កូវីដ១៩៖ សម្ដេចសង្ឃ ដាឡៃ ឡាម៉ា បរិច្ចាគជំនួយឧបត្ថម្ភចំនួន ១៥ ឡាក់រូពី ដល់រដ្ឋាភិបាលរដ្ឋហិមាច័លប្រទេស - លោកវិទូ

ព័ត៌មានថ្មីៗ

Friday, March 27, 2020

កូវីដ១៩៖ សម្ដេចសង្ឃ ដាឡៃ ឡាម៉ា បរិច្ចាគជំនួយឧបត្ថម្ភចំនួន ១៥ ឡាក់រូពី ដល់រដ្ឋាភិបាលរដ្ឋហិមាច័លប្រទេស

សម្ដេចសង្ឃ ដាឡៃ ឡាម៉ា កំពុងទេសនានៅធម្មសាលា រដ្ឋហិមាច័លប្រទេស, មីនា ២០១៩ ។ រូបភាព៖ Pallava Bagla/Corbis/Getty Images

លោកវិទូ | ថ្ងៃ ៦᧤៤ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ | ២៧ មីនា ២២០

ធម្មសាលា៖ សម្ដេចសង្ឃ ដាឡៃ ឡាម៉ា នៃព្រះពុទ្ធសាសនាវជ្រយាននៃប្រទេសទីបេត៍ មានព្រះទ័យជ្រះថ្លាបរិច្ចាគជំនួយឧបត្ថម្ភចំនួន ១៥ ឡាក់រូពីឥណ្ឌា ដល់រដ្ឋាភិបាលរដ្ឋហិមាច័លប្រទេស ក្នុងការប្រយុទ្ធប្រឆាំងនឹងការរាតត្បាតមេរោគកូរ៉ូណា នៅក្នុងរដ្ឋជួរភ្នំហិមាល័យមួយនេះ ជាទីស្ថានដែលព្រះអង្គគង់នៅអស់រយៈពេលជិត ៦០ ឆ្នាំមកហើយ ។

នៅក្នុងលិខិតមួយផ្ញើជូនអភិបាលរដ្ឋហិមាច័លប្រទេស លោក ជ័យ រាម ថាកុរ (Jai Ram Thakur) កាលពីថ្ងៃព្រហស្បតិ៍ សម្ដេចសង្ឃ ដាឡៃ ឡាម៉ា ដែលជាជ័យលាភីណូបែលសន្តិភាព បានសម្តែងការគាំទ្រនៅក្នុងកិច្ចខិតខំប្រឹងប្រែងរបស់លោក ក្នុងការគ្រប់គ្រងការគំរាមកំហែងដែលកំពុងកើនឡើងនៃមេរោគកូរ៉ូណា ដែលបានរីករាលដាលពាសពេញពិភពលោក និងថែមទាំងផ្ទុះឡើងនៅក្នុងរដ្ឋនេះផងដែរ ។

ព្រះអង្គបានសរសេរនៅក្នុងលិខិតនោះថា «ដោសារតែរដ្ឋហិមាច័លប្រទេស ជាផ្ទះរបស់ខ្ញុំអស់រយៈពេលជិត ៦០ ឆ្នាំមកហើយ ខ្ញុំមានអារម្មណ៍មានសម្ព័ន្ធភាពដ៏ជិតស្និទ្ធ ចំពោះប្រជាជននៃរដ្ឋនេះ ។ ដូច្នេះ ក្នុងនាមជានិមិត្តរូបនៃការគោរពនិងការអាណិតអាសូរ ខ្ញុំនឹងធ្វើការបរិច្ចាជំនួយឧបត្ថម្ភពីសមាគម ហ្គាឌិនផូដិនត្រាស្តរបស់ដាឡៃឡាម៉ា (Gaden Phodrang Trust of the Dalai Lama) ដល់មូលនិធីរបស់អភិបាលរដ្ឋ ដើម្បីចូលរួមចំណែកក្នុងការផ្គត់ផ្គង់សម្ភារៈចាំបាច់ ដូចជាស្បៀងអាហារនិងថ្នាំ សម្រាប់ជនក្រីក្រនិងសមាជិកដែលត្រូវការជំនួយ នៅក្នុងសហគមន៍» ។

អំណោយនេះគិតជាទឹកប្រាក់មានតម្លែ ១៥ ឡាក់រូពីឥណ្ឌា ស្មើរនឹងប្រហែល ២ ម៉ឺនដុល្លារសហរដ្ឋអាម៉េរិក ។

សម្ដេចសង្ឃដាឡៃ ឡាម៉ា បានបញ្ចប់សេចក្តីនៃលិខិត ដោយការបង្ហាញនូវទំនុកចិត្តថា ជំហានដែលត្រូវបានអនុវត្តដោយរដ្ឋាភិបាលកណ្តាលក្រោមការដឹកនាំដ៏រឹងមាំរបស់នាយករដ្ឋមន្រ្តី នឹងមានប្រសិទ្ធភាពក្នុងការទប់ស្កាត់ការរីករាលដាលនៃវីរុសកូរ៉ូណា ។

ទីក្រុងធម្មសាលាជាទីអាស្រមរបស់សម្ដេចសង្ឃ ដាឡៃ ឡាម៉ា និងជាការិយាល័យរដ្ឋាភិបាលនិរទេសរបស់ទីបេត៍ ចម្ងាយប្រមាណជាង ៥០០ គីឡូមែត្រ ពីរដ្ឋធានីញូវដែល្លី ៕

© រក្សាសិទ្ធិដោយលោកវិទូ

No comments:

Post a Comment