គតិអប់រំខ្លីៗ និងរឿងខ្លីអំពីខ្សែជីវិតរបស់អ្នកបួសក្នុងសម័យទំនើប - លោកវិទូ

ព័ត៌មានថ្មីៗ

Saturday, May 04, 2019

គតិអប់រំខ្លីៗ និងរឿងខ្លីអំពីខ្សែជីវិតរបស់អ្នកបួសក្នុងសម័យទំនើប

ព្រះសង្ឃកំពុងនិមន្ត កាត់មុខព្រះបរមរាជវាំង ទីក្រុងភ្នំពេញ ។

លោកវិទូ | ថ្ងៃ ៧᧡៦ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី ៤ ឧសភា ២០១៩។

លោកវិទូសូមចុះផ្សាយ នូវអត្ថបទអប់រំក្រើនរំឭកមួយ សរសេរដោយព្រះតេជព្រះគុណ ភិក្ខុវរប្បញោ អុិន ពិសី ។ វាជាអត្ថបទខ្លី ដែលផ្តើមដោយ «សុភាសិតខ្លីៗ» និង «រឿងខ្លី៖ អំពីរឿងពិតរបស់អ្នកបួស» ដែលចង់ដាស់តឿនក្រើនរំឭក ដល់ព្រះសង្ឃគ្រប់អង្គ ឲ្យយកចិត្តទុកដាក់សិក្សារៀនសូត្រ ទាំងពុទ្ធចក្រនិងអាណាចក្រ ដល់ព្រះគ្រូចៅអធិការ ដែលកសាងវត្តត្រូវរៀបចំឲ្យមានសាលាធម្មវិន័យ ឬសាលាបាលីផង និងដល់គ្រហស្ថឲ្យយល់ ពីសេចក្តីលំបាករបស់ព្រះសង្ឃអ្នកសិក្សារៀនសូត្រផង ។

ភ្ជាប់នឹងសេចក្តីនេះ លោកវិទូសូមផ្ដល់នូវទស្សនៈមួយថា «កសាងព្រះវិហារ/កុដិកុំភ្លេចកសាងធនធានមនុស្ស; ផ្ដល់នូវបច្ច័យជាគ្រឿងប្រើប្រាស់ កុំភ្លេចផ្ដល់នូវចំណេះដឹងជាគ្រឿងអប់រំចិត្ត» ។ ព្រះពុទ្ធសាសនារីកចម្រើនរុងរឿង ឬចុះអាប់ឱន ក៏ដោយសារបរិស័ទទាំងបួនពួក ។ ពិភពលោកបានដើរដល់ បដិវត្តឧស្សាហកម្មជំនាន់ទី៤ហើយ ដូច្នេះការផ្សព្វផ្សាយព្រះពុទ្ធោវាទ ក៏ត្រូវអភិវឌ្ឍឲ្យទាន់ ការរីកចម្រើនផ្នែកសម្ភារនិយមនៃពិភពលោកដែរ ។ ម្យ៉ាងទៀត ព្រះសង្ឃគួរផ្សព្វផ្សាយ ព្រះធម៌ដែលនាំឲ្យមានសាមគ្គីភាព ក្នុងគ្រួសារនិងសង្គមជាតិ និងដែលនាំឲ្យមានសន្តិភាព ក្នុងពិភពលោកទាំងមូល ជាជាងការផ្សព្វផ្សាយពីខ្លួនឯងច្រើនពេក ។ កុំឲ្យបន្លាយពេលយូរ សូមអានអត្ថបទទាំងស្រុង ខាងក្រោមនេះដូចតទៅ៖

សុភាសិតខ្លីៗ


១.បើបានបួសហើយត្រូវសិក្សាយកចំណេះដឹងឱ្យបានច្រើន ។
២.កុំទម្លាប់បួសសឹកៗ ។
៣.មេវត្តត្រូវគិតដល់អ្នកក្រោមឱវាទឱ្យមានចំណេះដឹងផង ។
៤.មុននឹងសឹកត្រូវសម្រេចចិត្តឱ្យបានច្បាស់លាស់ ។
៥.គ្មាននរណាម្នាក់អាចជួយយើងបានក្រៅតែពីខ្លួនយើងនោះឡើយ (ខ្លួនជាទីពឹងខ្លួន) ។
៦.បួសហើយត្រូវចេះសាងប្រយោជន៍ដល់ខ្លួនឯង និងសង្គម ។
៧.ពេលមកបួសបានរៀនចេះដឹងកុំភ្លេចធាតុដើមរបស់ខ្លួនឯង (វត្តអារាម) ។
៨.បើបួសស្រួលម៉្លេះមនុស្សមួយប្រទេសគេមកបួសគ្រប់គ្នាហើយ ។
៩.ត្រូវចាំថាជីវិតអ្នករៀនសូត្រមិនដែលស្រួលទេ ។
១០.ការសិក្សារៀនសូត្រមិនដែលគិតពីវ័យនោះឡើយ ។
១១.កុំបួសរៀនតែធម៌សម្រាប់បុណ្យខ្មោច ។ ត្រូវតាំងចិត្តថារៀនសូត្រឱ្យបានច្រើនជាងគ្រហស្ថ (ជាពិសេសផ្នែកតែងនិពន្ធ) ។
១២.យើងជាអ្នកបួសក៏ត្រូវមានគោលដៅឱ្យច្បាស់លាស់ដែរ ។
១៣.អ្នកបួសបញ្ចេញវាចាសូមគ្រហស្ថមិនល្អ ។
១៤.ត្រូវរៀនធម៌ប្រតិបត្តិធម៌ផង ។
ត្រូវគិតធម៌ ៣ យ៉ាង គឺ៖
• បរិយត្តិ = ក្បួនច្បាប់ទាំងឡាយ ។
• បតិបត្តិ = ការអនុវត្តិនូវធម៌វិន័យដែលខ្លួនឯងបានសិក្សា ។
• បដិវេធ = លទ្ធផលដែលខ្លួនបានប្រតិបត្តិ ឬធម៌រលាស់ខ្លួនចេញចាកទុក្ខ ។
១៥.សម័យវិទ្យាសាស្ត្រគួរតែសម្តែងធម៌បែបវិទ្យាសាស្ត្រ ។
១៦.ចំពោះរឿងព្រះវិន័យសូម្បីតែព្រះអរហន្ត (អ្នកអស់កិលេស) ក៏ត្រូវអាបត្តិដែរ ។
១៧.កុំកសាងតែវត្តភ្លេចកសាងធនធានមនុស្ស ។
១៨.បើកសាងវត្តអារាមមិនមានកម្មវិធីសិក្សាច្បាស់លាស់ទេ ថ្ងៃណាមួយនឹងក្លាយទៅជាវិហារ របស់សាសនាដទៃជាមិនខាន ។

រឿងខ្លី៖ អំពីរឿងពិតរបស់អ្នកបួស


ជីវិតពិតរបស់អ្នកបួស (ជាព្រះសង្ឃ) សព្វថ្ងៃ!
ថ្ងៃមួយ ក្រោយពីខ្ញុំបាននិមន្តមកពីសាលារៀនវិញ ខ្ញុំបានឃើញញោមប្រុសម្នាក់ មានអាយុប្រហែលជា ៣០ ឆ្នាំ កំពុងឈរយាមផ្ទះឱ្យអ្នកធំម្នាក់ ភ្លាមនោះ ខ្ញុំក៏និមន្តទៅជិតគាត់ក៏បានសំណេះសំណាលជាច្រើន ជាមួយនិងគាត់ ៖
ញោមប្រុស ៖ “ព្រះតេជគុណសូមនិមន្តគង់ ចាំខ្ញុំកូណាយកតុមកប្រគេនសម្រាប់គង់” ។
ខ្ញុំ ៖ ចម្រើនពរញោម! “មិនអីទេ អាត្មាឈរក៏បាន” ។
ញោមប្រុស ៖ លោកម្ចាស់! “អនុគ្រោះឱ្យខ្ញុំកូណាផង ក្រែងខ្ញុំកូណាបានបុណ្យកុសលគ្រាន់ជាទីពឹងខ្លះទាន” ។
ខ្ញុំ ៖ យី! ភាសានេះ គឺជាភាសាអ្នកដែលចេះដឹងព្រះពុទ្ធសាសនា ជ្រៅជ្រះគ្រាន់បើទេតើ! ខ្ញុំគិតក្នុងចិត្ត។ ពេលនោះ ខ្ញុំបានសួរទៅគាត់ភ្លាមថា ញោម! “ញោមប្រហែលជាអ្នកដែលធ្លាប់បានបួសជាព្រះសង្ឃដែរមែនទេ”? ខ្ញុំសួរគាត់។
ស្រាប់តែពេលនោះ គាត់ក៏ភ្លាត់មាត់ថាគាត់ធ្លាប់បានបួសជាព្រះសង្ឃប្រមាណជា ១០ ព្រះវស្សា (១០ឆ្នាំ) ដែរ ។

សេចក្តីអធិប្បាយអំពីជីវិតជាព្រះសង្ឃ


ហើយក្នុងកាលគាត់នៅជាព្រះសង្ឃ គាត់មិនបានរៀនតម្រិះវិជ្ជាអ្វីក្រៅតែពីធម៌នោះទេ គាត់បានប្រាប់ខ្ញុំទៀតថា បើគាត់រៀនវិជ្ជាអាណាចក្រនោះ មានព្រះសង្ឃជាច្រើនមិនពេញចិត្ត និងតិះដៀលទៅគាត់ ព្រមទាំងញាតិញោមមួយចំនួនផងដែរថា "បួសរៀនវិជ្ជាខាងក្រៅ (ផ្លូវអាណាចក្រ) គឺដើម្បីសឹកតែប៉ុណ្ណោះ" ។ ព្រោះដូច្នោះ គាត់ក៏មិនបានរៀនវិជ្ជាផ្លូវលោកអ្វីទេ ក្រោយមកគាត់ចេះតែមានអារម្មណ៌អផ្សុក ហើយចង់សឹក ដែលជាហេតុមួយ ធ្វើឱ្យគាត់មិនអាចនៅជាភេទព្រះសង្ឃបាន មិនយូរប៉ុន្មាន គាត់ក៏សឹកដោយគ្មានគោលដៅក្នុងជីវិត ។

ភាពលំបាកជូរចត់ក្នុងភេទជាគ្រហស្ថ


បន្ទាប់អំពីគាត់សឹករួចមក គាត់ក៏ដើរផ្សងព្រេងរកការងារ ទាំងដែលគាត់មិនមានចំណេះវិជ្ជាអ្វីទាំងអស់ ។ គ្រានោះ គាត់ក៏បានគិតថា មានតែញាតិញោមដែលគាត់ធ្លាប់ស្គាល់ កាលដែលគាត់នៅភាពជាព្រះសង្ឃតែប៉ុណ្ណោះ ទើបអាចជួយគាត់បាន (ព្រោះកាលនៅបួស ពួកគេស្និទ្ធស្នាលគ្នាណាស់) ក្នុងកាលដែលទៅនោះ ពិតជាលាភសំណាងរបស់គាត់មែន ពីព្រោះគេបានទទួលយ៉ាងកក់ក្តៅ (ដោយភាពជាម្ចាស់ផ្ទះ) ។ ប៉ុន្តែជាអកុសល កាលសម្រាកសម្រាន្តរបស់គាត់ នៅក្នុងផ្ទះនោះបានត្រឹមតែ ២ ទៅ ៣ ថ្ងៃតែប៉ុណ្ណោះ គាត់ក៏មិនអាចស្នាក់នៅទីនោះទៀតបាន ហើយគាត់បានត្រឹមតែពាក្យមួយម៉ាត់ថា "ខ្ញុំរាប់អានអ្នកត្រឹមតែអ្នកឯងភេទជាព្រះសង្ឃតែប៉ុណ្ណោះ បើអ្នកឯងមកជាគ្រហស្ថហើយ ខ្ញុំមិនអាចរាប់អានអ្នកទៀតបានឡើយ" ម្ចាស់ផ្ទះពោលទៅគាត់។ នៅពេលដែលញោមប្រុសនោះបានឮពាក្យនោះភ្លាម គាត់ហាក់បីដូចជា មនុស្សគ្មានវិញ្ញាណនៅក្នុងខ្លួនអុីចឹង ប៉ុន្តែគាត់បានតាំងស្មារតីយ៉ាងមាំ ហើយគិតថា “ខ្ញុំត្រូវតែតស៊ូដើម្បីជីវិតខ្ញុំ និងឪពុកម្តាយរបស់ខ្ញុំ” ។

ការតស៊ូគង់បានសម្រេច


ក្រោយអំពីចាកចេញពីផ្ទះនោះមក គាត់ក៏ដើរសុំការងារគេ រហូតទាល់តែបានជាភ្នាក់ងារសន្តិសុខម្នាក់ទៅ ហើយគាត់ក៏និយាយទាំងរីករាយដោយប្រាប់ខ្ញុំថា "ប្រសិនបើព្រះតេជគុណចង់សឹក ត្រូវតែមានតម្រិះវិជ្ជាផ្នែកអាណាចក្រជាមុនសិន បើមិនមានទេ ព្រះតេជគុណកុំសឹកធ្វើអី នៅបួសជួយព្រះពុទ្ធសាសនាអស់មួយជីវិតល្អជាង" ។ បន្ទាប់អំពីខ្ញុំបានស្តាប់ការរាយរាប់អំពីខ្សែជីវិតរបស់គាត់រួចមក ខ្ញុំស្ទើរតែស្រក់ទឹកភ្នែក ហើយខ្ញុំបានគិតថា ឱ! “ជីវិតរបស់អ្នកបួសហេតុអ្វីក៏កំសត់យ៉ាងនេះហ្ន៎” ខ្ញុំក៏ដើរចេញទៅ ៕

ដោយ ភិក្ខុវរប្បញោ អុិន ពិសី ៣ ឧសភា ២០១៩
ប្រភព៖ https://www.facebook.com/100008242575175/posts/2366207173664012

© រក្សាសិទ្ធិដោយលោកវិទូ