គណៈកម្មការគ្រប់គ្រងព្រះមហាពោធិវិហារពុទ្ធគយា បរិច្ចាគប្រាក់ជាង ១៣ ម៉ឺនដុល្លារ សម្រាប់មូលនិធិសង្គ្រោះបន្ទាន់របស់ប្រមុខរដ្ឋពិហារ - លោកវិទូ

ព័ត៌មានថ្មីៗ

សូមចែករំលែកអត្ថបទលោកវិទូតាមបណ្ដាញ Whatsapp, Telegram ឬ Twitter ដោយសារហ្វេសប៊ុកមានបញ្ហា ។ អរគុណ ។

Sunday, March 29, 2020

គណៈកម្មការគ្រប់គ្រងព្រះមហាពោធិវិហារពុទ្ធគយា បរិច្ចាគប្រាក់ជាង ១៣ ម៉ឺនដុល្លារ សម្រាប់មូលនិធិសង្គ្រោះបន្ទាន់របស់ប្រមុខរដ្ឋពិហារ

ព្រះមហាធិវិហារនាពេលរាត្រី សម័យកូរ៉ូណា, ពុទ្ធគយា, មីនា ២០២០ ។ រូបភាព៖ ព្រះភិក្ខុ បណ្ឌិត មនោជ

លោកវិទូ | ថ្ងៃ ១᧦៤ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ | ២៩ មីនា ២០២០

ពុទ្ធគយា៖ គណៈកម្មការគ្រប់គ្រងព្រះមហាពោធិវិហារពុទ្ធគយា (BTMC) បានបរិច្ចាគប្រាក់ជាង ១៣ ម៉ឺនដុល្លារសម្រាប់មូលនិធិសង្គ្រោះបន្ទាន់របស់ប្រមុខរដ្ឋពិហារ ក្នុងការទប់ស្កាត់ការរីករាលដាលមេរោគកូរ៉ូណា (កូវីដ១៩) ។

នៅក្នុងលិខិតរបស់លោក អភិសេក សិង្ហ ចៅហ្វាយស្រុកគយា (រដ្ឋពិហារ) និងជាប្រធានគណៈកម្មការគ្រប់គ្រងព្រះមហាពោធិវិហារពុទ្ធគយា  ចុះថ្ងៃទី ២៧ មីនា ២០២០ ដែលបានចែកចាយជាសាធារណៈ លើបណ្ដាញទំនាក់ទំនងសង្គមបានបង្ហាញឲ្យដឹងថា គណៈកម្មការគ្រប់គ្រងព្រះមហាពោធិវិហារពុទ្ធគយា បានបរិច្ចាគប្រាក់ចំនួន ១.០០.០០.០០០ (មួយលាន) រូពីឥណ្ឌា ដែលស្មើនឹងប្រហែលជាង ១៣៣.០០០ (ដប់បីម៉ឺន បីពាន់) ដុល្លារសហរដ្ឋអាម៉េរិក សម្រាប់មូលនិធិប្រមុខរដ្ឋពិហារ ដើម្បីប្រើប្រាស់ក្នុងការទប់ស្កាត់ការរីករាលដាលមេរោគកូវីដ១៩នៅក្នុងរដ្ឋនេះ ។

ព្រះមហាពោធិវិហារជាពុទ្ធសំវេជនីយដ្ឋានដ៏ពិសិទ្ធ សម្រាប់អ្នកធម្មយាត្រាពុទ្ធសាសនាទូទាំងសកលលោក ដែលស្ថិតនៅពុទ្ធគយា ស្រុកគយា រដ្ឋពិហារ ជាទីដែលព្រះសម្មាសម្ពុទ្ធទ្រង់ត្រាស់ដឹង ។ គណៈកម្មការគ្រប់គ្រងព្រះវិហារពុទ្ធសាសនាដ៏សំខាន់នេះ មានសមាសភាពសមាជិក ៤ រូបជាពុទ្ធបរិស័ទ និង ៤ រូបជាហិណ្ឌូ (រាប់ទាំងមហន្តនៃពុទ្ធគយាម័ឋម្នាក់ផង ដែលជាសមាជិកដោយស្វ័យប្រវត្តិ) និងមានចៅហ្វាយស្រុកគយា ជាប្រធាន ។

នេះជាការរួមចំណែកប្រកបដោយមហាករុណា ក្នុងនាមជាស្ថាប័នពុទ្ធសាសនាជាមួយរដ្ឋ ក្នុងគ្រាមានគ្រោះអាសន្ន ។ នៅប៉ុន្មានថ្ងៃមុន សម្ដេចសង្ឃ ដាឡៃ ឡាម៉ា បរិច្ចាគជំនួយឧបត្ថម្ភចំនួន ១៥ ឡាក់រូពី (២ម៉ឺនដុល្លារ) ដល់រដ្ឋាភិបាលរដ្ឋហិមាច័លប្រទេស ក្នុងការប្រយុទ្ធប្រឆាំងនឹងការរាតត្បាតមេរោគកូរ៉ូណា នៅក្នុងរដ្ឋជួរភ្នំហិមាល័យមួយនេះ ជាទីស្ថានដែលព្រះអង្គគង់នៅអស់រយៈពេលជិត ៦០ ឆ្នាំមកហើយ ។

ការរីករាលដាលមេរោគកូវីដ១៩ដ៏ប្រល័យ បានធ្វើឲ្យប៉ះពាល់សកម្មភាពពុទ្ធសាសនា នៅព្រះមហាពោធិវិហារនេះផងដែរ ដែលជាទីអ៊ូរអរដោយពុទ្ធបរិស័ទច្រើនកុះករជាប់មិនដាច់ ពីព្រលឹមទល់ប្រលប់ ជារៀងរាលថ្ងៃ ។ ដើម្បីទប់ស្កាត់ការរាតត្បាតមេរោគកូវីដ១៩ គណៈកម្មការបានកំណត់ចំនួនមនុស្សចូលទស្សនានិងធ្វើសក្ការបូជា នៅក្នុងបរិវេណព្រះមហាពោធិវិហារនេះ និងកំណត់ពេលវេលាជាក់លាក់ ។

ព្រះមហាពោធិវិហារបើកឲ្យភ្ញៀវទេសចរចូលពីម៉ោង ១០ ព្រឹក ដល់ម៉ោង ៥ ល្ងាច ដោយមានកាក់លេខសម្គាល់ ម្តងបានតែ ៥០ នាក់ប៉ុណ្ណោះ ។ ប៉ុន្តែពីម៉ោង ៥ ព្រឹកដល់ម៉ោង ១០ ព្រឹក និងម៉ោង ៥ ល្ងាច ដល់ម៉ោង ៩ យប់ ជាពេលវេលាពិសេសសម្រាប់ ព្រះភិក្ខុសង្ឃ និងគណៈគ្រប់គ្រងព្រះមហាពោធិវិហារ ធ្វើកិច្ចវត្តព្រឹកល្ងាច នមស្ការព្រះរតនត្រៃ និងស្វាធ្យាយព្រះបរិត្តជាដើម ។ នៅក្នុងកំឡុងពេលនេះ ជនដទៃពុំត្រូវបានអនុញ្ញាតឲ្យចូលឡើយ ។  នៅព្រះវិហារធំ អនុញ្ញាតឲ្យចូលម្ដងបានតែ ៣ នាក់ទេ ។ ការធ្វើពិធីសាសនា ការអង្គុយសមាធិក្នុងព្រះវិហារ ជាបុគ្គលឬជាក្រុម មិនត្រូវបានអនុញ្ញាតឡើយ នៅក្នុងកំឡុងពេលនេះ ។ ការបូជាដោយផ្កាភ្ញីជាគ្រឿងលម្អ និងការបូជាទ្រង់ទ្រាយធំ មិនត្រូវបានអនុញ្ញាតឡើយ ក្នុងកំឡុងពេលនេះ ។ បម្រាមនេះមានសុពលភាពពីថ្ងៃទី ២០ មីនា ដល់ទី ៣១ មីនា ។

ពិហារជារដ្ឋភាគខាងជើងនៃប្រទេសឥណ្ឌា និងជារដ្ឋក្រីក្រជាងគេនៅក្នុងប្រទេស ។ រដ្ឋនេះមានអ្នកផ្ទុកមេរោគកូវីដ១៩ចំនួន ១១ នាក់ និងស្លាប់ម្នាក់ ។ ឥណ្ឌាកំពុងស្ថិតនៅក្នុងការបិទប្រទេសទាំងមូល រយៈពេល ២១ ថ្ងៃចាប់ថ្ងៃទី ២៥ មីនា ដល់ទី ១៥ មេសា ដើមទប់ស្កាត់ការរាតត្បាតមេរោគកូវីដ១៩ ។ ទោះយ៉ាងណា អត្រាអ្នកឆ្លងមេរោគកូវីដ១៩នៅឥណ្ឌា បានកើនឡើងដល់ជាង ១០០០ នាក់ហើយ ។

© រក្សាសិទ្ធិដោយលោកវិទូ

No comments:

Post a comment