ព្រះសង្ឃនិងពុទ្ធបរិស័ទថៃចំនួន ១៧១ រូប បានចេញដំណើរត្រលប់ទៅស្រុកវិញក្រោមអន្តរាគមន៍ពីរដ្ឋាភិបាលថៃ - លោកវិទូ

ព័ត៌មានថ្មីៗ

Friday, April 24, 2020

ព្រះសង្ឃនិងពុទ្ធបរិស័ទថៃចំនួន ១៧១ រូប បានចេញដំណើរត្រលប់ទៅស្រុកវិញក្រោមអន្តរាគមន៍ពីរដ្ឋាភិបាលថៃ

ព្រះសង្ឃនិងឧបាសកឧបាសិកាថៃកំពុងនៅក្នុងបន្ទប់រងចាំ ដើម្បីចាកចេញត្រលប់ទៅមាតុប្រទេសវិញ, ព្រលានយន្តហោះគយា រដ្ឋពិហារ ប្រទេសឥណ្ឌា, ២៤ មេសា ២០២០ ។ រូបភាព៖ ហ្វេសប៊ុក

លោកវិទូ | ថ្ងៃ ៦᧣៦ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ | ២៤ មេសា ២០២០ 

រដ្ឋាភិបាលថៃសហការជាមួយអាជ្ញាធរឥណ្ឌា បានចាត់ចែងយន្តហោះពិសេស ជួយសង្គ្រោះព្រះសង្ឃនិងពុទ្ធបរិស័ទថៃជាអ្នកធម្មយាត្រា ឲ្យបានត្រលប់ទៅមាតុប្រទេសវិញ ខណៈប្រទេសឥណ្ឌាកំពុងស្ថិតនៅក្នុងការបិទប្រទេសទាំងមូល អស់រយៈពេលមួយខែហើយ ដើម្បីទប់ស្កាត់ការរាតត្បាតជំងឺកូវីដ១៩ ។

ព្រះសង្ឃនិងពុទ្ធបរិស័ទថៃចំនួន ១៧១ រូប ជាអ្នកធម្មយាត្រាទៅតាមពុទ្ធស្ថាននានា នៅប្រទេសឥណ្ឌានិងនេប៉ាល់ ហើយបានជាប់នៅក្នុងប្រទេសឥណ្ឌា មិនអាចត្រលប់ទៅស្រុកវិញបាន ដោយសារគ្មានជើងហោះ បានចេញដំណើរត្រលប់ទៅប្រទេសកំណើតវិញ ក្រោមកិច្ចអន្តរាគមន៍ពីរដ្ឋាភិបាលថៃ តាមរយៈស្ថានទូតថៃប្រចាំនៅប្រទេសឥណ្ឌា ។

ការធ្វើដំណើរត្រលប់ទៅវិញនេះ គឺបានចេញដំណើរពីព្រលានយន្តហោះគយា (រដ្ឋពិហារ) ឆ្ពោះទៅកាន់ព្រលានយន្តហោះដនមឿង ទីក្រុងបាងកក តាមជើងយន្តហោះថៃអ៊ែអាស៊ី (Air Asia) នៅវេលាម៉ោង ១០:២៩ នាទីព្រឹក ថ្ងៃសុក្រ ទី២៤ ខែមេសា ឆ្នាំ២០២០/២៥៦៣ ។

នេះគឺជាជើងទី១ ហើយនៅថ្ងៃស្អែកនឹងមានជើងហោះហើរមួយជើងទៀត ដើម្បីដឹកនាំព្រះសង្ឃនិងពុទ្ធបរិស័ទថៃដែលនៅសល់ ត្រលប់ទៅមាតុប្រទេសវិញ ។ ការរង់ចាំត្រលប់ទៅស្រុកកំណើតយ៉ាងអន្ទះសា ក៏បានសម្រេចតាមសេចក្តីប្រាថ្នា ដោយការយកចិត្តទុកដាក់ពីរដ្ឋាភិបាលខ្លួន ។

ក្រោយពីឥណ្ឌាបានប្រកាសបិទប្រទេសទាំងស្រុងនៅថ្ងៃទី ២៤ ខែមីនា ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ភ្ញៀវទេសចរបរទេសរាប់ម៉ឺននាក់ បានជាប់គាំងនៅតាមតំបន់នានាទូទាំងប្រទេសឥណ្ឌា ក្នុងនោះក៏មានខ្មែរយើងពីរនាក់ដែលកំពុងជាប់នៅទីក្រុងធម្មសាលា ជើងភ្នំហិមាល័យ ផងដែរ ។

រដ្ឋាភិបាលនៃប្រទេសមួយចំនួនបានជួយធ្វើអន្តរាគមន៍ នាំយកប្រជាជនខ្លួនត្រលប់ទៅមាតុភូមិវិញជាបន្តបន្ទាប់ ។ ជាតួយ៉ាងកាលពីថ្ងៃទី២២ ខែមេសា រដ្ឋាភិបាលភូមាបានធ្វើអន្តរាគមន៍នាំប្រជាជនខ្លួន មានព្រះសង្ឃនិងពុទ្ធបរិស័ទ ៣០០ ត្រលប់ទៅស្រុកកំណើតវិញ ដោយជោគជ័យ ៕

© រក្សាសិទ្ធិដោយលោកវិទូ

No comments:

Post a Comment