ប៉ែន សាអឿន៖ ព្រះពុទ្ធ និង​លោក កាល់ ម៉ារក្ស - លោកវិទូ

ព័ត៌មានថ្មីៗ

សូមចូលរួមបណ្ដាញតេឡេក្រាមលោកវិទូ៖ https://t.me/lokavidunews

Monday, April 01, 2019

ប៉ែន សាអឿន៖ ព្រះពុទ្ធ និង​លោក កាល់ ម៉ារក្ស


លោកវិទូ | ថ្ងៃចន្ទ ១២ រោច ខែផល្គុន ព.ស. ២៥៦២ | ០១ មេសា ២០១៩

ព្រះពុទ្ធ និង​លោក កាល់ ម៉ារក្ស

ដោយ​លោក ប៉ែន – សាអឿន(*)
អត្ថបទក្បាលទី ១ ឆ្នាំទី ៤៥ លេខ ១២ ព.ស ២៥១៥ គ.ស ១៩៧៣ ទំព័រ ៥៦៥

ពុទ្ធបរិស័ទ​ទាំងឡាយ អស់​លោក​ជ្រាប​ហើយ​ថា គំនិត និង​ទ្រឹស្ដី សម្រាប់​រំដោះ​សេចក្ដី​ទុក្ខ​លំបាក​របស់​មនុស្ស និង សង្គម​មនុស្ស នៃ​ព្រះពុទ្ធ មាន​ច្រើន​ប្រការ​ក្រៃលែង ដែល​បុព្វបុរស​ខ្មែរ​យើង​បាន​រក្សា​ទុក​ឲ្យ​កូន​ចៅ​ខ្មែរ​ដរាប​ដល់​សព្វ​ថ្ងៃ​នេះ ។ ប៉ុន្តែ​គ្រោះថ្នាក់​ប្រវត្តិសាស្រ្ត​ខ្មែរ បណ្ដាល​មក​ពី​ប្រទេស​ជិត​ខាង​មាន​មហិច្ចតា លោភលន់​ដណ្ដើម​ទឹក​ដី​និង​ភោគទ្រព្យ​របស់​យើង ចាប់​តាំង​ពី​សម័យ​មហា​នគរ រហូត​ដល់​សព្វ​ថ្ងៃ​នេះ ពុំ​អនុញ្ញាត​ឲ្យ​យើង​ជា​ពុទ្ធ​បរិស័ទ​ទាញ​យក​គំនិត និង ទ្រឹស្ដី ក្នុង​ផ្នែក​កសាង​សង្គម និង សាង​បុគ្គលិក​លក្ខណៈ​នៃ​មនុស្ស​ម្នាក់​ៗ ក្លាយ​ទៅ​ជា​អារ្យប្រទេស និង អារ្យជន​មក​អនុវត្ត​បាន​ផល​ដូចជា​យើង​ប្រាថ្នា​ឡើយ ។

តាំង​ពី​សតវត្ស​ទី ១៤ រហូត​ដល់​ទី ២០ នៃ​គ្រិស្ត​សករាជ << ជាង ៦០០ ឆ្នាំ >> បន្ទាប់​ពី​ការ​រលំ​មហា​នគរ​មក ឆ្លៀត​ឱកាស​ដែល​ខ្មែរ​កំពុង​ទន់ខ្សោយ បរទេស​ដែល​លោភលន់ << ស្បែក​លឿង​ដូច​គ្នា និង ស្បែក​អាណានិគម >> បាន​សង្កត់​និង​ជិះជាន់​យក​ប្រយោជន៍​និង​ត្រួតត្រា​លើ​យើង​គ្មាន​ឈប់ឈរ ។ បើ​យ៉ាង​នេះ តើ​ខ្មែរ​យើង​មាន​ពេល​ឯណា នឹង​យក​ទ្រឹស្ដី​ព្រះពុទ្ធ​សាសនា​មក​អនុវត្ត​កសាង​ខ្លួន​ទៅ​កើត អង្គការ​ព្រះពុទ្ធ​សសនា ដែល​មាន​វត្ត​អារាម​គ្រប់​ទី​កន្លែង​ក្នុង​សាធារណរដ្ឋ​ខ្មែរ ជា​កន្លែង​សិក្សា​អប់រំ​កុលបុត្រ – កុលធីតា ខ្មែរ បាន​ឱកាស​ត្រឹម​តែ​ឃុំ​គ្រង​ពុទ្ធ​បរិស័ទ​ជើង​វត្ត ព្រម​ទាំង​ឲ្យ​ចំណេះ​វិជ្ជា​បន្តិច​បន្តួច ដល់​បុត្រ​ខ្មែរ​តែ​ប៉ុណ្ណោះ ។ ម្យ៉ាង ទៀត​ក្នុង​ដំណាក់​កាល​ចប់​សង្គ្រាមម្ដង​ៗ ខ្មែរ​គ្រប់​ទី​កន្លែង​ ត្រូវ​បាន​ពួក​ខ្មែរ​និយម​កំអែល​បរទេស​ជិះជាន់​ថែម​ទៀត​ ។ ពួក​ខ្មែរជិះជាន់​ជំពូក​នេះ គឺ​ពួក​ថ្នាក់​ជាន់​ត្រួតត្រា​ស្រុក​ទេស​ខាង​ក្រោយ ឬ​ពួក​កាន់​ការបន្ទាប់​ពី​ពួក​បរទេស​មក ។ ពួក​នេះ ដែល​មាន​ស្ដេច​ជា​ប្រមុខ រវល់​តែ​ឃុបឃិត​យក​ប្រយោជន៍​ពីខ្មែរ​គ្នា​ឯង​ជា​មួយ​បរទេស​ធ្វើ​ការ​ដណ្ដើម​អំណាច​គ្នា​គ្រប់គ្រង​រដ្ឋ ធ្វើ​ឲ្យ​មាន​ទំនាស់រវាង​ខ្មែរ​គ្នា​ឯង​ ធ្វើ​ឲ្យ​រាស្ត្រ​អស់​សេចក្ដីទុកចិត្ត​លើគ្នា​ឯង​គ្រប់គ្រង​រដ្ឋ ឥត​រវល់​និង​របប​សេដ្ឋកិច្ច​ជនបទ នាំ​ឲ្យ សេដ្ឋកិច្ច​ជនបទ​ហួស​សម័យ នាំ​គ្នា​ប្រមូល​ទ្រព្យ​សម្បត្តិ​ស្ដុកស្ដម្ភ​នៅ​ទីក្រុង​ដែល​ជា​កន្លែង​គ្រប់គ្រង នាំឲ្យ​រង្គោះរង្គើ​វិនិយោគ​គ្រួសារ​ខ្មែរ​ជនបទ​គ្រប់​ទីកន្លែង ។ ទាំងអស់​នេះ នាំឲ្យ​បរទេស​ជិត​ខាង​ខ្មែរ​មើល​ងាយ​ខ្មែរ ហើយ​ឆ្លៀត​ឱកាស​ឈ្លានពាន​ខ្មែរ ឥត​ឈប់ឈរ​សោះឡើយ ។

ពុទ្ធបរិស័ទ​ទាំងឡាយ នៅ​ថ្ងៃ​នេះ​ ម៉ោងនេះ អស់លោក​ជ្រាបស្រាប់ ព្រមទាំង​ឃើញ​នឹង​ភ្នែក​ខ្លួន​ឯង​ស្រាប់​ហើយ​ថា ចាប​តាំង​ពី​របប​សក្ដិភូមិ រាជា​និយម​បាន​រលំ​ភ្លាម​នៅ​ថ្ងៃ​ ១៨ មីនា ១៩៧០ ដោយ​សារ​ស្នាដៃ​រាស្ត្រ​ខ្មែរ ពុទ្ធបរិស័ទ​មាន​សង្ឃឹម​ថា មុខ​ជា​បាន​ឱកាស​យក​គំនិត​និង​ទ្រឹស្ដី​សង្គមនិយម​ព្រះពុទ្ធសាសនា មក​អនុវត្ត​សាង​សង្គម​ខ្មែរ​ពុំខាន ។ ប៉ុន្តែ ផ្ទុយ​ទៅ​វិញ ពួក​ក្រុមអ្នក​គ្រប់គ្រង​រដ្ឋ​មួយ​ក្ដាប់​តូចនេះ បន្ទាប់​ពី​បាន​បាត់មុខ-មាត់ ដោយ​សារ​រាស្ត្រ​ខ្មែរ​បាន​បណ្ដេញ​ចេញ​ពី​អំណាច បាន​បបួល​ប្រទេស​ជិត​ខាង​មាន​មហិច្ឆតា​ចង់​លេប​ទឹក​ដីខ្មែរ​ស្រាប់​ផង ឲ្យ​នាំទ័ព​និង​មនោគម​វិជ្ជា​កុម្មុយនិស្ត​មក​វាយ​ខ្មែរ និង​សាប​ព្រោះ​បំពុល​ទឹកចិត្ត​ខ្មែរ ឲ្យ​ស្អប់​វប្បធម៌ និង​ពុទ្ធសាសនា ដែល​ជា​ព្រលឹង​និង​ដួង​វិញ្ញាណ​ខ្មែរ រហូត​ដល់​ហ៊ាន​សម្លាប់​ព្រះសង្ឃ​ខ្មែរ ដុត​បំផ្លាញ​វត្ត​អារាម​ខ្មែរ​គ្រប់ទី​កន្លែង​នៅ​ក្នុង​សាធារណរដ្ឋ​ខ្មែរ​តែម្ដង ។

យោល​ទោ​តាម​សម្បត្តិធម្មជាតិ​របស់​ខ្មែរ ការ​សម្បូរសប្បាយ​របស់​ខ្មែរ ទឹកដី​ដ៏​ទូលាយ​និង​មាន​ជីវជាតិ​ដ៏​សម្បូរ​របស់​ខ្មែរ តើ​ពុទ្ធបរិស័ទ​សុខចិត្ត​លះបង់ ពុទ្ធសាសនា លះបង់​វប្បធម៌ និង​ជាតិ​និយម​របស់​ខ្លួន ហើយ​ប្រកាន់​យក​លទ្ធិកុម្មុយនិស្ត​ ទើប​អាច​សាង​ស្រុក​ទេស ? អស់​លោក​យល់​ថា​ លទ្ធិកុម្មុយនិស្ត​ឲ្យ​ចម្រើន​លូតលាស់​ឬ ? តើ​អស់លោក​ស្គាល់​ច្បាស់​ទេ ? អ្នកណា​ជា​មេ​ លទ្ធិកុម្មុយនិស្ត ពុទ្ធសាសនា​និង​ លទ្ធិកុម្មុយនិស្ត​ផ្សេង​គ្នា​ដូចម្ដេច ?

ដើម្បី​ជា​សណ្ដាប់​តទៅ យើង​សូម​រាវ​រក​ឫសគល់ លទ្ធិកុម្មុយនិស្ត ដោយ​ប្រៀបធៀប​ជា​មួយ​ ព្រះពុទ្ធសាសនា ជូន​អស់​ស្ដាប់ ដូច​តទៅ​នេះ :

១- ប្រវត្តិ​និង​ប្រភព​សង្ខេប​នៃ ព្រះពុទ្ធសាសនា និង កាល់ម៉ារក្ស

ក- ព្រះពុទ្ធ : ព្រះពុទ្ធ​គឺ​ជា​លោកវិទូ​សាកល ជា​អគ្គបុគ្គល​ប្រកប​ដោយ​បុរិសលក្ខៈ​ខ្ពង់ខ្ពស់​បំផុត ជា​អ្នក​មាន​សព្វញ្ញុតញ្ញាណ​ គឺ​ជា​ញាណ​ទី​៨ នៃ​បុគ្គល​ដែល​កម្ររក​បាន​ក្នុង​លោក​យើង​នេះ ។ ក្នុង​ជីវិត​របស់​ព្រះពុទ្ធ យើង​ញើញថា ព្រះអង្គ​បាន​បំពេញ​ប្រយោជន៍​សម្រាប់ខ្លួន​ព្រះអង្គ​ឲ្យ​ទៅ​ជា​ព្រះ « ពុទ្ធ​ចរិយា » ប្រយោជន៍​ជូន​ព្រះ​ញាតិ​របស់​ព្រះអង្គ « ញាតត្ថចរិយា » និង​ប្រយោជន៍​សម្រាប់​លោក​ទាំង​មូល « លោកត្ថចរិយា » បាន​គ្រប់គ្រាន់​ទាំងអស់ ។ ចំពោះ​គុណធម៌​នៃ​ព្រះពុទ្ធ ព្រះធម៌ និង ព្រះសង្ឃ យើង​សុំ​អសើលោក​ពិនិត្យ​មើល​ពុទ្ធគុណ ធម្មគុណ និង​សង្ឃគុណ​តទៅទៀត​ចុះ ។ ព្រះធម៌​គឺ ព្រះត្រៃបិតក ។ ឯ​ព្រះសង្ឃ គឺ​ជា​បុត្រ​ផ្ទាល់ នៃ​ព្រះពុទ្ធ ជា​ក្រុម​ទទួល​បេសកកម្ម​ពី​ព្រះពុទ្ធ​ផ្ទាល់ ឲ្យ​ជួយ​រៀបចំសង្គម​ក្នុង​វិស័យ​អប់រំ ដើម្បី​ផ្សាយ​ព្រះធម៌​នៃ​ព្រះអង្គ ។

កាល​មុន​បាន​ក្លាយ​ទៅ​ជា​ព្រះពុទ្ធ ព្រះអង្គ​មាននាម​ថា « ព្រះសិទ្ធត្ថៈ » ជា​ព្រះរាជបុត្រ​នៃ​ព្រះបាទ​សុទ្ធោទនៈ​នៃ​ក្រុង​កបិលព័ស្ដុ ប្រទេស​នេប៉ាល់​នៃ​បច្ចុប្បន្ន​កាល​នេះ ព្រះពុទ្ធ គឺ​ជា​មជ្ឈិមប្បដិបទា​និយម​ ។ ព្រះអង្គ​បានទៅ​ពិសោធ​រក​ការពិត​៦​ឆ្នាំ ជា​មួយ​រាស្ត្រ ។ 

ខ- លោក​កាល់​ម៉ារក្ស : លោក កាល់​ម៉ារក្ស​គឺ​ជាអ្នក​សង្គមនិយម និង​ជា​ទស្សវិទូ​នៃ​ជាតិ​អាល្លឺម៉ាញ ជា​បិតា​ដ៏​សាក​សិទ្ធ ជា​ទីគោរព​របស់​កុម្មុយនិស្ត​រុស្ស៊ី ។ ពួក​រុស្ស៊ី បាន​ទុក​លោក​កាល់ម៉ារក្ស​ជា​អ្នក​សម្ភារៈនិយម​នៃ​សង្គម​មនុស្ស​តែម្ដង ។ ដែល​ខ្លួន​លោក​បាន​ក្លាយ​ទៅ​ជា​ អ្នក​សម្ភារៈនិយម​ហួសហេតុ​យ៉ាង​នេះ ព្រោះ​លោក​មាន​វិបត្តិ​ក្នុង​ជីវិត​នយោបាយ មិន​មាន​ជោគជ័យ​ក្នុង​ការ​ដណ្ដើម​អំណាច​ មានចិត្ត​ជា​អ្នក​ស្អប់​ខ្ពើម​មនុស្ស​ជាតិ​តែ​ម្ដង ជា​ឃាតក​នៃ​ពិភពលោក ។ អ្នក​ដែល​យក​ទ្រឹស្ដី​លោក​កាល់ម៉ារក្ស​មក​ប្រើ ក៏​មាន​ឈ្មោះ​ថា ជា​ឃាតក​ដែរ ។ បាន​ជាយើង​ពោល​យ៉ាង​នេះ ព្រោះ​យើង​យោង​ទៅ​លើ​ទ្រឹស្ដី​សេដ្ឋកិច្ច​ខុស​ទំនង​របស់​លោក ដែល​យើង​នឹង​ពោល​រឿងនេះ​ទៅ​វគ្គ​ក្រោយ ។ នៅទីនេះ យើង​សុំ​បញ្ជាក់​ថា « វិធី​បង្កើត​ សម្ភារៈ គឺ​ជា​អត្រា​សម្រេច​នូវ​លក្ខណៈ​សង្គម នយោបាយ​និង​ប្រាជ្ញា​ មាន​តែ​សម្ភារៈ​ទេ​ដែល​គ្រប់គ្រង​ពិភពលោក »។ តើ​ពិភពលោក​នេះ រស់​ដោយសារ​តែ​នំប៉័ង​មែន​ឬ ? ។

លោក​កាល់ម៉ារក្ស កើត​នៅ​ថ្ងៃ ទី ៥ ឧសភា ឆ្នាំ ១៨១៨ នៅ​តំបន់​ត្រែស៍ នៅ​ជិត​កូប្លែន ក្នុង​ដែនដី​រ៉ាន ប្រទេស​អាល្លឺម៉ាញ ។ គ្រួសារ​គាត់ កាន់​សាសនាគ្រិស្ដ​ ។ កាល​នៅ​កំពុង​សិក្សា​កាល់ម៉ារក្ស បាន​ជួប​ហែលហ្គែល Heqel និយម ហើយ​បាន​រិះគន់​ពួក​នេះ​យ៉ាង​ខ្លាំង ដោយ​សារ​លោក ហែលហ្គែល ជា​មនោ​និយម​សុទ្ធសាធ ក្នុង​គ្រប់​វិស័យ​នៃ​ការរស់នៅ​របស់​មនុស្ស​លោក លោក​បាន​ពោល​ថា ទស្សនវិជ្ជា​មនោ​និយម​សុទ្ធ តែង​ឲ្យ​កម្លាំង​ទៅ​លើ​ពួក​មូលធននិយម តែ​ប៉ុណ្ណោះ ។ នៅឆ្នាំ ១៨៤២ លោក​កាល់ម៉ារក្ស ក្លាយ​ទៅ​ជា​អ្នក​សារពត៌មាន មាន​ឈ្មោះ​(BHEINSHE ZHIZONG) ហើយ​រដ្ឋាភិបាល អាល្លឺម៉ាញ បាន​បញ្ឈប់​ឲ្យ​ផ្សាយ​នៅ​ឆ្នាំ​១៨៤៣ ហើយ​លោក​ក៏​ទោ​កាន់​ទីក្រុង​ប៉ារីស ប្រទេស​បារាំង ។ នៅទីនេះ មាន​បញ្ហា​ជនជាតិ​ជីវ TECW កើត​ឡើង ដោយ​លោក កាល់ម៉ារក្ស ប្រឆាំង​យ៉ាង​ខ្លាំង ព្រោះ​លោក​តាម​កំណើត គឺ​ជា​ជនជាតិ​ជីវ ។ នៅ​ទីនេះ​លោក​បាន​ជួប​លោក Friedri CHENGEIS ទាំងពីរ​នាក់​នាំ​គ្នា​ប្រឆាំង​នឹង​សាសនា​គ្រឹស្ដ​ថា ជា​អាភៀន​បំពុល​មនុស្ស ជា​ពិសេស​សាសនា​ដែល​មាន​អាទិទេព​ជា​មូលដ្ឋាន​ទាំងអស់​តែ​ម្ដង ។ លោក កាល់ ម៉ារក្ស បាន​ប្រឆាំង​ជាមួយ​សាសនា​យ៉ាង​ខ្លាំង​ទៅ​ទៀត នៅ​ឆ្នាំ ១៨៤៨ ត្រូវ​ប្រទេស​បារាំង​បណ្ដេញ​លោក​ចេញ ហើយ​លោក​មក​នៅ​ប្រទេស​អង់គ្លេស ហើយ​បាន​ឃើញ​ការ​ជិះជាន់​ពួក​កម្មករ ដោយ​សារ​ពួក​មូលធន​កាន់​សាសនា​គ្រឹស្ត ។ លោក​បាន​ពោល​ថា សាសនា​នេះ ត្រូវ​បាន​ពួក​មូលធន​យក​ជា​ខែល សម្រាប់​ធ្វើ​បាប​កម្មករ ។

ពុទ្ធបរិស័ទ​ទាំងឡាយ អស់​លោក​ឃើញ​ច្បាស់ នូវ​ជីវិត​ព្រះពុទ្ធ​ជា​ម្ចាស់ និង កាល់ ម៉ារក្ស ដូច​រៀបរាប់​ខាង​លើ​នេះ​ស្រាប់ ។ កាល់ ម៉ារក្ស ឥត​បាន​ទៅ​ពិសោធ​រក​ការ​ពិត​ឲ្យ​ស្គាល់​សង្គម​ការណ៍​ទេ ។

នៅ​ក្នុង​ទី​ពិសោធន៍​សង្គម (fielducrle ) ដូចជា​ព្រះពុទ្ធ​ឡើយ ។ ដូច្នេះ​លោក កាល់ ម៉ារក្ស បាន​ត្រឹម​តែ​ឈ្មោះ​ថា << សង្គម​វិទូ​កៅអី​ផ្ដៅ >> ប៉ុណ្ណោះ << ជា​អ្នក​នយោបាយ​អស់​សង្ឃឹម >> ។ ឯ​ព្រះពុទ្ធ​ជា​ម្ចាស់ បាន​លះបង់​រាជ​សម្បត្តិ​ទៅ​រស់​នៅ​ជា​មួយ​រាស្រ្ត​អស់​រយៈ​ពេល ៦ ឆ្នាំ ដើម្បី​រក​ការ​ពិត​នៃ​សង្គម​ការណ៍ ។ ព្រះអង្គ​ពុំ​មែន​ជា​អ្នក​អស់​សង្ឃឹម​ដូច​លោក​កាល់ ម៉ារក្ស​ឡើយ ។

២- សភាព​មនុស្ស និង​ទ្រឹស្ដី​របស់​ព្រះពុទ្ធ និង លោក កាល់ ម៉ារក្ស

ក- ព្រះពុទ្ធ:

១- មនុស្ស​គ្រប់​សញ្ជាតិ​ទាំងអស់​ក្នុង​លោក តែង​មាន​សភាព​មនុស្ស​ដូចគ្នា គឺ ចិត្ត ចេតសិក រូប ។ ចិត្ត គឺ​ការ​ត្រិះរិះ បាន​ដល់​ការ​ប្រជុំ​ព្រម​នៃ​វិញ្ញាណ​ដែល​កើត​ពី​ចេតសិក ។ ចេតសិក គឺ​ជា​សភាវៈ​ប្រមូល​អារម្មណ៍ ។ ឯ​រូប គឺ​ជា​សភាវៈ​ពុក​ផុយ កើត​ឡើង​ដោយ​ការ​ផ្សំ​ធាតុ ប៉ុន្តែ​វា​ជា​គ្រឿង​ទ្រទ្រង់​នៃ​ចិត្ត និង ចេតសិក​ដែរ ។ នៅ​មាន​ធម៌​មួយ​ទៀត​ដែល​ព្រះពុទ្ធ​បាន​រក​ឃើញ គឺ​និព្វាន << គ្មាន​បណ្ដាញ, គ្មាន​ការ​ចាក់​ស្រែះ >> <<១ >> ។ ចិត្ត ចេតសិក និង រូប គឺ​ជា​សភាវៈ​គ្រប់គ្រង​ដោយ​ត្រៃលក្ខណ៍​នៃ​ចក្រវាឡ គឺ អនិច្ចៈ ទុក្ខៈ និង អនត្តា ។

សភាព​មនុស្ស ត្រូវ​ទទួល​ការ​បង្វិល​ពី​អនិច្ច​លក្ខណៈ ត្រូវ​ទទួល​ការ​គ្រាំគ្រា​ពី​ទុក្ខ​លក្ខណៈ ត្រូវ​ប្រកាន់​ថា ខ្លួន​មិន​បាន​ដោយ​អនត្ត​លក្ខណៈ នៅ​ក្នុង​វដ្ដសង្សារ ។ សត្វ​លោក​អាច​ឆ្លង​វដ្ដសង្សារ​ទៅ​កាន់​និព្វាន​បាន ដោយ​អាស្រ័យ​ការ​យល់​ច្បាស់​នូវ ​អរិយសច្ចៈ​ទាំង ៤ គឺ​ទុក្ខ​សច្ចៈ សមុទយសច្ចៈ និរោធ​សច្ចៈ និង​មគ្គសច្ចៈ << ២ >> ។ និព្វាន គឺ​ជា​ធម៌​ខ្ពង់ខ្ពស់​ផុត​អាច​ទៅ​បាន​ដោយ​បុគ្គល​ម្នាក់​ៗ ដែល​មាន​បុរិស​លក្ខណៈ​ខ្ពង់ខ្ពស់​ផុត ។

២- បុគ្គល​ម្នាក់​ៗ គឺ​ជា​សមាជិក​នៃ​សង្គម​ដែល​មាន​អង្គការ​ត្រឹមត្រូវ មាន​មេដឹកនាំ​ត្រឹមត្រូវ មាន​ចំណេះ​គ្រប់គ្រង​ប្រកប​ដោយ​ទសធម៌ ១០ យ៉ាង ហើយ​សមាជិក​ទាំងឡាយ​នៃ​សង្គម គប្បី​មាន​អបរិហានីយធម៌ ៧ យ៉ាង ដែល​អាច​បង្កើត​នូវ​សាមគ្គី​រស​សម្រាប់​ការ​សុខសាន្ត​សម្បូរ​សប្បាយ​រីក​ចម្រើន​នៃ​សង្គម ។ ពុទ្ធសាសនា​ក្នុង​ន័យ​នេះ តម្រូវ​ឲ្យ​គេ​ដឹកនាំ​ចៀសវាង​ការ​បន្លំ​យក​ពុទ្ធសាសនា​ជា​របាំង ហើយ​ធ្វើ​នូវ​អំពើរ​ពុក​រលួយ​គ្រប់​យ៉ាង​បោក​ប្រជារាស្រ្ត ។ ក្នុង​ន័យ​នេះ សិង្គាលោវាទសូត្រ សុត្តន្តបិដក បាន​ចែង​ថា មេដឹកនាំ​នៃ​សង្គម​ត្រូវ​មាន​ធម៌​សង្រ្គោះ ៥ យ៉ាង ទៅ​លើ​អ្នក​ក្រោម​អំណាច , អ្នក​ក្រោម​អំណាច ត្រូវ​មាន​ធម៌​សង្រ្គោះ​ដល់​មេ​ដឹកនាំ​នៃ​សង្គម ៥ យ៉ាង​ដែរ ។ ម្ដាយ ឪពុក​សង្រ្គោះ​កូន ដោយ​ធម៌ ៥ យ៉ាង, កូន​សង្រ្គោះ​ម្ដាយ​ឪពុក​វិញ​ដោយ​ធម៌ ៥ យ៉ាង​ដែរ​ជាដើម << ១ >> ។ ក្នុង​គោលការណ៍​នេះ យើង​ឃើញ​ថា ប្រព័ន្ធ​សង្គម​បាត​ក្រោម​បំផុត គឺ​មាតាបិតុនិយម ដែល​ព្រះពុទ្ធ​ទ្រង់​បាន​ចែង​យ៉ាង​ច្បាស់លាស់ នៅ​ក្នុង​សូត្រ​ខាង​លើ​នេះ និង​នៅ​ក្នុង​មង្គលសូត្រ ។ នៅ​ក្នុង​គោល​រចនា​សម្ពន្ធ​នៃ​សង្គម ព្រះពុទ្ធ​បាន​បញ្ជាក់​ថា មាន​៥ ជាន់​គឺ

ខាង​លើ​បំផុត មាន​សីលធម៌ និង​ពាក្យ​ប្រៀនប្រដៅ​របស់​ព្រះពុទ្ធ។

បន្ទាប់​មក មាន​មាតុប្រទេស ។

បន្ទាប់​មក មាន​សង្គម​ស៊ីវិល << សូម្បី​ទាហាន​ក៏​ទទួល​នូវ​រចនា​សម្ព័ន្ធ​នេះ​ដែរ គឺ​ឲ្យ​មាន​សិទ្ធិ និង កាតព្វកិច្ច​ជ្រើសរើស​ប្រភេទ​សង្គម សម្រាប់​ចូលរួម >> ។

បន្ទាប់​មក មាន​គ្រួសារ ដែល​សង្កត់​ធ្ងន់​ទៅ​លើក្រោម​បំផុត​មាន​បុគ្គល​ម្នាក់​ៗ ។

ដូច​ពោល​មក​ខាង​លើ​នេះ យើង​ឃើញ​ថា ព្រះពុទ្ធ​សាសនា តាម​លក្ខណៈ​សង្គមសាស្រ្ត តម្រូវ​ឲ្យ​បុគ្គល​ម្នាក់​ៗ ភ្ជាប់​ខ្លួន​ទៅ​គ្រួសារ​តាម​មូលដ្ឋាន​នៃ​សង្គមធម៌ គ្រួសារ​ភ្ជាប់​ទៅ​សង្គម​ស៊ីវិល សង្គម​ស៊ីវិល​ទៅ​មាតុប្រទេស មាតុប្រទេស​ភ្ជាប់​ទៅ​សីលធម៌ និង​ពាក្យ​ប្រៀនប្រដៅ​របស់​ព្រះពុទ្ធ​ជា​ម្ចាស់ << ១ >> ។

ដើម្បី​ឲ្យ​មេនាំ​សម្ព័ន្ធ​នៃ​សង្គម​មាន​ប្រសិទ្ធភាព, ពុទ្ធសាសនា​តម្រូវ​ឲ្យ​មាន​ការ​រៀបចំ​ក្រប ខ័ណ្ឌ ហើយ​ទ្រង់​បង្កើត​ឲ្យ​មាន​វិទ្យាគារ​សម្រាប់​អប់រំ គឺ​វត្ត​អារាម​ជា​កន្លែង​សម្រាប់​សិក្សា​អប់រំ​ចំណេះ​វិជ្ជា​និង​ខាង​ផ្លូវ​ចិត្ត ។ ព្រះពុទ្ធ​បាន​អនុញ្ញាត​ឲ្យ​ភិក្ខុ ភិក្ខុនី សាមណេរ សាមណេរី សិក្ខមានា មាណវៈ ឧបាសក ឧបាសិកា ឲ្យ​សិក្សា​តាម​លំដាប់​ថ្នាក់ ព្រម​ទាំង​ប្រតិបត្តិ​ធម៌​តាម​ចំណង់​របស់​ខ្លួន។

៣- ព្រះពុទ្ធ គឺ​ជា​អ្នក​បង្កើត​អង្គការ​និយម ។ ព្រះអង្គ​បាន​ពោល​ថា សង្គម​មនុស្ស​ដែល​ចម្រើន​ឬ​មិន​ចម្រើន អាស្រ័យ​និង​ការ​រៀប​ចំ ជា​ពិសេស ព្រះពុទ្ធ​ជា​អ្នក​ប្រជាធិបតេយ្យ << ២ >> ។ ទ្រង់​អនុញ្ញាត​ឲ្យ​មនុស្ស​គ្រប់​វណ្ណៈ​ចូល​មក​សិក្សា និង​ជួយ​ធ្វើ​ការ ព្រោះ​ការងារ​ចែក​មនុស្ស​ទៅ​តាម​សមត្ថភាព << កម្មំ >>សត្តេ វិភជ្ជតិ >> ដូច្នេះ​ព្រះពុទ្ធ​សាសនា គឺ​ជា​សាសនា​ឥត​វណ្ណៈ<< ១ >> ។

ដើម្បី​ធ្វើ​ឲ្យ​អង្គការ​និមួយ​ៗ នៃ​សង្គម​បាន​សម្រេច ហើយ​ឲ្យ​មាន​អាយុ​យឺនយូរ ព្រះអង្គ​តម្រូវ​ឲ្យ​មេដឹកនាំ​មាន​ឥទ្ធិបាទ​ធម៌ « វិធី​ធ្វើ​ឲ្យ​ការងារ​បាន​សម្រេច » ៤ យ៉ាង គឺ ឆន្ទ បំណង, វីរិយៈ សេចក្ដីព្យាយាម, ចិត្តៈ ការ​តាំងចិត្ត, វីមំសា ការ​សើរើ​ពិនិត្យ​ឡើងវិញ ។ ឥទ្ធិបាទ​ធម៌​ទាំង​៤ នេះ មិនមែន​សម្រាប់​មេដឹកនាំ​មាន​អាយុវែង​ទេ គេ​សម្រាប់​ធ្វើ​ឲ្យ​ជីវិត​ការងារ​នៃ​អង្គការ​មានការ​រស់រវើក​អស់​កប្បក័ល្ប​ តែប៉ុណ្ណោះ ។ ដើម្បី​កុំឲ្យ​អង្គការ​ដើរ​ខុស​ផ្លូវ ព្រះពុទ្ធ​តម្រូវ​ឲ្យ​មេដឹកនាំ​អប់រំ​ចិត្ត​ឲ្យ​បាន​ខ្ពង់ខ្ពស់​បំផុត « គឺ​អរហន្ត​ចិត្ត » ដូច្នេះ​ហើយ​បាន​ជា​ទ្រង់​ពោល​ថា : អ្នក​ដឹកនាំ​លោក គឺ ចិត្ត ចិត្តេន នីយតិ លោកោ « ២ » ។

៤-ដោយ​យោល​ទៅតាម​សភាព​ចិត្ត​មនុស្ស និង​និព្វាន​ធម៌ ដែល​មនុស្ស​ម្នាក់ៗ នៅ​ក្នុង​អង្គការ​នៃ​សង្គម ត្រូវ​រៀបចំ​និង​ប្រតិបត្តិ ព្រះពុទ្ធ​តម្រូវ​ឲ្យ​ពុទ្ធបរិស័ទ​ទាំង​ឡាយ ប្រតិបត្តិ​និង​អនុវត្ត​មជ្ឈិមាបដិបទា « ៣ » ការប្រតិបត្តិ​ផ្លូវ​កណ្ដាល​មិន​ភ្លើតភ្លើន​នឹង​សម្ភារៈ​ពេក និង​មិន​ធ្វើ​ខ្លួន​ឲ្យ​លំបាក​ពេក ។ ទ្រង់​បាន​បញ្ជាក់​ទៀត​នូវ​ប្រយោជន៍​៤ យ៉ាង : សម្រាប់​ឲ្យ​ពុទ្ធបរិស័ទ​ប្រកប​ខ្លួន​ក្នុង​ការ​ចិញ្ចឹមជីវិត គឺ : ឧដ្ឋានសម្បទា - ការ​ធ្វើ​ឲ្យ​ មាន​ការ​ប្រឹងប្រែង​ក្រវើនក្រតើនក្នុង​ការ​រក​ទទួលទាន​តាម​សម្មា​អាជីវៈ​របស់​ខ្លួន អារក្ខ​សម្បទា ការ​ចេះ​ថែរក្សា, កល្យាណមិត្ត​តា, ការ​ចេះ​រក​មិត្ត​ល្អ, សមជីវិតា ការ​ចេះ​រស់​តាម​ការ​រក​បាន ។

ខ- លោក កាល់ម៉ារក្ស ផ្ទុយ​ពី ព្រះពុទ្ធ ។ លោក កាល់ម៉ារក្ស យល់​ថា មនុស្ស គឺ​ជា​សត្វ​ចេះ​ធ្វើ​នយោបាយ​ (A zoon politikon ) មិនមែន​គ្រាន់តែ​ជា​សង្គម​សត្វ គឺ​ជា​សត្វ​ដែល​ជា​បុគ្គល​នៅ​ក្នុង​សង្គ​មនុស្ស « ១ » ។ ការ​បង្កើត​សម្ភារៈ គឺ​ជា​មធ្យោបាយ​ដំបូង​បំផុត ក្នុងការ​រៀបចំ​សង្គម​នយោបាយ និង​ប្រាជ្ញា « ២ » បានន័យ​ថា ពិភព​លោក​នេះ គឺ​ត្រូវ​សម្ភារៈ​ដឹកនាំ ក្នុង​ការដោះស្រាយ​ទុក្ខ​មនុស្ស​តាម​ប្រវត្តិ​ការណ៍ លោក កាល់ម៉ារក្ស យល់​ថា ពួក​មូលធន​បាន​ដណ្ដើម​យក​កម្មសិទ្ធ​នៃ​ជីវិត​សម្ភារៈ ពី​ថ្នាក់ - ជាន់​កម្មករ​អស់រលីង ។ ដូច្នេះ ពួក​កម្មករ​ត្រូវ​តែ​តស៊ូ​បំបាត់​ថ្នាក់-ជាន់ គឺ​ធ្វើ​ឲ្យ​សង្គម​គ្មាន​ថ្នាក់​-ជាន់​ជា​សង្គម​ស្មើគ្នា ។ ត្រង់​នេះ យើង​សុំ​បញ្ជាក់​ថា លោក​កាល់ម៉ារក្ស យល់​ច្រឡំ​ថា បើ​សង្គម​ស្មើគ្នា​ហើយ​ តើ​លក្ខណៈ​ការ​តស៊ូ​បំបាត់​ថ្នាក់- ជាន់ អាច​បំបាត់ ការ​លោភលន់​របស់​ខ្លួន​បាន​ទេ បើ​គេ​គ្មាន​ការ​អប់រំ​ខាង​ផ្លូវ​ចិត្ត តើ​ចិត្ត​ជា​សុខ ឬ​សម្ភារៈ​ជា​សុខ តាម​ន័យ​ជា​បរមត្ថ ? ត្រង់​នេះ​ផ្ទុយ​នឹង​ព្រះពុទ្ធ​សាសនា​ស្រឡះ ព្រោះ​ព្រះពុទ្ធ ឲ្យ​ពុទ្ធបរិស័ទ​ដើរ​តាម​ផ្លូវ​កណ្ដាល ហើយ​អ្នក​មាន និង អ្នក​ក្រ​ត្រូវ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក គឺ​អ្នក​មាន​ត្រូវ​អាស្រ័យ​អ្នក​ក្រ អ្នក​ក្រ​ត្រូវ​អាស្រ័យ​អ្នក​មាន << ជៀសវាង​ការ​បន្លំ​ជិះជាន់​គ្នា, ការ​បោក​ប្រាស​គ្នា >> ។

ពួក​កុម្មុយនិស្ត​បាន​យក​ទ្រឹស្ដី​លោក កាល់ ម៉ារក្ស​ទៅ​អនុវត្ត បង្កើត​ជា​សង្រ្គាម​បដិវត្តន៍​ដែល​មាន​សភាព​សាហាវ កាប់​សម្លាប់​ជន​ស្លូតត្រង់ ឥត​អាណិត​អាសូរ​មនុស្ស​ផង​គ្នា​សោះ​ឡើយ ។ តើ​លោក​កាល់ ម៉ារក្ស មិនមែន​ជា​ឃាតករ​ពិភពលោក​ទេ​ឬ ? តើ​អ្នក​ដែល​យក​ទ្រឹស្ដី​លោក កាល់ ម៉ារក្ស​មក​អនុវត្ត មិនមែន​ជា​ឃាតករ​ទេ​ឬ ?

ដើម្បី​ឲ្យ​រឹត​តែ​ច្បាស់លាស់​ទៅ​ទៀត យើង​សុំ​ដក​ស្រង់​ទ្រឹស្ដី​សង្ខេប នៃ​លោក កាល់ ម៉ារក្ស ដែល​ពួក​កុម្មុយនិស្ត​យក​មក​អនុវត្ត​រៀបចំ​ជា​លទ្ធិ​សង្គ្រាម ដូច​តទៅ​នេះ << >>:

១- គ្រប់​តែ​ផ្លូវ​ចិត្ត របស់​មនុស្ស​ជាតិ រមែង​ស្ថាបនា​នៅ​លើ​រចនា​សម្ព័ន្ធ​សេដ្ឋកិច្ច ។
២- ការ​តស៊ូ​ដើម្បី​ចិញ្ចឹម​ជីវិត បាន​ធ្វើ​ឲ្យ​សង្គម​ចែក​ជា​ច្រើន​វណ្ណៈ ។ ដើម្បី​រស់​នៅ​ឲ្យ​បាន​ឋិតថេរ​ជា​ប្រក្រតី ត្រូវ​តែ​មាន​ការ​ប្រកួត​ប្រជែង​ដ៏​ស្វិតស្វាញ​រវាង​ថ្នាក់ ជាន់​មួយ​និង​ថ្នាក់ - ជាន់​មួយ​ទៀត​នៅ​ក្នុង​សង្គម​រួម​តែ​មួយ ។
៣- ការ​សង្គម​សក្ដិភូមិ​ គឺ​ជា​វណ្ណៈ​ជិះជាន់​ក្ដោប​អំណាច ។
៤- ក្នុង​ជួរ​របស់​សក្ដិភូមិ​មូលធននិយម ត្រូវ​វិនាស​រលំ​ទៅ​វិញ​ដោយ​មក​ពី​ការ​បាក់បែក​គនា​ផ្ទៃ​ក្នុង និង​ការ​ប្រណាំងប្រជែង​ដោយ​សេរី ក្នុង​ពេល​ដែល​វណញណៈ​អធន​កាន់​តែ​កើន​ឡើង​រាល់ថ្ងៃ រហូត​ដល់​ពួក​វណ្ណៈ​អធន​បាន​កាន់អំណាច​ជា​ស្ថាបពរ ។

មធ្យោបាយ​នេះ បាន​តែ​នៅអាស៊ីទេ ។ បើ ពុទ្ធបរិស័ទ យើង​ឃើញច្បាស់​នូវ​ភាព​សាហាវ​របស់ កុម្មុយនិស្ត ហើយ​គប្បី​អស់​លោក គិត​ពិចារណា​មើល តើ​យើង​ជឿ​ទៅ​លើ​អង្គការ​និយម​របស់ ព្រះពុទ្ធ​ជា​ម្ចាស់ ឬ លោក​កាល់ម៉ារក្ស ។ បន្តិចទៀត អស់​លោក​នឹង​ឃើញ​ពួក​កុម្មុយនិស្ត​អនុវត្ត​កា​រួមសម្បាច់ និង​បំបាត់​ចោល​នូវ​សិទ្ធិ​និង​ឋានៈ​នៃ​គ្រួសារ​ហើយ ។
--------------------------------
-សង្គ្រាម​បដិវត្តន៍ ដោយ​អ្នក​បកប្រែ​ឯកសារ​មួយ​ក្រុម 

(*)លោក ប៉ែន សាអឿន ជាអតីតសមណនិស្សិតបរិញ្ញាបត្រសង្គមវិទ្យា នៃសាកលវិទ្យាល័យដែល្លី ទីក្រុងដែល្លី ប្រទេសឥណ្ឌា ក្នុងទស្សវត្សរ៍ឆ្នាំ១៩៦០។

© រក្សាសិទ្ធិដោយលោកវិទូ