កូវីដ១៩៖ ព្រះសង្ឃខេត្តកំពត២៩វត្តបានទទួលបច្ច័យឧបត្ថម្ភចំនួន ៨ លានរៀលពីគណៈសង្ឃនាយកកម្ពុជា - លោកវិទូ

ព័ត៌មានថ្មីៗ

សូមចែករំលែកអត្ថបទលោកវិទូតាមបណ្ដាញ Whatsapp, Telegram ឬ Twitter ដោយសារហ្វេសប៊ុកមានបញ្ហា ។ អរគុណ ។

Wednesday, April 22, 2020

កូវីដ១៩៖ ព្រះសង្ឃខេត្តកំពត២៩វត្តបានទទួលបច្ច័យឧបត្ថម្ភចំនួន ៨ លានរៀលពីគណៈសង្ឃនាយកកម្ពុជា

សម្តេចព្រះពោធិវ័ង្ស អំ លីមហេង សម្ដេចព្រះ​សង្ឃនាយក​រង​ទី១​ ព្រះ​ប្រធាន​ថេរសភា​ នៃ​ព្រះពុទ្ធសាសនា​ នៅព្រះរាជាណាចក្រកម្ពុជា​ និង​ជាព្រះអគ្គាធិការរងពុទ្ធិកសិក្សាជាតិ ។ រូបភាព៖ ហ្វេសប៊ុក អគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ

 លោកវិទូ | ថ្ងៃ ៤᧿៥ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ | ២២ មេសា ២០២០

គណៈសង្ឃនាយក នៃព្រះរាជាណាចក្រម្ពុជា បានបវារណាបច្ច័យចំនួន ៨.០០០.០០០៛ (ប្រាំបីលានរៀល) ដើម្បីប្រគេនព្រះសង្ឃនៅក្នុងខេត្តកំពតទាំង ២៩​វត្ត ស្មើនឹង ១៧៥ អង្គទុកប្រើប្រាស់ជាបច្ច័យ​ ៤ តាមតម្រូវការចាំបាច់នានា ក្នុងគ្រាដ៏លំបាក​ ក្នុង​វិបត្តិ​នៃ​ជំងឺ​កូវដ-១៩នេះ ។

នៅក្នុងលិខិតរបស់សម្តេចព្រះពោធិវ័ង្ស អំ លីមហេង​ សម្ដេចព្រះ​សង្ឃនាយក​រង​ទី១​ ព្រះ​ប្រធាន​ថេរសភា​ នៃ​ព្រះពុទ្ធសាសនា​ នៅព្រះរាជាណាចក្រកម្ពុជា​ និង​ជាព្រះអគ្គាធិការរងពុទ្ធិកសិក្សាជាតិ​ ប្រគេនចំពោះព្រះសុសីលវង្ស ញ៉ែត ចន្ទតារា ព្រះរាជាគណៈកិត្តិយស និងជាព្រះជលធីវាសី ព្រះមេគណខេត្តកំពត មានសេចក្តីថា៖

«ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ក្នុងបេសកកម្មដ៏លំបាកក្នុងការការពារ ការរីករាលដាល នៃជំងឺកូវីដ-១៩ និងសុខទុក្ខប្រជាពលរដ្ឋខ្មែរ ជាពិសេសព្រះសង្ឃ ដែលងាយរងគ្រោះក្នុងវិបត្តិ នៃជំងឺនេះ គណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា សូមប្រគេន ព្រះមេគណ និងសហការីគណ នូវបច្ច័យចំនួន ៨.០០០.០០០៛ (ប្រាំបីលានរៀល) ដើម្បីបវារណាប្រគេនព្រះសង្ឃទាំង ២៩ វត្ត ស្មើនឹង ១៧៥ អង្គ ទុកប្រើប្រាស់ជាបច្ច័យ៤ តាមតម្រូវការចាំបាច់នានា ក្នុងគ្រាដ៏លំបាក​នេះ ។»

ជំនួយឧបត្ថម្ភនេះត្រូវបានធ្វើឡើង ក្រោយពីមានរបាយការណ៍ ចុះថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០ របស់សាលាគណខេត្តកំពត អំពីការខ្វះខាតរបស់ព្រះសង្ឃ ដែលគង់នៅក្នុងខេត្តភាគខាងជើងរបស់កម្ពុជាមួយនេះ ។ នេះជាការរួមចំណែកដោយផ្ទាល់ របស់គណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា ក្នុងគ្រាមានវិបត្តិជំងឺកូវីដ១៩ ក្រៅពីការចូលរួមបរិច្ចាគថវិកា ជាបន្តបន្ទាប់ដល់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ។

អស់រយៈពេលប្រមាណជិត ៥ ខែមកហើយ ជំងឺកូវីដ១៩នៅតែបន្តរីករាលដាលខ្លាំង នៅលើសកលលោកនៅឡើយ និងបានផ្ដាច់អាយុសង្ខារមនុស្សអស់ជាង ១៧ ម៉ឺននាក់ ក្នុងចំណោមអ្នកឆ្លងជាង ២,៥ លាននាក់ក្នុងចំនួន ២១០ ប្រទេសក្នុងសកលលោក ។ ជំងឺនេះកំពុងធ្វើឲ្យប៉ះពាល់ដល់សុខមាលភាពប្រជាជនទូទាំងពិភពលោក និងប៉ះពាល់ដល់សង្គមនិងសេដ្ឋកិច្ចពិភពលោកយ៉ាងធ្ងន់ធ្ងរ ។ 

ដោយឡែកនៅប្រទេសកម្ពុជាមិនមានរបាយការណ៍ អំពីករណីនៃការឆ្លងជំងឺកូវីដ១៩ទេ ក្នុងរយៈពេលមួយសប្ដាហ៍ចុងក្រោយនេះ ។ ស្ថិតិករណីឆ្លងសរុប ១២២ ជាសះស្បើយ ១១០ និងស្លាប់គ្មាន ។ ទោះយ៉ាងណា កម្ពុជាកំពុងចួបវិបត្តិសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ ដោយសារផលប៉ះពាល់ពីជំងឺកូវីដ១៩ និងកត្តាដទៃទៀត ដែលអង្គការហិរញ្ញវត្ថុអន្តរជាតិ (IMF) បានព្យាករណ៍ថា សេដ្ឋកិច្ចកម្ពុជាអាច​ធ្លាក់ចុះ​ដល់ -១,៥ ភាគរយ នៅ​ឆ្នាំ​២០២០ ៕

© រក្សាសិទ្ធិដោយលោកវិទូ

No comments:

Post a comment