ឧបាសកម្នាក់និយាយពីបទពិសោធន៍នៃការធ្វើសមាធិរបស់គាត់ កំឡុងពេលនៅដោយឡែក ១៤ ថ្ងៃនៅទីក្រុងហុងកុង - លោកវិទូ

ព័ត៌មានថ្មីៗ

Monday, May 04, 2020

ឧបាសកម្នាក់និយាយពីបទពិសោធន៍នៃការធ្វើសមាធិរបស់គាត់ កំឡុងពេលនៅដោយឡែក ១៤ ថ្ងៃនៅទីក្រុងហុងកុង

ប្រជាពលករពាក់ម៉ាស់ នៅទីក្រុងហុងកុង ។ រូបភាព៖ philstar.com

លោកវិទូ | ថ្ងៃ ២᧭៦ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៣ | ៤ ឧសភា ២០២០

នៅថ្ងៃទី ២០ ខែមីនាភរិយាខ្ញុំនិងខ្ញុំបានជិះយន្តហោះ ពីប្រទេសបង់ក្លាដែសទៅទីក្រុងហុងកុង ។ ខ្ញុំបានគ្រោងទុកថានឹងបន្តការសិក្សាថ្នាក់បណ្ឌិតរបស់ខ្ញុំ នៅឯសាកលវិទ្យាល័យហុងកុង (HKU) ប៉ុន្តែអារម្មណ៍ក្នុពេលធ្វើដំណើរត្រូវបានរំខាន ដោយសារជំងឺរាតត្បាតកូវីដ១៩ (COVID-១៩) ដែលកំពុងបន្តកើតមាន ដែលជាជំងឺផ្លូវដង្ហើមឆ្លងរាលដាលដ៏ប្រល័យ ដែលបានរាលដាលពាសពេញពិភពលោក ។ 

ខ្ញុំបានគ្រោងថានឹងវិលត្រលប់ទៅហុងកុងវិញ នៅសប្តាហ៍ចុងក្រោយនៃខែមករា ប៉ុន្តែសាកលវិទ្យាល័យហុងកុង បានណែនាំខ្ញុំឲ្យពន្យារពេលដំណើររបស់ខ្ញុំ ដោយសារស្ថានភាពកំពុងវិវត្តនៅក្នុងទីក្រុង យើងបានសម្រេចចិត្តបន្តស្ថិតនៅក្នុងប្រទេសបង់ក្លាដែស ប៉ុន្តែនៅដើមខែមីនា ជំងឺកូវីដ១៩បានចាប់ផ្តើមរាលដាលដល់ប្រទេសបង់ក្លាដែស ។ ជាប្រទេសមួយដែលមានប្រជាជនច្រើនកុះករ បង់ក្លាដែសប្រឈមមុខនឹងបញ្ហាប្រឈមសំខាន់ៗក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ។

គ្រួសារខ្ញុំបានសម្តែងការព្រួយបារម្ភ ចំពោះសុខុមាលភាពរបស់យើង ដោយទូរស័ព្ទមកយើងច្រើនដង ។ នៅពេលរង់ចាំនៅអាកាសយានដ្ឋានអន្តរជាតិសាចាឡាល់នៃទីក្រុងដាកា សម្រាប់ការហោះហើររបស់យើងទៅកាន់ហុងកុង យើងបានអនុវត្តគម្លាតសង្គម ហើយរង់ចាំដោយអន្ទះសា ហើយមាត់និងច្រមុះបិទដោយម៉ាស ។ យើងសម្អាតដៃជាមួយទឹកអនាម័យជារៀងរាល់ ២០ នាទីម្តង ។ មួយថ្ងៃមុនពេលយើងមកដល់ហុងកុង រដ្ឋាភិបាលបានចេញបទបញ្ជាឲ្យដាក់ដាច់ដោយឡែករយៈពេល ១៤ ថ្ងៃ សម្រាប់ប្រជាជនទាំងអស់ដែលបានមកពីបរទេសទៅទីក្រុងហុងកុង ។

មកដល់អាកាសយានដ្ឋានអន្តរជាតិហុងកុង មន្ត្រីអន្តោប្រវេសន៍បានពាក់ខ្សែរដៃជាគ្រឿងសម្គាល់ឲ្យយើង ហើយណែនាំយើងឲ្យបញ្ចូលកម្មវិធី “រក្សាសុវត្ថិភាពនៅផ្ទះ”  (Stay Home Safe) នៅលើទូរស័ព្ទស្មាតហ្វូនរបស់យើង ។ នៅពេលទៅដល់អន្តេវាសិកដ្ឋាននៅសាកលវិទ្យាល័យហុងកុង គេបានវាស់សីតុណ្ហភាពឲ្យយើង ហើយបន្ទាប់ពីការពិនិត្យរូចរាល់ យើងបានចូលទៅសម្រាកនៅក្នុងបន្ទប់របស់យើង ។ យើងដកដង្ហើមធំ ហើយបានត្រៀមខ្លួន នៅដាច់ដោយឡែករយៈពេល ១៤ ថ្ងៃ ។

ថ្វីដ្បិតយើងបានគ្រោងនឹងមើលខ្សែភាពយន្តនិងទូរទស្សន៍ ដើម្បីកាត់បន្ថយអារម្មណ៍តក់ស្លុតនិងការភ័យខ្លាចរបស់យើង ដោយសារជំងឺកូវី១៩ ប៉ុន្តែផ្ទុយទៅវិញ យើងបានមើលវីដេអូបង្រៀនធ្វើសមាធិ ហើយស្តាប់ការណែនាំធ្វើសមាធិ សម្រាប់មនុស្សដែលចំណាយពេលយូរក្នុងភាពឯកោ ដាច់ដោយឡែកពីគេឯង ។ មានវីដេអូបង្រៀនជាច្រើននៅលើបណ្ដាញយូធូប ដែលងាយស្រួលអនុវត្តតាម និងបានធ្វើឲ្យស្ថានភាពប្រចាំថ្ងៃរបស់យើង កាន់តែមានសេចក្តីសុខស្រួល បើប្រៀបធៀបនឹងថ្ងៃដំបូងនៃរយៈពេលនៃការដាក់ឲ្យនៅដាច់ពីគេរបស់យើង ។

ក្នុងនាមជាអតីតព្រះសង្ឃ ខ្ញុំមានការពិសោធន៍យ៉ាងច្រើនគួរសម ក្នុងការប្រតិបត្តិសមាធិដោយការមានសតិខ្ជាប់ខ្ជូន ហើយខ្ញុំបានផ្តល់ការណែនាំខ្លះៗ ដល់ភរិយាខ្ញុំដែលជាអ្នកថ្មីចំពោះការប្រតិបត្តិសមាធិនេះ ។ ខ្ញុំបានបង្រៀនគាត់ថា ការតាំងចិត្តខ្ជាប់ខ្ជាប់ (សតិ) គឺជាបច្ចេកទេសមួយដែលត្រូវបានប្រើក្នុងការចម្រើនសមាធិក្នុងប្រពៃណីនៃសាសនាទាំងឡាយ រួមទាំងព្រះពុទ្ធសាសនាផងដែរ ហើយឥឡូវនេះ សមាធិបានក្លាយជាគំនិតលេចធ្លោ នៅក្នុងវិស័យសុខភាពនិងចិត្តវិទ្យា និងពេញនិយមក្នុងចំណោមអ្នកជំនាញខាងសរីរវិទ្យា អ្នកជំនាញខាងចិត្តវិទ្យា និងវេជ្ជបណ្ឌិត ព្រោះសមាធិផ្តល់នូវអត្ថប្រយោជន៍ជាច្រើនរាប់មិនអស់ ដូចជាការកាត់បន្ថយស្ត្រេស ការសម្រាកបន្ធូនអារម្មណ៍យ៉ាងជ្រាលជ្រៅ និងអារម្មណ៍វិជ្ជមាននៃចិត្ត ។

នៅលើគេហទំព័រយូធ្យូបយើងបានធ្វើតាមការណែនាំរបស់លោកគ្រួ ឧប្បុល និសន្ត គាមគេ (Upul Nishantha Gamage) ដែលជាគ្រូបង្រៀនសមាធិនៅមជ្ឈមណ្ឌលសមាធិព្រះពុទ្ធសាសនានិល នៅទីក្រុងនីឡាំបេ ប្រទេសស្រីលង្កា ។ លោកគ្រូតែងតែដឹកនាំធ្វើសិក្ខាសាលា និងការធ្វើសមាធិនៅតាមមន្ទីរពេទ្យ ពន្ធនាគារ សាលារៀន វត្តអារាម និងនៅតាមគេហដ្ឋានឯកជន ។ ជារឿយៗ លោកគ្រូធ្វើដំណើរដើម្បីធ្វើកម្មវិធីសមាធិ នៅអឺរ៉ុបនិងផ្នែកផ្សេងទៀតនៃអាស៊ីរួមទាំងហុងកុងផងដែរ ។

ដោយអនុវត្តតាមការណែនាំរបស់លោកគ្រូឧប្បុល ជារៀងរាល់ព្រឹកល្ងាច យើងអង្គុយដោយសុខស្រួល សម្រាកកាយ និងបានបិទភ្នែករបស់យើងក្នុងពេលធ្វើសមាធិ ។ យើងបាននាំសតិរបស់យើងចូលទៅខាងក្នុង ។ យើងអនុវត្តដោយការផ្ដោតលើដង្ហើមធម្មជាតិ ការចូលនិងចេញរបស់វា នៅច្រកចូលរន្ធច្រមុះរបស់យើង ដោយមិនព្យាយាមផ្លាស់ប្តូរលំហូរខ្យល់ដង្ហើម ។

ទោះបីជាវគ្គសមាធិរបស់យើងមានរយៈពេលខ្លីក៏ដោយ ក៏វាបានរំដោះគំនិតរបស់យើងពីបញ្ហា ដូចជាអារម្មណ៍តក់ស្លុត និងភាពខ្ជិលច្រអូស សម្រាប់ពេលនេះ ។ តាមរយៈការអនុវត្តជាទៀងទាត់នៃសមាធិនេះ យើងក៏អាចបង្កើនការផ្តោតអារម្មណ៍និងការចងចាំរបស់យើង និងបណ្តុះភាពជឿជាក់លើខ្លួនឯង និងប្រសិទ្ធភាពកាន់តែច្រើន នៅក្នុងការងារដែលយើងអាចធ្វើបាន ។

យើងក៏បានអនុវត្តការធ្វើសមាធិដោយការផ្សាយមេត្តាធម៌ (មេត្តាភាវនា) ផងដែរ ដែលបង្កើនសមត្ថភាពរបស់យើងឲ្យមានការអត់ឱនឲ្យគ្នា ហើយជួយយើងឲ្យបង្កើតទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយអ្នកដទៃ ។ យើងបានចម្រើនសមាធិដោយមេត្តាធម៌ ដោយផ្សាយក្តីស្រឡាញ់និងការជូនពរដ៏កក់ក្តៅដល់ខ្លួនយើង បន្ទាប់មកទៅកាន់អ្នកស្នាក់នៅដទៃទៀតនៃអន្តេវាសិកដ្ឋាន និងទៅកាន់និស្សិតនៅតាមបរិវេណសាលាទាំងអស់ មុនពេលផ្សាយមេត្តាធម៌ដូចគ្នានេះ ដល់ប្រជាជនទាំងអស់នៅទីក្រុងហុងកុង និងសព្វសត្វមានជីវិតទាំងពួងនៅក្នុងលោក ដោយប្រាថ្នាដោយស្ងៀមស្ងាត់ថា៖ សូមឲ្យអ្នករួចផុតពីគ្រោះថ្នាក់ទាំងអស់ សូមឲ្យអ្នកកុំមានសេចក្តីព្រួយចំបែង សូមឲ្យអ្នករស់នៅដោយសន្តិភាព!

ដោយធ្វើតាមការណែនាំរបស់លោកគ្រូឧប្បុល យើងបានដឹងថា សារសំខាន់នៃការធ្វើសមាធិដោយការផ្សាយមេត្តាធម៌ គឺការផ្តោតលើថាមពលដ៏កក់ក្តៅនៃមេត្តាចិត្តដែលនៅក្នុងខ្លួនមនុស្សម្នាក់ បន្ទាប់មកបញ្ជូនវាទៅក្នុងខ្លួនឯង និងផ្សាយទៅខាងក្រៅដល់អ្នកដទៃ ។

រាល់ថ្ងៃនៃការនៅដាច់ដោយឡែកក្នុងផ្ទះ យើងក៏បានប្របត្តិការសូត្រធម៌ដោយប្រើពេលយ៉ាងយូរ ដោនមស្ការចំពោះព្រះពុទ្ធព្រះធម៌និងព្រះសង្ឃ ហើយបានបូជាប្រទីបនិងទឹក ចំពោះព្រះពុទ្ធជាម្ចាស់នៅក្នុងបន្ទប់របស់យើង ។ ភាគច្រើនយើងបានសូត្រធម៌រតនសូត្រ ដែលជាព្រះសូត្រអំពីគុណព្រះរតនត្រៃគឺព្រះពុទ្ធព្រះធម៌និងព្រះសង្ឃ ។

រឿងរ៉ាវប្រវត្តិរបស់រតនសូត្រមានសេចក្តីដូចតទៅៈ នៅទីក្រុងវេសាលី ក្នុងរដ្ឋពិហារ ប្រទេសឥណ្ឌា បច្ចុប្បន្ន ជាទីក្រុងដែលរីកចម្រើនខ្លាំងក្នុងសម័យពុទ្ធកាល ។ នៅក្នុងគ្រាដែលន្លងផុតទៅ មានគ្រោះរាំងស្ងួត ហើយវាលស្រែមិនបានផលិតស្បៀងអាហារគ្រប់គ្រាន់ទេ ។ ដំបូងឡើយ មនុស្សដែលអស់សង្ឃឹមនិងជួបទុរ្ភិក្ស បានចាប់ផ្តើមស្លាប់ដោយការស្រេកឃ្លាន ។ សាកសពរបស់ពួកគេត្រូវបានគេយកចេញពីទីក្រុង ។ មនុស្សជាច្រើនបានចាប់ផ្តើមជ្រកកោននៅខាងក្នុងទីក្រុង ដោយសារតែក្លិនស្អុយរបស់សាកសពនៅខាងក្រៅ ។ ក្រោយមកមានមនុស្សជាច្រើនបានស្លាប់ ដែលមិនអាចបញ្ចុះសពបាន ។ ទិដ្ឋភាពនៃសាកសពរលួយនិងក្លិនស្អុយ បានបង្កឲ្យមានការស្អប់ខ្ពើមនិងភាពភិតភ័យ ហើយការគ្មានសណ្តាប់ធ្នាប់និងស្មារតីស៊ីវិល បណ្តាលឲ្យមានការផ្ទុះឡើងនៃជំងឺធ្ងន់ធ្ងរនៅក្នុងទីក្រុង ។ 

ដោយសារភ័យ ៣ ប្រការ ដែលកើតអំពីរោគនិងអមនុស្សនិងទុរ្ភិក្ស  ប្រជាជននៅក្នុងទីក្រុងវេសាលីមានការភិតភ័យយ៉ាងខ្លាំង ហើយបានមករកព្រះពុទ្ធជាម្ចាស់ដើម្បីព្រះអង្គទ្រង់ជួយ ។ ព្រះពុទ្ធជាម្ចាស់បានត្រាស់ហៅសាវករបស់ព្រះអង្គគឺព្រះអានន្ទ និងត្រាស់បង្គាប់ព្រះអានន្ទឲ្យនិមន្តទៅតាមក្រុង សូត្រព្រះរតនសូត្រ ដើម្បីកម្ចាត់គ្រោះភ័យនៅក្នុងទីក្រុង ។ សព្វថ្ងៃនេះ គណៈសង្ឃព្រះពុទ្ធសាសនានៅតាមបណ្តាប្រទេស ដែលប្រតិបត្តិពុទ្ធសាសនាថេរវាទ នៅតែបន្តសូត្ររតនសូត្រជាប្រចាំ ។ ក្រុមគ្រួសាររបស់យើងដែលនៅប្រទេសបង់ក្លាដែស ក៏បានក្រើនរំឭកយើងឲ្យសូត្ររតនាសូត្រជារៀងរាល់ថ្ងៃ និងឧទ្ទិសបុណ្យកុសលដល់សព្វសត្វទាំងពួង ។

នៅទីបំផុត ការនៅដោយឡែកក្នុងផ្ទះរយៈពេល ១៤ ថ្ងៃរបស់យើងបានបញ្ចប់ ។ ការអនុវត្តដែលយើងបានធ្វើនៅក្នុងអំឡុងពេលនេះ បានជួយយើងឲ្យយល់និងផ្លាស់ប្តូរខ្លួនយើងឲ្យកាន់តែប្រសើរឡើង ព្រោះសព្វថ្ងៃនេះ យើងកំពុងកាន់តែមមាញឹក និងមានភាពតានតឹងក្នុងជីវិតប្រចាំថ្ងៃរបស់យើងកាន់តែខ្លាំងឡើង ។ អាស្រ័យហេតុនេះ ចាប់តាំងពីបានបញ្ចប់ការដាក់ឲ្យនៅដាច់ដោយឡែកពីគ្នា ភរិយាខ្ញុំនិងខ្ញុំបានបន្តធ្វើសមាធិរួមទាំងការធ្វើវិបស្សនាសមាធិ នៅក្នុងលំនៅដ្ឋានរបស់យើងជារៀងរាល់ថ្ងៃរយៈពេលកន្លះម៉ោងជារៀងរាល់ព្រឹក ។

ការចម្រើនសតិសមាធិជួយឲ្យយើងដោះស្រាយភាពតានតឹងនិងស្ត្រេស ក្នុងកំឡុងពេលនៅដាច់ដោយឡែក ហើយឥឡូវនេះខ្ញុំទទួលស្គាល់ថា ការអនុវត្តសមាធិពិតជាមានប្រយោជន៍ខ្លាំងណាស់ នៅក្នុងយុគសម័យកូវដី១៩ ។ ជាមួយនឹងការអនុវត្តជាក់ស្តែង វាមានប្រយោជន៍ពីព្រោះ យើងអាចគិតជាវិជ្ជមានបន្ថែមទៀតនៅក្នុងជីវិតប្រចាំថ្ងៃ ដោយការសម្រាកផ្លូវចិត្តដើម្បីធ្វើឲ្យស្ងប់រម្ងាប់និងផ្តោតអារម្មណ៍លើខ្លួនយើង ។ ការអនុវត្តនេះគួរតែត្រូវបានអមដោយទស្សនវិស័យនៃក្តីសង្ឃឹមនិងអត្ថន័យ ដែលពង្រឹងទំនាក់ទំនងរបស់យើងជាមួយខ្លួនយើង និងធ្វើឲ្យមានឡើងវិញនូវអារម្មណ៍ប្រកបដោយតុល្យភាព និងទំនាក់ទំនងប្រកបដោយមនោសញ្ចេតនាជាមួយគ្រួសារនិងអ្នកដទៃ ៕

អត្ថបទដោយ៖ ឧបាសក ទិបេន ប៊ី.ឌី, Buddhistdoor ។

© រក្សាសិទ្ធិដោយលោកវិទូ

No comments:

Post a Comment