«បារព្រះពុទ្ធ» នៅទីក្រុងព្រៃនគរជាប្រភពចម្លងមេរោគកូរ៉ូណា យ៉ាងហោចណាស់១២ករណី - លោកវិទូ

ព័ត៌មានថ្មីៗ

សូមចូលរួមបណ្ដាញតេឡេក្រាមលោកវិទូ៖ https://t.me/lokavidunews

Saturday, March 28, 2020

«បារព្រះពុទ្ធ» នៅទីក្រុងព្រៃនគរជាប្រភពចម្លងមេរោគកូរ៉ូណា យ៉ាងហោចណាស់១២ករណី

ព្រះពុទ្ធរូបនៅក្នុង «បារព្រះពុទ្ធ», ព្រៃនគរ, វិច្ឆិកា ២០១៧ ។ រូបភាព៖ Tripadvisor / Trương 

លោកវិទូ | ថ្ងៃ ៧᧥៤ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ | ២៨ មីនា ២២០

ព្រៃនគរ៖ ទីតាំងកម្សាន្តផឹកស៊ីបម្រើកាមគុណមួយកន្លែង ដែលយកព្រះនាមព្រះពុទ្ធធ្វើយីហោ នៅទីក្រុងព្រៃនគរ (ហូជីមិញ) បានធ្វើឲ្យមានការឆ្លងមេរោគកូរ៉ូណាជាចង្កោមយ៉ាងហោចណាស់ ១២ ករណី ។ ដំណឹងនេះបានធ្វើឲ្យសហគមន៍ព្រះពុទ្ធសាសនាវៀតណាម និងខ្មែរកម្ពុជាក្រោម មានការរិះគន់ចំពោះការប្រើយីហោព្រះនាមព្រះពុទ្ធ ដែលជាការមើលងាយចំពោះព្រះពុទ្ធសាសនា ។

តាមការចុះផ្សាយរបស់សារព័ត៌មានក្នុងស្រុកបានឲ្យដឹងថា យ៉ាងហោចណាស់ មានករណីឆ្លងមេរោគកូរ៉ូណា ១២ ករណី ដែលជាប់ពាក់ព័ន្ធនឹងការផឹកស៊ីមួយ នៅក្នុងហាងផឹកស៊ីយីហោ «បារព្រះពុទ្ធ» (Buddha Bar) នៅទីក្រុងព្រៃនគរ កម្ពុជាក្រោម ដែលមានទីតាំងនៅអាសយដ្ឋាន 7 Thao Dien, An Phu, District 2, HCM ប្រទេសវៀតណាម ។

ដំបូងឡើយមានអ្នកបើកយន្តហោះជនជាតិអង់គ្លេសអាយុ ៤៣ ឆ្នាំម្នាក់ បានទៅលេងនៅបារនេះ កាលពីថ្ងៃសុក្រ ទី ១៤ មីនា ហើយបានធ្វើតេស្តមេរោគកូរ៉ូណាពីរលើក នៅថ្ងៃទី ១៨ និងទី ២០ មីនា និងមានលទ្ធផលវិជ្ជមានទាំងពីរលើក ។ ថ្ងៃទីថ្ងៃ ២៤ មីនា មានករណីឆ្លង ៤ នាក់ទៀតពីក្នុងហាងនេះ មានជនជាតិបរទេស ៣ នាក់ (ប្រេស៊ីល ១, អាម៉េរិកខាងត្បូង ២) និងជនជាតិវៀតណាមម្នាក់ ដែលជាអ្នកបម្រើនៅក្នុងហាងផឹកស៊ីនេះ ។

អាជ្ញាធរវៀតណាមមានបានតាមរកអ្នកទៅហាងនេះ នៅថ្ងៃទី ១៣-១៨ មីនាបានចំនួន ១៥៥ នាក់ ។ ដល់ត្រឹមថ្ងៃទី ២៧ មីនា អ្នកដែលឆ្លងមេរោគកូរ៉ូណាពីក្នុងហាងនេះមាន ១២ នាក់ ក្នុងនោះ ១១ ជាជនជាតិបរទេស និងម្នាក់ជាជនជាតិវៀតណាម ។

មកទល់នឹងថ្ងៃនេះ វៀតណាមមានអ្នកជំងឺកូរ៉ូណាចំនួន ១៧៤ នាក់ ជាសះស្បើយពីជំងឺវិញចំនួន ២១ នាក់ និងគ្មានរបាយការណ៍អំពីការស្លាប់ឡើយ ។ ដើម្បីទប់ស្កាត់ការរីករាលដាលមេរោគកូរ៉ូណា អាជ្ញាធរវៀតណាមបានចាត់វិធានការយ៉ាងតឹងតែង ដោយមិនអនុញ្ញាតឲ្យការចួបជុំគ្នាក្នុងបន្ទប់តែមួយលើស ២០ នាក់ និងការចួបជុំលើទីសាធារណៈ មានការិយាល័យ សាលារៀន និងមន្ទីរពេទ្យជាដើម មិនឲ្យលើសពី ១០ នាក់ ។

កន្លែងកម្សាន្ត បនល្បែង បារ ជាដើម ក៏ត្រូវបានបិទទាំងអស់ ។ កម្មវិធីសាសនាដែលមានមនុស្សលើសពី ២០ ក៏ត្រូវបានហាមឃាតយ៉ាងតឹងរឹងផងដែរ ។ ការធ្វើដំណើរពីកន្លែងមួយទៅកន្លែងមួយក្នុងស្រុក ត្រូវបានរឹតបន្តឹង រីឯព្រំដែនត្រូវបានបិទមិនទទួលជនបរទេស ។ ប្រជាជនត្រូវបានណែនាំឲ្យនៅក្នុងផ្ទះ និងរក្សាគម្លាតពីគ្នាឲ្យបានយ៉ាងហោច ២ ម៉ែត្រ ពេលចេញទៅខាងក្រៅផ្ទះ ក្នុងករណីចាំបាច់ ។
ភ្ញៀវបរទេសកំពុងផឹកស៊ីក្នុង «បារព្រះពុទ្ធ», ព្រៃនគរ ។ រូបភាព៖ ហ្វេសប៊ុក «បារព្រះពុទ្ធ»

ផ្ទុះការរិះគន់ «បារព្រះពុទ្ធ»

ក្រោយពីព័ត៌មានអំពីការឆ្លងមេរោគកូរ៉ូណាជាចង្កោមពីបារព្រះពុទ្ធ សហគមន៍ព្រះពុទ្ធសាសនានៅប្រទេសវៀតណាម ជាពិសេសក្នុងចំណោមអ្នកលេងហ្វេសប៊ុក បានរិះគន់ខ្លាំងៗចំពោះការយកព្រះនាមព្រះពុទ្ធ ទៅដាក់ជាឈ្មោះបារដែលជាកន្លែងផឹកស៊ី សៅហ្មងអាសោចគួរខ្ពើមរអើម និង យកព្រះពុទ្ធបដិមានិងព្រះពុទ្ធរូបទៅធ្វើជាគ្រឿងលម្អ កំដរពួកអ្នកផឹកស៊ី ដែលជារឿងអសីលធម៌ចំពោះវត្ថុជាទីសក្ការបូជារបស់ពុទ្ធបរិស័ទជាង ៥៥០ លាននាក់ ក្នុងពិភពលោក ។

គណនីហ្វេសប៊ុកមួយឈ្មោះ Tran Thach Dung ជាខ្មែរកម្ពុជាក្រោមម្នាក់បានរិះគន់ធ្ងន់ៗថា «បើកុំតែមានអ្នកឆ្លងរោគ CORONAVIRUS ឆ្លងរាលនៅរោងបារនោះទេ ប្រហែលជាយើងក៏មិនងាយបានដឹងថាមានរោងបារថោកទាបបែបនេះនៅលើទឹកដីយើងឡើយ» ។

តាមការចុះផ្សាយរបស់សារព័ត៌មានវៀតណាម Thanh Nien បានឲ្យដឹងថា ព្រះតេជព្រះគុណ ធិច តាំ ហៃ (Thich Tam Hai) ប្រធានផ្នែកទំនាក់ទំនងនិងសារព័ត៌មាន នៃគណៈសង្ឃពុទ្ធសាសនាទីក្រុងហូជីមិញ មានថេរដីកាថា ព្រះអង្គបានទទួលព័ត៌មាននេះហើយ ហើយនឹងរាយការណ៍ទៅគណៈសង្ឃនាយកដើម្បីចាត់វិធានការ ។ បន្ទាប់មកនឹងពិភាក្សាជាមួយអាជ្ញាធរដែលពាក់ព័ន្ធ ដែលគ្រប់គ្រងនៅតំបន់ ដែលបារនោះដំណើរការ និងចាត់វិធានការសមស្របតាមច្បាប់ ។

ដោយឡែក ព្រះតេជព្រះគុណ ធិច ញ៉ាត ទូ (Thich Nhat Tu) ព្រះចៅធអិការវត្តហ្សាក់ង៉ូ (Giac Ngo Temple), ទីក្រុងហូជីមិញ, បានសរសេរលើគេហទំព័ត៌ផ្ទាល់ខ្លួនថា បារគឺទីកន្លែងត្រេកត្រអាល មិនសមនឹងប្រព្រៃណីវប្បធម៌ព្រះពុទ្ធសាសនា ដែលហាមប្រាមការសេពសុរានិងគ្រឿងស្រវឹងទាំងឡាយ ។ លោកបានបន្តទៀតថា បើយោងតាមច្បាប់ហសគ្រាស ឆ្នាំ ២០១៤ ដែលចូលជាធរមាននៅថ្ងៃទី១ ខែកក្កដា ឆ្នាំ ២០១៥ ត្រង់មាត្រាទី ៣៩ បានចែងអំពីការហាមប្រាមការប្រើប្រាស់ឈ្មោះសហគ្រាស ហើយក្នុងកថាខណ្ឌទី៣នៃមាត្រានេះ បានហាមប្រាមសហគ្រាសទាំងអស់មិនឲ្យប្រើប្រាស់ពាក្យ ផ្លាកសញ្ញា ដែលរំលោភប្រពៃណី ទំនៀមទម្លាប់ ក្រមសីលធម៌ និងប្រវត្តិសាស្ត្ររបស់ជាតិ ។

បើយោងតាមច្បាប់ខាងលើនេះ ព្រះពុទ្ធ និងព្រះពុទ្ធរូប មិនត្រឹមតែជាប់ទាក់ទងនឹងប្រវត្តិសាស្ត្រ វប្បធម៌ ក្រមសីលធម៌ និងប្រពៃណីវៀតណាមជាង ២០ សតវត្សរ៍មកហើយប៉ុណ្ណោះទេ ថែមទាំងជាផ្នែកមួយដ៏សំខាន់នៃអក្សរសាស្ត្រវៀតណាម និងពិភពលោកទាំងមូល ។

លោកបញ្ជាក់ថា ការប្រើឈ្មោះ «បារព្រះពុទ្ធ» នេះ ដោយចេតនាក្តីអចេតនាក្តី ម្ចាស់បារកំពុងតែមើលងាយនិងជាន់ឈ្លីសហគមន៍ព្រះពុទ្ធសាសនាវៀតណាម និងពុទ្ធសាសនិកទូទាំងពិភពលោក ។

លោកបានសម្ដែងការសោកស្ដាយ ចំពោះអាជ្ញាធរដែលបានផ្ដល់សិទ្ធិបើកអាជីវកម្ម ដែលផ្ទុយពីខ្លឹមសារនៃច្បាប់ខាងលើ ដែលធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយសព្រះពុទ្ធសាសនា ដែលបានប្រៀនប្រដៅមនុស្សជាង ៥៥០ លាននាក់ទូទាំងសកលលោក ឲ្យដើរតាមមាគ៌ាសន្តិភាព វិបុលភាព និងសុភមង្គល ។

បារផឹកស៊ីនេះជាទីពេញនិយមសម្រាប់ភ្ញៀវបរទេស ។ ក្រោយពីហេតុការណ៍នេះកើតឡើង បារនេះក៏ត្រូវបានផ្អាកដំណើរការ ហើយហ្វេសប៊ុករបស់ខ្លួនក៏ត្រូវបានលុបចោលផងដែរ ។

ព្រៃនគរជាអតីតទឹកដីខ្មែរ ដែលបច្ចុប្បន្នវៀតណាមដាក់ឈ្មោះថា ទីក្រុងហូជីមិញ តាមឈ្មោះវីរបុរសរបស់ខ្លួន ។ វៀតណាមជាប្រទេសកុម្មុយនីស្ត មានពុទ្ធសាសនិកភាគច្រើនកាន់ពុទ្ធសាសនាមហាយាន និងមួយចំនួនកាន់ពុទ្ធសាសនាថេរវាទ ភាគច្រើននៅតំបន់ខ្មែរកម្ពុជាក្រោម ៕
បារដែលមានយីហោ «បារព្រះពុទ្ធ» នៅផ្នែកខាងមុខ, ព្រៃនគរ ។ រូបភាព៖ ហ្វេសប៊ុក «បារព្រះពុទ្ធ»

© រក្សាសិទ្ធិដោយលោកវិទូ

No comments:

Post a Comment