ពួកហិណ្ឌូនិយមមួយក្រុមបានរៀបចំពិធីជប់លៀងផឹកទឹកមូត្រគោដើម្បីបញ្ចៀសនូវវីរុសកូវីដ-១៩ - លោកវិទូ

ព័ត៌មានថ្មីៗ

សូមចែករំលែកអត្ថបទលោកវិទូតាមបណ្ដាញ Whatsapp, Telegram ឬ Twitter ដោយសារហ្វេសប៊ុកមានបញ្ហា ។ អរគុណ ។

Sunday, March 15, 2020

ពួកហិណ្ឌូនិយមមួយក្រុមបានរៀបចំពិធីជប់លៀងផឹកទឹកមូត្រគោដើម្បីបញ្ចៀសនូវវីរុសកូវីដ-១៩

ពិធីជប់លៀង «គោមូត្រ» រៀបចំដោយក្រុមហិណ្ឌូនិយម នៅទីក្រុងញូវដែល្លី, ១៤ មីនា ២០២០ ។ (Photo: Reuters/March 14)

លោកវិទូ | ថ្ងៃ ១᧷៤ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ | ១៥ មីនា ២០២០

ក្រុមហិណ្ឌូមួយក្រុមបានរៀបចំពិធីជប់លៀងផឹកទឹកមូត្រគោ ឬទឹកនោមគោ កាលពីថ្ងៃសៅរ៍ (១៤ មីនា) ដោយសារពួកគេជឿថា វានឹងអាចបញ្ចៀសរោគឧត្បាតនេះបាន ព្រោះហិណ្ឌូជាច្រើនចាត់ទុកគោនោះជាព្រះស័ក្ដិសិទ្ធិ ហើយអ្នកខ្លះផឹកទឹកមូត្រគោដោយជឿថា វាជាឱសថស័ក្តិសិទ្ធិទៀតផង ។

ក្រុមអ្នកជំនាញបានអះអាងម្តងហើយម្តងទៀតថា ទឹកមូត្រគោមិនអាចព្យាបាលជំងឺ ដូចជាមហារីកបានទេ ហើយក៏មិនមានភស្តុតាងណាដែលបង្ហាញថាវាអាចការពារជំងឺឆ្លងបានដែរ ។

ពិធីជប់លៀង «គោមូត្រ» ដែលរៀបចំឡើងដោយក្រុមមួយមានឈ្មោះថា សហព័ន្ធហិណ្ឌូទូទាំងប្រទេសឥណ្ឌា (Akhil Bharat Hindu Mahasabha, All India Hindu Union) នៅទីស្នាក់ការកណ្តាលរបស់ខ្លួន នៅក្នុងរដ្ឋធានីញូវដែល្លី មានមនុស្សម្នាចំនួន ២០០ នាក់ បានចូលរួម ហើយអ្នករៀបចំសង្ឃឹមថា នឹងរៀបចំព្រឹត្តិការណ៍ស្រដៀងគ្នានេះ នៅកន្លែងផ្សេងទៀតក្នុងប្រទេសឥណ្ឌា ។

អ្នកដែលចូលរួមពិធីជប់លៀងបាននិយាយថា «យើងបានផឹកទឹកមូត្រគោអស់រយៈពេល ២១ ឆ្នាំហើយយើងក៏ងូតទឹកក្នុងលាមកគោដែរ ។ យើងមិនដែលមានអារម្មណ៍ថាត្រូវការប្រើថ្នាំអង់គ្លេសទេ» ។
លោក ចក្របាណិ មហរាជ (Chakrapani Maharaj) ប្រធានសហព័ន្ធហិណ្ឌូទូទាំងប្រទេសឥណ្ឌា បានថតរូបពេលដែលគាត់កំពុងចាក់ទឹកនោមគោ ទៅលើផ្ទាំងគំនូបិសាចតំណាងឲ្យវីរុសកូរ៉ូណាថ្មីនេះ ។ (Photo: AP/March 14)

លោក ចក្របាណិ មហារាជ (Chakrapani Maharaj) ប្រធានសហព័ន្ធហិណ្ឌូទូទាំងប្រទេសឥណ្ឌា បានថតរូបពេលដែលគាត់ចាក់ទឹកមូត្រគោ ទៅលើផ្ទាំងគំនូបិសាចក្បាលតោព្រួសភ្លើងនិងមានដៃច្រើន ជាតំណាងឲ្យវីរុសកូរ៉ូណាថ្មីនេះ ។

មេដឹកនាំមកពីគណបក្សជាតិនិយមហិណ្ឌូរបស់លោកនាយករដ្ឋមន្រ្តី នរេន្ទ្រ មោទី ធ្លាប់បានធ្វើការតស៊ូមតិឲ្យប្រើទឹកមូត្រគោ ជាថ្នាំនិងព្យាបាលជំងឺមហារីក ។

អ្នកចូលរួមពិធីជប់លៀងម្នាក់បានអួតទៀតថា «យើងបានផឹកទឹកមូត្រគោអស់រយៈពេល ២១ ឆ្នាំហើយ ហើយយើងក៏ងូតទឹកក្នុងលាមកគោដែរ ។ យើងមិនដែលត្រូវការប្រើថ្នាំពេទ្យពួកអង់គ្លេសទេ» ។

មេដឹកនាំមកពីរដ្ឋអាសាំភាគពាយព្យប្រទេសឥណ្ឌា នៃបក្សកាន់អំណាច (BJP) ធ្លាប់បានប្រាប់សមាជិកសភារដ្ឋកាលពីដើមខែនេះ នៅក្នុងសម័យប្រជុំសន្និបាតមួយថា ទឹកមូត្រគោនិងលាមកគោ អាចប្រើដើម្បីព្យាបាលជំងឺកូរ៉ូណាបាន ។

សារព័ត៌មានឥណ្ឌាធូដេ (India Today) បានចុះផ្សាយបែបបញ្ចើចថា តើទឹកមូត្រគោពិតជាស័ក្តិសិទ្ធិអ៊ីចឹងមែនឬ? ប្រហែលជាពួកគេគួរតែមើលការណែនាំរបស់លោកនាយករដ្ឋមន្រ្តី នរេន្ទ្រ មោទី នៅលើបណ្ដាញទ្វីធ័រ (Twitter) របស់គាត់ថា «យើងអាចបំបែកខ្សែសង្វាក់នៃការរីករាលដាលនិងធានាសុវត្ថិភាពរបស់មនុស្សទាំងអស់ដោយជៀសវាងការប្រមូលផ្តុំធំ ៗ» ។

មេរោគឧត្បាតកូរ៉ូណាដែលឆ្លងដល់មនុស្សជាង ១៣៨.០០០ នាក់ នៅទូទាំងពិភពលោក និងបណ្តាលឲ្យមនុស្សជាង ៥.០០០ នាក់ស្លាប់នោះ ពុំទាន់មានការព្យាបាលបែបវិទ្យាសាស្ត្រណាមួយទេ ហើយរដ្ឋាភិបាលនៅទូទាំងពិភពលោក កំពុងព្យាយាមគ្រប់គ្រងការរីករាលដាលនៃជំងឺរាតត្បាតនេះ ។ ដោយឡែក ចំនួនអ្នកឆ្លងមេរោគនេះនៅប្រទេសឥណ្ឌា បានកើនឡើងដល់ ១០៧ នាក់ហើយត្រឹមថ្ងៃនេះ ។
បុរសចំណាស់ម្នាក់កំពុងផឹកទឹកមូត្រគោយ៉ាងឆ្ងាញ់ពិសា នៅក្នុងពិធីជប់លៀង «គោមូត្រ» របស់សហព័ន្ធហិណ្ឌូទូទាំងប្រទេសឥណ្ឌា, ១៤ មីនា ២០២០ ។ (Photo: Reuters/March 14)

នៅប៉ុន្មានថ្ងៃមុននេះ ((២២ កុម្ភ) លោក បាបា រាមទេវ (Baba Ramdev) ជាយោគីដ៏ល្បីល្បាញម្នាក់របស់ប្រទេសឥណ្ឌា បាននិយាយថា «ប្រសិនបើអ្នកអនុវត្តយោគៈ ភាពស៊ាំរបស់អ្នកនឹងកើនឡើង ដែលអាចជួយសង្រ្គោះមនុស្សម្នាក់ ក្នុងករណីដែលពួកគេឆ្លងវីរុស ។ ប្រសិនបើភាពស៊ាំនៅទាប មនុស្សនោះមិនអាចជួយសង្គ្រោះបានទេ» ។

សារព័ត៌មានឥណ្ឌាធូដេបានណែនាំថា រឿងដែលឆ្លាតវៃបផុតដែលត្រូវធ្វើដើម្បីការពារខ្លួនអ្នកនិងអ្នកដទៃ គឺត្រូវធ្វើតាមគោលការណ៍ណែនាំហ្មត់ចត់ស្តីពីអនាម័យដៃនិងផ្លូវដង្ហើម ការនៅឃ្លាតឆ្ងាយពីសង្គម និងអ្វីដែលអង្គការសុខភាពពិភពលោកបានដាក់ចេញ––ប៉ុន្តែគ្មានឃើញការណែនាំឲ្យផឹកទឹកមូត្រគោទេ––ហើយបើអ្នកមានរោគសញ្ញា ត្រូវទៅរកពេទ្យជាបន្ទាន់ ។ ហើយសូមកុំជឿតាមព័ត៌មានក្លែងក្លាយ ។

ទោះជាយ៉ាងណាក៏ដោយ បើមិនជឿកុំប្រមាថ! នៅក្នុងព្រះវិន័យព្រះពុទ្ធសាសនា នៅក្នុងនិស្ស័យ ៤ សម្រាប់អ្នកបួស ការឆាន់ថ្នាំត្រាំដោយទឹកមូត្រ​ «ទឹកនោមគោខ្មៅ» គឺជានិស្ស័យទី ៤ (៣ទៀតគឺ ១. និមន្តគោចរបិណ្ឌបាត្រ ២.​ ប្រេីប្រាស់ចីវរសំពត់បង្សុកូល​ ៣. អាស្រ័យនៅក្រោមម្លប់ឈឺ​ ។) ដូច្នេះ តើទឹកមូត្រគោពិតជាមានអ្វីពិសេស អាចធ្វើជាឱសថស័ក្ដិសិទ្ធិមែនទេដឹង?

បើតាមវេជ្ជសាស្ត្រគឺមិនអាចទេ!

© រក្សាសិទ្ធិដោយលោកវិទូ

No comments:

Post a comment