វីរុសកូវីដ-១៩៖ រដ្ឋាភិបាលឥណ្ឌាបានដាក់ម៉ាស់និងទឹកលាងសម្អាតដៃជាទំនិញចាំបាច់ - លោកវិទូ

ព័ត៌មានថ្មីៗ

Monday, March 16, 2020

វីរុសកូវីដ-១៩៖ រដ្ឋាភិបាលឥណ្ឌាបានដាក់ម៉ាស់និងទឹកលាងសម្អាតដៃជាទំនិញចាំបាច់

ម៉ាស់អិន៩៥ និងទឹកលាងសម្អាតដៃ ដែលត្រូវបានដាក់ជាទំនិញចំបាច់ ។

លោកវិទូ | ថ្ងៃ ២᧸៤ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ | ១៦ មីនា ២០២០

ញូវដែល្លី៖ រដ្ឋាភិបាលឥណ្ឌាបានដាក់ម៉ាស់និងទឹកលាងសម្អាតដៃ ក្រោមច្បាប់ស្តីពីទំនិញចាំបាច់ (ECA) រហូតដល់ថ្ងៃទី ៣០ ខែមិថុនាឆ្នាំ ២០២០ ដើម្បីធានាថារបស់ទាំងនេះ មាននៅលើទីផ្សារក្នុងតម្លៃសមរម្យ ខណៈការរីករាលដាល់នៃវីរុសកូរ៉ូណា (កូវីដ-១៩) កំពុងកើនឡើង ។

តាមការចុះផ្សាយរបស់សារព័ត៌មានក្នុងស្រុកបានឲ្យដឹងថា មន្ត្រីនៃក្រសួងកិច្ចការអ្នកប្រើប្រាស់បាននិយាយថា «ដោយមើលឃើញថា ម៉ាស់ពេទ្យ (surgical masks) និងម៉ាស់អិន៩៥ (N95) និងទឹកលាងសម្អាតដៃ ពិបាកនឹងរកទិញឬមានតម្លៃខ្ពស់ រដ្ឋាភិបាលបានប្រកាសមុខទំនិញទាំងនេះជាទំនិញចាំបាច់ ដោយធ្វើវិសោធនកម្មតារាងនៃច្បាប់ទំនិញចាំបាច់ ឆ្នាំ ១៩៥៥» ។

ការសម្រេចចិត្តនេះនឹងផ្តល់អំណាចដល់រដ្ឋនានា ដើម្បីគ្រប់គ្រងផលិតកម្ម គុណភាព និងការចែកចាយម៉ាស់ពេទ្យ និងទឹកលាងសម្អាតដៃ ។

មន្ត្រីក្រសួងបាននិយាយថា «រដ្ឋាភិបាលរដ្ឋអាចធ្វើប្រតិបត្តិការប្រឆាំងនឹងអ្នកបញ្ជាទិញទុកលក់វិញ និងអ្នកដែលពាក់ព័ន្ធនឹងទីផ្សារងងឹត និងការតម្លើងថ្លៃខ្ពស់ហួសកម្រិត ។ ជនល្មើសអាចនឹងត្រូវផ្តន្ទាទោសដាក់ពន្ធនាគារ ៧ ឆ្នាំឬពិន័យជាប្រាក់ឬទាំងពីរ» ។

លោកបានមានប្រសាសន៍ថា រដ្ឋាភិបាលរដ្ឋអាចនឹងពិភាក្សាជាមួយក្រុមហ៊ុនផលិត ដើម្បីបង្កើនការផលិតរបស់ទាំងនេះ ដោយផ្អែកលើតម្រូវការ ។

ក្នុងរយៈពេលពីរបីសប្តាហ៍កន្លងមក មានករណីអស់ពីស្តុកនៃម៉ាស់ពេទ្យ និងម៉ាស់អិន៩៥ ដោយសារតែការកើនឡើងតម្រូវការ និងទីផ្សារងងឹត ។ មានករណីខ្លះ ឈ្មួញលក់ទឹកលាងសម្អាតដៃក្នុងខ្ពស់ខុសពីធម្មតា ។

មន្ត្រីរូបនោះបាននិយាយថា «ម៉ាស់ពេទ្យដែលមានតម្លៃលក់រាយ ៣០០ រូពី ត្រូវបានលក់ក្នុងតម្លៃ ១២០០ រូពី ហើយទឹកលាងសម្អាតដៃដែលមានតម្លៃ ៤០ រូពី ត្រូវបានលក់ក្នុងតម្លៃ ១០០ រូពី» ៕

© រក្សាសិទ្ធិដោយលោកវិទូ

No comments:

Post a Comment