សម្ដេចសង្ឃ ដាឡៃ ឡាម៉ា ។ រូបភាព៖ OHHDL |
ធម្មសាលា៖ នៅថ្ងៃចន្ទ ៣០ មីនា សម្ដេចសង្ឃ ដាឡៃ ឡាម៉ា បានចេញសារពិសេសមួយជាសាធារណៈ ស្ដីអំពីការរាតត្បាតមេរោគកូវីដ១៩ជាសកល ជូនចំពោះពុទ្ធសាសនិក និងប្រជាជនទូទាំងពិភពលោក ។ នេះជាការឆ្លើយតបទៅនឹងការស្នើសុំ ពីសម្នាក់ពុទ្ធបរិស័ទជាច្រើនជុំវិញពិភពលោក ដែលសុំដំបូន្មានពីព្រះអង្គ ក្នុងកាលៈទេសៈដ៏លំបាកនិងគួរភ័យខ្លាច នៃការរីករាលដាលយ៉ាងលឿននៃមេរោគឧត្បាតនេះ ។
នៅក្នុងសារពិសេសនេះ ព្រះអង្គបានរំឭកអំពីទំនៀមទម្លាប់ឥណ្ឌាបុរាណ ដែលនិយាយអំពី «ការបង្កើត ការរក្សា និងការបំផ្លាញពិភពលោក ទៅតាមពេលវេលា» ដែលសំដៅដល់ព្រះអាទិទេពទាំងបីនៅក្នុងប្រពៃណីហិណ្ឌូគឺ ព្រះព្រហ្ម (បង្កើត) ព្រះវិស្ណុ (រក្សា) និងព្រះសិវៈ (បំផ្លាញ) ។ ព្រះអង្គសរសេរថា «ក្នុងចំណោមមូលហេតុនៃការបំផ្លាញបែបនេះគឺ អាវុធនិងជំងឺ ដែលហាក់ដូចជាត្រូវនឹងអ្វីដែលយើងកំពុងជួបប្រទះនាពេលបច្ចុប្បន្ននេះ» ។ ប៉ុន្តែព្រះអង្គសង្កេតឃើញថា ទោះបីជាមានបញ្ហាប្រឈមដ៏ធំសម្បើម ដែលយើងប្រឈមមុខក៏ដោយ សត្វលោកទាំងឡាយរួមទាំងមនុស្សផង បានបង្ហាញសមត្ថភាពដ៏អស្ចារ្យដើម្បីរស់ ។
សេចក្តីភ័យខ្លាចតក់ស្លុតរបស់មនុស្ស តែងតែកើតមានជាធម្មតាពេលចួបវិបត្តិនានា ប៉ុន្តែយើងត្រូវទទួលយកនូវអរិយសច្ចធម៌ និងធ្វើអ្វីដែលអាចធ្វើបាន ដើម្បីដោះស្រាយវិបត្តិភយន្តរាយនោះៗ ដោយការប្ដេជ្ញាចិត្ត និងសេចក្តីក្លាហាន ព្រោះសេចក្តីភ័យខ្លាចមិនអាចជួយអ្វីបានឡើយ ។
ព្រះអង្គផ្ដល់ដំបូន្មានថា៖ «មិនថាស្ថានការណ៍លំបាកប៉ុណ្ណាក៏ដោយ យើងគួរតែប្រើវិទ្យាសាស្ត្រ និងភាពប៉ិនប្រសប់របស់មនុស្ស ដោយការប្តេជ្ញាចិត្តនិងភាពក្លាហាន ដើម្បីជំនះបញ្ហាដែលយើងកំពុងប្រឈមមុខ ។ ពេលប្រឈមមុខនឹងការគំរាមកំហែង ដល់សុខភាពនិងសុខុមាលភាពរបស់យើង វាជារឿងធម្មតាទេដែលមានយើងមានអារម្មណ៍តក់ស្លុតនិងភ័យខ្លាច ។ ទោះយ៉ាងណា ខ្ញុំសូមជួយបន្ធូរភាពតានតឹង តាមរយៈការផ្តល់យោបល់ដ៏ឈ្លាសវៃដូចខាងក្រោម ដើម្បីពិនិត្យពិច័យបញ្ហានានានៅចំពោះមុខយើង៖ "ប្រសិនបើមានអ្វីត្រូវធ្វើ សូមធ្វើវាដោយមិនចាំបាច់ព្រួយបារម្ភ; ប្រសិនបើគ្មានអ្វីត្រូវធ្វើទេ ការព្រួយបារម្ភអំពីវាបន្ថែមទៀតនឹងមិនជួយអ្វីបានទេ"» ។
នៅក្នុងសារនេះ ព្រះអង្គទទួលស្គាល់ពីកិច្ចខិតខំប្រឹងប្រែងអស់ពីសមត្ថាភាព របស់ប្រជាជាតិនានានៅក្នុងពិភពលោក ដើម្បីទប់ស្កាត់ការីករាលដាលមេរោគកូរ៉ូណា ។ ព្រះអង្គក៏មើលឃើញពីផលវិបាកយ៉ាងធ្ងន់ធ្ងរ សម្រាប់ប្រជាជនក្រីក្រ ពេលដែលមានការបិទប្រទេសស្រុង និងសូមអំពាវនាវដល់អ្នកដែលពាក់ព័ន្ធទាំងអស់ ធ្វើយ៉ាងណាជួយដល់ប្រជាជនដែលងាយរងគ្រោះក្នុងសហគមន៍ ក្នុងគ្រាដ៏លំបាកនេះ ។
ព្រះអង្គក៏មិនភ្លេចថ្លែងអំណរគុណ ចំពោះវេជ្ជបណ្ឌិត បុគ្គលិកពេទ្យ មន្ត្រីសុខាភិបាល និងក្រុមការងារទាំងអស់ ដែលលះបង់សេចក្តីផ្ទាល់ខ្លួន និងប្រថុយប្រថានជីវិត ក្នុងការជួយសង្គ្រោះមនុស្ស ដែលព្រះអង្គហៅថា «មេត្តាករុណាធម៌ក្នុងសកម្មភាពជាក់ស្ដែង» ។
ជាទីបញ្ចប់ ព្រះអង្គសម្ដែងព្រះទ័យព្រួយបារម្ភ ចំពោះបងប្អូនគ្រប់គ្នាជុំវិញពិភពលោក ដែលកំពុងឆ្លងកាត់គ្រោះភ័យដ៏លំបាកនេះ និងសូមឲ្យមេរោគឧត្បាតនេះផុតរលត់ទៅ ដើម្បីឲ្យសន្តិភាពនិងសេចក្តីសុខរបស់បងប្អូន បានត្រលប់ទៅដូចដើមវិញ ។
គួរឲ្យកត់សម្គាល់ថ្មីៗនេះ សម្ដេចសង្ឃ ដាឡៃ ឡាម៉ា បរិច្ចាគជំនួយឧបត្ថម្ភចំនួន ១៥ ឡាក់រូពី ដល់រដ្ឋាភិបាលរដ្ឋហិមាច័លប្រទេស ដើម្បីទប់ស្កាត់ការរីករាលដាលមេរោគកូរ៉ូណា នៅក្នុងរដ្ឋជួរភ្នំហិមាល័យ ដែលជាទីដែលព្រះអង្គគង់នៅជាង ៦០ ឆ្នាំមកហើយ ៕
No comments:
Post a Comment