ធម្ម​បណ្ឌិត ហេង មណីចិន្តា៖ ឱវាទបាដិមោក្ខគឺជាធម្មនុញ្ញពុទ្ធសាសនា មិនដែលមាននរណាហ៊ានធ្វើវិសោធនកម្ម - លោកវិទូ

ព័ត៌មានថ្មីៗ

សូមចែករំលែកអត្ថបទលោកវិទូតាមបណ្ដាញ Whatsapp, Telegram ឬ Twitter ដោយសារហ្វេសប៊ុកមានបញ្ហា ។ អរគុណ ។

Tuesday, September 25, 2018

ធម្ម​បណ្ឌិត ហេង មណីចិន្តា៖ ឱវាទបាដិមោក្ខគឺជាធម្មនុញ្ញពុទ្ធសាសនា មិនដែលមាននរណាហ៊ានធ្វើវិសោធនកម្ម

ការយល់ឃើញរបស់ធម្មបណ្ឌិត ហេង មណីចិន្តា ។
លោកវិទូ | ថ្ងៃ ២᧯១០ ឆ្នាំច សំរឺទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី ២៤ កញ្ញា ២០១៨ ។

ដោយ ធម្ម​បណ្ឌិត ហេង មណីចិន្តា

ប្រធានអង្គការ ពុទ្ធសាសនាដើម្បីអភិវឌ្ឍន៍ ខេត្តបាត់ដំបង

តាមការសិក្សានិងការយល់ឃើញរបស់ខ្ញុំ ពាក្យធម្មនុញ្ញដែលយកមកប្រើដើម្បីអោយត្រូវនឹងពាក្យ Constitution ទំនងប្រហែលស្មើនឹងពាក្យ បាដិមោក្ខ នៅក្នុងពុទ្ធសាសនា ។ «បាតិឬបាដិក្នុងភាសាបាលី ឬ ប្រាតិក្នុងភាសាសំស្ក្រឹត មានន័យថា នាំទៅ ឆ្ពោះទៅ towards» + «មោក្ខៈឬមោក្សៈ មានន័យថា ការរួចចាកផុត (liberation) (ពីសង្សារវដ្ត)» ។

បាដិមោក្ខមានពីរ គឺ ឱវាទបាដិមោក្ខ ជាឱវាទដែលព្រះពុទ្ធអង្គលោកសម្តែងនៅក្នុងថ្ងៃ១៥កើតខែមាឃ (មាឃបូជា) គឺនៅពេលដែលព្រះអង្គប្រកាសនៅពីមុខភិក្ខុសង្ឃចំនួន ១២៥០ អង្គ នៅព្រៃឫស្សីក្រុងមគធៈពីបុរាណ។ ព្រះអានន្ទធ្លាប់សួរព្រះអង្គដែរថាតើព្រះពុទ្ធអង្គមុនៗ មានដែលធ្វើការផ្លាស់ប្តូរខ្លឹមសារនៃឱវាទបាដិមោក្ខឬទេ។ ព្រះពុទ្ធអង្គឆ្លើយថា មាន៖ព្រះពុទ្ធអង្គខ្លះ ថែមថយខ្លឹមសារម្តង អង្គខ្លះថែមថយខ្លឹមសារពីរដង (វិសោធនកម្ម) ។ ចំពោះសម័យព្រះពុទ្ធសមណគោត្តម គឺព្រះពុទ្ធរបស់យើងសព្វថ្ងៃនេះ មិនមានការថែមថយទេ គឺធ្វើតែម្តងនៅថ្ងៃ១៥កើតខែមាឃ នៅចំពោះមុខសង្ឃ១២៥០អង្គនេះឯង។ ដូច្នេះ ពុទ្ធឱវាទបាដិមោក្ខនេះ (ខ្ញុំប្រើពាក្យធម្មនុញ្ញ ឬជា ពុទ្ធធម្មនុញ្ញ ដែលខ្ញុំគិតថាមានឋានៈស្មើនឹងពាក្យ រដ្ឋធម្មនុញ្ញខាងផ្លូវរដ្ឋ) មិនមានការធ្វើវិសោធនកម្មទេ ដូច្នេះហើយបានជាខ្ញុំថាមានចំណាស់ជាងគេ និង មិនមាននរណាហ៊ានធ្វើវិសោធនកម្ម ព្រោះព្រះពុទ្ធអង្គបានកំណត់ទុករួចហើយ ថាមិនអាចកែប្រែបានទេ ។

ចំពោះពាក្យមួយម៉ាត់ទៀតគឺ ភិក្ខុនិងភិក្ខុនីបាដិមោក្ខ គឺជាគោលវិន័យឬច្បាប់ដែលមានលក្ខណៈជា Organic Law ឬ ក៏ជាក្រមព្រហ្មទណ្ឌដែលភិក្ខុនិងភិក្ខុនីត្រូវអនុវត្តតាមដើម្បីរួចផុតពីសេចក្តីទុក្ខ(ក្នុងសង្សារវដ្ត)។ បាដិមោក្ខនេះ ព្រះពុទ្ធអង្គអនុញ្ញាតអោយធ្វើវិសោធនកម្មបាន នូវសិក្ខាបទណាតូចៗ ដែលមិនត្រូវតាមសម័យជាដើម ដោយត្រូវយកគោលការណ៍ មហាបទេស៤ សម្រាប់ពិនិត្យលើការធ្វើវិសោធនកម្ម និងត្រូវសម្រេចដោយសង្ឃជាសមានឆន្ទ។ មានការជជែកគ្នាពីរឿងនេះបន្ទាប់ពីព្រះពុទ្ធអង្គទ្រង់ចូលបរិនិព្វាន តែមិនអាចរកសម្លេងតែមួយបាន ព្រោះនិយាមលើពាក្យថា សិក្ខាបទតូចតាច ត្រូវបាននិយាមដោយមតិខុសគ្នាច្រើនពេកនិងខុសគ្នាខ្លាំងពេក។ ព្រះសង្ឃដែលមានវ័យចំណាស់និងបួសបានយូរ ក៏សម្រេចមិនធ្វើវិសោធនកម្មលើសិក្ខាបទ ២២៧ដែលអនុវត្តដោយភិក្ខុ និង ៣១១ដែលអនុវត្តដោយភិក្ខុនី។ ពុទ្ធសាសនាបែបនេះ ត្រូវគេហៅថា ថេរវាទ ។ ចំណែកក្រុមទាំងឡាយដែលនិយមការកែប្រែ (គេហៅថា អាចារ្យវាទ) ក៏បានព្យាយាមធ្វើការថែមថយរៀងៗក្រុមខ្លួន លើភិក្ខុប្បាដិមោក្ខខ្លះ លើការពន្យល់ពាក្យបង្រៀនរបស់ព្រះពុទ្ធខ្លះ តាមការយល់របស់ក្រុមខ្លួន។ ជាផលវិបាក ពុទ្ធសាសនាបានបែកចេញជា១៨និកាយ ឬ 18 Schools of Thoughts ។ មកដល់បច្ចុប្បន្ននេះ យើងឮតែពាក្យ មហាយាន និង ហីនយាន (ថេរវាទ) តែប៉ុណ្ណោះ ។

អ្វីដែលខ្ញុំបញ្ចេញមតិនេះ គឺគ្រាន់តែចង់បង្ហាញអំពីឋានៈរបស់ពាក្យបាដិមោក្ខក្នុងពុទ្ធសាសនានិងពាក្យធម្មនុញ្ញរបស់ផ្លូវលោក ថាមានលក្ខណៈបែបណាដោយសង្ខេបតែប៉ុណ្ណោះ ដើម្បីដោះស្រាយមួយចំណែកទៅលើពាក្យដែលខ្ញុំបានសរសេរ (រូបទី១) ក្នុងឱកាសទិវារដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ។