុត្តិកនិកាយនៃព្រះរាជាណាច
សម្តេចព្រះមង្គលមុនីរង្សី ហ៊ូ ឈាវនាថ ព្រះបាឡាត់គណរាជធានីភ្នំពេញ
សម្តេចព្រះមហាអរិយវង្សបណ្ឌិត យ៉ង សេង យៀត ព្រះសាកលវិទ្យាធិការរងនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ
ព្រះគ្រូឥន្ធិមុនី ម៉ឹង សាង ព្រះអធិបតីពុទ្ធិកសមាគមព្រះសង្ឃខ្មែរ-សហរដ្ឋអាមេរិក
ព្រះមេធានុរក្ខ វជិរប្បញ្ញោ បណ្ឌិត គូ សុភាព រាជាគណៈថ្នាក់កិត្តិយស
ព្រះវិបុលវេទី បណ្ឌិត ពេញ វិបុល ព្រះធម្មធរគណរាជធានីភ្នំពេញ និងជាអនុប្រធានផ្នែកពុទ្ធិកមធ្យមសិក្សា នៃអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ
ព្រះបាលិលោវិទ បណ្ឌិត ឌិត វីរៈ
ព្រះបាលិកោសល បណ្ឌិត សែម ឈុនលី
ព្រះ​បញ្ញា​មុនី​ញាណ ហាក់ សៀង​ហៃ នាយក​ប្រតិបត្តិ​អង្គការ​ព្រះពុទ្ធ​សាសនា​ដើម្បី​អប់រំ​នៃ​កម្ពុជា
ព្រះភិក្ខុ ធម្មសិរី សែម ចន្ទធីរ៍ អគ្គលេខាធិការ នៃពុទ្ធិកសមាគមព្រះសង្ឃខ្មែរ-សហរដ្ឋអាមេរិក និងជាព្រះចៅអធិការវត្តខ្មែរ អារីហ្សូណា
ព្រះភិក្ខុ មុនិបុត្តោ សុខ ធាវី ប្រធានវិទ្យាស្ថានធម្មិកៈអន្តរជាតិ

លោកគ្រូអគ្គបណ្ឌិត ប៊ុត សាវង្ស 
លោកគ្រូ វ៉ាន់ ចាន់សារ៉ែន ។ល។
ពីស្ដាំ៖ព្រះ​បញ្ញា​មុនី​ញាណ ហាក់ សៀង​ហៃ និងលោកគ្រូអគ្គបណ្ឌិត ប៊ុត សាវង្ស ។ រូបភាព៖ ហ្វេសប៊ុក

ក្នុងកម្មវិធីនេះ ក្រៅពីការសូធ្យព្រះត្រៃបិដក ពុទ្ធបរិស័ទមានឱកាសបានស្ដាប់ព្រះធម្មវិសេសទេសនា ដោយព្រះធម្មកថិកចាស់វស្សាល្បីៗដែលជាពហុស្សូតខាងព្រះពុទ្ធសាសនា នៅក្រោមម្លប់ព្រះពោធិព្រឹក្ស ជារៀងរាល់ល្ងាច និងបូជាមហាសង្ឃទាន នៅទីលានកាលចក្រជារៀងរាល់ថ្ងៃ ក្នុងរយៈពេលពេល ១០ ថ្ងៃនេះ ។ 

ម្យ៉ាងទៀត ប្រទេសនីមួយៗដែលចូលរួម បានធ្វើរោងប្រចាំប្រទេសរបស់ខ្លួន ហើយរៀបចំសូធ្យព្រះត្រៃបិដកក្នុងពេលតែមួយ ទៅសំនៀងភាសាបាលីរៀងៗខ្លួន ។ ហើយវេទិកាធំផ្លូវការនៅក្រោមដើមពោធិព្រឹក្ស គឺបើកឲ្យព្រះសង្ឃនិងពុទ្ធបរិស័ទអន្តរជាតិដទៃទៀតចូលរួមដោយសេរី ។ ដូច្នេះ ព្រះសទ្ធម្មបានឮកងរំពង នៅទូទាំងមណ្ឌលព្រះមហាពោធិចេតិយ គួរជាទីជ្រះថ្លាក្រៃលែង សម្រាប់ពុទ្ធមាមកជនទាំងឡាយ ។

ការរៀបចំពិធីបុណ្យសូធ្យព្រៃបិដកអន្តរជាតិប្រចាំឆ្នាំ បានប្រព្រឹត្តទៅអស់រយៈពេល ១៨ ឆ្នាំមកហើយ ។ ហើយព្រឹត្តិការណ៍នេះបានរួមចំណែកយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយព្រះពុទ្ធសាសនាឲ្យមានពន្លឺកាន់តែខ្លាំងឡើងវិញ នៅលើទឹកដីកំណើតរបស់ពុទ្ធសាសនា ជាពិសេសនៅតំបន់ពុទ្ធគយានេះ ។ ជារៀងរាល់ឆ្នាំ អ្នកធម្មយាត្រាខ្មែរតែងតែលៃលកពេលវេលា ធ្វើធម្មយាត្រាទៅកាន់ដែនដីពុទ្ធភូមិនានានៅប្រទេសឥណ្ឌា ឲ្យត្រូវចំថ្ងៃសូធ្យព្រះត្រៃបិដកអន្តរជាតិនេះ ដែលអាចបង្កើនសទ្ធាជ្រះថ្លាក្នុងព្រះពុទ្ធសាសនាកាន់តែមុតមាំថែមទៀត ៕

© រក្សាសិទ្ធិដោយលោកវិទូ

No comments:

Post a Comment