ប៉ែន សាអឿន៖ ប្រវត្តិ​ព្រះពុទ្ធ​សាសនា នៃ​ប្រទេស​ខ្មែរ - លោកវិទូ

ព័ត៌មានថ្មីៗ

សូមចូលរួមបណ្ដាញតេឡេក្រាមលោកវិទូ៖ https://t.me/lokavidunews

Monday, April 01, 2019

ប៉ែន សាអឿន៖ ប្រវត្តិ​ព្រះពុទ្ធ​សាសនា នៃ​ប្រទេស​ខ្មែរ



លោកវិទូ | ថ្ងៃចន្ទ ១២ រោច ខែផល្គុន ព.ស. ២៥៦២ | ០១ មេសា ២០១៩

ប្រវត្តិ​ព្រះពុទ្ធ​សាសនា នៃ​ប្រទេស​ខ្មែរ
(តាំង​ពី​ដើម​រហូត​មក​ដល់​បច្ចុប្បន្នកាល )
សន្និសីទ​លោក ប៉ែន សាអឿន(*) ក្នុង​ឱកាស​ប្រជុំ​គ្រិស្តបរិស័ទ នៅ​ក្រុង​ភ្នំពេញ
អត្ថបទក្បាលទី ១ ឆ្នាំទី ៤៥ លេខ ៦ ព.ស ២៥១៥ គ.ស ១៩៧៣ ទំព័រ ២៧៨

         សេចក្ដី​សង្ខេប :
         ប្រទេស​ខ្មែរ តាំង​ពី​សម័យ​បូរាណ​រហូត​មក​ដល់​សម័យ​បច្ចុប្បន្ន​នេះ បាន​ទទួល​អរិយធម៌​ឥណ្ឌា​ទុក​ជា​មត៌ក គឺ​សាសនា​ព្រាហ្មណ៍ និង ពុទ្ធសាសនា ហើយ​បាន​ក្លាយ​ជា​អរិយធម៌​នៃ​ប្រទេស រៀង​រាប​ដរាប​មក ។ ឥទ្ធិពល​នៃ​សាសនា​ព្រាហ្មណ៍ និង​ពុទ្ធសាសនា​ទាំងពីរ​នេះ បាន​សម្លប​ខ្លួន​ចូល​ជា​មួយ​វប្បធម៌​ដើម​របស់​ប្រជាជាតិ​ខ្មែរ ដែល​ខ្មែរ​ធ្លាប់​មាន​មក​ហើយ ជាមួយ​នឹង​អំបូរ​ពូជសាសន៍​របស់​ខ្លួន ដែល​ជា​ពូជសាសន៍ ខ្មែរ មន បាន​ក​ទឹកដី​នៅ​ត្រង់​ជ្រោយ​សុវណ្ណភូមិ (ដែន​ដី​សម្បូណ៌​មាស ) គឺ​ប្រទេស​ខ្មែរ​សព្វ​ថ្ងៃ​នេះ ។

         ពូជសាសន៍​ខ្មែរ មន រួម​ទាំង​សម្រែ និង ព្នង ជាដើម តាម​ប្រភព​នៃ​តំណ​កំណើត​ស្រុក​ខ្មែរ ជា​អ្នក​បង្កបង្កើត​វប្បធម៌​ខ្មែរ​ដើម ដែល​មាន​អាយុកាល​តាំង​ពី​ប្រហែល ៦ សែន ឆ្នាំ​មក ១២.០០០ ឆ្នាំ មុន​គ.ស. ។ ទី​កន្លែង​ដ៏​សំខាន់​តាម​ការ​ស្រាវជ្រាវ​នៃ​បូរាណវត្ថុ​គឺ​នៅ​ត្រង់​សំរោងសែន (កំពង់ឆ្នាំង) និង ម្លូ​ព្រៃ (កំពង់ធំ ) សព្វ​ថ្ងៃ​នេះ ។ ពូជសាសន៍​នេះ​បាន​បន្ត​ការ​រស់​នៅ​ក្នុង​វប្បធម៌​របស់​ខ្លួន​នៅ​ក្នុង​ទី​កន្លែង​ដ៏​សំខាន់​នេះ ដរាប​ដល់​ភ្ជាប់​ទី​កន្លែង​នេះ ទៅ​នឹង​ស្រុក​ចេនឡា ខ្មែរ​ភាគ​លើ (ខាង​ជើង ) និង​ស្រុក​នគរ​ភ្នំ (ហ្វូណន ) ខ្មែរ​ភាគ​ក្រោម (ខាង​ត្បូង ) រហូត​ដល់​ខាង​ដើម​សតវត្ស៍​ទី ១ នៃ​គ.ស. ។
         បាន​ជា​យើង​និយាយ​ដល់​រឿង​នេះ យើង​ចង់​បញ្ជាក់​ថា ព្រះពុទ្ធ​សាសនា និង សាសនា​ព្រាហ្មណ៍​ដែល​បាន​ចូល​មក​ដល់​ប្រទេស​ខ្មែរ នៅ​សតវត្ស៍​ទី ១ នៃ គ.ស. នេះ គឺ​ប្រជាពលរដ្ឋ​ខ្មែរ​មាន​វប្បធម៌​មួយ ជា​វប្បធម៌​ដើម​របស់​ខ្មែរ​រួច​ទៅ​ហើយ ដែល​មាន​លក្ខណៈ​ដូចជា​វប្បធម៌​ទាំងឡាយ នៃ​មនុស្ស​ជាតិ​ក្នុង​សម័យ​បុព្វ​ប្រវត្តិសាស្រ្ត​នៃ​ពិភពលោក​ដែរ ។
         ដើម្បី​សិក្សា​ឲ្យ​ច្បាស់លាស់​នូវ​វប្បធម៌ - អរិយធម៌​ខ្មែរ គេ​អាច​ចែក​ដំណាក់ការ​នៃ​ប្រវត្តិសាស្រ្ត​ខ្មែរ​ជា ៤ សម័យ​ដូច​តទៅ​នេះ :
         ១ វប្បធម៌​ខ្មែរ​សម័យ​បុព្វ​ប្រវត្តិសាស្រ្ត :
         តាំង​ពី ៦ សែន ឆ្នាំ​មុន​គ.ស. ដល់​សតវត្ស៍​ទី ១ នៃ​គ.ស. ។
         ២ វប្បធម៌​ខ្មែរ​សម័យ​អង្គរ (ហ្វូណន​និង​ចេនឡា ) ពី​សតវត្ស៍​ទី ១ ដល់​សតវត្ស៍ ទី ៩ នៃ គ.ស. ។
         ៣ វប្បធម៌​ខ្មែរ​សម័យ​អង្គរ :
         ពី សតវត្ស ទី ៩ ដល់​សតវត្ស៍​ទី ១៤ នៃ គ.ស ។
         ៤ វប្បធម៌​ខ្មែរ​ក្រោយ​សម័យ​អង្គរ :
         ពី សតវត្ស៍ ទី ១៤ ដល់ ដល់​ទី ២០ នៃ គ.ស ។
         ១ វប្បធម៌​ខ្មែរ​សម័យ​បុព្វ​ប្រវត្តិសាស្រ្ត
         (តាំង​ពី ៦ សែន​ឆ្នាំ​មុន គ.ស ដល់​សតវត្ស៍ ទី ១ នៃ គ.ស )
         ប្រជាជាតិ​ខ្មែរ មាន​វប្បធម៌​រួច​មក​ហើយ តាម​មនោគតិ​និង​ទំនោរ​ចំណង់​ចិត្ត​តាំង​ពី​សម័យ​ដើម​បំផុត រហូត​ដល់​ពេល​ដែល​វប្បធម៌​ឥណ្ឌា​ចូល​មក​ផ្សព្វផ្សាយ​ជាមួយ​នឹង​វប្បធម៌​ខ្មែរ នៅ​ខាង​ដើម​គ្រិស្ត​សតវត្ស៍​ទី ១ នោះ​ឯង ។
                           វប្បធម៌​ខ្មែរ ដែល​យើង​បាន​ឃើញ​គឺ :
                  - ជំនឿ  { - ជឿ​ខ្មោច ព្រាយ អាប អ្នកតា
                           លៀង​អារ័ក្ស អ្នកតា - បង់បថ
វប្បធម៌
សម័យ​បុព្វ
ប្រវត្តិសាស្រ្ត                    ធ្វើ​ពិធី​បូជា​វត្ថុស័ក្តិសិទ្ធិ

                  - វិជ្ជា  { - ចេះ​យក​ដែក​ធ្វើ​អាវុធ កាំបិត ពូថៅ ព្រួញ
                           ចេះ​សង់​លំនៅ​យ៉ាង​ស្អាត
                           ចេះ​ធ្វើ​ស្រា​ផឹក
                  - ភាសា - អក្សរ  {ភាសា ខ្មែរ មន
                                    ចេះ​ប្រើ​គំនូស​ជា​សញ្ញា
                                    ចេះ​បង្កើត​តួ​អក្សរ
                    - សិល្បៈ {ចេះ​ធ្វើ​កំណាត់​សំពត់​ដ៏​វិចិត្រ
                                    ចេះ​ធ្វើ​ពាង ក្រឡ កងដៃ កងជើង
                                    ចេះ​ធ្វើ​ក្បាច់​និង​ចំឡាក់​ដ៏​វិចិត្រ
                    - ទំនៀម​ទម្លាប់  {ស្រ្តី​ធ្វើ​សិប្បិយការ​នៅ​ផ្ទះ
                                              ប្រុស​ធ្វើ​ការ​នៅ​ខាង​ក្រៅ
                                              កប់​ខ្មោច​អង្គុយ
                    - សង្គមធម៌       { របប​សង្គម ក្រុម​គ្រួសារ នយោបាយ​ជា​របៀប​កុលសម្ពន្ធ
                                             អង្គការ​ជា​របៀប​មេ​កន្រ្ទាញ​និង​ស្ដេច​ត្រាញ់
                                              មាន​កំពង់​ផែ​សមុទ្រ​ទាក់ទង​ខាង​ជំនួញ ។

         គួរ​កត់​សម្គាល់​ថា វប្បធម៌​តែង​តែ​រីក​ចម្រើន​ជា​លំដាប់​ឥត​មាន​ឈប់​សម្រាក​ឡើយ ។ លក្ខណៈ​វប្បធម៌​ខ្មែរ​សម័យ​បុព្វ​ប្រវត្តិសាស្រ្ត គឺ​គេ​អាច​រក​ឃើញ​តាម​ឯក​សារបុរាណ​វត្ថុ និង សិល្បៈ​នានា ដែល​គេ​បាន​រក​ឃើញ​នៅ​សំរោងសែន (កំពង់ឆ្នាំង ) សំបុក​សំបូរ ក្រចេះ និង ម្លូព្រៃ (កំពង់ធំ )
         ២ វប្បធម៌​ខ្មែរ​មុន​សម័យ​អង្គរ
         ( ពី​សតវត្ស៍ ទី ១ ដល់​សតវត្ស៍​ទី ៩ នៃ គ.ស )
         ជាមួយ​នឹង​ការ​រេ​គំនិត​ទៅ​រក​ការ​រីក​ចំរើន ប្រជាជាតិ​ខ្មែរ​បាន​ជួប​នឹង​វប្បធម៌​បរទេស​មួយ​មុន​គេ គឺ​វប្បធម៌​ឥណ្ឌា ។ ឥណ្ឌា​បាន​នាំ​វប្បធម៌​ជាតិ​ខ្លួន​ដែល​មាន​វ័យ​ចាស់​ទុំ​បន្តិច​ទៅ​ហើយ​ចូល​មក​ប្រទេស​ខ្មែរ តាម​ផ្លូវ​ជំនួញ​និង​សាសនា ។ តាម​ផ្លូវ​ជំនួញ​មាន​ពួក​ឥណ្ឌា​មក​ទិញ​គ្រឿង​ទេស​ដូច ម្រេច ដី​ប្លី​ជាដើម តាម​សមុទ្រ ។ តាម​ផ្លូវ​សាសនា ឥណ្ឌា បាន​នាំ​សាសនា ២ ចូល​មក​ប្រទេស​ខ្មែរ  គឺ សាសនា ព្រាហ្មណ៍ និង ព្រះពុទ្ធ​សាសនា ។                    


 (១) សុំ​មើល << វប្បធម៌​ឥណ្ឌា - ខ្មែរ >> ដោយ​លោក សែម សូរ សាស្រ្តាចារ្យ បរិញ្ញាបត្រ​អក្សរ​ខ្មែរ ១៩៧១ ។

ប្រភព​នៃ​ការ​ផ្សាយ​សាសនា​ចូល​មក​ស្រុក​ខ្មែរ
         លទ្ធិព្រាហ្មណ៍​និយម ត្រូវ​ចូល​មក​ស្រុក​ខ្មែរ​តាំង​ពី​មុន​គ្រិស្ត​សករាជ​ម្ល៉េះ ។ ប៉ុន្តែ​ភាព​ច្បាស់លាស់ គឺ​នៅ​ដើម​គ្រឹស្ត​សករាជ​ទី ១ ពួក​ព្រាហ្មណ៍​បាន​យក​លទ្ធិព្រាហ្មណ៍​និយម​ចូល​មក​ស្រុក​ខ្មែរ ហើយ​បន្ទាប់​មក គឺ​ព្រាហ្មណ៍​ឥណ្ឌា​ឈ្មោះ កៅឌិន្យ : បាន​មក​រៀប​រាជា​ពិសេក​ជាមួយ​ព្រះនាង​លីវយី នៅ​លើ​កោះ​គោកធ្លក ហើយ​បាន​ឲ្យ​បណ្ដាជន​ទូទៅ​គោរព​សាសនា​ព្រាហ្មណ៍ ។ ឥទ្ធិពល​នៃ​សាសនា​ព្រាហ្មណ៍ បាន​លាត​ត្រដាង​នៅ​ក្នុង​សិល្បៈ អក្សរសិល្ប៍ ទំនៀម​ទំលាប់ ប្រពៃណី និង​សង្គមធម៌​យ៉ាង​ច្រើន​ថែម​ទៀត ។ ភាសា​សំស្រ្កឹត​ជា​ប្រភព​នៃ​សាសនា​ព្រាហ្មណ៍ ហើយ​និង​ពុទ្ធសាសនា​ផ្នែក​មហាយាន ។
         - មុន គ.ស. ២០៩ ឆ្នាំ (ពុទ្ធសតវត្ស៍​ទី ៣ ) ព្រះបាទ​អសោក មហារាជ​នៃ​ឥណ្ឌា ក្រោយ​តតិយសង្គាយនា (ការ​ផ្ទៀងផ្ទាត់​ធម៌ វិន័យ ) មក បាន​បញ្ជូន​ព្រះសមណទូត ទៅ​ផ្សាយ​ពុទ្ធសាសនា​នៅ​ក្នុង​ឥណ្ឌា និង​ក្រៅ​ឥណ្ឌា ។ ព្រះសោណត្ថេរ និង ព្រះឧត្ដរត្ថេរ ជា​ព្រះអរហន្ត បាន​ទទួល​បេសកកម្ម ចូល​មក​ផ្សាយ​ព្រះពុទ្ធ​សាសនា​នៅ​ជ្រោយ​សុវណ្ណភូមិ (មន ខ្មែរ ឥណ្ឌូណេស៊ី និង ម៉ាឡេស៊ី ) គឺ​អាស៊ីភាគ​អាគ្នេយ៍​នេះ​ឯង ។ ដូច្នេះ​ប្រជាជាតិ​ខ្មែរ ក៏​បាន​ទទួល​យក​ព្រះពុទ្ធ​សាសនា​តាំង​ពី​ពុទ្ធសតវត្ស៍​ទី ៣ (៣០៩ ឆ្នាំ មុន គ.ស.) នោះ​មក ។
         ចំពោះ​បញ្ហា​សុវណ្ណភូមិ មាន​អ្នក​ប្រាជ្ញ​ជា​ច្រើន​បាន​ធ្វើ​ការ​ស្រាវជ្រាវ​រក​កន្លែង​ដ៏​ពិត​ប្រាកដ ប៉ុន្តែ​យើង​នឹង​មិន​ពោល​រឿង​នេះ​នៅ​ទីនេះ​ឡើយ ។
         គួរ​កត់​សំគាល់​ថា ក្រៅ​ពី​ព្រះសោណត្ថេរ និង ព្រះឧត្ដរត្ថេរ ជា​សមណទូត ដែល​ព្រះបាទ​ធម្មាសោករាជ បាន​បញ្ជូន​ទៅ​ប្រកាស​ផ្សាយ​ព្រះពុទ្ធ​សាសនា​នៅ​ជ្រោយ​សុវណ្ណភូមិ កាល​ពី​ពុទ្ធ​សតវត្ស៍​ទី ៣ នោះ នៅ​មាន​ពួក​ពាណិជ​សំពៅ​សមុទ្រ​បាន​នាំ​ព្រះភិក្ខុសង្ស ឬ ព្រះពុទ្ធរូប​មក​ជា​មួយ​ទៀត​ដែរ ។ កាល​មក​ដល់​ទីនោះ​ហើយ គេ​ទាំងឡាយ ក៏​ផ្សាយ​ព្រះពុទ្ធ​សាសនា​នៅ​ទីនោះ​ៗ ដែល​គេ​បាន​ទៅ​ដល់ ។
សម័យ​នគរ​ភ្នំ (ហ្វូណន )
         នៅ​សម័យ​នោះ (ពី​គ្រិស្ត​សតវត្ស៍​ទី ១ ដល់ ទី ៦ ) ប្រទេស​ខ្មែរ យើង​មាន​ឈ្មោះ​ថា << នគរ​ភ្នំ - FUNAN >> មាន​រាជធានី​ឈ្មោះ​ថា ទូមូ (សំស្រ្កឹត​ថា បវ៌ត ភូបាល ស្ដេច​ភ្នំ - មាន​រាជធានី​ថា វ្យាធបុរៈ - បុរី អ្នក​បរបាញ់ ) ជា​ទីក្រុង​នៅ​តំបន់​បាភ្នំ ។
         តាម​ប្រភព​ចិន​និយាយ​ថា : ខ្មែរ​បាន​កសាង​ខ្លួន ជា​ប្រជាជាតិ​មួយ មាន​រូបរាង​ឡើង​ក្នុង​ពិភពលោក​តាំង​តែ​ពី​គ្រិស្ត​សតវត្ស៍​ទី ១ មក ហើយ​មាន​ការ​រីក​ចំរើន​ណាស់ ។ ប៉ុន្តែ​លោក ហ្វែរ៉ង់ និយាយ​ថា : នៅ​ប្រទេស​នគរ​ភ្នំ​នេះ មាន​ជនជាតិ​ឥណ្ឌា​នាំ​យក​វប្បធម៌​ខ្លួន​មក​ផ្សាយ​តាំង​តែ​ពី​ពុទ្ធ​សតវត្ស៍​ទី ៣ (មុន គ.ស. សតវត្ស៍ ៣០០ ឆ្នាំ ) ។ មាន​ប្រភព​ចិន​ខ្លះ​និយាយ​ថា មាន​ការ​ទាក់ទង​ប្រទេស​ខ្មែរ​និង​ចិនតាំង​ពី​មុន​គ្រិស្ត​សករាជ​ជា​ច្រើន​រយ​ឆ្នាំ តែ​ដែល​គេ​ចាត់​ជា​ប្រវត្តិសាស្រ្ត​ត្រឹមត្រូវ គឺ​ពី​គ្រិស្ត​សតវត្ស៍​ទី ៣ មក ហើយ​រាជទូត​ចិន​បាន​មក​ប្រទេស​ខ្មែរ​ជា​បឋម គឺ​មុន គ.ស. ២៣១ បន្តិច ។ មាន​សិលា​ចារឹក​បក្សី​ចាំក្រុង គ.ស. ៩៤៨ ចែង​ថា ព្រះបាទ​រុទ្រវវ័ន្ម ជា​ព្រះរាជា​ទី​បំផុត​នៃ​សម័យ​នគរ​ភ្នំ ជា​ព្រះរាជា​ត​វង្ស​មក​ពី​ព្រះបាទ​កៅឌិន្យ : និង ព្រះនាង​នាគី សោមា (លីវយី ) ឬ ព្រះថោង​នាង​នាគ ? ។ មាន​សិលា​ចារឹក​មួយ​ទៀត ដែល​គេ​រក​ឃើញ​នៅ​ស្រុក វូកាញ់ ខែត្រ ញ៉ាត្រាង យួន​ខាង​ត្បូង​សព្វ​ថ្ងៃ​នេះ បាន​ចែង​ពី​ព្រះបាទ​ស្រីមារៈ (ហ្វាន់ ចេ ម៉័ន ) ជា​ព្រះរាជ​នគរ​ភ្នំ​ជ្រះថ្លា​ព្រះពុទ្ធ​សាសនា ។ ត្រង់​នេះ​បញ្ជាក់​ឲ្យ​ឃើញ​ថា ប្រទេស​នគរ​ភ្នំ​កាន់​ព្រះពុទ្ធ​សាសនា​ពេញ​ទី ​តែ​ម្ដង ហើយ​វត្ត​អារាម​ព្រះពុទ្ធ​សាសនា ក៏​ចេះ​តែ​រីក​ចំរើន គ្រប់​ទី​កន្លែង​នៃ​ប្រទេស​ទាំងមូល ។ នៅ គ.ស. ៥០៣ ប្រទេស​នគរ​ភ្នំ​បាន​ទាក់ទង​ជា​មួយ​ប្រទេស​ចិន​យ៉ាង​ជិតស្និទ្ធ ហើយ​នៅ​ពេល​នោះ ព្រះរាជា​ក្រុង​ចិន​ព្រះនាម​វូ ក្នុង​រាជវង្ស​លាង គ.ស. ៥០៦ បាន​សុំ​និមន្ត​ព្រះភិក្ខុ​សង្ឃ ២ រូប គឺ​ព្រះសង្ឃបាលៈ និង មន្រ្ទសេនៈ​ឲ្យ​ទៅ​ជួយ​ប្រែ​ព្រះត្រៃបិដក ពី​ភាសា​សំស្រ្កឹត​ទៅ​ជា​ភាសា​ចិន ហើយ​ព្រះរាជា​ព្រះនាម វូ ទ្រង់​រៀបចំ​ការិយាល័យ​សម្រាប់​ព្រះថេរៈ​ទាំងពីរ​អង្គ​នេះ ឈ្មោះ​ថា ហ្វូណនក្វាង (FUNAN – KOUAN ) << ការិយាល័យ​ប្រទេស​នគរ​ភ្នំ >>
សម័យ​ចេនឡា
(គ្រិស្ត​សតវត្ស៍ ទី ៦ ទៅ​ទី ៩ )
         នៅ​ខាង​ដើម​សតវត្ស៍​នេះ ប្រទេស​នគរ​ភ្នំ មាន​កើត​កលិយុគ​ភាន់​ប្រែ ហើយ​ព្រះពុទ្ធ​សាសនា បាន​ចុះ​អន់​ថយ​ដោយ​សារ​ព្រះរាជា​អង្គ​ខ្លះ​មិន​ជ្រះ​ថ្លា ។ ប៉ុន្តែ​គួរ​កត់​សំគាល់​ថា ព្រះពុទ្ធ​សាសនា​នៅ​សម័យ​អាប់ឱន ត្រូវ​នៅ​រស់​ជា​មួយ​សាសនា ព្រាហ្មណ៍ ។
 ៣ វប្បធម៌​ខ្មែរ​សម័យ​អង្គរ
(សតវត្ស៍ ទី ៩ ដល់​សតវត្ស៍​ទី ១៤ នៃ គ.ស. )
         នៅ គ.ស. ៦៥៧ ៦៨១ មាន​ពុទ្ធសាសនា​និកាយ​មហាយាន បាន​ចូល​មក​ប្រទេស​ខ្មែរ​ថែម​ទៀត ហើយ​មាន​ព្រះរាជា​អង្គ​ខ្លះ​នៃ​រាជវង្ស​ខ្មែរ​បាន​គោរព​បូជា ព្រោះ​ពុទ្ធសាសនា​និកាយ​មហាយាន មាន​លំនាំ​ដូច​សាសនា​ព្រាហ្មណ៍​ដែរ ដូច្នេះ ពុទ្ធសាសនា​ថេរវាទ​ហាក់​ដូចជា ពុំ​សូវ​មាន​មុខ​មាន​មាត់​ប៉ុន្មាន ។ ប៉ុន្តែ​ពុទ្ធសាសនា​និកាយ​ថេរវាទ ត្រូវ​រស់​នៅ​ជាមួយ​ប្រជារាស្រ្ត​ទូទៅ ។
         គួរ​កត់​សំគាល់​ថា នៅ​សម័យ​មហា​នគរ​នេះ សាសនា​ព្រាហ្មណ៍ និង ពុទ្ធសាសនា​និកាយ​មហាយាន​ចំរើន​រុងរឿង​ណាស់ ព្រោះ​ប្លង់​ទីក្រុង​មហា​នគរ​មាន​លំនាំ​តាម​បែប​ហិណ្ឌូ​ទាំងអស់ ដូចជា​ស្រះស្រង់ (បារាយណ៍​ទឹក​ថ្លា ជា​តំណាង​ទន្លេ​មុនា ហើយ​បារាយណ៍​ទឹក​ល្អក់ ជា​តំណាង​ទន្លេ​គង្គា ) ឯ​ភ្នំ​គូលែន គឺ​មាន​ឈ្មោះ​ថា មហេន្រ្ទបព៌ត តាម​សិលា​ចារឹក ដែល​ជា​ឈ្មោះ​នៃ​ភ្នំ​ហិមាល័យ នៃ​ឥណ្ឌា​តែ​ម្ដង ។ ម្យ៉ាងទៀត ប្លង់​នៃ​មហា​នគរ គឺ​គេ​ធ្វើ​ឡើង​ឲ្យ​ដូចជា​ករុក្សេត្រ (ទីក្រុង ដែល្លី​សព្វ​ថ្ងៃ​នេះ ) ។ លុះ​ដល់​ព្រះបាទ​ជ័យវរ្ម័ន​តី ៧ (គ.ស. ១១៨១ ) យើង​ឃើញ​ថា ព្រះរាជា​អង្គ​នេះ មាន​ឈ្មោះ​ល្បីល្បាញ​ជាង​គេ ហើយ​ទ្រង់​ជា​ពុទ្ធសាសនិក​ដ៏​សំខាន់​បំផុត​ខាង​ផ្នែក​និកាយ មហាយាន ។ ទ្រង់​បាន​ទំនុក​បំរុង​ពុទ្ធសាសនា​ទាំងពីរ​និកាយ ឲ្យ​បាន​រុងរឿង​ក្រៃលែង​ជាមួយ​នឹង​ការ​រីក​ចំរើន​នៃ​ផ្នែក​អាណាចក្រ ។ ទ្រង់​បាន​សាង​ប្រាសាទ​ជា​ច្រើន​ឧទ្ទិស​ថ្វាយ​ព្រះពុទ្ធ​សាសនា ដូចជា បន្ទាយ​ក្ដី តាព្រហ្ម ព្រះខ័ន បាយ័ន ហើយ​នឹង​មន្ទីរពេទ្យ​គ្រប់​ទី​កន្លែង​សម្រាប់​ជួយ​រក្សា សុខភាព​នៃ​ប្រជារាស្រ្ត​ព្រះអង្គ ។ ព្រះរាជា​អង្គ​នេះ បាន​បញ្ជូន​ព្រះរាជ​បុត្រា ព្រះអង្គ​ព្រះនាម តាមលិន្ទៈ ឲ្យ​បួស​ហើយ​ឲ្យ​ទៅ​សិក្សា​នៅ​កោះ​សេរីលង្កា ចំនួន ១០ ឆ្នាំ នៅ ព.ស. ១៧៣៣ ឆ្នាំ ។ សម័យ​មហានគរ​បាន​ចប់​នៅ​សម័យ​ព្រះបាទ ពញាយ៉ត ទ្រង់​លះបង់​មហា​នគរ មក​គង់​នៅ​បាសាន (ស្រីសន្ធរ ) នៅ គ.ស. ១៤៣១ រួច​ហើយ​ទ្រង់​មក​គង់​នៅ​ឧដុង្គ និង ខាង​ក្រោយ​មក មក ​គង់​នៅ​ភ្នំពេញ​យើង​នេះ ដោយ​មាន​ច្បាំង​ជា​មួយ​ប្រទេស​ជិត​ខាង ។
៤ សម័យ​ក្រោយ​អង្គរ
(គ.ស. ១៤៣១ ដល់ ១៩៧៣ )
         នៅ​សម័យ​នេះ ព្រះពុទ្ធសាសនា​ផ្នែក​និកាយ​ថេរវាទ ដែល​មាន​ព្រះត្រៃបិដក​ជា​មូលដ្ឋាន​ព្រម​ទាំង​មាន​ភាសា​បាលី​ជា​ឫស បាន​ប្រតិស្ឋាន​ពាសពេញ​លើ​ផ្ទៃ​ប្រទេស ហើយ​មាន​វត្ត​អារាម​ជា​កន្លែង​សម្រាប់​សិក្សា​គ្រប់​ទី​កន្លែង​ទាំងអស់ ។ សាសនា​ព្រាហ្មណ៍ និង ពុទ្ធសាសនា ផ្នែក​និកាយ​មហាយាន​ដោយ​ពុំ​មាន​សាវ័ក​ក៏​សាបសូន្យ​ទៅ​បន្តិច​ម្ដង​ៗ រហូត​ដល់​អស់​ពី​ផ្ទៃ​ប្រទេស​តែ​ម្ដង ។ បូរាណដ្ឋាន​ប្រាសាទ នៃ​សាសនា​ព្រាហ្មណ៍ និង ពុទ្ធសាសនា​មហាយាន​ក៏​បាន​ក្លាយ​ជា​វត្ត​អារាម​នៃ​ពុទ្ធសាសនា​និកាយ​ថេរវាទ​ទាំងអស់ ។ ក្នុង​វត្ត​អារាម​នីមួយ​ៗ សុទ្ធ​តែ​មាន​សាលា​រៀន​គ្រប់​ទី​កន្លែង​ទាំងអស់​សម្រាប់​អប់រំ​កូន​ខ្មែរ ។ សូម្បី​ប្រទេស​ខ្មែរ​ធ្លាក់​ចុះ​ដុនដាប​យ៉ាង​ណា​ក៏​ដោយ ក៏​ប្រជារាស្រ្ត​ខ្មែរ​ឱប​ព្រះពុទ្ធ​សាសនា​ជាប់​ឥត​រា ថយ​ឡើយ ព្រោះ​ហេតុនោះ បាន​ជា​យើង​ឃើញ​ថា រដ្ឋ​ខ្មែរ​បាន​ទទួល​ស្គាល់ ព្រះពុទ្ធ​សាសនា​ជា​សាសនា​របស់​រដ្ឋ រហូត​មក​ដល់​ឥឡូវ​នេះ ។     



១ គម្ពីរ​មហាវង្ស ត្រង់​ពាហិរនិទានវណ្ណនា ។

(*)លោក ប៉ែន សាអឿន ជាអតីតសមណនិស្សិតបរិញ្ញាបត្រសង្គមវិទ្យា នៃសាកលវិទ្យាល័យដែល្លី ទីក្រុងដែល្លី ប្រទេសឥណ្ឌា ក្នុងទស្សវត្សរ៍ឆ្នាំ១៩៦០។

© រក្សាសិទ្ធិដោយលោកវិទូ