ហេតុអ្វីឥណ្ឌាបដិសេធជំនួយសង្គ្រោះពីបរទេសក្នុងគ្រោះទឹកជំនន់នៅរដ្ឋកេរឡា? - លោកវិទូ

ព័ត៌មានថ្មីៗ

សូមចូលរួមបណ្ដាញតេឡេក្រាមលោកវិទូ៖ https://t.me/lokavidunews

Wednesday, August 22, 2018

ហេតុអ្វីឥណ្ឌាបដិសេធជំនួយសង្គ្រោះពីបរទេសក្នុងគ្រោះទឹកជំនន់នៅរដ្ឋកេរឡា?

ក្រុម NDRF (កងកម្លាំងឆ្លើយតបគ្រោះមហន្តរាយជាតិ)
ចាកចេញពីទីក្រុង Thiruvananthapuram នៅថ្ងៃពុធ
 បន្ទាប់ពីប្រតិបត្តិការសង្គ្រោះ នៅផ្នែកជាច្រើននៃរដ្ឋកេរឡា។
Photo Credit: S. Gopakumar
លោកវិទូ | ថ្ងៃទី ២២ សីហា ២០១៨

កេរឡារដ្ឋភាគខាងត្បូងនៃប្រទេសឥណ្ឌា បានជួបប្រទះគ្រោះទឹកជំនន់យ៉ាងធ្ងន់ធ្ងរ ក្នុងរយៈពេលពីរសប្ដាហ៍កន្លងទៅនេះ។ ប្រទេសអន្តរជាតិមួយចំនួនដែលស្និទ្ធនឹងរដ្ឋកេរឡា ចង់ផ្ដល់ជំនួយដល់រដ្ឋភាគខាងត្បូងនេះ ដើម្បីស្តារឡើងក្រោយពីគ្រោះទឹកជំនន់ តែត្រូវរដ្ឋាភិបាលកណ្ដាលឥណ្ឌាបដិសេធ។ ហេតុអ្វីបានជាអ៊ីចឹង?

ក្នុងគ្រោះមហន្តរាយដោយសារទឹកជំនន់នេះ មានប្រជាជនជាង ២២០នាក់ បានបាត់បង់ជីវិត និងប្រហែល ១លាននាក់ បានត្រូវបានជម្លាសចេញទៅកាន់ទីមានសុវត្ថិភាព។ ផ្លូវជាតិប្រវែង ១០.០០០គីឡូម៉ែត្រ ត្រូវបានបំផ្លាញ។ អាគារនិងផ្ទះសំបែងប្រមាណ ១០០.០០០ខ្នងត្រូវបានខូចខាត និងដំណាំស្រែចំការ ជាច្រើនលាន់ហិចតា រងផលប៉ះពាល់ពីគ្រោះទឹកជំនន់នេះ។ ប្រលានយន្តហោះមួយ ក្នុងចំណោមប្រលានយន្តហោះអន្តរជាតិទាំងបីរបស់រដ្ឋនេះ ក៏ត្រូវរងគ្រោះដែរ។ រដ្ឋាភិបាលនៃរដ្ឋនេះ ត្រូវការថវិកាចំនួន ២១.០០០ក្រូរិ៍ ស្មើនឹង ៣០០កោដិដុល្លារសហរដ្ឋអាមេរិក (US$3 billion) ដើម្បីកសាងនិងស្តាររដ្ឋនេះឡើងវិញ ក្រោយពីគ្រោះមហន្តរាយ ដ៏ធ្ងន់ធ្ងរជាងគេនេះនៅឥណ្ឌា។


ជំនួយក្នុងស្រុកកំពុងធ្វើឡើងជាបន្តបន្ទាប់ តាមរដ្ឋនិងស្ថាប័ននានា។ រដ្ឋាភិបាលកណ្តាលរបស់លោកមោឌី បានប្រកាសផ្ដល់ជំនួយជាថវិកាចំនួន ៦០០ក្រូរិ៍ ឬ ៨៥,៨លានដុល្លារសហរដ្ឋអាមេរិក (US$85.8 million) ឆ្លើយតបទៅនឹងការទាមទារ កញ្ចប់ថវិការពិសេសរបស់រដ្ឋាភិបាលនៃរដ្ឋកេរឡា ចំនួន ២.១០០ក្រូរិ៍។

នៅតាមបណ្ដាញសង្គម ការឆ្លើយឆ្លងគ្នាថាតើនរណាឲ្យប៉ុន្មានទៅកេរឡាន និងមូលហេតុអ្វីបានជាឲ្យ បានក្លាយជាប្រធានបទយ៉ាងក្ដៅគគុកផងដែរ។

រដ្ឋាភិបាលបរទេសមួយចំនួនដែលស្និទ្ធនឹងរដ្ឋកេរឡា បានប្រកាសផ្ដល់ជំនួយដល់រដ្ឋកេរឡា។ ប្រទេសនៃសហព័ន្ធ​អារ៉ាប់រួម ដែលមានប្រជាជនកេរឡា កំពុងធ្វើការជាង ២,៤ លាននាក់ បានសន្យាផ្ដល់ជំនួយ ៧០០ក្រូរិ៍ (១០០ក្រូរិ៍ច្រើនជាងរដ្ឋាភិបាលកណ្ដាលរបស់លោកមោឌី)។ ប្រទេសកាតាបានផ្ដល់ ៣៥ក្រូរិ៍ និងប្រទេសម៉ាល់ឌីវបានផ្ដល់ ៥០.០០០ ដុល្លារសហរដ្ឋអាមេរិក។ ប៉ុន្តែរដ្ឋាភិបាលកណ្ដាល បានបដិសេធជំនួយទាំងនេះ ដោយឆ្លើយតបថា «Thank you, but no thank you.» ឬថា «អរគុណតែសូមមិនទទូលទេ»។ ការបដិសេធនេះ ត្រូវបានគេរិះគន់យ៉ាងខ្លាំងតាមបណ្ដាញសង្គម។

រដ្ឋមន្ត្រីហិរេញ្ញវត្ថុនៃរដ្ឋកេរឡា លោក ថូម៉ាស់ ឥសាក់ បានសម្ដែងការខកចិត្តថា «យើងបានសុំគេ ២០០០ក្រូរិ៍ គេឲ្យយើងតែ ៦០០ក្រូរិ៍។ បើអ៊ីចឹងទេ ខ្ញុំមិនដឹងថាហេតុអីបានជាគេបដិសេធ [ជំនួយពី] រដ្ឋាភិបាលនិងបុគ្គលមួយចំនួន។» ឯកអគ្គរដ្ឋទូតថៃ ឯកឧត្តម ចុទិនតន គុងសាក់ឌី បានសរសេរលើបណ្ដាញសង្គមថា «គេជូនដំណឹងដោយមិនផ្លូវការ ដោយសេចក្តីសោកស្ដាយថា រដ្ឋាភិបាលឥណ្ឌាពុំទទួលការបរិច្ចាគពីក្រៅប្រទេស ចំពោះការជួយសង្គ្រោះក្នុងគ្រោះថ្នាក់ទឹកជំនួននៅរដ្ឋកេរឡាឡើយ។ បេះដូងរបស់យើងគឺនៅជាមួយអ្នក ជាប្រជាជនឥណ្ឌា។» អ្នកនាំពាក្យក្រសួងការបរទេសរបស់ឥណ្ឌា ក៏បានឲ្យដឹងកាលពីថ្ងៃពុធនេះដែរថា «ស្របតាមគោលនយោបាយដែលមានជាធរមាន រដ្ឋាភិបាលបានប្តេជ្ញាបំពេញតាមតម្រូវការសម្រាប់ការផ្តល់ជំនួយនិងការស្តារឡើងវិញតាមរយៈការខិតខំប្រឹងប្រែងក្នុងស្រុក។»

ទោះបីជាយ៉ាងណាក៏ដោយ នៅក្នុងគ្រោះមហន្តរាយដោយព្យុះស៊ូណាមី ឆ្នាំ២០០៤ នាយករដ្ឋមន្ត្រីឥណ្ឌា ម័ន មោហ័ន សិង្ហ បានបដិសេធមិនទទួលជំនួយបរទេស ដោយគួរសមប៉ុន្តែម៉ឹងម៉ាត់ថា ឥណ្ឌានឹងទាក់ទងទៅបណ្ដាប្រទេសដែលចង់ផ្ដល់ជំនួយ ប្រសិនបើឥណ្ឌាត្រូវការ។ តាំងពីពេលនោះមក ឥណ្ឌាបានធ្វើដោយខ្លួនឯង ក្នុងការកសាងនិងស្តារឡើងវិញ ក្នុងគ្រោះមហន្តរាយជាបន្តបន្ទាប់ ដែលបានកើងឡើង មានដូចជា គ្រោះទឹកជំនន់នៅរដ្ឋឧត្តរខ័ណ្ឌ ក្នុងឆ្នាំ២០១៣ និងគ្រោះទឹកជំនន់នៅរដ្ឋកាស្មៀរ ក្នុងឆ្នាំ២០១៤។

ហេតុផលចំបងគេដែលគេលើកឡើងគឺ តាមរយៈការរីចម្រើនផ្នែកសេដ្ឋកិច្ច ដែលមានស្ថេរភាព ឥណ្ឌាអាចកសាងនិងស្ដារឡើងវិញដោយខ្លួនឯងបាន ក្រោយពីមានគ្រោះមហន្តរាយធម្មជាតិណាមួយកើតឡើង។ ម្យ៉ាងទៀតឥណ្ឌាក៏ជាប្រទេសមួយ ដែលមានលទ្ធភាព ក្នុងការផ្ដល់ជំនួយបរទេស ដល់ប្រទេសឯទៀតដែលបានជួបគ្រោះមហន្តរាយដោយធម្មជាតិផងដែរ។ ឥណ្ឌាធ្លាប់បានផ្ដល់ជំនួយ ដល់ប្រទេសហ្វីលីពីន មីយ៉ាន់ម៉ា នេប៉ាល់ ថែមទាំងបានបញ្ជូនយន្តហោះកងទ័ពអាកាសឥណ្ឌាដែលមានគ្រឿងផ្គត់ផ្គង់សង្គ្រោះ ២៥តោន នៅឯមូលដ្ឋានកងទ័ពអាកាស Little Rock ក្នុងរដ្ឋ Arkansas សម្រាប់ជនរងគ្រោះដោយព្យុះ Katrina នៅសហរដ្ឋអាមេរិកក្នុងឆ្នាំ២០០៥។ បន្ទាប់ពីការរញ្ជួយដី នៅខេត្តស៊ីឈួនឆ្នាំ២០០៨ នៅក្នុងប្រទេសចិន យន្តហោះទ័ពអាកាសឥណ្ឌាក៏បានបញ្ជូនសម្ភារៈជំនួយដល់ជនរងគ្រោះផងដែរ។

តែទោះជាយ៉ាងណា រដ្ឋាភិបាលនៃរដ្ឋកេរឡា បានប្រតិកម្មនឹងរដ្ឋាភិបាលកណ្ដាលរបស់លោកមោឌីថា បើមិនទទួលជំនួយ ៧០០ក្រូរិ៍ ពីសហព័ន្ធ​អារ៉ាប់រួមទេ រដ្ឋាភិបាលកណ្ដាលត្រូវផ្ដល់សំណង ចំពោះការបាត់បងជំនួយដ៏ច្រើននេះ។ មុខ្យមន្ត្រី (អភិបាលរដ្ឋ) នៃរដ្ឋកេរឡា លោក  ពីណារ៉ាយី វិជយ័ន (Pinarayi Vijayan) បានលើកឡើងថាសហព័ន្ធ​អារ៉ាប់រួម «មិនអាចត្រូវបានគេចាត់ទុក ដូចជាតិសាសន៍ដទៃទេ» ពីព្រោះ «ប្រជាជនឥណ្ឌា ជាពិសេសប្រជាជនកេរឡា បានរួមចំណែកយ៉ាងធំធេង ក្នុងការស្ថាបនាជាតិរបស់ពួកគេ»។