អនាគារិកៈ ធម្មបាល និងការស្តារព្រះពុទ្ធសាសនាឡើងវិញ នៅប្រទេសឥណ្ឌា - លោកវិទូ

ព័ត៌មានថ្មីៗ

សូមចូលរួមបណ្ដាញតេឡេក្រាមលោកវិទូ៖ https://t.me/lokavidunews

Sunday, June 16, 2019

អនាគារិកៈ ធម្មបាល និងការស្តារព្រះពុទ្ធសាសនាឡើងវិញ នៅប្រទេសឥណ្ឌា

សេចក្តីប្រាថ្នារបស់ឧបាសក អនាគារិកៈ ធម្មបាល ។

លោកវិទូ | ថ្ងៃ ៧᧮៧ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ | ១៦ មិថុនា ២០១៩

អនាគារិកៈ ធម្មបាល (១៨៣៣-១៩៣៣) ជនជាតិស្រីលង្កា (Anagarika Dhammapala)

ដកស្រង់ពីសៀវភៅ «ពុទ្ធបូជនីយដ្ឋាន នៅទឹកដីពុទ្ធភូមិ (ឥណ្ឌា - នេប៉ាល់)» រៀបរៀងដោយ ភិក្ខុ ខាត់ ប៊ុនថាយ (ខេមរក្ខិតោ), ២០១១ ។

អនាគារិក ធម្មបាល កើតក្នុងឆ្នាំ ១៨៣៣ នៅក្នុងគ្រួសារ​ស្តុក​ស្តម្ភ និង ជាគ្រួសារដែលមានការគោរពយ៉ាងខ្លាំងចំពោះព្រះពុទ្ធ​សាសនា ។ ធម្មបាល មានបំណងប្រាថ្នាបូជាកម្លាំងកាយចិត្ត និងទេព​កោសល្យដែលមាន ដើម្បីជួយស្រោចស្រង់ព្រះពុទ្ធសាសនាដែលកំពុង​ចុះ​អាប់ឱន និងឈប់ស្ងៀមទ្រឹង អស់ជាច្រើនសតវត្សរ៍មកហើយ នៅ​ក្នុង​ប្រទេសឥណ្ឌា ។

នៅក្នុងឆ្នាំ ១៨៩១ ធម្មបាល បានមកដល់សាន៌ាថ (ពារាណសី) ហើយគាត់មានការរន្ធត់ជាខ្លាំងដោយបានឃើញកន្លែងព្រះអង្គសម្តែងព្រះធម្មចក្កប្បវត្តនសូត្រ បានប្រែក្លាយទៅជាកន្លែងអ្នកស្រុកចាក់សំរាម និងជាកន្លែងចិញ្ចឹមសត្វទៅវិញ ។ ពុទ្ធស្ថានបុរាណនេះមិនត្រូវ​បានគេ​អើពើ និងចាប់អារម្មណ៍អ្វីឡើយ ។ ស្ថូបនានាដែលនៅមានឥដ្ឋល្អ​ៗ​ ត្រូវ​បានគេរំលំ ហើយយកឥដ្ឋនោះទៅធ្វើសំណង់ផ្សេងៗទៀត ។
រូបសំណាក អនាគារិកៈ ធម្មបាល
នៅមូលគន្ធកុដិថ្មី សាន៌ាថ (ពារាណសី) ។
បន្ទាប់មកទៀត អនាគារិក ធម្មបាល បានមកកាន់ពុទ្ធគយា ​(កន្លែងព្រះពុទ្ធទ្រង់ត្រាស់ដឹង) ។ មុនពេលដែលគាត់មកដល់ ចេតិយ​ពុទ្ធគយាត្រូវបានគេជួសជុលខ្លះៗមកហើយ ប៉ុន្តែមិនទាន់មាន​អ្នកណា​ការ​ពារ និងអភិរ័ក្សឡើយ ហើយនៅក្នុងបរិវេណព្រះចេតិយ​ពោរពេញ​ទៅដោយភាពគគ្រិច និង​ស្មោកគ្រោក ។

ព្រះចេតិយពុទ្ធគយា មិនមានពុទ្ធសាសនិក ធ្វើការគោរពបូជា អស់ជាច្រើនសតវត្សរ៍ ។ នៅចុងសតវត្សរ៍ទី ១៦ មានអ្នកបួសហិណ្ឌូ​ម្នាក់បានមកតាំងលំនៅក្បែរចេតិយពុទ្ធគយា ។ ក្រោយយូរមកទៀត មានអ្នកបួសហិណ្ឌូម្នាក់ ដែលគេស្គាល់​ឈ្មោះថា​ មហាន្ត (អ្នក​គ្រប់​គ្រងបន្តពីអ្នកបួសហិណ្ឌូពីមុនៗ) បានកាន់កាប់ចេតិយពុទ្ធគយាដែល​គេបោះបង់ចោលនោះមកធ្វើជាកម្មសិទ្ធិរបស់ខ្លួន។ មហាន្ត ថ្វីត្បិតតែជា​​អ្នកបួសសាមញ្ញ ក៏ប៉ុន្តែគាត់គឺជាអ្នកមានទ្រព្យសម្បត្តិច្រើន​ និងមាន​ឥទ្ធិពលនៅក្នុងតំបន់នេះ (សម័យកាលធម្មបាលមកពុទ្ធគយា) ។ ដំបូង​ឡើយ មហាន្តមិនមានប្រតិកម្មអ្វីចំពោះវត្តមានរបស់ធម្មបាលទេ ហើយ​ថែម​​ទាំងបានអនុញ្ញាតឲ្យលោកស្នាក់នៅទីកន្លែងរបស់ខ្លួនទៀតផង ។

ធម្មបាលបានផ្ញើលិខិតទៅកាន់មិត្ររបស់គាត់ និងសហ​គមន៍​ពុទ្ធសាសនានៅក្នុងប្រទេស ស្រីលង្កា ភូមា និងឥណ្ឌា ដោយបាន​រៀបរាប់យ៉ាងច្បាស់ អំពីស្ថានភាពជាក់ស្តែង នៃមហាចេតិយពុទ្ធគយា ហើយនិងបានស្នើសុំការជួយជ្រោមជ្រែង ដើម្បីការអភិរ័ក្ស ព្រះចេតិយ​ពុទ្ធគយា​ឲ្យបានល្អប្រសើរឡើង ។

អនាគារិក ធម្មបាលបានសម្រេចទុកការងារអភិរ័ក្ស​ព្រះចេតិយ​មួយឡែកសិន ហើយងាកមករកកិច្ចប្រឹងប្រែងដើម្បីជំរុញឲ្យមានការ​គាំទ្រពីមជ្ឈដ្ឋានអ្នកកាន់ពុទ្ធសាសនាអន្តរជាតិ ។ នៅក្នុងឆ្នាំ ១៨៩១ អនាគារិក ធម្មបាល​ បាន​បង្កើតសមាគម មហាពោធិ (Maha​ Bodhi Society) ក្នុងគោល​បំណងដើម្បីថែរក្សា និងការពារមហាពោធិវិហារ ក៏ដូចជា​ពុទ្ធស្ថាន​ផ្សេងៗទៀតនៅក្នុងប្រទេសឥណ្ឌា ។ ធម្មបាល បាន​បោះពុម្ពផ្សាយ​ព្រឹត្តិប័ត្រព័ត៌មាន មហាពោធិ (ព្រឹត្តិប័ត្រពុទ្ធសាសនា​ជាអន្តរ​ជាតិលើក​ដំបូង) ដើម្បីជូនដំណឹងដល់ប្រទេសអ្នកកាន់​ពុទ្ធសា​សនាអន្តរ​ជាតិ អំពី​ដំណើរការរីកចម្រើន របស់សមាគម មហាពោធិ ។ បន្ទាប់មក អនាគារិក ធម្មបាល បានធ្វើដំណើរទស្សនកិច្ចទៅកាន់​ប្រទេ​ស​ភូមា និង ឥណ្ឌា ហើយបានថ្លែងក្នុងអង្គប្រជុំនៅទីនោះអំពីស្ថាន​ភាព​ចាំបាច់ជាក់ស្តែងនៃមហាពោធិវិហារ ។ ជាងនេះទៅទៀតគាត់បាន​រៀប​ចំឲ្យមានធម្មយាត្រា​ពុទ្ធសាសនា ពីប្រទេសស្រីលង្កា មកកាន់ប្រទេស​ឥណ្ឌា​ ។ ពេលមាន​អ្នក​ធ្វើដំណើរធម្មយាត្រាមក កាលនោះ មហាន្ត ​​​(អ្នកបួសហិណ្ឌូ) បានទារ​យកលុយពីអ្នកធម្មយាត្រាទាំងនោះ ។ ពេល​នោះ​សំនួរមួយបានលើកឡើង​​​ថា តើអ្នកណាជាម្ចាស់កម្មសិទ្ធិពិតនៃ​មហាពោធិវិហារនេះ ? ។ វិវាទ​​ដ៏ធំមួយបានកើតឡើងរវា​ងអ្នកកាន់​​ពុទ្ធ​​សាសនា និងលោកមហាន្ត ព្រោះតែការទាមទារភាពជាម្ចាស់​កម្មសិទ្ធិ​នៃ​មហា​ពោធិវិហារ, ហើយបញ្ហានេះ​បានឈានទៅដល់ការប្តឹង​​ផ្តល់គ្នា​ដ៏ល្វីង​ជូរចត់ ។

ក្នុងឆ្នាំ ១៨៩៣ អនាគារិក ​ធម្មបាល បានថ្លែងនៅក្នុងអង្គ​សន្និ​សីទមួយ នៅទីក្រុងឈីកាគោ (Chicago) អំពីពុទ្ធសាសនា, ហើយនេះ​គឺជាការផ្សព្វផ្សាយពុទ្ធសាសនាលើកដំបូងនៅបច្ចិមប្រទេស ។ លើស​ពីនេះទៀត គាត់បានបោះពុម្ពផ្សាយកាសែតពត៌មានពុទ្ធសាសនានៅ​ប្រទេសស្រីលង្កា ។

តាមរយៈកិច្ចខិតខំប្រឹងប្រែងរបស់ អនាគារិក ធម្មបាល នេះ​ហើយ ដែលបានធ្វើឲ្យសហគមន៍ពុទ្ធសាសនាអន្តរជាតិ ទាំងមហាយាន និងថេរវាទ បាននាំគ្នាមកកាន់ប្រទេសឥណ្ឌាជាលើកដំបូង ។ អនាគារិក ធម្មបាល​ បានកសាងសាលារៀន មន្ទីរពេទ្យ វិទ្យាស្ថានវិជ្ជាជីវៈផ្សេងៗ ហើយនិងបានជួយស្រោចស្រង់សាន៌ាថឲ្យបានក្លាយទៅជាមជ្ឈមណ្ឌលនៃព្រះពុទ្ធសាសនា ។ ដោយសារកិច្ចប្រឹងប្រែងរបស់គាត់នេះហើយ ដែលធ្វើឲ្យពុទ្ធសាសនិកទាំងឡាយ ក្នុងនិងក្រៅប្រទេសឥណ្ឌា អាចមកធ្វើការគោរពបូជានៅ មហាពោធិមហាវិហារ សារជាថ្មី ។ រហូតមកដល់​ឆ្នាំ ១៩៤៩ មហាពោធិវិហារ ត្រូវបានគេប្រកាសស្រប​ច្បាប់ ​និងផ្លូវការ​ថាជាបូជនីយដ្ឋានរបស់អ្នកកាន់ពុទ្ធសាសនា ។ លទ្ធផលនេះអាចសម្រេចបានអាស្រ័យដោយមានការផ្តួចផ្តើម និង កិច្ចខិតខំប្រឹង​ប្រែងយ៉ាង​អស់​ពីកម្លាំងកាយចិត្តរបស់ អនាគារិក ធម្មបាល តាំងពី​ឆ្នាំ​ ១៨៩១ ។

នៅមុនពេល អនាគារិក ធម្មបាលធ្វើមរណភាព គាត់បានប្រាថ្នា​ថា​ សូមឲ្យគាត់បានកើត ២៥ ជាតិទៀត ដើម្បីបានជួយផ្សព្វផ្សាយ​នូវព្រះធម៌របស់ព្រះពុទ្ធជាម្ចាស់ ។ អនាគារិក ធម្មបាល បានទទួល​មរ​ណភាពក្នុងឆ្នាំ ១៩៣៣ នៅសាន៌ាថ (ពារាណសី) ឥណ្ឌា ៕

© រក្សាសិទ្ធិដោយលោកវិទូ